ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលុបចោលទំព័រ Facebook របស់លោកដែលមានអ្នកតាមដានចំនួន ១៤ លាននាក់កាលពីចុងខែមិថុនាមក គណបក្សកាន់អំណាចបានជំរុញនិស្សិតនិងអ្នកស្មោះស្ម័គ្រឱ្យជួយជ្រោមជ្រែងបង្កើនចំនួនអ្នកតាមដានទំព័ររបស់លោកតាមបណ្ដាញសង្គមអនឡាញផ្សេងទៀតដូចជា Telegram និង TikTok ជាដើម។ បុន្តែគេមិនទាន់ឃើញមានការចូលចុចតាមដានក្នុងទ្រង់ទ្រាយធំ ឬការងាកចេញពីការប្រើប្រាស់ Facebook នៅកម្ពុជាបានកើតឡើងនៅឡើយទេ។
លោក ហ៊ុន សែន បានលុបចោលទំព័រ Facebookរបស់លោកកាលពីថ្ងៃទី ២៩ ខែមិថុនា គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc. ដែលចេញសេចក្តីសម្រេចលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងខ្លឹមសារអត្ថបទឬសារបង្ហោះនានាសម្រាប់បណ្តាញសង្គមអនឡាញដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះដូចជា Facebook និង Instagram ជាដើម បានប្រកាសថា លោកបានញុះញង់ឱ្យមានអំពើហិង្សាតាមរយៈការប្រើប្រាស់បណ្តាញសង្គមនេះ និងបានស្នើឱ្យមានការព្យួរទំព័រ Facebook របស់លោករយៈពេល ៦ ខែ។
ចាប់តាំងពីពេលនោះមក លោក ហ៊ុន សែន បានងាកមកប្រើ Telegram ដើម្បីធ្វើការទាក់ទងជាចម្បងវិញ ដោយបានបង្ហោះសារថ្មីៗជាច្រើនជារៀងរាល់ថ្ងៃសម្រាប់អ្នកតាមដានប្រមាណ ៩៧៧.០០០ នាក់ ដែលកើនពីចំនួន ៨៥០.០០០ នាក់ កាលពីចុងខែមិថុនា។ ស្របពេលនេះដែរ ទំព័រ TikTok ថ្មីរបស់លោកមានចំនួនអ្នកតាមដានកើនដល់ប្រមាណ ២៦០.០០០ នាក់ ហើយនៅខែកក្កដានេះ លោកបានដាក់ដំណើរការឡើងវិញនូវទំព័រ Twitter របស់លោកជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន ១៥ នាក់បានមកតាមថ្នាក់រៀននានានៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញដោយយកមកជាមួយនូវក្រដាសកូដ QR សម្រាប់ទំព័របណ្តាញសង្គមអនឡាញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមនិស្សិតម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។
ស្របពេលនេះដែរ ថ្នាក់ដឹកនាំសាលារៀននានាបានរាយការណ៍ជាប្រចាំពីចំនួននិស្សិតចុចតាមដានទំព័របណ្ដាញសង្គមអនឡាញទាំងនោះនៅក្នុងសារឆ្លើយឆ្លងអនឡាញជាក្រុមសម្រាប់ថ្នាក់រៀន។ នេះបើយោងតាមសារដែលចែករំលែកជាមួយ VOA។
អ្នកនាំពាក្យក្រសួងនេះមិនបានឆ្លើយតបចំពោះសំណើសុំការអធិប្បាយនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ក៏ដូចជាក្រសួងនានានិងសូម្បីតែសេដ្ឋីក្នុងស្រុកមួយចំនួន បានអំពាវនាវឱ្យពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុចតាមដានទំព័របណ្ដាញសង្គមអនឡាញរបស់លោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យ៉ាងហោចណាស់ ក្រសួងចំនួនពីរបានចេញសេចក្តីថ្លែងការណ៍សាធារណៈដោយស្នើឱ្យមន្រ្តីនៅក្នុងវិស័យរបស់ខ្លួនចុចតាមដានទំព័របណ្ដាញសង្គមអនឡាញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រីឯបណ្តាញផ្សព្វផ្សាយដែលមានទំនោររករដ្ឋាភិបាលបានបន្តជំរុញការផ្សព្វផ្សាយឱ្យចុចតាមដានដូចគ្នានេះ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ VOA កាលពីថ្ងៃទី ១២ ខែកក្កដាថា ការដាក់សម្ពាធឱ្យពលរដ្ឋចុចតាមដានមន្រ្តីរដ្ឋាភិបាលតាមអនឡាញគឺជាការរារាំងដល់លទ្ធភាពរបស់ពលរដ្ឋនៅក្នុងការជ្រើសរើសមធ្យោបាយទទួលបានព័ត៌មាន។
អ្នកស្រីថ្លែងថា៖ «ពលរដ្ឋគួរតែមានសេរីភាពក្នុងការសម្រេចលើព័ត៌មានណាដែលពួកគេចង់ចូលមើលនិងចែករំលែក និងទំព័របណ្ដាញសង្គមអនឡញណាដែលពួកគេចង់ប្រាស្រ័យទាក់ទងជាមួយ ជាពិសេសទំព័របណ្ដាញសង្គមអនឡាញរបស់បុគ្គលសាធារណៈ»។
អ្នកស្រីបានបន្ថែមថា បណ្តាញសង្គមអនឡាញ «មិនអាចត្រូវបានប្រើប្រាស់ជាហេតុផលដើម្បីបង្អាក់ដល់សេរីភាពជាមូលដ្ឋាននេះ ឬដាក់សម្ពាធលើពលរដ្ឋដែលមានសិទ្ធិផ្ទាល់ខ្លួនដើម្បីបង្ខំពួកគេឱ្យធ្វើសកម្មភាពតាមបែបណាមួយនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ ការជំរុញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យមានការគាំទ្រទំព័របណ្តាញសង្គមអនឡាញផ្សេងទៀតរបស់លោកនេះមិនបានរារាំងស្ថាប័នដទៃទៀតក្នុងជួររដ្ឋាភិបាលពីការប្រើប្រាស់ Facebookនោះឡើយ។ ក្រសួងនានានៅក្នុងវិស័យព័ត៌មាន យុត្តិធម៌ អប់រំ និងកិច្ចការសាធារណៈ ក្នុងចំណោមក្រសួងដទៃទៀត បានបង្ហោះសារទំនាក់ទំនងតាម Facebook ដូចធម្មតា។
លោក ឡេង ណាវ៉ាត្រា ដែលជាសេដ្ឋីផ្នែកអចលនទ្រព្យនិងជាផលិតករតន្រ្តី ដំបូងបានសន្យាថានឹងឈប់ប្រើប្រាស់ Facebook ដូចលោក ហ៊ុន សែន ដែរ តែក្រោយមកបានផ្លាស់ប្តូរការសម្រេចចិត្តវិញ។ បុគ្គលផ្សេងទៀតដែលតែងតែបង្ហោះសារលើ Facebookដូចជារដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញ្ញារីទ្ធ ជាដើម ក៏នៅតែបន្តប្រើប្រាស់បណ្តាញសង្គមអនឡាញនេះដូចសព្វដងផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានប្រាប់ VOA ថា បើទោះបីជាលោកនាយករដ្ឋមន្រ្តីលែងប្រើប្រាស់ Facebook ក៏ដោយ ក៏បណ្តាញសង្គមអនឡាញនេះនៅតែមានតម្លៃសម្រាប់ក្រសួង ពលរដ្ឋ និងបុគ្គលផ្សេងទៀតក្នុងការចែករំលែកព័ត៌មាន និងថា ក្រសួងព័ត៌មានមិនមានគម្រោងក្នុងការឈប់ប្រើប្រាស់បណ្តាញសង្គមនេះទេ។
លោកបាននិយាយថា៖ «ទោះជាយ៉ាងណាក្តី ក្រសួងនឹងបន្តពិចារណាថាតើបណ្តាញសង្គមអនឡាញណាមួយនៅមានសារៈសំខាន់និងមានប្រជាប្រិយភាពដើម្បីប្រើប្រាស់ … ហើយនឹងពិចារណាប្រើប្រាស់បណ្តាញសង្គមទាំងនោះដើម្បីចែករំលែកព័ត៌មានទៅកាន់ពលរដ្ឋដើម្បីឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយនិងទាន់ពេលវេលា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍និងមន្ទិលខ្លះចំពោះករណីអ្នកតាមដានបណ្តាញសង្គមអនឡាញរបស់លោក។ កាលពីឆ្នាំ ២០១៦ បន្ទាប់ពីលោកបានចូលប្រើបណ្តាញសង្គម Facebook ភ្លាមៗ សារព័ត៌មាន Phnom Penh Post បានរាយការណ៍ថា ជាងពាក់កណ្តាលនៃចំនួន «Like» នៅលើទំព័រ Facebook របស់លោកមានប្រភពមកពីក្រៅប្រទេស ដែលករណីនេះធ្វើឱ្យអ្នកជំនាញមាន «មន្ទិលចំពោះភាពប្រាកដប្រជានៃចំនួន «Like» ទាំងនេះ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក ទំព័រ Facebook របស់លោកមានអ្នកតាមដានចំនួន ១៤ លាននាក់។
ចំនួនអ្នកតាមដានដ៏ច្រើនដូចនេះជាហេតុផលមួយដែលបានជំរុញឱ្យក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ស្នើឱ្យមានការព្យួរទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយអះអាងថា ស្របពេលមានកង្វះបណ្តាញផ្សព្វផ្សាយឯករាជ្យ ឥទ្ធិពលដ៏ខ្លាំងរបស់លោកតាមប្រព័ន្ធអនឡាញបានផ្តល់ជាទម្ងន់បន្ថែមដល់ការប្រើប្រាស់ភាសាហិង្សារបស់លោក។ សម្រាប់ Telegram គេអាចទិញអ្នកតាមដានក្លែងក្លាយតាមអនឡាញ បើទោះបីជាបណ្ដាញសង្គមអនឡាញនេះធ្វើការលុបចេញជាប្រចាំក៏ដោយ។
អ្នកស្រី Wai Phyo Myint ដែលជាអ្នកវិភាគគោលនយោបាយអាស៊ីប៉ាស៊ីហ្វិកនិងជាអ្នកជំនាញផ្នែកមីយ៉ាន់ម៉ាប្រចាំអង្គការ Access Now ដែលជាអង្គការការពារសិទ្ធិតាមប្រព័ន្ធអនឡាញ បាននិយាយថា បើទោះបីជាលោក ហ៊ុន សែន មានចំនួនអ្នកតាមដានមិនសូវច្រើនមកទល់នឹងពេលនេះក៏ដោយ ក៏ Telegram អាចផ្តល់ជាការការពាររូបលោកបានប្រសើរគួរសមផងដែរ។
បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានរងបម្រាមពី Facebookនៅក្រោយរដ្ឋប្រហារឆ្នាំ ២០២១ ភ្លាមៗ របបនេះបានងាកទៅធ្វើប្រតិបត្តិការភាគច្រើនតាម Telegram ដែលនៅទីនោះ ការបំពាន ការផ្សព្វផ្សាយព័ត៌មានប្រឌិត និងការចាត់គោលដៅលើបុគ្គលណាម្នាក់តាមរយៈការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនោះដោយមិនមានការអនុញ្ញាត បានកើតមានជាច្រើន ហើយករណីនេះបានជំរុញឱ្យក្រុមអ្នកជំនាញប្រចាំអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រព័ន្ធ Telegram ធ្វើការផ្លាស់ប្តូរជា «មូលដ្ឋាន» ចំពោះចំណាត់ការរបស់ខ្លួន។
អ្នកស្រី Wai Phyo Myint បានថ្លែងប្រាប់ VOA ថា៖ «យើងមិនបានឃើញមានការផ្លាស់ប្តូរគោលនយោបាយពីភាគី Telegram ឬការប្រឡូកបែបវិជ្ជមានណាមួយជាមួយពួកយើងឬអង្គការសង្គមស៊ីវិលណាមួយនៅមីយ៉ាន់ម៉ានោះទេ។ ករណីនេះនឹងមានដូចគ្នានៅកម្ពុជាផងដែរ។ … អ្វីដែលយើងបានឃើញគឺថាគ្មានការត្រួតពិនិត្យលើខ្លឹមសារអត្ថបទឬសារបង្ហោះនោះឡើយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើ Telegram ភាគច្រើនដើម្បីចែករំលែកបន្តនូវរូបថតជាច្រើនអំពីយុទ្ធនាការឃោសនាបោះឆ្នោត និងបង្ហោះសារជាសំឡេងម្ដងម្កាល។ ទោះជាយ៉ាងណាក៏ដោយ ការព្រមានផ្សេងៗក៏បានលេចឡើងផងដែរ។ កាលពីថ្ងៃទី ១៣ ខែកក្កដា លោកបានសរសេរសារមួយឆ្លើយតបទៅនឹងសារជាសំឡេងរបស់សមាជិកគណបក្សប្រឆាំងមួយរូប។
លោក ហ៊ុន សែន បាននិយាយថា៖ «បើអស់លោកប្រឆាំងជាមួយច្បាប់ គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា