មន្ត្រីគណបក្សប្រជាជនកម្ពុជានិងអតីតគណបក្សសង្គ្រោះជាតិបានអះអាងថាមានការព្យាយាមបំបែកផ្ទៃក្នុងគណបក្សរបស់ខ្លួន តាមរយៈសារនយោបាយរបស់ថ្នាក់ដឹកនាំ។
ការវាយប្រហារគ្នាទៅវិញទៅមកចុងក្រោយនេះ កើតឡើងក្រោយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានសរសេរសារនៅលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទៅនឹងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ ដែលលោក សម រង្ស៊ី ធ្លាប់ប្រកាសបង្កើតកាលពីកន្លងទៅ ដោយយកគំរូតាមប្រទេសមីយ៉ាន់ម៉ា។
ក្នុងវីដេអូមួយដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ស សុខា ដែលជាកូនប្រុសរបស់លោក ស ខេង កាលពីថ្ងៃទី១ ខែកញ្ញាលោក ស សុខា បានថ្លែងថាការលើកឡើងរបស់លោក សម រង្ស៊ីជាការ «ប៉ុនប៉ងបំបែកសាមគ្គីឯកភាពផ្ទៃក្នុង» របស់គណបក្សប្រជាជនកម្ពុជា ដែលលោកថាមិនអាចទៅរួចនោះទេ។ នេះជាការឆ្លើយតបទៅនឹងការបង្ហោះសាររបស់លោក សម រង្ស៊ី កាលពីចុងខែសីហា ដែលមានអត្ថន័យដើមថា៖ «ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោកស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ»។
ក្នុងការថ្លែងនៅពិធីចែកអំណោយនៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានចាត់ទុកការអះអាងរបស់លោក សម រង្ស៊ី ជា«នយោបាយប្រជាភិថុតិ»។
លោកបញ្ជាក់ថា៖ «ការប៉ុនប៉ងចង់បំបែកបំបាក់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ CPP [គណបក្សប្រជាជនកម្ពុជា]ទៅមិនរួចនោះទេ»។
កូនប្រុសរបស់លោក ស ខេង គឺលោក ស សុខា ដែលជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣១ ខែសីហា ថា«ល្បែងប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនគួរត្រូវបានបញ្ចប់ហើយ»។ លោកបន្ថែមថាការភ្ជាប់សារជាមួយឪពុករបស់លោក គឺ«ដើម្បីស្តារស្ថានភាពនិងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ»។
លោកបន្ថែមថា៖ «គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណាឬក្រុមណាមួយបំបែកបាននិងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជាតរៀងទៅ»។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាការថ្លែងរបស់លោក សមរង្ស៊ី និយាយត្រូវចំណុចរសើបរបស់គណបក្សប្រជាជនកម្ពុជា ទើបបានជាមានប្រតិកម្មតបបែបនេះ។
លោកថ្លែងថា៖«ខ្ញុំមើលឃើញថាប្រសិនបើនៅក្នុងផ្ទៃក្នុងគាត់មានសាមគ្គីភាពគ្នាមែនហ្នឹង គឺគេ(គណបក្សប្រជាជនកម្ពុជា) មិនចាប់អារម្មណ៍ដែលលោក សម រង្ស៊ី លើកឡើងទេ។ ប្រហែលនៅក្នុងផ្ទៃក្នុងរបស់គណបក្សប្រជាជនមានការប្រះស្រាំគ្នាយ៉ាងពិតប្រាកដ។ អញ្ចឹងហើយទើបមានការបង្ហាញប្រតិកម្មមកអ្វីដែលលោក សម រង្ស៊ី បានលើកឡើង»។
លោក អេង ឆៃអ៊ាង អះអាងថាគណបក្សសង្គ្រោះជាតិក៏រងការព្យាយាមបំបែកបំបាក់ពីគណបក្សកាន់អំណាចជាច្រើនលើកផងដែរ។ ប៉ុន្តែលោកថា លោក សម រង្ស៊ី និងលោក កឹម សុខានៅតែជាមនុស្សតែមួយ។
លោកបន្តថា៖ «កន្លងមកយើងឃើញជាក់ស្តែងរាល់ថ្ងៃនេះ លោក ហ៊ុនសែន ព្យាយាមដើម្បីបំបែក លោក កឹម សុខា ចេញពីលោក សម រង្ស៊ី...ឃើញគាត់បិទសិទ្ធិសេរីភាព ចោទប្រកាន់ លោក កឹម សុខា មិនឲ្យតុលាការជំនុំជម្រះក្តីឲ្យបានឆាប់ទេ...។ នេះសុទ្ធជាយុទ្ធសាស្ត្រដើម្បីបំបែកអ្នកនយោបាយជាន់ខ្ពស់ទាំង២របស់គណបក្សសង្គ្រោះជាតិអញ្ចឹងទៅ។ អាហ្នឹងគេ(ប្រជាពលរដ្ឋ)មើលឃើញ គេដឹងឮ ប៉ុន្តែបំបែក(គណបក្សសង្គ្រោះជាតិ) គឺមិនបែក...បំបែកគឺមិនចេញ»។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៧ មុនការចាប់ខ្លួន លោក កឹម សុខា បានអះអាងថាមានការបំបែករូបលោកនិងលោក សម រង្ស៊ី តាមរយៈការអះអាងថាធ្វើការជាមួយអ្នកនយោបាយនោះបាន និងធ្វើការជាមួយអ្នកនោះមិនបាន។ លោកបានអះអាងថាការព្យាយាមបំបែកនេះ មិនអាចសម្រេចនោះទេ។
លោក កឹម សុខា បានថ្លែងថា៖ «យើងអត់បាច់ឆ្ងល់ទេ!...គឺធ្វើកន្លងមកគឺរឿងបំបែក(ដោយ)ម្តងគេត្រូវរ៉ូវជាមួយលោកប្រធានសម រង្ស៊ីទៅ ល្អូកល្អឿនអញ្ចឹងទៅ ហើយគេក៏ធ្លាប់ប្រាប់លោកប្រធានសម រង្ស៊ី ថា កឹម សុខា គេអត់អាចធ្វើការជាមួយអញ្ចឹងទៅ។ ...ដល់ពេលលោក សម រង្ស៊ី ខ្ចាត់ព្រាត់(និង)កម្ចាត់គាត់បាត់ទៅគេថាលោកសម រង្ស៊ីចប់ហើយគេមិនអាចធ្វើការជាមួយទេ...។ អញ្ចឹងវិធីបំបែកដដែល បើយើងមិនព្រមបែកហ្នឹងហើយយើងគិតប្រយោជន៍ជាតិជាធំ ប្រយោជន៍ប្រជាពលរដ្ឋជាធំហ្នឹងហើយ បានជាគេមិនព្រមឲ្យយើងសុខហ្នឹង»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាលោកមិនអាចសន្និដ្ឋានទៅលើមតិបុគ្គលដែលថាគណបក្សប្រជាជនកម្ពុជាជាអ្នកបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សណាមួយនោះទេដោយលោកចាត់ទុកថាការលើកឡើងនេះគ្រាន់តែជាសិទ្ធិរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនដែលបានទៅបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ឬគណបក្សណាមួយនោះទេ។
លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាមិនដែលមានវប្បធម៌បំបែកបំបាក់គណបក្សដទៃទេ។ ប៉ុន្តែគណបក្សដទៃដែលមានការបែកបាក់កន្លងទៅ គឺបែកបាក់ដោយខ្លួនឯងដោយសារការគ្រប់គ្រងមិនប្រកបដោយប្រជាធិបតេយ្យ»។
អ្នកវិភាគនយោបាយ លោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាយុទ្ធសាស្ត្រនៃការបំបែកបំបាក់គ្នារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះមានដូចគ្នា ប៉ុន្តែលោកមើលឃើញថាគណបក្សប្រជាជនកម្ពុជាតែងតែព្យាយាមបំបែកបំបាក់គណបក្សសង្គ្រោះច្រើនលើកជាង។ លោកចាត់ទុកថាការធ្វើនយោបាយបែបនេះគឺជា«គំនិតចាស់គំរិល»ដែលមិនគួរយកមកប្រើនោះទេ ហើយវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិយ៉ាងខ្លាំង។ ដូច្នេះវិធីសាស្ត្រដែលល្អលោកយល់ឃើញថាគួរតែមានការប្រកួតប្រជែងគ្នាដោយយុត្តិធម៌ ទៅតាមបែបលទ្ធិប្រជាធិបតេយ្យវិញ ទើបអាចឲ្យសង្គមជាតិមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ការធ្វើនយោបាយបច្ចុប្បន្នគឺជាការធ្វើនយោបាយ ដែលធ្វើម៉េច ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យខំប្រឹងធ្វើល្អដោយខ្លួនឯងទៅ ដើម្បីធ្វើម៉េចដើម្បីអាចទទួលបានការគាំទ្រជាជាងទៅវាយដៃគូ ក្រៅសង្វៀន ដើម្បីទទួលបានប្រជាប្រិយភាពបែបហ្នឹង គឺជារបៀបធ្វើនយោបាយបែបបុរាណហើយ។ ហើយទទួលស្គាល់ថាវាអាចជោគជ័យក៏ប៉ុន្តែដូចឃើញរាល់ថ្ងៃហើយ លទ្ធផលវាធ្លាក់ទៅលើជាតិបានតិចមែនទែន»។
លោក សេង សារី បន្តថាការលើកឡើងរបស់លោក សម រង្ស៊ី ទំនងនិយាយត្រូវចំណុចខ្លះរបស់គណបក្សប្រជាជនកម្ពុជា ទើបបណ្តាលឲ្យមានប្រតិកម្មតបបែបនេះ៕