អង្គការ​ការពារ​អ្នក​កាសែត​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន Cambodia Daily ពីរ​នាក់

លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders ​ឬ​ហៅ​កាត់​ថា RSF ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន The Cambodia Daily ពីរ​នាក់ ​ដោយ​អង្គការ​នេះ បាន​ហៅ​បទ​ចោទ​នេះ​ថា​ជា​ការ​ចោទប្រកាន់​«ដែល​គេ​ប្រឌិត​ឡើង​ មិន​គួរ​ឱ្យ​ជឿ‍»។

អតីត​អ្នក​យក​ព័ត៌មាន The Cambodia Daily ទាំងពីរ​នាក់​គឺ​លោក ​អូន ភាព និង​លោក Zsombor Peter សញ្ជាតិ​កាណាដា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រតនគីរី ចោទ​ប្រកាន់​ពី​បទ «‍ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​ បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា​ឆ្នាំ​ដដែល​នោះ។

តុលាការ​ខេត្ត​រតនគីរី គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ក្ដី​របស់​អ្នក​កាសែត​ទាំង​ពីរ​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ។

បទ​ចោទប្រកាន់​ប្រឆាំង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កាសែត The Cambodia Daily ត្រូវ​បាន​បង្ខំចិត្ត​ បញ្ឈប់​ការ​ផ្សាយ​របស់​ខ្លួន ដោយសារ​តែ​ការ​យាយី​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

លោក Daniel Bastard នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ RSF ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា៖ «‍អ្នក​កាសែត​ទាំង​ពីរ​នាក់ គ្រាន់តែ​ធ្វើ​កិច្ចការ​ងារ​របស់​ពួកគេក្នុង​នាម​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ប៉ុណ្ណោះ ដូច្នេះ​ការ​សម្រេច​យក​ពួកគេ​ទៅ​ជំនុំជម្រះ​ទោស​នេះ គឺ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និង​បង្ហាញ​ច្បាស់​ថា​ការ​ជំនុំជម្រះ​ទោសនេះ មាន​គោល​បំណង​តែ​មួយ​គត់​គឺ​បំភិតបំភ័យ​អ្នក​កាសែត​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា»។

បច្ចុប្បន្ន អ្នក​កាសែតទាំង​ពីរ​នាក់ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​នេះ។ បើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​មែន អ្នក​ទាំង​ពីរ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២​ឆ្នាំ៕