អ្នកនាំពាក្យ​រដ្ឋាភិបាល៖​ កម្ពុជា​ «អាច​នឹង​ចាប់​អារម្មណ៍»​ សំណើ​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ជួយ​កាត់​​បន្ថយ​ភាព​តាន​តឹង​នៅ​ជ្រោយ​ឧបទ្វីប​កូរ៉េ

រូបឯកសារ៖ លោក​​ ផៃ ​ស៊ីផាន​​ ​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិបាល​​កម្ពុជា ពេលផ្តល់បទសម្ភាសន៍​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០១២។

លោក​​ ផៃ ​ស៊ីផាន​​ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​​ បាន​​ប្រាប់​VOA​ថ្ងៃ​​ចន្ទ​​នេះ​​ថា​​ ប្រទេស​​កម្ពុជា​​ទំនង​​នឹង​​អាច​​ជួយ​​សម្រប​​សម្រួល​​ ​​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​​ ដោយ​សា​រ​លោក​​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​​គឺ​​ជា​​អ្នក​​ស្រលាញ់​​សន្តិភាព។​​

​អ្នក​នាំ​ពាក្យម្នាក់របស់រាជ​រដ្ឋាភិបាលកម្ពុជា បានឆ្លើយតបថាកម្ពុជា ​«អាច​នឹងចាប់អារម្មណ៍»ចំពោះសំណើ​របស់កូរ៉េ​ខាងជើង ដែល​អំពាវ​នាវ​ឱ្យកម្ពុជា ​ជួយ​ចូលរួម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ ដោយលើកហេតុ​ផលថាលោកនាយក​រដ្ឋ​មន្ត្រីកម្ពុជា ដែលនឹងសម្រេចលើសំណើនេះ ​ជា​បុគ្គល«ស្រលាញ់នូវសន្តិភាព»។

​ភាពតាន​តឹងនៅឧប​ទ្វីប​កូរ៉េ​ បាន​ឈានដល់កម្រិតប្រុងជើងការ​រៀប​នឹង​ផ្ទុះ​សង្គ្រាម​កាល​ពី​ខែ​មេសា ​កន្លង​ទៅ ​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក ​បាន​បោះ​បង់​ចោលគោល​នយោបាយអត់​ធ្មត់ជាយុទ្ធ​សាស្ត្រ របស់​អាមេរិក​ ហើយ​ព្រមាន​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​របប​ក្រុង​ព្យុងយ៉ាង ដែលបានមានៈជម្នះ​ច្បាប់​អន្តរ​ជាតិ​ ​ដោយ​បានសាក​ល្បងអាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច ម្ដង​ហើយ​ម្ដង​ទៀត។​

​លោក ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បានប្រាប់​VOA​ថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាទំនងនឹងអាចជួយសម្របសម្រួល ដល់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​សា​រ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែនគឺជាអ្នកស្រលាញ់សន្តិភាព។

លោកថា​ ការ​ថាតើ​កម្ពុជា​នឹង​ពិចារណា​យ៉ាង​ណា​ទៅ​លើ​សំណើ​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​បោះ​ជើង​មួយ​ជំហាន​ទៅ​ជួយ​សម្រប​សម្រួល​ឱ្យ​មាន​ការ​ចរចា​ណាមួយ​នោះ​ ​ជា​ការ​សម្រេច​ចិត្ត​របស់លោក​នាយក​រដ្ឋ​មន្ត្រី។​

លោក ផៃ ​ស៊ីផាន ​អ្នកនាំ​ពាក្យរដ្ឋាភិបាលកម្ពុជា៖

​«ហេតុ​ដូច្នេះ​បើ​សិន​ជា​មាន​ការ​អំពាវ​នាវ​អំពី​សម​ភាគី​កូរ៉េ​ខាងជើង ​ខ្ញុំ​ជឿ​ជាក់​ថា ​សម្ដេច​អគ្គ​សេនាបតី​តេជោ ​ហ៊ុន ​សែន ​ហ្នឹង​លោក​ជា​អ្នក​ស្វែង​រក​សន្តិភាព ​ដែល​និយម​ប្រជាធិបតេយ្យ​កណ្ដាល ​ស្វែង​រក​សន្តិ​ភាព​ហ្នឹង​ លោក​បាន​បំពេញ​តួនាទី​នោះ​ហើយ​ ខ្ញុំ​ជឿ​ថា​សម្ដេច​លោក​នឹង​ចំណាប់​អារម្មណ៍​នៅ​ក្នុងសាច់​រឿង​នេះ។ ​ប៉ុន្តែ​ការ​ចាប់​អារម្មណ៍ ​ឬ​ការ​យ៉ាង​ណា ​ហ្នឹង​ជា​ការ​សម្រេច​ចិត្ត​របស់​សម្ដេច»។​

ការលើកឡើងរបស់អ្នក​នាំ​ពាក្យរដ្ឋាភិបាលកម្ពុជាគឺតប​ទៅ​នឹង​សេចក្ដីអំពាវ​នាវតាម​រយៈសារ​ព័ត៌មានក្នុងស្រុកមួយថា​ឯកអគ្គរដ្ឋ​ទូតនៃប្រទេសកូរ៉េ​ខាងជើង ស្នើឲ្យកម្ពុជាដែលជាសមាជិក​ ASEAN ជួយបន្ធូរបន្ថយភាព​តាន​តឹងក្នុង​ជម្លោះជ្រោយឧបទ្វីប​កូរ៉េ។

​លោក ​Jang​ ​Yun​ Gon ​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើងប្រចាំនៅកម្ពុជា បាន​ថ្លែងក្នុងបទ​សម្ភាស​ផ្ដាច់​មុខមួយជាមួយព្រឹត្តិបត្រសារ​ព័ត៌មាន ​Khmer ​Times ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ថាបំណងរបស់ក្រុងព្យុងយ៉ាង គឺចង់​ឱ្យ​កម្ពុជាមានចំណែកក្នុងការចូល​រួម​ដោះ​ស្រាយបញ្ហានៅឧប​ទ្វីប​កូរ៉េ។​

អ្នក​ការ​ទូត​កូរ៉េ​ខាង​ជើង​រូប​នេះ ត្រូវ​បាន​កាសែត​ជា​ភាសា​អង់គ្លេស ដក​ស្រង់​សម្ដី​ថា៖​

«ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា កម្ពុជា​ដែល​ជា​មិត្ត​ ពិត​ជា​យល់​ជ្រាប​នូវ​ភាព​តាន​តឹង​លើ​ឧប​ទ្វីប​កូរ៉េ ​ហើយ​នឹង​បញ្ចេញ​សកម្មភាព​តាម​រយៈ​អាស៊ាន​ទៅ​លើ​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​របស់​យើង ​ដើម្បី​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​តាម​រយៈ​ផ្លូវ​ទូត​ ​បំណង​ដើម្បី​រក្សា​ស្ថិរភាព ​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​យើង»។​

លោក​ឯក​អគ្គ​រដ្ឋ​ទូត ​Jang​ Yun​ ​Gon ក៏បានបន្ត​ទៀត​ថាប្រទេសកូរ៉េ​ខាង​ជើង ​ដែលមានទំនាក់​ទំនងជាប្រវត្តិ​សាស្ត្រជា​មួយកម្ពុជាសង្ឃឹមថា​ កម្ពុជា​នឹងជួយ​ត្រួស​ត្រាយផ្លូវ«ផ្ដល់​តម្លៃ»ខ្ពស់បន្ថែម​ ចំពោះ​ទំនាក់​ទំនងជាមួយកូរ៉េ​ខាង​ជើង ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងប្រទេសជាមូលដ្ឋាន។

លោក ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​នាវ​ឲ្យភាគី​កូរ៉េទាំងអស់​បញ្ឈប់​រាល់​សកម្មភាពទាំង​ឡាយ​ណាដែលអាច​បង្ក​ជា​អំពើហិង្សា និង​ចម្បាំង​រាំង​ជល់ ក្នុង​តំបន់។ ​

«កម្ពុជា​ចង់​ឃើញ​រាល់​ភាគី​ពាក់​ព័ន្ធ​ស្វែង​រក​ការ​ចរចា​ទំនាក់​ទំនង​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង»។​

ប៉ុន្មានថ្ងៃ​មុនពេលកិច្ចប្រជុំកំពូលរបស់ក្រុម​ប្រទេសអាស៊ាន (ASEAN)កាលពីសប្ដាហ៍កន្លងទៅ កូរ៉េខាង​ជើង​បាន​ផ្ញើ​លិខិត​ជម្រាបជូនបណ្ដាប្រទេសអាស៊ានថា​ ​ការណ៍ដែលខ្លួន​ពង្រឹងនិងសាក​ល្បង​ម្ដង​ហើយ​ម្ដង​ទៀតនូវ​កម្ម​វិធី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ​ក៏​បណ្ដាល​មក​ពី​ការ​ធ្វើ​សម​យុទ្ធ​រួម​ប្រចាំ​ឆ្នាំ ​រវាង​អាមេរិក និងកូរ៉េខាង​ត្បូង ​ដែល​ជំរុញ​ឱ្យ​ក្រុង ព្យុងយ៉ាង ​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​ការពារ​ផល​ប្រយោជន៍​សន្តិសុខជាតិ​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់ ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​ដែល​រាយ​ការណ៍​បន្ត​ថា ​កូរ៉េ​ខាង​ជើង​បាន​ស្នើ​ឱ្យ​អាស៊ាន​រួម​ចំណែក​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍«ដែលស្ថិតនៅ​មាត់​ជ្រោះ​នៃ​សង្គ្រាម»។​

ការ​ស្នើ​របស់​កូរ៉េ​ខាង​ជើង ​សុំ​ឱ្យ​មាន​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​អាស៊ាន និងកម្ពុជានេះ កើតមានទន្ទឹម​គ្នានឹងការណ៍​ដែល​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ​របស់​អាមេរិក ​បាន​ហៅ​ទូរស័ព្ទ​មក​កាន់​មេដឹកនាំប្រទេស​ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួម​មាន​ជាអាទិ៍ ​ហ្វីលីពីន ​សិង្ហបុរី ​និង​ថៃ ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរដែល​ជា​កម្មវិធី​អនុវត្ត​ត​ត្រកូល​ដឹក​នាំ​នៅ​ក្រុង​ព្យុងយ៉ាង។

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ក្រសួង​ការ​បរទេស​ និង​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ភ្នំពេញ​បាន​ទេ ​នាថ្ងៃ​ចន្ទ​នេះ។​

​លោក​បណ្ឌិត ​សុខ ​ទូច ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បាននិយាយ​ប្រាប់VOA ថា​លោក​ជឿ​ជាក់​ថា ​កម្ពុជាអាចប្រើភាពពិសេសនៃទំនាក់ទំនងជិតស្និទ្ធរវាងកូរ៉េទាំងពីរដើម្បី​ធ្វើ​ការបំពេញ​តួនាទី​ជា​«មេ​អណ្ដើក»​ជួយ​ចែចូវ​ឱ្យ​ភាគី​ជម្លោះ​នៃ​បញ្ហា​កូរ៉េ ងាក​មក​រក​តុ​ចរចា​វិញ ​ល្គឹកណា​មានការបើក​ភ្លើង​ខៀវ​ពី​មហាអំណាច​ទាំង​ឡាយ​ទាំង​ពួង។​

«កម្ពុជា​អត់​មាន​ទៅ​និយាយ​ពី​រឿង​នុយក្លេអ៊ែរ​ទេ។ កម្ពុជា​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល។ កម្ពុជា​គ្រាន់​តែ​ដើរ​តួ​នាទីជាអ្នក​ចែចង់​ទាំង​សង​ខាង​ ចែ​ចង់​ទាំង​ភាគី​កូរ៉េ​ខាង​ជើង ​ចែចង់​ទាំង​ខាង​ប្រាំ​ភាគី។ ​សំខាន់​ត្រង់​ថា​តើ​ប្រាំ​ភាគី​ហ្នឹង​បោះ​តំណែង​ទៅ​ឱ្យ​កម្ពុជា​ឬ​អត់? »។​

រូបឯកសារ៖ លោក សុខ ទូច ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ (ហ៊ាន សុជាតា/VOA)

ដោយឡែក ​លោក​ Julio​ ​A. ​Jeldres ​ទីប្រឹក្សា​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រកម្ពុជា ​និង​ជា​អតីត​ស្មេរ​ជីវប្រវត្តិរបស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ ព្រះបាទ នរោត្តម សីហនុ ​បាន​ប្រាប់​VOA ​តាម​សារ​អេឡិចត្រូនិក​ថា ​សំណើ​របស់​អ្នក​ការ​ទូត​កូរ៉េ​ខាង​ជើង ​នៅ​តែមិន​មាន​ភាព​ច្បាស់​លាស់ ​ហើយ​ថា​ដើរ​តួនាទី​សម្រប​សម្រួល​នេះ​ ​នឹង​ផ្ដល់​ផល​ចំណេញ​តិច​តួច។

អ្នក​ប្រវត្តិ​វិទូ​រូប​នេះ​បាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ឬ​Email​ក្នុង​ន័យដើមយ៉ាងដូច្នេះ៖​

«ខ្ញុំ​មិន​ច្បាស់​ទេ ​ថា​តើ​កម្ពុជាអាច​ជួយ​អ្វី​បាន​ខ្លះ។ ​ខ្ញុំ​គិត​ថា​ប្រទេស​ចិន​មាន​តួនាទី​ល្អ​ប្រសើរ​ជាង​ដើម្បី​បង្ក​ជា​ឥទ្ធិពល​កម្រិត​ខ្លាំង​ដល់​កូរ៉េ​ខាង​ជើង ​ដោយ​សារ​តែ​ការ​ផ្សារ​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​លើ​ផ្នែក​មនោគម​វិជ្ជា ​ការ​ទូត ​និង​ពាណិជ្ជកម្ម​ទ្រង់​ទ្រាយ​ធំ»។

លោក ​Julio ​A. ​Jeldres ​បាន​និយាយ​ប្រាប់VOA បន្ថែម​ថា៖

«តែ​ប្រសិន​បើ​ស្ថាន​ការណ៍​បង្ក​ជាមួយ​នឹង​ភាព​អំណោយ​ផល ហើយ​កម្ពុជា​អាចនាំ​ឱ្យ​មាន​ការ​ចរចា​ប្រាំ​មួយ​ភាគី​ឡើង​វិញ ​កម្ពុជា​អាច​នឹង​ទទួល​ការ​សាទរ​លក្ខណៈ​អន្តរជាតិ ​ថា​ជា​អន្តរការី​ដ៏​ចំណាន»។

ទំនាក់​ទំនង​ការ​ទូត​កម្ពុជា ​និង​កូរ៉េ​ខាង​ជើង ​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​១៩៦៧ ​ដែល​ជា​ទំនាក់​ទំនង​លំដាប់​បុគ្គល​ត្រួស​ត្រាយ​ផ្លូវ​ដោយ ​អតីត​ព្រះ​មហា​វីរ​ក្សត្រ ​ព្រះបាទ​ នរោត្តម ​សីហនុ ​និង​បិតា​ស្ថាបនិក​របប​ក្រុង​ព្យុងយ៉ាង​គឺ លោកសេនា​ប្រមុខ ​គីម ​អ៊ីល​ស៊ុង។​

ព្រះបាទ នរោត្តម ​សីហនុ ​និង លោក ​គីម​ អ៊ីលស៊ុង ​មាន​ភាព​ជិត​ស្និទ្ធ​ដល់​ថ្នាក់ ​ព្យុងយ៉ាង​កសាង​វិមាន​ព្រះរាជ​ដំណាក់​មួយ​នៅ​លើ​ទឹកដី​ខ្លួន​ថ្វាយ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ​ហើយ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ​បាន​ប្រទាន​ព្រះរាជដំណាក់​សម្រាន្ត​ភិរម្យ ​ដែល​ជា​ទី​ប្រសូត​របស់​ព្រះអង្គ ​ក្បែរ​វិមាន​ឯក​រាជ្យ ​ជូន​ដល់​កូរ៉េ​ខាងជើង​ធ្វើជាស្ថាន​ទូត​មក​ដល់​សព្វ​ថ្ងៃ។​

ជម្លោះ​ក្នុងឧប​ទ្វីបកូរ៉េរវាង​កូរ៉េ​ខាង​ជើងនិងខាង​ត្បូង បាន​អូស​បន្លាយអស់​រយៈពេលជាច្រើន​ទសវត្សរ៍មកហើយ ដោយមានការ​គំរាម​ប្រើប្រាស់អាវុធ​ប្រល័យលោកជា​បន្ត​បន្ទាប់។ ក៏​ប៉ុន្តែ​លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ធ្លាប់​បាន​ថ្លែងកាល​ចុង​ខែ​មេសាកន្លងទៅ​ថា សង្គ្រាម​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ ទំនងជាមិន​អាចកើតមានឡើងនោះទេ៕