ប្រទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនក្នុងការទាមទារឱ្យប្រទេសកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពបង្កហេតុណាមួយដែលនាំឱ្យមានការព្រួយបារម្ភដល់សន្តិសុខក្នុងតំបន់និងពិភពលោក។
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង បានលើកឡើងពីជំហរនេះនៅក្នុងជំនួបការងារជាមួយនឹងលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារ។
លោក ហោ ណាំហុងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖
«ខ្ញុំបានជម្រាបឯកឧត្តមឃែរី ថាកាលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកន្លងមករហូតមកដល់ឥឡូវនេះការប្រជុំកំពូលអាស៊ានទាំងអស់ ការប្រជុំកំពូលអាស៊ានជាមួយប្រទេសដៃគូ ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសុទ្ធតែទាមទារឱ្យកូរ៉េខាងជើងគោរពសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក ទាមទារឱ្យកូរ៉េ(ខាងជើង)កុំបង្កហេតុដើម្បីរក្សាបរិយាកាសឈានទៅរកការចរចា៦ភាគីឡើងវិញ»។
កាលពីថ្ងៃពុធទី៦ ខែមករាកន្លងទៅនេះ ប្រទេសកូរ៉េខាងជើង អះអាងថាខ្លួនបានប្រកាសបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនជាលើកទីមួយប្រកបដោយជោគជ័យ។ ការប្រកាសនោះទទួលរងការថ្កោលទោសជាអន្តរជាតិបើទោះបីជាមិនទាន់មានប្រភពណាបញ្ជាក់ថាពិតដូចការអះអាងនោះក៏ដោយ។
ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកូរ៉េខាងជើងហើយស្ថិតក្នុងចំណោមប្រទេសជាង២០ដែលមានស្ថានទូតនៅក្នុងទីក្រុងព្យុងយ៉ាង។
លោក ហោ ណាំហុង បានបន្ថែមថាកម្ពុជាដើរតាមបន្ទាត់អង្គការសហប្រជាជាតិដោយមិនខ្លាចកូរ៉េខាងជើងអន់ចិត្តទេ៖
«កម្ពុជាយើងខ្លួនខ្ញុំក៏បានចេញសេចក្តីថ្លែងការណ៍មួយផ្តន្ទាទោសទាមទារឱ្យបញ្ឈប់ហើយតទៅទៀតទាមទារឱ្យគោរពសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិហើយក៏មានការតវ៉ាពីកូរ៉េខាងជើងហើយវាធម្មតាទេបញ្ហាហ្នឹង»។
លោក ហោ ណាំហុង ក៏សម្តែងការមន្ទិលចំពោះការអះអាងរបស់កូរ៉េខាងជើងលើការសាកល្បងអាវុធអ៊ីដ្រូសែនក្នុងពេលកន្លងមកនេះដែរ។
«ខ្ញុំប្រាប់លោកឃែរី ក៏ដូចជាមតិជាច្រើនគ្មានអ្នកណាថាជាអ៊ីដ្រូសែនទេព្រោះវាខ្លាំងជាងគ្រាប់បែកអាតូមិកធម្មតា។ អ៊ីដ្រូសែនវាតូចជាងប៉ុន្តែវាខ្លាំងជាងបរិមាណូធម្មតាហើយសម្រាប់ខ្លួនខ្ញុំក៏មិនទាន់ជឿដែរក៏ប៉ុន្តែទោះមិនមែនអ៊ីដ្រូសែនក៏ដោយគ្រាប់បែកអាតូមិកធម្មតាក៏ដោយការនេះជាការរំលោភលើកិច្ចសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ការចរចា៦ភាគីក្នុងពេលកន្លងមកដែលមានកូរ៉េទាំងពីរ ចិន អាមេរិក ជប៉ុននិងរុស្ស៊ី ទទួលបានលទ្ធផលម្តងទៅមុខម្តងទៅក្រោយដោយកូរ៉េខាងជើងនៅតែមានលទ្ធភាពបន្តកម្មវិធីអាវុធបរិមាណូរបស់ខ្លួនដដែល។
លោក ចន ឃែរី បានបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកម្ពុជានិងបានបន្តដំណើរទៅប្រទេសចិនដើម្បីទាមទារឱ្យប្រទេសចិនធ្វើសកម្មភាពខ្លាំងជាងនេះក្នុងការដោះស្រាយបញ្ហាសាកល្បងអាវុធនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង៕