ក្មេងៗ​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​មិន​ទទួល​បាន​ការ​អប់រំ និង​មិន​មាន​អនាគត​ប្រាកដប្រជា​នោះ​ទេ

  • Lisa Schlein

រូបភាព​ឯកសារ៖ ក្មេងៗ​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រៀន​ភាសា​មីយ៉ាន់ម៉ា​នៅ​ជំរំ​ជនភៀស​ខ្លួន​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា កុមារ​ភៀសខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​​ជាង​កន្លះ​លាន​នាក់​ នៅ​ក្នុងប្រទេស​បង់ក្លាដែស មិន​បាន​រៀន​ពី​បំណិន​ជីវិត ដែល​ពួកគេ​ត្រូវ​ការ​សម្រាប់​អនាគតរបស់​ពួកគេ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ទីភ្នាក់ងារ​មូលនិធិ​កុមារ​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា កុមារ​ភៀសខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ាជាង​កន្លះ​លាន​នាក់​ នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស មិន​បាន​រៀន​ពី​បំណិន​ជីវិត ដែល​ពួកគេ​ត្រូវ​ការ​សម្រាប់​អនាគត​ ឬ​ដើម្បី​ការពារ​ពួកគេ​ពី​ការ​បំពាន​ និង​ការ​កេងប្រវ័ញ្ច​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

កុមារ​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ដែល​ចង្អៀត​ណែន​ណាន់​តាន់តាប់ និង​កខ្វក់ នៅ​ក្នុង​ក្រុង Cox's Bazar អស់​រយៈពេល​២ឆ្នាំ ចាប់​តាំង​ពី​ពេល​ដែល​ជន​ភៀស​ខ្លួន​ប្រមាណ​៧សែន ៤ម៉ឺន ៥ពាន់នាក់ ​បាន​រត់​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើត​ឡើង។

ទីភ្នាក់ងារ​មូលនិធិ​កុមារ​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា កុមារ​ជាង​២សែន ៥ម៉ឺន​នាក់ ​ដែល​មាន​អាយុ​រហូត​ដល់​១៤ឆ្នាំ​កំពុង​តែ​ទទួល​បាន​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ ខណៈ​ដែល​កុមារ​ជាង​២សែន ៥ម៉ឺននាក់ផ្សេង​ទៀត​មិន​ទទួល​បាន​ការ​អប់រំ​នោះ​ទេ។

លោក​ Simon Ingram ដែល​ជា​អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ បាន​និយាយ​ថា ក្មេង​ជំទង់ៗ​ជា​ក្រុមជន​រងគ្រោះ​ខ្លាំង​បំផុត។

លោក​បាន​និយាយ​ថា ៩៧%​នៃ​ក្មេង​ដែល​មាន​អាយុ​ពី​១៥ ដល់​១៨ឆ្នាំ មិន​បាន​ចូល​សាលារៀន​នោះ​ទេ ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រង​គ្រោះ។

លោក​បាន​និយាយ​ថា៖ «នៅ​ពេល​អ្នក​ជួប​ក្មេង​ជំទង់​នៅ​ក្នុង​ជំរំ ពួកគេ​រៀបរាប់​ពី​គ្រោះថ្នាក់​ដែល​ពួកគេ​ប្រឈម​ ជាពិសេស​នៅ​ពេល​យប់ នៅ​ពេល​ដែល​អ្នក​ជួញដូរ​គ្រឿង​ញៀន​ចេញ​ប្រតិបត្តិការ។ ការ​វាយ​តប់​គ្នា​នៅ​ក្នុង​ក្រុម​បង​តូច​បងធំ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​ឡើង​ជា​ប្រចាំ។ ករណី​នៃ​ការ​ជួញដូរ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា កើត​មាន​ផង​ដែរ ទោះ​ជា​គេ​មិន​អាច​កំណត់​ចំនួន​ក៏​ដោយ។ ជំរំ​ទាំង​នោះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ក្មេង​ស្រី និង​ស្ត្រី»។

អង្គការ​យូនីសេហ្វ និង​ដៃគូ​ បាន​ផ្តល់​ការ​អប់រំ​ដល់​ក្មេងៗ​រ៉ូហ៊ីងយ៉ា​ជាង​១សែន ៩ម៉ឺន​នាក់​ នៅ​តាម​មជ្ឈមណ្ឌល​ជាង​ ២ពាន់​កន្លែង។ ទីភ្នាក់ងារ​ទាំង​នេះ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​បង់ក្លាដែស​ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ធនធាន​អប់រំ​ថ្នាក់​ជាតិ​របស់​ពួកគេ​ដើម្បី​ផ្ដល់​ការ​អប់រំ​ត្រឹមត្រូវ​ជាង​នេះ​ដល់​ក្មេងៗ​រ៉ូហ៊ីងយ៉ា។

លោក Ingram បាន​ប្រាប់ VOA ថា អង្គការ​យូនីសេហ្វ​កំពុង​អំពាវនាវ​ដល់​អាជ្ញាធរ​មីយ៉ាន់ម៉ា​ឲ្យ​ផ្តល់​ការ​អប់រំ​ដល់​ក្មេងៗ​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន។ លោក​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ក្មេងៗ​បាន​រៀន​ភាសា​មីយ៉ាន់ម៉ា ដោយ​គ្រូ​ស្ម័គ្រ​ចិត្ត​ ដែល​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន។

លោក​បាន​និយាយ​ថា៖ «បើ​គិត​តាម​គោល​ការណ៍​អន្តរជាតិ​ ការ​អប់រំ​បែប​នេះ​មិន​ដូច​ការ​អប់រំ​ដែល​មាន​គ្រូ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​ ឬ​អ្នក​ដែល​មាន​បទពិសោធន៍​អនុវត្ត​កម្មវិធី​សិក្សា​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ត្រឹមត្រូវ​នោះ​ទេ។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន ហើយ​យើង​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ យើង​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​ចម្លើយ​វិជ្ជមាន»។

លោក Ingram និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេងៗ​ទាំង​នោះ​រៀន​ភាសា​មីយ៉ាន់ម៉ា ដោយសារ​តែ​វា​ជា​ភាសា​ដែល​ពួកគេ​នឹង​ត្រូវ​ការ ប្រសិនបើ​ឬ​នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​កត់សម្គាល់​ថា ក្មេងៗ​ជំទង់​រ៉ូហ៊ីងយ៉ា​នឹង​បន្ត​រស់នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​ រហូត​ទាល់​តែ​ពួកគេ​អាច​ត្រឡប់​ទៅ​មាតុភូមិ​ដោយ​សុវត្ថិភាព។ លោក​ទទួល​ស្គាល់​ថា ការ​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ទំនង​នឹង​មិន​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ សឿន​ វឌ្ឍនា