អ្នកជំនាញ៖ អនាគតដ៏ស្រពិចស្រពិលរបស់ទន្លេមេគង្គ

Your browser doesn’t support HTML5

អ្នកជំនាញ៖ អនាគតដ៏ស្រពិចស្រពិលរបស់ទន្លេមេគង្គ

នៅក្នុងកិច្ចពិភាក្សាសាធារណៈមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវឈ្មោះ Stimson អ្នកជំនាញបានលើកយកសេណារីយោពីរដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីពិភាក្សាអំពីអនាគតរបស់ទន្លេមេគង្គ។

អ្នក​ជំនាញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់​ថា អនាគត​ទន្លេ​មេគង្គ ដែល​ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និង​កម្ពុជា មាន​ភាព​ស្រពិច​ស្រពិល​ច្រើន ដោយសារ​តែ​ចិន​អាច​នឹង​សង់​ទំនប់​វារីអគ្គិសនី​ដើម្បី​ស្តុក​ទឹក​ទន្លេ​ទុក ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​ក្រោម​ទន្លេ​មេគង្គ។

បើ​អ្នក​បាន​ឃើញ​ទន្លេមេគង្គ​ដ៏​ធំល្វឹងល្វើយ​ពី​លើ​មេឃ អ្នក​នឹង​សម្គាល់​ឃើញ​ទំនប់​វារីអគ្គិសនី​ប្រមាណ​ចំនួន៣០ សង់​កាត់​ចរន្ត​ទឹក​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម។

ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ចិន​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​លើ​ទន្លេមេគង្គ គឺជា​ប្រទេស​មួយ​ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​មុន​គេ និង​ច្រើន​ជាង​គេ​ចំនួន​៧ នៅ​លើ​ទន្លេ​មេគង្គ​មេ ដែល​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​មច្ឆាជាតិ ជីវចម្រុះ លំហូរ​ដីល្បាប់ និង​បរិមាណ​ទឹក​ហូរ​កាត់​ប្រទេស​នៅ​ប៉ែក​ខាង​ក្រោម​ទន្លេ​មេគង្គ។

ទិដ្ឋភាពទន្លេមេគង្គនៅប្រទេសឡាវ (រូបថត​ដោយ R. Corben for VOA)

ក៏ប៉ុន្តែ នៅ​ក្នុង​កិច្ចពិភាក្សា​សាធារណៈ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឈ្មោះ Stimson អ្នក​ជំនាញ​បាន​លើក​យក​សេណារីយោ​ពីរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​ទន្លេ​មេគង្គ។ សេណារីយោ​ទីមួយ​ចោទ​សួរ​ថា តើ​អនាគត​របស់​ទន្លេ​មេគង្គ​អាច​ផ្លាស់ប្តូរ​ប្រសើរ​ជាង​នេះ​ទេ បើ​សិន​ជា​ចិន​ងាក​ទៅ​រក​ដំណើរការ​ថាមពល​កកើត​ឡើង​វិញ ហើយ​ជំរុញ​ឲ្យ​ប្រទេស​នៅ​តាម​ទន្លេ​មេគង្គ​ក្រោម​ងាក​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ដូច​ចិន។

ទាក់ទង​នឹង​សេណារីយោ​ទី​មួយ លោកស្រី Jennifer Turner ប្រធានវេទិកា​ស្តី​ពី​បរិស្ថាន​នៅ​ចិន​របស់​មជ្ឈមណ្ឌល Wilson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់​ថា ចិន​មាន​សក្តានុពល​ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម​សម្លឹងមើល​ជម្រើស​ផលិត​ថាមពល​កកើត​ឡើង​វិញ។

លោក​ស្រី​ថា៖ «‍ខ្ញុំ​យល់​ថា ជាជាង​បន្ត​បណ្តាក់​ទុន​លើ​ថាមពល​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ ចិន​គួរតែ​ងាក​មក​សហការ​ជាមួយ​នឹង​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ថាមពល​ដែល​ទាញចេញ​ពី​ពន្លឺ​ព្រះអាទិត្យ ខ្យល់ និង​ពី​ទង់ដែង។ ខ្ញុំ​មើលឃើញ​ថា អ្នក​វិនិយោគទុន​ចិន​មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ថាមពល​ចម្រុះ ដែល​មិន​បំពុល​បរិស្ថាន នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម​នេះ»។

វិស្វករ​ចិន​ឈរ​មើល​ទឹក​ហូរ​ចេញ​ពី​ទំនប់​នៅ​ទីក្រុង Yichang ខេត្ត Hubei ប្រទេស​ចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៣។

ជាក់ស្តែង​ក្នុង​ចន្លោះ​ឆ្នាំ២០០៥​ និង​ឆ្នាំ២០១០ ចិន​បាន​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​គ្រប់​ធន់​នៅ​លើ​ទន្លេ​មេគង្គ។ បនែ្ថម​លើ​នេះ ចិន​កំពុង​ផ្តោត​លើ​ការ​បង្កើត និង​ពង្រីក​ប្រព័ន្ធ​ថាមពល​កកើត​ឡើង​វិញ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ហើយ​ថ្មីៗ​នេះ ចិន​ទើបតែ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​ថៃ ដើម្បី​ដំណើរការ​ផលិត​ថាមពល​កកើត​ឡើង​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Jennifer Turner នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Wilson។

ក៏ប៉ុន្តែ លោក Richard Cronin ​អ្នក​ស្រាវជ្រាវ​ដ៏​ជំនាញ​ខាង​ទន្លេ​មេគង្គ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល Stimson យល់​ថា ការណ៍​ដែល​ចិន​ងាក​ទៅ​រក​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​នេះ គឺ​ដើម្បី​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ចិន​តែប៉ុណ្ណោះ ហើយ​ចិន​មិន​ខ្វល់​ពី​ប្រទេស​ដែល​នៅ​ប៉ែក​ខាង​ក្រោម​ទន្លេ​មេគង្គ​ទេ។

លោក​ថា៖ «‍ខ្ញុំ​យល់​ថា អ្វី​ដែល​ចិន​កំពុង​បង្ហាញ​ជំហរ​របស់​ខ្លួន​នោះ​គឺថា ចិន​នឹង​ដោះស្រាយ​បញ្ហា​កង្វក់​បរិស្ថាន​ដោយសារ​តែ​ហេតុផល​ និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ បើ​ទោះបី​ជា​ចិន​បាន​បង្កើត​យន្តការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា គណៈកម្មការ​ទន្លេមេគង្គ Lancang ដែល​ចិន​និយាយ​ថា យើង​នឹង​ពិភាក្សា​ពី​បញ្ហា​ទឹក​ទន្លេ​ក្តី ក៏​អ្វី​ដែល​ចិន​បាន​ប្រាប់​ទៅ​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម​នោះ​គឺថា៖ កុំ​យក​អនាគត​របស់​អ្នក​ទៅ​ពឹង​លើ​ទឹក​ទន្លេ។

លោក Jon Fasman (ឆ្វេងបំផុត) ប្រធាន​និពន្ធ​ខាង​តំបន់​អាស៊ីអាគ្នេយ៍​របស់​ទស្សនាវដ្តី The Economist លោក Brian Eyler (ឆ្វេង) អនុប្រធាន​គម្រោង​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson អ្នកស្រី Courtney Weatherby (កណ្តាល) អ្នកស្រាវជ្រាវ​ឲ្យ​មជ្ឈមណ្ឌល Stimson លោក Richard Cronin​ អ្នក​ជំនាញ​ជាន់ខ្ពស់​ខាង​ទន្លេ​មេគង្គនៃ​មជ្ឈមណ្ឌល Stimson និង​លោកស្រី Jennifer Turner ប្រធានវេទិកាបរិស្ថានចិន​នៃ​មជ្ឈមណ្ឌល Wilson ពិភាក្សា​អំពី​អនាគត​ទន្លេ​មេគង្គ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

យើង​នឹង​ឲ្យ​កម្ចី​១០​ពាន់លាន​ដុល្លារ ដើម្បី​ឲ្យ​អ្នក​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​អ្នក​ត្រូវការ​ដើម្បី​ភ្ជាប់​សេដ្ឋកិច្ច​របស់​អ្នក​មក​នឹង​សេដ្ឋកិច្ច​របស់​ចិន។ នេះ​គឺជា​អនាគត​របស់​ប្រទេស​អ្នក។ ទឹក​ទន្លេ​មិនមែន​ជា​អនាគត​សេដ្ឋកិច្ច​របស់​អ្នក​ទេ»។

ចំណែក​ឯសេណារីយោ​ទីពីរ អ្នក​ជំនាញ​ត្រូវបាន​ចោទ​សួរ​ថា តើ​អនាគត​របស់​ប្រទេស​នៅ​ទន្លេ​មេគង្គ​ក្រោម​នឹងទៅ​ជា​យ៉ាងណា បើ​សិន​ជា​ចិន​សង់​ទំនប់​វារីអគ្គិសនី​ដើម្បី​ស្តុក​ទឹក​ដើម្បី​ប្រយោជន៍​របស់​ខ្លួន។

លោក Brian Eyler អនុប្រធាន​គម្រោង​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson យល់​ថា លទ្ធភាព​នេះ​អាច​ទៅ​រួច​នា​ពេល​អនាគត ដោយសារ​តែ​តម្រូវការ​ទឹក និង​បញ្ហា​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ចិន។

លោក​ថា៖ «‍នៅ​ខេត្ត​យូណាន ប្រទេស​ចិន មាន​ទន្លេ​ជា​ច្រើន​ដែល​ត្រូវបាន​បំពុល ហើយ​អាជ្ញាធរ​តាម​សហគមន៍ និង​រដ្ឋបាល​ខេត្ត និង​រដ្ឋាភិបាល​ចិន​ បាន​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លានដុល្លារ ដើម្បី​សម្អាត​ទឹក​កខ្វក់ ដោយសារ​តែ​ទឹក​ដែល​មាន​ជាតិ​ពុល​ទាំង​នោះ​នឹង​ហូរ​ចូល​ទន្លេ Guizhou និង​ទន្លេ Chongoing។ ចិន​បាន​អនុវត្ត​គម្រោង​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​ច្រើន ដើម្បី​នាំ​យក​ទឹក​ចេញ​ពី​ប្រព័ន្ធ​ទឹក​ធំ ដោយ​បញ្ចូន​ទឹក​ទៅ​ខេត្ត​យូណាន និង​ទីក្រុង​ផ្សេងៗ។ ប៉ុន្តែ បើ​សិន​ជា​គម្រោង​ទាំង​នោះ​មិន​ផ្តល់​លទ្ធផល​អ្វី​ទេ​នោះ ទន្លេ​មេគង្គ​នឹង​ក្លាយ​ជា​ប្រភព​ទឹក​ដ៏​សំខាន់ ដែល​ចិន​ត្រូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

អ្នក​នេសាទម្នាក់អង្គុយលើទូក​នៅ​ក្នុង​បឹងមួយ​ដែល​រងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។

រីឯលោក Richard Cronin យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែល​ថា ចិន​នឹង​ត្រូវការ​ទឹក​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក ជាពិសេស​នៅ​ចំពោះ​មុខ​គ្រោះរាំងស្ងួត​ដែល​បាន​កើតឡើង​នៅ​ចិន​ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

លោក​ថា៖ «‍នៅ​ឆ្នាំ​នេះ ចិន​មិន​ទទួល​បាន​បរិមាណ​ទឹក​គ្រប់គ្រាន់​ទេ​នៅ​ខេត្ត​យូណាន ដោយសារ​តែ​គ្រោះ​ធម្មជាតិ El Nino ក៏ប៉ុន្តែ កាលពី​ឆ្នាំ២០១០ និង​២០១២ តាំង​ពី​ទំនប់​វារី​អគ្គិសនី​ជា​ច្រើន​បាន​សាងសង់​មក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ចិន​មិន​មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ទំនប់​ទាំង​នោះ ដូច​ការ​រំពឹង​ទុក​ឡើយ។ ដូច្នេះ ប្រទេស​នៅ​ប៉ែក​ទន្លេ​មេគង្គ​ក្រោម​គួរតែ​ព្រួយបារម្ភ​ពី​ការណ៍​ដែល ចិន​នឹង​មិន​ដំណើរការ​ទំនប់ ដើម្បី​ទាញ​យក​ថាមពល​ទៀត​ទេ។ ដូច្នេះ វាមាន​ន័យ​ថា ទឹក​មាន​តិច​ជាង​មុន​សម្រាប់​ប្រទេស​ទាំង​នោះ ដោយសារ​តែ​មធ្យោបាយ​ទឹក​ទន្លេ​មេគង្គ​ដែល​ហូរ​មក​ក្រោម​បាន មាន​តែ​តាម​ទ្វា​ទំនប់​ពី​ចិន​មក‍»។

ទិដ្ឋភាព​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ Yangtze នៅ​ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។

បើ​ទោះបី​ជា​អ្នក​ជំនាញ​មើល​ឃើញលទ្ធភាព​នៃ​ការ​ដើរ​ចេញ​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ទៅ​រក​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ក្តី ក៏​លទ្ធភាព​នេះ​មិន​អាច​កើត​ឡើង​បាន​ដែរ​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយសារ​តែ​ដំណើរការ​ថាមពល​កកើត​ឡើង​វិញ​នេះ​ត្រូវការ​ថវិកា​ខ្ពស់ និង​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ជំនាញ​បំផុត។

លើស​ពី​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ជា​សមាជិក​គណៈកម្មាការ​ទន្លេ​មេគង្គ ជាពិសេស​ឡាវ និង​កម្ពុជា មិន​អំណោយ​ផល​ឡើយ ហើយ​ប្រទេស​ទាំង​នេះ​ត្រូវការ​ប្រភព​ថាមពល​ដែល​មាន​តម្លៃ​ថោក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​របស់​ខ្លួន៕