ទឹក​ប្រៃ​គំរាម​កំហែង​ដំណាំ​ស្រូវ​ក្នុង​តំបន់​ឆ្នេរ​នៅ​អាស៊ី​អាគ្នេយ៍

ទឹកប្រៃហូរជ្រាបដីដំណាំកំពុងបំផ្លាញកសិផលរបស់លោក ប្រាក់ ញ៉ន កសិករក្នុងឃុំ​ស្វាយ​ទង​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ (ស៊ុន ណារិន/វីអូអេ)

លោក ប្រាក់ ញ៉ន មិន​មាន​ក្តី​សង្ឃឹម​ខ្ពស់​ឡើយ​សម្រាប់​ដំណាំ​ស្រូវ​របស់​លោក​នា​ឆ្នាំ​នេះ។ លោក​ជា​កសិករ​មួយ​រូប​ក្នុង​ភូមិស្លាប​តា​ឱន ឃុំ​ស្វាយ​ទង​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១៥០ ​គីឡូ​ម៉ែត្រ ភាគ​និរតី ​ពី​រាជធានី​ភ្នំពេញ និង​ចម្ងាយ​ប្រមាណ​បួន​គីឡូ​ម៉ែត្រ ពី​ឆ្នេរ​មាន​ព្រៃកោង​កាង​នៃ​ខេត្ត​កំពត។

លោក​បាន​ថ្លែង​ថា៖ «យក​សំណាប​មក​ស្ទូង វា​ងាប់​ឡើង​ក្រហម។ ជាតិ​ប្រៃ​នៅ​ក្នុង​ដី ដល់​អ៊ីចឹង​សំណាប វា​អត់​លាស់ វា​ងាប់​ទៅ​វិញ»។

កសិករ​រូប​នេះ​និយាយ​ថា ​ទឹកប្រៃ​បាន​ធ្វើ​ឲ្យ​ដំណាំស្រូវ​ខូច​ខាត​នៅ​ភូមិ​របស់​លោក ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក ប្រាក់ ញ៉ន វ័យ​ ៥៥​ ឆ្នាំ​ មិន​ច្បាស់​ថា​លោក និង​អ្នក​ភូមិ​ដទៃ​ទៀត​ នឹង​អាច​ដាំដំណាំ​ស្រូវ​ឡើង​វិញ​ឬ​ទេ​ នា​ពេល​អនាគត។

បញ្ហា​នៅ​ភូមិ​ស្លាប​តា​ឱន​ មិនមែន​ជា​បញ្ហា​បរិស្ថាន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ។ នេះ​ជា​បញ្ហា​មួយ​បង្ហាញ​ពី​វិបត្តិ​បរិស្ថាន​ជា​សាកល​ ដែល​បាន​កកើត​ឡើង​សន្សឹមៗ ដោយ​បង្ក​អស្ថិរភាព​ទៅ​លើ​ប្រព័ន្ធ​ស្បៀង​អាហារ​ ដែល​ទ្រទ្រង់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់។

នៅ​ជុំវិញ​ពិភព​លោក​ ទឹក​ប្រៃ​បាន​ជ្រៀត​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ដី​គោក​ពី​តំបន់​ឆ្នេរ ដោយធ្វើ​ឲ្យ​ដី និង​ទឹក​សាប​ឡើង​ប្រៃ។ សកម្មភាព​គួប​ផ្សំគ្នា​រវាង​ការ​ជីក​យក​ទឹក​ពី​ក្រោម​ដី ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ និង​ការ​រុករក​រ៉ែ​នៅ​បាត​ទន្លេ កំពុង​ធ្វើ​ឲ្យ​តំបន់​ឆ្នេរ​រួម​តូច ខណៈ​ការប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ឡើង​មក​ចូល​ក្នុង​តំបន់​ដី​គោក។

កសិករម្នាក់កំពុងស្ទូងសំណាបនៅភូមិស្លាបតាឱន ស្រុកកំពង់ត្រាច ខេត្តកំពត។ (ស៊ុន ណារិន/វីអូអេ)

តំបន់​ដី​សណ្ត​ទន្លេ​គឺ​ជា​តំបន់​ងាយ​រងគ្រោះ​ជា​ពិសេស។ ជា​វាល​ទំនាប​រាង​ដូច​ស្លាប​កង្ហារ​ដែល​កើត​ឡើង​នៅ​កន្លែង​ដែល​ទន្លេ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ តំបន់​ដី​សណ្ត​តែង​មាន​ដី​ប្រកប​ដោយ​ជីជាតិ​ ដោយ​សារ​ដី​សណ្តនាំ​យក​មក​តាមខ្សែ​ទន្លេ​លើ។ ហើយ​កំណើនជាតិ​ប្រៃ​ធ្វើ​ឲ្យ​តំបន់​កសិកម្មពិសេសនេះ​រង​នូវ​ហានិភ័យ។

នេះ​អាច​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​អាស៊ី ជា​ទី​ដែល​តំបន់​ដីសណ្ត​ទន្លេ​ធំៗ​មាន​សារៈ​សំខាន់​សម្រាប់​ដំណាំ​ស្បៀង​ប្រចាំ​ទ្វីប​នេះ ​ដែល​នោះគឺ​ជាដំណាំ​ស្រូវ។

កម្រិត​ជាតិ​ប្រៃ​ខ្ពស់​អាច​បង្អាក់​លទ្ធភាព​ក្នុង​ការ​ដាំស្រូវ។

លោក​ Bjoern Ole Sander នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរ​ជាតិ​(IRRI) បាន​និយាយ​ថា៖ «អ្នក​ពិត​ជា​ឃើញ​ស្រទាប់​រឹង​មួយ ដែល​ជា​ស្រទាប់​ពណ៌​ស​លើ​ដី​ពី​កន្លែង​ដែលមាន​ទឹកប្រៃ​ពី​មុន​មក»។

លោក​បន្ត​ថា ដំណាំ​ស្រូវ​ដាំ​លើ​ដី​ប្រៃ​ «មើល​ទៅ​ដូចជា​ចំបើង»។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​ស្ទាប​វា វា​ប្រហោង​ក្នុង​។ គឺ​មិន​មាន​អ្វី​ក្នុង​នោះ​ទេ»។

ស្បៀងអាហារ ​និង​ទឹក​ប្រើប្រាស់​ប្រឈម​នឹងហានិភ័យ

នៅតំបន់​អាស៊ី​អាគេ្នយ៍ ទឹក​ប្រៃ​បាន​គំរាម​កំហែង​ដំណាំ​ស្រូវ​នៅ​តាម​ដង​ទន្លេ​មេគង្គ ​តំបន់ដីសណ្ត​ទន្លេ​ក្រហម​នៅ​ប្រទេស​វៀត​ណាម ​និង​តំបន់​ដី​សណ្តទន្លេចៅ​ព្រះយ៉ា​នៅ​ប្រទេស​ថៃ។ ក្រៅ​ពី​តំបន់​អាស៊ី​ ការ​វាទទី​ដោយ​ទឹក​ប្រៃ​បាន​ប៉ះពាល់​ដល់តំបន់ដីសណ្ត​ទន្លេ​នីល​ នៅ​អេហ្ស៊ីប និង​តំបន់ដីសណ្ត​ទន្លេ​ Mississippi នៅ​សហ​រដ្ឋអាមេរិក ដែលទាំង​ពីរ​នេះជា​តំបន់​កសិកម្ម​ដ៏​សំខាន់។

សម្រាប់​កសិករ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ដូច​លោក ប្រាក់ ញ៉ន ដែល​រស់​នៅ​ក្នុង​ខេត្ត​កំពត ការ​ឡើង​កម្រិត​ជាតិ​ប្រៃ​បាន​គំរាម​កំហែង​ដោយ​ផ្ទាល់​លើ​សន្តិសុខ​អាហារ និង​ទឹក​ប្រើប្រាស់។

ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ ៧៦%​ រស់​នៅ​តំបន់​ជនបទ​ ហើយ​ភាគ​ច្រើនពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​សម្រាប់​អាហារ។ ការណ៍នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំនួន​ ១៧,២​ លាន​នាក់ ងាយ​រងគ្រោះ​នៅ​ពេល​មាន​ការ​ប្រែប្រួល​ផ្សេងៗក្នុង​បរិស្ថាន។ អត្រា​ខ្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​មាន​ប្រមាណ ​១៥%។

លោក ហាក់ ម៉ៅ ប្រធាន​នាយកដ្ឋាន​បម្រែ​បម្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន​កម្ពុជា និយាយ​ថា កសិករ​បាន​រាយការណ៍​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជាតិ​ប្រៃ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ និង​ថា​មាន​ «ការ​វាយ​លុក​ដោយ​ទឹក​ប្រៃ» នៅ​ក្នុង​ប្រទេស។ លោកបន្ត​ថា ប៉ុន្តែ «សមត្ថ​ភាព​បច្ចេកទេស​មាន​កម្រិត» មាន​ន័យ​ថា ទំហំ​ពិត​ប្រាកដ​នៃ​បញ្ហា​នេះនៅ​កម្ពុជា​ គឺ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

ប៉ុន្តែ​នៅ​ប្រទេស​វៀតណាម​ជាប់​នោះ ផល​ប៉ះពាល់​ពី​ការ​វាយ​លុក​ដោយ​ទឹក​ប្រៃ​ត្រូវ​បាន​បង្ហាញ​ច្បាស់​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​នេះ។

លោក Khau Van Ngoan កសិករ​នៅ​ខេត្ត​ឡុងអាន (Long An) ប្រទេស​វៀតណាម និយាយ​ថា៖ «ប្រសិន​បើ​មាន​ទឹក​សាប យើង​អាច​ដាំស្រូវ​ពេញ​មួយ​ឆ្នាំ។ ហើយ​ប្រសិន​បើ​មិន​មាន​នោះ​ទេ វា​គ្មាន​អ្វី​អាច​ដុះឡើង​ឡើយ»។

វៀតណាមដាំ​ដំណាំស្រូវ​ជាង​ពាក់កណ្តាលនៃដំណាំ​ស្រូវ​សរុប គឺ​នៅ​ក្នុង​តំបន់ដី​សណ្ត​ទន្លេ​មេគង្គ។

លោក Gijs Simons ជលវិទូ​ប្រចាំ​ទីភ្នាក់​ងារ​ប្រឹក្សា​យោបល់​ FutureWater ដែល​ប្រើប្រាស់​ទិន្នន័យ​ពី​ផ្កាយ​រណប ដើម្បី​វាយតម្លៃ​កម្រិត​ជាតិ​ប្រៃសម្រាប់​គណៈកម្មការ​ទន្លេ​មេគង្គ បាន​និយាយ​ថា នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ កម្រិត​ជាតិ​ប្រៃ «ពិតជា​បាន​កើន​ឡើង​មែន»។

លោកថ្លែង​ថា​ តំបន់រងការ​ប៉ះពាល់​ដោយ​ជាតិ​ប្រៃ​ធ្ងន់ធ្ងរ ដែល​ស្ទើរ​តែ​មិន​បង្ក​ជា​លទ្ធភាព​ក្នុង​ការ​ដាំ​ដំណាំ​ស្រូវ​ បាន​រីកធំ​ឡើង​ប្រមាណ «ទ្វេដង​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ឬ​អាច​រី​កធំ​ឡើង​សឹងដល់​ទៅ​បី​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ»។ ​

លោក Binh Doan Van ជល​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ​វៀតណាម-​អាល្លឺម៉ង់ ដែល​សិក្សា​ពី​ការ​វាទទី​ដោយ​ទឹក​ប្រៃ​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ បាន​និយាយ​ថា កាល​ពី​គ្រា​មុន​ ទឹក​ប្រៃជ្រាប​ចូល​ដី​គោក​ប្រមាណ​ ៣០​ ទៅ​ ៥០​ គីឡូ​ម៉ែត្រ។ ឥឡូវ​នេះ ទឹក​ប្រៃ​អាច​ជ្រាប​ចូលដីគោក​ក្នុង​ចម្ងាយ​ជាង​ ១០០​ គីឡូ​ម៉ែត្រ​ពី​តំបន់​ឆ្នេរ។

លោក Andrew Wyatt ដែលទទួល​បន្ទុក​លើ​គម្រោង​ផ្សេងៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​អង្គការ​បរិស្ថាន​មួយ​ឈ្មោះ​ថា​ សហជីព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ថា IUCN បាន​និយាយ​ថា​ ការ​លុក​លុយ​ដោយ​ជាតិ​ប្រៃ​ធ្ងន់​ធ្ងរ​មួយ កាល​ពី​ឆ្នាំ​ ២០១៦ បាន​ប៉ះ​ពាល់​ដីស្រែ​ចំនួន​ ២៧០.០០០ ​ហិកតា។ ការ​ខូច​ខាត​នោះ គឺ​ត្រូវ​បាន​គិត​ជា​ទឹក​ប្រាក់​ចំនួន​ប្រមាណ ​៤៥៥​ លាន​ដុល្លារ ឬ​ ១,៥% ​នៃ​ទិន្នផល​ស្រូវ​ប្រចាំ​ឆ្នាំ​របស់​វៀត​ណាម។

លោក ប្រាក់ ញ៉ន កសិករនៅឃុំ​ស្វាយ​ទង​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ (ស៊ុន ណារិន/វីអូអេ)

ការ​ចិញ្ចឹមបង្គាជា​ជម្រើស​ជំនួស

ប៉ុន្តែ​អ្នក​ខ្លះឃើញ​ការ​កើន​ឡើង​ជាតិ​ប្រៃ​ជា​ឱកាស​ ជា​ជាង​គ្រោះ​មហន្ត​រាយ​មួយ​ផង​ដែរ។

ស្រូវ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ទឹក​ប្រៃ​នោះ​ទេ ប៉ុន្តែ​បង្គា​អាច។ ហើយ​បង្គា​ផ្តល់​តម្លៃ​នៅ​ទីផ្សារ​ខ្ពស់​ជាង​ស្រូវ​ដែល​វៀត​ណាម​ផលិត​សម្រាប់​នាំចេញ​ទៅ​បណ្តា​ប្រទេស​ចំណូល​ទាប និង​មធ្យម។

លោក Dang Thi Vich កសិករ​ចិញ្ចឹម​បង្គា​នៅ​ខេត្ត Ben Tre និយាយ​ថា៖ «បង្គា​គឺ​ជា​អាជីវកម្ម​មួយ​ប្រសើរ​ជាង​ស្រូវ​។ អាជីវកម្ម​នេះ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ជាង»។

កសិករ​ខ្លះ​នៅ​តំបន់​ទន្លេ​មេគង្គ​បាន​កេង​ចំណេញ​ពី​ឱកាស​នេះ ខណៈ​ជាតិ​ប្រៃ​កំពុង​កើន​ឡើង ដោយ​បាន​ចិញ្ចឹម​បង្គា ជាជាងដាំ​ស្រូវ​អំឡុង​ពេល​រដូវ​ប្រាំង នៅ​ពេលលក្ខខណ្ឌ​ដី​មាន​ជាតិ​ប្រៃ​ខ្លាំង។ រដ្ឋាភិបាល​វៀត​ណាម​ និង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​នានា បន្ទាប់​មក​បាន​បង្កើត​ជា​កម្មវិធី​ផ្សេងៗ ដើម្បី​ជួយ​ដល់​កសិករច្រើន​ជាង​នេះ ប្រើប្រាស់​ប្រព័ន្ធ​ឆ្លាស់​គ្នា​រវាង​ដំណាំ​ស្រូវ និង​ការ​ចិញ្ចឹម​បង្គា។

លោក Vich ថ្លែង​ថា៖ «ការ​ចិញ្ចឹម​បង្គា​បាន​ចាប់​ផ្តើម​កាល​ពី​ប្រមាណ​ ២០ ​ឆ្នាំ​មុន ហើយ​វា​ទទួល​បានប្រជាប្រិយ​ភាព​យ៉ាងខ្លាំង។ មនុស្ស​រាល់​គ្នា​បាន​ដាំស្រូវ​កាល​ពី​ពេល​មុន​នេះ»។

អ្វីៗ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។

លោក Bradford Mills អ្នក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Virgina Tech នៅ​សហរដ្ឋអាមេរិក ដែល​សិក្សា​ពី​ការ​ឆ្លាស់គ្នា​នេះ​ បាន​និយាយ​ថា កាល​ពី​ឆ្នាំ​ ២០១៨ កសិករ​ប្រមាណ ១៥​% នៅ​តំបន់ដីសណ្ត​ទន្លេ​មេគង្គ ​បាន​បោះ​បង់​ចោល​ការ​ដាំស្រូវ​ ដើម្បី​អ្វី​មួយ​ផ្សេង​ទៀត ដែល​ជា​រឿយៗ​គឺការ​ចិញ្ចឹម​បង្គា។ នា​ឆ្នាំ​បន្ទាប់ កសិករ​ប្រមាណ​ ១០%​ បន្ថែម​ទៀត​បាន​ឈប់​ដាំ​ស្រូវ។

លោក Simons ដែល​ជា​ជលវិទូ​ប្រចាំ​ទីភ្នាក់​ងារ​ប្រឹក្សា​យោបល់​ FutureWater បាន​កត់​សម្គាល់​ថាការ​ផ្លាស់ប្តូរ​ពី​ការ​ធ្វើ​ស្រែ​មក​ចិញ្ចឹម​បង្គា​ គឺអាច​ឃើញ​ច្បាស់​នៅ​ក្នុង​ទិន្នន័យ​ពី​ផ្កាយរណប។

អ្នក​ជំនាញ​និយាយ​ថា ​រដ្ឋាភិបាល​វៀតណាម​គ្រោង​នឹង​បន្ថយ​កសិកម្ម​ស្រូវ ហើយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​តំបន់ដីសណ្ត​ទន្លេ​មេគង្គ។ នេះ​មាន​ន័យ​ថា​បង្កើន​ការ​ចិញ្ចឹម​បង្គា និង​វារី​វប្បកម្ម​ដទៃ​ទៀត តាមបណ្តោយ​ឆ្នេរ​ទន្លេ និង​ដាំ​ស្រូវ​ «គុណភាពខ្ពស់» សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អ្នក​មាន។

លោក Wyatt មន្រ្តី​មក​ពី​ស្ថាប័ន ​IUCN បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​ពិពិធកម្ម​នេះ​គឺ «ស្រប​ជាមួយ​នឹង​ការ​ប្រែផ្លាស់​របស់​វៀតណាម​ពី​ប្រទេស​ចំណូល​ទាប មក​ប្រទេស​ចំណូល​ទាប​ថ្នាក់​កណ្តាល»។

ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការ​សម្រប​ទៅ​នឹង​ជាតិ​ប្រៃ​ដែល​កំពុង​កើន​ឡើង​នៅ​វៀត​ណាម​ អាច​បង្ក​ជា​ការ​ខាត​បង់​ចំពោះ​សង្គម ដោយ​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​មាន​ និង​អ្នកក្រ។

លោក​ Binh ជល​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ​វៀតណាម-​អាល្លឺម៉ង់ បាន​ថ្លែង​ថា៖ «ចំពោះ​ប្រទេស​ទាំង​មូល[ការ​ចិញ្ចឹម​បង្គា] ប្រហែល​ជា​រឿង​ល្អ។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្នុង​ស្រុក ខ្ញុំ​នៅ​តែ​គិតថាមាន​បញ្ហា​ខ្លះ»។

កសិករ​នៅ​ខេត្ត​ Ben Tre អ្នកស្រី Nguyen Thi Be និយាយ​ថា ​អ្នកស្រី​បាន​ព្យាយាម​ចិញ្ចឹម​បង្គា កាល​ពី​ពីរ​បី​ឆ្នាំ​មុន ប៉ុន្តែ​អ្នកស្រី​ថា៖ «អាជីវកម្ម​នេះ​មិន​បាន​រីក​ចម្រើន​នោះ​ទេ។ យើង​បាន​ចំណាយ​ច្រើន​ជាង​ចំណូល​រក​បាន ដូច្នេះ​យើង​ក៏​ឈប់​ធ្វើ​អាជីវកម្ម​នេះ»។

ការ​ផ្លាស់​ពី​ការ​ធ្វើ​ស្រែ​មក​ចិញ្ចឹម​បង្គា គឺ​ជារឿង​គ្រោះ​ថ្នាក់​មួយ។ មិន​មែន​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ​។ អ្នក​ដែល​មិន​អាច​ធ្វើ​បាន ហើយ​អ្នក​ដែល​មិន​ទទួល​បាន​ជំនួយ មិន​មាន​ជម្រើស​ច្រើន​ក្រៅ​ពី​លក់ ឬ​ជួល​ដី​របស់​ពួក​គេ ហើយ​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ។

ហើយ​ក៏​មាន​ភស្តុតាង​ថា​ ការ​ចិញ្ចឹម​បង្គាមិន​មែន​តែង​តែមាន​ចីរភាព​ក្នុង​ផ្នែក​បរិស្ថាន​ផង​ដែរ។

ខណៈ​លោក​ Wyatt កត់​សម្គាល់​ថា​ការ​ឆ្លាស់​គ្នា​រវាង​ការ​ធ្វើ​ស្រែ និង​ចិញ្ចឹម​បង្គា គឺ​មានចីរភាព​ជាង​ការ​ធ្វើ​ស្រែ ឬ​ចិញ្ចឹម​បង្គា​តែ​មួយ សម្រាប់​ដី​នៅ​តំបន់​មាត់​ទន្លេ​មេគង្គ នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​មួយ​នៅ​គ្រប់​ទី​កន្លែង​ដែល​ការ​ឆ្លាស់​គ្នា​នេះ​ត្រូវ​បានធ្វើ​ឡើង​នោះ​ទេ។

ប្រសិន​បើ​មិន​មាន​ទឹក​សាប​គ្រប់​គ្រាន់​ហូរ​ពី​ទន្លេ​ខាង​លើ បឹង​ចិញ្ចឹម​បង្គា​អំឡុង​ពេល​រដូវ​ប្រាំង​អាច​បង្ក​ឲ្យ​មាន​អំបិល​ជាប់​នៅ​ក្នុង​ដី​ ដែល​យូរៗ​ទៅ​នឹង​បង្ក​ជា​ការ​លំបាក​សម្រាប់​ការ​ដាំ​ស្រូវ​នៅ​រដូវ​វស្សា។ បឹង​ទាំង​នោះ​អាច​ឡើង​ប្រៃ​ខ្លាំង​ ដែល​នៅ​ពេល​នោះ សូម្បី​តែ​បង្គា​ក៏​មិន​អាច​រស់​នៅ​បាន​ដែរ។

លោក Pham Van Bay កសិករ​ខេត្តឡុងអាន និយាយ​ថា៖ «ដី​មាន​ជាតិ​ប្រៃ​ជា​មិនល្អ​សម្រាប់​អាជីវ​កម្ម​នោះ​ទេ សូម្បី​តែ​ការ​ចិញ្ចឹម​បង្គា​ក៏​ដោយ។ អ្នក​មិន​អាច​ធ្វើ​អ្វី​ច្រើន​នោះ​ទេ​ជាមួយ​នឹង​ដីមាន​ជាតិ​ប្រៃ»។

លោក Binh និយាយ​ថា​វារីវប្បកម្ម​ក៏​អាចបំពុល​ផ្លូវ​ទឹក​ផង​ដែរ ដែល​ជា​បញ្ហា​មួយលោក​ថាគួរ​តែ​ត្រូវ​បាន​គ្រប់​គ្រង ​ដើម្បី​ធានា​ថា​សកម្មភាព​នេះ​មាន​ចីរភាព និង​ទទួល​បាន​ផល​ចំណេញ​នា​ពេល​អនាគត។

លោក Binh និង​លោក Wyatt បាន​និយាយ​ថា ​យ៉ាង​ណាក៏ដោយ ប្រសិន​បើ​បញ្ហា​ប្រឈម​ទាំង​នេះអាច​ត្រូវ​ជម្នះ​បាន​ ការ​បំពេញ​តម្រូវ​ការ​ផ្នែក​អាហារ​នៅ​ប្រទេស​អ្នក​មាន​សម្រាប់​បង្គា និង​ស្រូវ​គុណភាព​ខ្ពស់​ អាច​ផ្តល់​ផល​ចំណេញ​សម្រាប់​កសិករ​មួយ​ចំនួន និង​សេដ្ឋកិច្ច​វៀត​ណាម​ទាំង​មូល។

លោក ប្រាក់ ញ៉ន បានរៀបរាប់ថា ព្យុះទឹកភ្លៀងនិងទឹកប្រៃបានបំផ្លាញដំណាំស្រូវនៅក្នុងភូមិរបស់លោក ក្នុងឃុំឃុំ​ស្វាយ​ទង​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។ (ស៊ុន ណារិន/វីអូអេ)

«តើយើងបានអីហូប

លោក Sander ថ្លែង​ថា៖ «ពាក់​ព័ន្ធ​នឹង​ថា​តើ​យើង​មាន​អង្ករ ដើម្បី​ហូប​ឬ​ទេ សំណួរ​គឺ​ថា​តើ​អ្នក​អាច​ផលិត​ស្រូវ​ជំនួស​វិញ​ឬ​ទេ? ពីព្រោះ​តម្រូវ​ការ​ គឺ​នៅ​មាន។ ហើយ​បង្គា​មិន​អាច​ជំនួស​ស្រូវ​លើ​ចាន​បាយ​របស់​ពលរដ្ឋ​នោះ​ទេ​»។

​វៀត​ណាម​ជា​ប្រទេស​នាំ​ស្រូវ​ចេញ​ធំ​ជាង​គេ​ទី​ ៣ ​នៅ​លើ​ពិភព​លោក ហើយ​ជាង ៩០​% ​នៃ​ការ​នាំចេញ គឺ​មក​ពី​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ។

លោក Sander ថ្លែង​ថា​បណ្តា​ប្រទេស​ដែល​ជា​ «ប្រទេស​នាំ​ចូល​ស្រូវ​ធំៗ ក៏​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ជាតិ​ប្រៃ​នៅ​តំបន់​ទន្លេ​ដី​សណ្ត​មេគង្គ​ផង​ដែរ។ ជា​ឧទាហរណ៍ ហ្វីលីពីន​នាំចូល​ស្រូវ​ជិត​ ៨០%​ ពី​វៀត​ណាម»។

តម្រូវការ​សម្រាប់​អង្ករ​កំពុង​តែ​កើន​ឡើង​ ស្រប​ពេល​ចំនួន​ពលរដ្ឋ​លើពិភព​លោក​កើន​ឡើង។

វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI)​ បាន​ប៉ាន់​ប្រមាណ​ថា​ផលិតកម្ម​ស្រូវ​ទូទាំង​សាកល​លោក​ត្រូវ​កើន​ឡើង​ប្រមាណ ១% ទៅ ​១,២​%​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រក្សា​តម្លៃ​អង្ករ​ឲ្យ​នៅ​ទាប​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​លាន​នាក់ ដែល​ពឹងផ្អែក​លើ​ដំណាំ​ស្បៀង​នេះ អាច​មាន​លទ្ធភាព​ទិញ។

សម្រាប់​តំបន់ដីសណ្ត​ទន្លេ​មេគង្គ លោក Binh និយាយ​ថា​ការ​សម្រប​តាម​កំណើន​ជាតិ​ប្រៃ​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រួម​បញ្ចូល​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​ត្រូវ​ចំណាយ​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ទឹ​កប្រៃ​ជ្រាប​ចូល ដែលនេះ​អាច​មក​ជាមួយ​នឹង​បញ្ហា​បរិស្ថាន​ផ្សេងៗ​ផង​ដែរ ហើយ​ការ​ផ្លាស់ប្តូរ​លើ​របៀប​មនុស្ស​រស់​នៅ​ និងធ្វើការ​ ដូចជា​ ការ​ងាក​មក​ប្រព័ន្ធ​ឆ្លាស់​គ្នា​រវាង​ដំណាំ​ស្រូវ​និង​ការ​ចិញ្ចឹម​បង្គា​ជា​ដើម។ តំបន់​កសិកម្ម​តាម​ដង​ទន្លេ​ដទៃ​ទៀត ក៏ប្រឈម​នឹង​ជម្រើស​ស្រដៀង​គ្នា​នេះ​ដែរ។

បណ្តា​ប្រទេស​ដែល​នាំ​ចូល​ស្រូវ​ច្រើន​ពី​តំបន់​រង​ការ​ប៉ះ​ពាល់​ពី​ទឹក​ប្រៃ​នឹង​ត្រូវ​ស្វែងរក​ប្រភព​ថ្មីៗ ដើម្បី​បំពេញតម្រូវ​ការសម្រាប់​ស្រូវ បើ​មិន​ដូច្នេះ​ទេ អ្នក​ទិញ​ត្រូវ​ចំណាយ​ខ្ពស់​ជាង​មុន។ កសិករ​ជា​ច្រើន​នឹង​ត្រូវ​សម្រប​តាម​របៀប​នេះ។ ហើយកសិករ​មួយ​ចំនួន​នឹង​ត្រូវ​ស្វែង​រក​មធ្យោបាយ​មួយ​ផ្សេង​ទៀត ដើម្បី​ចិញ្ចឹម​ជីវិត។

នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ អ្នកស្រី សួស សុវណ្ណ រស់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រែ​របស់លោក ប្រាក់ ញ៉ន នៅ​ក្នុង​ភូមិ​ស្លាប​តា​ឱន។ អ្នកស្រី​ថ្លែង​ថា​ឥឡូវ​នេះ​ ទឹក​ប្រៃ​បាន​ជ្រាប​ចូល​ស្រែទំហំ​៧.០០០​ម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ធ្វើ​ឲ្យ​ដីស្រែ​របស់​អ្នកស្រី​លែង​មាន​ជីជាតិ។

ដោយ​មិន​អាច​ដាំ​ស្រូវ​បាន​ដោយ​ខ្លួន​ឯង នា​ពេល​បច្ចុប្បន្ន​ អ្នកស្រី​ សួស សុវណ្ណ​ ពឹង​ផ្អែក​លើ​ប្រាក់ផ្ញើ​មក​ឲ្យ​ពី​កូន​ពីរ​នាក់​ ដែល​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ។ ជា​រួម​ ពួកគេ​ផ្ញើ​ឲ្យ​អ្នក​ស្រី​ប្រហែល​៥០​ដុល្លារ​ជា​រៀង​រាល់​ខែ។ ហើយ​អ្នកស្រី​ត្រូវចំណាយ​៣០​ដុល្លារ​លើ​អង្ករ។

អ្នក​ស្រី​និយាយ​ថា​ប្រហែល​កូន​អ្នកស្រី​អាច​ផ្ញើ​ប្រាក់​មក​ច្រើន​ជាង​នេះ ប៉ុន្តែ​អ្នកស្រី​មិន​ហ៊ាន​សួរ​ពួក​គេនោះ​ទេ។ អ្នក​បន្ត​ថា​មិន​មានអ្វី​ដែល​អ្នក​ស្រី​អាច​ធ្វើ​បាន​ឡើយ នា​ពេល​នេះ ដូច្នេះ​អ្នកស្រី​ត្រូវ​ទ្រាំ​រស់​នៅ​តាម​របៀប​ដូច​នេះ។

អ្នកស្រី​បាន​ចោទ​សួរ​ថា៖ «បើ​យើង​មិន​ធ្វើ​ស្រែ តើ​បាន​អង្ករ​ឯណា​ហូប?»៕

(អ្នកសារព័ត៌មាន​វៀតណាម​ដែល​ចូលរួម​ក្នុង​របាយ​ការណ៍​នេះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​បញ្ហា​សុវត្ថិ​ភាព)