ក្រុមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិបានស្វាគមន៍ការដាក់ជនជាប់សង្ស័យដែលជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ក្នុងសំណុំរឿង០០៣ និង០០៤ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយកំបាំងមុខ ក៏ប៉ុន្តែក្រុមអង្គការការពារសិទ្ធិមនុស្សទាំងនេះ នៅតែសម្តែងការព្រួយបារម្ភអំពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលលើដំណើរការកាត់ទោសពួកគេ។
កាលពីថ្ងៃទី៣ខែមិនា សហចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោកម៉ាក ហាម៉ុនបានចោទប្រកាន់ជនជាប់សង្ស័យគឺលោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម ក្នុងសំណុំរឿង០០៣ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទមនុស្សឃាត។ ដោយឡែកអ្នកស្រីអ៊ឹម ចែម អតីតគណៈស្រុកព្រះនេត្រព្រះជាប់សង្ស័យក្នុងសំណុំរឿង០០៤ ត្រូវចោទប្រកាន់ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សហៅកាត់ថា FIDH ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានចាត់ទុកថា ការចោទប្រកាន់លើជនជាប់សង្ស័យថ្មីនេះគឺជាការជឿនលឿនមួយ។ ប៉ុន្តែដំណាលគ្នានេះ អង្គការដដែលលើកឡើងថា នៅមាន«ការព្រួយបារម្ភធ្ងន់ធ្ងរមួយចំនួនទៀតជុំវិញការប៉ុនប៉ងជ្រៀតជ្រែកផ្នែកនយោបាយនិងកង្វះតម្លាភាព»នៅក្នុងសាលាក្តីខ្មែរក្រហម។
ដោយឡែកគណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC) ដែលមានអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជាចំនួន២១ជាសមាជិក ក៏បានចាត់ទុកថា នេះគឺជាការវិវត្តទៅមុខមួយជំហានទៀតនៃសំណុំរឿងចម្រូងចម្រាស់ទាំងពីរ។ ដំណាលគ្នានោះ គណៈកម្មាធិការប្រព្រឹត្តិកម្មក៏បានសម្តែងការព្រួយបារម្ភអំពីភាពមិនចុះសម្រុងគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិគឺលោកយូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោកម៉ាក ហាម៉ុន។សហចៅក្រមអន្តរជាតិបានសម្រេចចិត្តបើកការស៊ើបអង្កេតលើសំណុំរឿង០០៣ និង០០៤ជាឯកតោភាគី ខណៈដែលសហចៅក្រមស៊ើបអង្កេតជាតិមិនចង់ឲ្យមានចំណាត់ការនីតិវិធីតុលាការលើជនសង្ស័យបន្ថែម ស្របតាមជំហររបស់រដ្ឋាភិបាល។
គណៈកម្មាធិការប្រព្រឹត្តិកម្មបានបង្ហាញពីភាពមិនស្មើគ្នារវាងសំណុំរឿង០០១ និង០០២ដែលជនជាប់ចោទក្នុងសំណុំរឿងនេះត្រូវចាប់ខ្លួនក្រោយពីចោទប្រកាន់ ប៉ុន្តែសំណុំរឿងបន្ថែមពីរចុងក្រោយមិនបានប្រព្រឹត្តស៊ីសង្វាក់បែបនេះទេ។
ហេតុដូច្នេះគណៈកម្មាធិការប្រព្រឹត្តិកម្មបានអំពាវនាវ«ជាបន្ទាន់»ដល់សហចៅក្រមស៊ើបអង្កេតជាតិឲ្យសហការជាមួយសមភាគីអន្តរជាតិដើម្បីបញ្ចប់កិច្ចការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ដោយសារសហចៅក្រមស៊ើបអង្កេតជាតិមានកាតព្វកិច្ចក្នុងរឿងនេះ។ មួយវិញទៀត បណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលដដែលបានទទូចឲ្យរដ្ឋាភិបាលកម្ពុជារំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដែលបានសន្យានៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលថា នឹងអនុញ្ញាតឲ្យកិច្ចដំណើរការនីតិវិធីនៃសំណុំរឿងចម្រូងចម្រាស់ទាំងពីរនេះដំណើរការដោយមិនមានការជ្រៀតជ្រែកណាមួយ។ ជាងនេះទៀតគណៈកម្មាធិការប្រព្រឹត្តិកម្មក៏បានអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរបញ្ឈប់ការប៉ុនប៉ងណាមួយដែលបង្កឥទ្ធិពលលើលទ្ធផលនៃការស៊ើបអង្កេតក្នុងសំណុំរឿង០០៣និង០០៤។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា នោះគឺជាការព្រួយបារម្ភ ដែលមិនត្រឹមត្រូវ ស្របពេលដែលរដ្ឋាភិបាលត្រៀមសហការជាមួយសាលាក្តីខ្មែរក្រហមនោះ។
«ការបារម្ភរបស់ពួកគេកើតឡើងតាំងពីមុនការបង្កើតតុលាការខ្មែរក្រហមម្ល៉េះ។ ប៉ុន្តែគួរតែវាយតម្លៃខ្ពស់ថា រាជរដ្ឋាភិបាលមិនមានអំណាចណា ដែលជ្រៀតជ្រែកក្នុងតុលាការខ្មែរក្រហមនោះទេ។ ហើយរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីអនុវត្តនូវសេចក្តីសម្រេចរបស់តុលាការដើម្បីចូលរួមសហការជាមួយនឹងតុលាការតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងការជ្រៀតជ្រែកផ្នែកនយោបាយនោះទេ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា បើទោះជាមានការខ្វែងគំនិតគ្នាក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតសម្រាប់សំណុំរឿង០០៣ និង០០៤ប៉ុន្តែកិច្ចស៊ើបអង្កេតនៅតែបន្ត ដោយមិនមានការរារាំងនោះទេ។
«ការខ្វែងគំនិតគ្នានេះមិនមែនមានន័ថា ចៅក្រមទាំងពីរមិនធ្វើការជាមួយគ្នាទេ។ ផ្ទុយទៅវិញ គាត់កំពុងធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត»។
នេះជាលើកទី១ហើយដែលសាលាក្តីខ្មែរក្រហមបានបង្ហាញឈ្មោះជនជាប់សង្ស័យពីរនាក់ក្នុងចំណោមជនជាប់សង្ស័យចំនួនប្រាំនាក់ក្នុងសំណុំរឿង០០៣និង០០៤។
កាលពីប៉ុន្មានថ្ងៃមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហាញជំហរជាថ្មីម្តងទៀតប្រឆាំងទៅនឹងការចោទប្រកាន់អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបន្ថែមទៀត ស្របពេលដែលភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមនៅតែរក្សាជំហរមិនសហការក្នុងការស៊ើបអង្កេតជាមួយសហចៅក្រមបរទេសក្នុងសំណុំរឿងទាំងពីរ៕