អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​តម្លាភាព​ជៀសវាង​ពលករ​ចាញ់​បោកក្រុមហ៊ុន

កាល​ពី​ឆ្នាំ​មុន កម្ពុជា​បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​ចំនួន​ ៩៤.៥៦៤នាក់​ទៅ​ប្រទេស​ថៃ ១៩.៥៨៨នាក់​ទៅ​ប្រទេស​ម៉ាឡេស៊ី ៩.០៨២នាក់​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង ៩៧នាក់​ទៅ​ប្រទេស​ជប៉ុន។

ក្រុម​សកម្មជនសិទ្ធិ​មនុស្ស​នៃ​ប្រទេស​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​តម្លាភាពក្នុងការ​ចុះ​កិច្ច​ព្រម​ព្រៀង​នានា​ ដើម្បីបញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា ​ដែល​រង​ការ​រិះគន់ថា​ មាន​ការ​រំលោភ​សិទ្ធិ​ពល​ករ​ និង​លក្ខ​ខណ្ខ​ការ​ងារ​មិន​ល្អ​ប្រសើរ​។​

ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស​នេះ​គឺ​ធ្វើ​ឡើង ​ស្រប​ពេល​ដែល​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ក្នុង​ស្រុកមួយកំពុង​ទទួល​ពាក្យ​សុំ​ធ្វើការ​ពី​ពលរដ្ឋកម្ពុជា ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់​មួយនេះ​។​

លោក​ ឌី ថេហូយ៉ា មន្រ្តី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍បាន​ប្រាប់ VOAក្នុង​បទ​សម្ភាសន៍​មួយ​យ៉ាង​ដូច្នេះ​ថា​៖

«រដ្ឋាភិបាល​អត់​ត្រូវ​លាក់​លៀម​អ្វី​ទេ​ ព្រោះ​ថា ​រយៈកាល​កន្លង​មក​នៅ​មាន​ការ​ជជែក​វែកញែក​គ្នាថា​ក្រុម​ហ៊ុន​មួយ​ចំនួន​គេ​ទទួល​បាន​អាជ្ញាបណ្ណពីរដ្ឋាភិបាល​ពី​ក្រសួង​ការងារ​ ក៏​ប៉ុន្តែ មន្ត្រី​ក្នុង​រដ្ឋាភិបាល​ខ្លួន​ឯង​ក៏ព្យាយាមបដិសេធ​ថា​ មិន​មាន​ការ​បញ្ជូន​មិន​មាន​ការ​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យក្រុម​ហ៊ុន​ណាមួយ​ដែល​បញ្ជូន​ទៅ​ប្រទេស​កាតា​ទេ​។ អញ្ចឹង​ទាំង​អស់​ហ្នឹង​ហើយ​គឺ​ជា​មន្ទិល»។

ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ​ KCTC Manpower Supply Co.,​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ ​កាល​ពីខែ​សីហា​ឆ្នាំ​២០១៤ ​ដើម្បី​ជ្រើស​រើស​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា ​និង​គូវ៉េត​ ​កំពុង​ទទួល​យក​ពាក្យ​សុំ​ធ្វើការ​ពី​ពលរដ្ឋ​កម្ពុជា​បណ្តើរ​ៗ​ហើយ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់ពី​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា​ក៏​ដោយ​ ។

លោក ឌី ថេហូយ៉ា បាន​សង្កត់ធ្ងន់ថា ពលករ​កម្ពុជា​នឹង​បន្ត​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ប្រសិន​បើ​រដ្ឋា​ភិ​បាល​កម្ពុជា​ពុំមាន​ភាព​សោ្មះ​ត្រង់​ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង​នោះ។​

«រយៈកាល​កន្លង​មក​យើង​ឃើញ​ហើយ​ប្រទេស​ម៉ាឡេ​ ប្រទេស​ថៃ​អីចឹង​។ យើង​ឃើញ ហើយ​ទាំងអស់​នោះ​ វាផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​វែង​ឆ្ងាយ​សម្រាប់​ប្រជាជាតិ​យើង បើ​សិន​ជា​គាត់​ទៅ​ធ្វើការ​ត្រូវ​បាន​គេ​ធ្វើ​បាប​ រហូត​ដល់​គាត់​សតិ​មិន​គ្រប់​គ្រាន់អីចឹង​ ហើយ​វា​ជាផល​ប៉ះ​ពាល់​ដល់​ជាតិ​ទាំង​មូល​ផង​ដែរ​។ អញ្ចឹង​បើ​សិន​ជា​មិនទាន់​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​ឲ្យ​បាន​ប្រសើរ​ឡើង ឬមួយ​យន្តការ​ណា​មួយ​ដែល ​អាច​ធានា​បាន​អំពី​សុខ​សុវត្ថិភាព​នៃ​ការ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាពដល់​ប្រជា​ពលរដ្ឋ​ទេ​គួរ​តែផ្អាកសិន»។​

កាតា​គឺ​ជាប្រទេស​ ដែល​មាន​ជាង​គេ​បំផុតតាម​រយៈ​ការផលិត​ប្រេង​ក្នុង​តំបន់​អារ៉ាប់​ ហើយ​ត្រូវ​បាន​បណ្តាញព័ត៌មាន​អន្តរជាតិ ​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​រាយការណ៍​ថា ​ប្រទេស​នេះ​បាន រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​ពលករ​ ដែល​នាំ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី ​ក្នុង​ពេល​ដែល​ការដ្ឋាន​កសាង​អគារ​កីឡា ​និង​ស្តាត​ធំៗ​ជាច្រើន​កំពុង​ដំណើរ​ការ។

ប្រទេស​នេះ​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់ការ​ប្រកួត​ដណ្តើម​ពាន​បាល់ទាត់​ពិភពលោក​ក្នុងពេល​៧​ឆ្នាំ​ខាង​មុខ​នេះ។​

លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ក៏​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ជា​សាធារណៈនូវ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​អនុស្សារណៈ​យោគយល់​ណា​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​ជាមួយ​ប្រទេស​កាតា​។​

«ទីមួយ​យើង​ត្រូវ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ឲ្យ​បាន​ច្បាស់​លាស់​ជា​សាធារណៈ។​ ទី​ពីរ​ត្រូវ​តែ​មាន​ MOU ណាមួយ​ ដើម្បី​ជា​កិច្ច​ការ​ពារទៅ​ដល់​ពលករ​ ដែល​ត្រូវ​បញ្ជូន​ទៅ​ហើយ​ត្រូវ​មាន​យន្តការ​នៃ​ការ​ត្រួត​ពិនិត្យតាម​ដាន​អំពី​សុវត្ថិ​ភាពសន្តិសុខ​ការ​ងារ​របស់​ពលករដែល​ត្រូវ​បញ្ជូន​ទៅ។​ហើយ​ត្រូវ​មាន​យន្ត​ការនៃ​ការ​ពិនិត្យ​តាមដាន​អំពីសុវត្ថិភាព ​សន្តិសុខការងារ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ»។

​លោក​ ហែម ប៊ុន្នី​ ប្រធាន​នាយកដ្ឋាន​ពលករ​ និង​ការងារ​នៃ​ក្រសួង​ការងារ​ បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយលើ​ការ​អនុញ្ញាត​របស់​ក្រសួង​ទៅ​ដល់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ក្នុង​ស្រុក ដែល​គ្រោង​នឹង​នាំ​យក​ពលករកម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កាតាទេ​ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង។​

«រឿង​ហ្នឹង​ខ្ញុំ​បាន​ធ្វើ​ទៅ​ក្រសួង​អស់​ហើយ ហើយ​ទៅ​អ្នក​នាំ​ពាក្យ​ដូច្នេះ​គួរ​បង្វិល​ពាក្យ​ហ្នឹងសួរទៅ​អ្នកនាំពាក្យ​វិញ​ម្តង»។​

VOA មិន​អាច​ទាក់​ទង​លោក​ ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ដោយ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។​

កាល​ពី​ខែ​កុម្ភៈ​ លោក​ អ៊ុច បូរិទ្ធ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បទេស​កម្ពុជា បាន​ជួប​ប្រជុំ​ជា​មួយ​លោក ​Mohamed Bin Abdulla Al-Rumaihi ​ ឧបការីរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កាតា ដើម្បី​ពិភាក្សា​អំពី​កិច្ចព្រម​ព្រៀង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា៕