អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​តំបន់​អាស៊ាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ឲ្យ​ស្វែង​រក​សកម្មជន​ថៃ​ដែល​ត្រូវ​ចាប់ពង្រត់

លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (Facebook/ Wanchalearm Satsaksit)

ក្រោយពី​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​បង្អែរបង្អង់​ការតាមរក​លោក Wanchalerm Satsaksit ដែល​ត្រូវបាន​ចាប់ពង្រត់​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៤ ខែមិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ​នេះ​ស្វែងរក​សកម្មជន​រូបនេះ។

អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch (HRW) និង​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) ហៅ​កាត់ថា APHRនៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃតាម​ស្វែង​រក​សកម្មជន​ថៃម្នាក់​គឺ​លោក​ Wanchalerm Satsaksit​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ ត្រូវ​បាន​ចាប់​ពង្រត់​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន។​

លោក Phil Robertson នាយករង​នៃ​អង្គការ​ HRW ​ប្រចាំ​តំបន់​អាស៊ី ​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​៩ខែ​មិថុនា​នេះ​ថា​ រដ្ឋាភិបាល​ថៃ​បាន​បង្អែរ​បង្អង់​ក្នុង​ការស្នើឲ្យ​កម្ពុជាស៊ើប​អង្កេត​លើ​ករណី​នេះ ​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដោយ​យក​លេស​ថា ​រដ្ឋាភិបាល​ថៃ​ត្រូវ​តែ​ស្នើ​សុំ​ជា​មុន​សិន ​ មុន​នឹង​ខ្លួន​អាច​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ ​ដែល​អង្គការ​ HRW​ ចាត់​ទុកថា ​ជា​«ឧក្រិដ្ឋកម្ម​ដ៏​ច្បាស់​ក្រឡែត​ ​កើតឡើង​ក្នុង​ពេល​ថ្ងៃ​ តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ»។​

កាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ លោក​ Wanchalerm Satsaksit​ ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​រិះ​គន់​រដ្ឋាភិបាល​យោធា​ថៃ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុទ្ធ ចាន់អូចារ​ ត្រូវ​បាន​រាយ​ការណ៍​ថា​ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ចាប់​ពង្រត់​តាម​រថយន្ត​ពណ៌​ខ្មៅ​ ម៉ាក​ Toyota Highlander ​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ នៅ​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ។​

សកម្មជន​ថៃ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ បាន​មក​ស្នាក់​នៅ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​រដ្ឋ​ប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤។ នេះ​បើ​យោង​តាម​អង្គការ​ HRW។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ លោក​ Wanchalerm Satsaksit​ ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កំព្យូរទ័រ​ដោយសារ​ការ​រិះគន​រ​បស់​លោក​ប្រឆាំង​រដ្ឋាភិបាល​ថៃ​តាម​បណ្តាញ​ហ្វេសប៊ុក។​

​លោក​ Charles Santiago ប្រធាន​ក្រុម​ APHR​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​ អ្នក​តំណាង​រាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​និង​ថៃ​គួរ​តែ​សួរ​នាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ស្វែង​រក​សកម្មជន​ថៃ​រូប​នេះ។​

លោក​និយាយ​ថា៖ «ការណ៍​ដែល​សកម្មជន​នយោបាយ​ថៃ​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​គឃ្លើន​នៅ​លើ​ផ្លូវ​ក្នុង​រាជធានី​របស់​កម្ពុជា​គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្រៃលែង»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម៉ាឡេស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​សហការ​គ្នា​ក្នុង​ការ​ចាប់​ខ្លួន​និង​ប្រគល់​ត្រឡប់​មក​វិញ​នូវ​អ្នក​រិះគន់​ដែល​ព្យាយាម​គេច​ទៅ​លាក់​ខ្លួន​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ។​ ប្រទេស​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​នឹង​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ។ នេះ​បើ​យោង​តាម​កាសែត​ The Nations​ របស់​ថៃ​ដែល​បាន​ចុះ​ផ្សាយ​នៅថ្ងៃ​អង្គារ​នេះ។​

​កាសែត​ដដែល​នេះ​ក៏​បាន​រាយ​ការណ៍​ដែរ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចារ​បាន​និយាយថា​ លោកបាន​ត្រៀម​ខ្លួន​សហការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែងរក​សកម្មជន​ថៃ​នេះ​ដែរ។​

លោក Phil Robertson ​នៃ​អង្គការ​ HRW ​និយាយ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បន្ត​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព ម៉ត់ចត់​ និង​ឥត​លម្អៀង​ដើម្បី​ឲ្យ​ដឹង​ការណ៍​ពិត​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​ Wanchalerm Satsaksit៕