ខណៈខួប៦ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ខិតជិតមកដល់ មន្រ្តីសិទ្ធិមនុស្សនៃអង្គការសង្គមស៊ីវិលមួយចំនួន បានបន្តជំរុញឲ្យអាជ្ញាធរស្វែងរកអ្នកនៅពីក្រោយនៃឃាតកម្មលោក កែម ឡី បើទោះមានការកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការបាញ់សម្លាប់លោក កែម ឡី អាជ្ញាធរចាប់បានបុគ្គលម្នាក់ ឈ្មោះអឿត អាង ហៅក្រៅថា ជួប សម្លាប់។ បុរសនោះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
មន្រ្តីសិទ្ធិមនុស្សនៅតែយល់ថាការបាញ់សម្លាប់នេះ មិនមែនដោយសារសាររឿងជំពាក់លុយ៣ពាន់ដុលា្លរ ដូចការលើកឡើងកាលពីកន្លងទៅឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេថាអង្គការសង្គមស៊ីវិលនៅតែទាមទារឱ្យអាជ្ញាធរស្វែងរកអ្នកពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក កែម ឡី មកផ្ទន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌សម្រាប់សង្គមកម្ពុជា ក៏ដូចជាក្រុមគ្រួសារ និងអ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ខណៈការចាប់តែលោក អឿត អាង ហៅ ជួប សម្លាប់ ផ្តន្ទាទោសគឺមិនទាន់គ្រប់គ្រាន់ និងមិនទាន់បានផ្តល់យុត្តិធម៌ពេញលេញ និងធ្វើឱ្យពលរដ្ឋ និងសង្គមស៊ីវិលមានទំនុកចិត្តនៅឡើយ។
លោកថ្លែងថា៖ «ឃាតកម្មលើលោកបណ្ឌិត កែម ឡី បើយើងគិតមកដល់ពេលនេះ គឺ៦ឆ្នាំហើយ។ ហើយយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ក៏ដូចជាក្រុមគ្រួសារ មិនទាន់រកឃើញឱ្យបានពេញលេញ សម្រាប់យុត្តិធម៌ សម្រាប់ក្រុមគ្រួសារក៏ដូចជាលោកបណ្ឌិត កែម ឡី និងអ្នកនិយមស្រឡាញ់លោក បណ្ឌិត កែម ឡី នៅឡើយទេ»។
លោកបន្ថែមថា៖ «ការចាប់មនុស្សម្នាក់ ដែលឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហ្នឹង យើងជាអង្គការសង្គមស៊ីវិលមិនជឿថា មានតែលោក ជួប សម្លាប់ ហ្នឹងមួយទេ ដែលនៅក្នុងព្រឹត្តិការណ៍ក្នុងការបាញ់សម្លាប់បណ្ឌិតកែម ឡី ហ្នឹង។ អ៊ីចឹងមានអ្នកពាក់ព័ន្ធផ្សេងទៀត ហើយអ្នកនៅពីក្រោយខ្នងផងដែរ»។
តុលាការបានបំបែកសំណុំរឿងជាពីរ គឺការដាក់ទោសលោក ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារមួយជីវិត និងសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី។ នេះបើតាមក្រុមសិទ្ធិមនុស្ស។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីរំឭកខួប៦ឆ្នាំនៃស្លាប់របស់លោក កែម ឡី ពេញមួយខែកក្កដានេះ ដោយមានការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយដកស្រង់សម្តីរបស់លោក កែម ឡី កាលពីមុន និងរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជាដើម ដើម្បីជាការរំឭកវីរភាព និងបន្តពញ្ញាក់អារម្មណ៍សាធារណជនឱ្យចង់ចាំកេរដំណែលរបស់លោក និងបន្តទាមទារឱ្យមានការផ្តល់យុត្តិធម៌ឱ្យបានពេញលេញជាដើម។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានថ្លែងថាករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅតែធ្វើឱ្យអ្នកតាមដានទាំងជាតិ និងអន្តរជាតិ យល់ថានៅតែមានភាពមិនប្រក្រតី ដូចថារឿងជំពាក់លុយ៣ពាន់ដុល្លារ និងការបំបែកសំណុំរឿងបាញ់សម្លាប់នេះជាពីរ ដោយសំណុំរឿងមួយ គឺផ្តន្ទាទោសលោក ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត និងសំណុំរឿងមួយទៀត ពាក់ព័ន្ធអ្នកដែលបញ្ជា ឬអ្នកពាក់ព័ន្ធជាមួយលោក ជួប សម្លាប់ ដែលមិនឃើញមានការវិវឌ្ឍអ្វីឡើយ។
អ្នកស្រីក៏ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធប្តេជ្ញាចិត្តក្នុងការស៊ើបអង្កេត និងបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយ។
អ្នកស្រីបញ្ជាក់ថា៖ «ប៉ុន្តែមកដល់ពេលនេះ យើងមិនឃើញមានការវិវឌ្ឍណាមួយចំពោះសំណុំរឿងមួយដាច់ដោយឡែកនោះទេ។ យើងឃើញមិនមានការវិវឌ្ឍណាមួយសោះ។ អ៊ីចឹងយើងតែងតែអំពាវនាវដល់អាជ្ញាធរក្នុងការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់នូវវប្បធម៌និទណ្ឌភាព តាមរយៈការបន្តស៊ើបអង្កេត ហើយគួរតែបង្កើតគណៈកម្មការមួយដែលឯករាជ្យក្នុងការស៊ើបអង្កេតលើករណីនេះផងដែរ»។
អ្នកស្រីបន្ថែមថានៅថ្ងៃទី៦ ខែកក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំពិធីរាប់បាត បង្សុកូល ឧទ្ទិសកុសលជូនទៅលោក កែម ឡី ផងដែរ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថាសំណុំរឿងឃាតកម្មលោក កែម ឡី ស្ថិតនៅក្នុងដៃតុលាការ ដូច្នេះលោកបង្វែរការសាកសួររបស់អ្នកសារព័ត៌មានទៅតុលាការវិញ។
លោកថ្លែងថា៖ «អ្នកណាមានព័ត៌មានច្បាស់ការ សូមរាយការណ៍ជូនសមត្ថកិច្ច»។
វីអូអេមិនអាចសុំការឆ្លើយតបពីលោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាការធ្វើឃាតលោក កែម ឡី បានធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាលរដ្ឋាភិបាល» ហើយលោកបានអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ«ធ្វើជារឿងនយោបាយ»។ លោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនមនុស្សដែលអះអាងថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ផងដែរ៕