វិទ្យាស្ថានប្រជាធិបតេយ្យជាតិហៅកាត់ថា NDI ដែលស.រ.អា.ផ្តល់ថវិកាឱ្យ និងក្រុមការពារសិទ្ធិមនុស្សនានានិយាយថាពួកគេមានការស្រងាកចិត្តនឹងការគ្មានសកម្មភាពពីអន្តរជាតិនៅមុនការបោះឆ្នោតទូទៅក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យដែលគេរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចយូរយារមកហើយនឹងឈ្នះដោយងាយ។
ប្រជាជនខ្មែរនឹងទៅបោះឆ្នោតដែលពួកអ្នករិះគន់ហៅថាជាការប្រណាំងសេះដែលមានសេះតែមួយនៅក្រោយតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងតែមួយកាលពីឆ្នាំមុន។
មួយខែក្រោយពីគណបក្សសង្គ្រោះជាតិបានត្រូវរំលាយ ស.រ.អា.បាននិយាយថាខ្លួននឹងបដិសេធមិនផ្តល់ទិដ្ឋាការឱ្យមន្ត្រីខ្មែរទាំងឡាយណាមានទាក់ទិននឹងការបង្ក្រាបក្រុមប្រឆាំង ដែលជាវិធានការតឹងតែងបំផុតចាត់ដោយបស្ចឹមប្រទេសមួយចាប់តាំងពីហ៊ុនសែនបានបើកការបង្ក្រាបរបស់គាត់លើក្រុមអ្នករិះគន់។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏សហភាពអឺរ៉ុប និងស.រ.អា.មិនទាន់បានលុបចោលការទទួលបានឋានៈអនុគ្រោះពន្ធសម្រាប់វិស័យផលិតសម្លៀកបំពាក់នៃប្រទេសកម្ពុជាទេទោះណាជាមានការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមក៏ដោយ។
លោក John Cavanaugh នាយក NDI ទទួលបន្ទុកកិច្ចការប្រទេសកម្ពុជាបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅក្នុងក្រុងបាងកកនៅថ្ងៃអង្គារនេះថា «ការឆ្លើយតបរបស់សហគមន៍អន្តរជាតិជាការនាំឱ្យស្រងាកចិត្ត»។
លោកបាននិយាយបន្ថែមថា «ខ្ញុំយល់ថាហេតុផលមួយក្នុងបណ្តាហេតុផលនានានៃការគ្មានការឆ្លើយតបអន្តរជាតិគឺសហគមន៍អន្តរជាតិប្រហែលមានអារម្មណ៍មិនសូវមានកង្វល់ ពីព្រោះជាទម្លាប់ រដ្ឋាភិបាលហ៊ុនសែនដាក់ឱ្យមានគំនាបសង្កត់ហើយបន្ទាប់មកក៏បានប្រែក្រឡះឱ្យមានស្ថានភាពធម្មតាវិញ»។
លោក John Cavanaugh បានមានប្រសាសន៍ទៀតថា «អ្វីដែលយើងឃើញគឺគ្មានការប្រែក្រឡះទៅកាន់ភាពធម្មតាបែបចាស់ទេ នេះជាភាពធម្មតាបែបថ្មីមួយ។ ដូច្នេះយើងអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិឲ្យខ្លាំងក្លាជាងមុន»៕