អង្គការ Human Rights Watch នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបទៅលើគណបក្សប្រឆាំង ដោយអង្គការនេះមើលឃើញថា ទង្វើនេះត្រូវបានប្រព្រឹត្តឡើងចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ មកម៉្លេះ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១៧ខែមិថុនានេះ អង្គការការពារសិទ្ធិមនុស្សដែលមានទីស្នាក់ការធំក្នុងសហរដ្ឋអាមេរិក បានរៀបរាប់ថា ចាប់តាំងពីខែមករារហូតដល់ខែមិថុនាឆ្នាំ២០២០ នេះ អាជ្ញាធរខ្មែរ បានឃុំខ្លួនមនុស្ស១៥ នាក់ ពីបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ ដែលគេប្រតិដ្ឋឡើង។ មនុស្ស៨០នាក់ផ្សេងទៀត ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក៏អាចប្រឈមនឹងការចាប់ខ្លួនឡើងវិញគ្រប់ពេល។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បាននិយាយក្នុងសេចក្តីថ្លែងការណ៍នេះថា៖
«រដ្ឋាភិបាលកម្ពុជា គួរតែឈប់ប្រើការចាប់អារម្មណ៍របស់ពិភពលោកទៅលើការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ជាលេសដើម្បីបង្ក្រាបក្រុមប្រឆាំងតទៅទៀតទៅ»។
ក្នុងសប្តាហ៍ដំបូងៗ ក្រោយពីការផ្ទុះឡើងនូវមេរោគកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនមនុស្សជាង៣០ នាក់ ដោយផ្អែកលើការចោទប្រកាន់ថា អ្នកទាំងនោះបានផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ»អំពីវីរុសនេះក្នុងប្រទេសកម្ពុជា។
អង្គការ Human Rights Watch បានលើកឡើងទៀតថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រើលេសនៃការឆ្លើយតបនឹងជំងឺកូវីដ១៩ ដើម្បីជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីឲ្យរដ្ឋាភិបាលអាចគាបសង្កត់កាន់តែខ្លាំងឡើងថែមទៀត លើសិទ្ធិបញ្ចេញមតិ និងការជួបជុំ ឬ ការប្រមូលផ្តុំ។
កាលពីថ្ងៃអង្គារ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួនដែរថា រដ្ឋាភិបាលកម្ពុជា «ក៏បានផ្តល់អំណាចស្របច្បាប់ដល់ខ្លួនឯង ដើម្បីហាមប្រាមការចុះផ្សាយព័ត៌មានទាំងឡាយណា ដែលអាចបង្កឲ្យមានការបះបោរ ការភ័យខ្លាច ឬចលាចល»។
VOA មិនអាចទាក់ទងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំឆ្លើយតបបានទេនៅយប់ថ្ងៃពុធនេះ ដោយទូរស័ព្ទរបស់លោករោទ៍តែគ្មានអ្នកទទួល៕