សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ជួយ​​បន្ថែម​ទៀត​ដល់​អ្នក​រង​គ្រោះ​ដោយ​សារ​កូវីដ​១៩​ទាំង​​វិស័យ​​សេដ្ឋកិច្ច​​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

រូប​ឯកសារ៖ ក្រុម​កម្មករ​រោងចក្រ​ពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជាង​២០​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​និង​ពង្រីក​វិសាលភាព​នៃ​ការ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩ ជា​ពិសេស​អ្នក​ធ្វើ​ការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ធានា​ជីវភាព​របស់​ពួកគេ។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលនិង​សមាគម​មូលដ្ឋាន​ចំនួន​២២ស្ថាប័ន​ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស វិស័យ​ការងារ រួម​ទាំង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​និង​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ជា​ដើម។

ស្ថាប័ន​ទាំង​នោះ​មាន​ដូច​ជា​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ អង្គការ​លីកាដូ សមាគម​អាដហុក អង្គការ​អាក់សិនអេត​កម្ពុជា​និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​ជាដើម។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ពួកគេ​បាន​ស្នើ​សុំ​រដ្ឋាភិបាល​បន្ត​យក​ចិត្តទុក​ដាក់ និង​ពង្រីកជំនួយដល់​កម្មករដែល​ធ្វើ​ការ​ទាំង​ក្នុង​និង​ក្រៅប្រព័ន្ធ​នូវ​សេវា​សាធារណៈ​ដែល​ជា​តម្រូវការ​មូលដ្ឋាន​ដូច​ជា​សេវា​សុខភាព​សាធារណៈ ជម្រក​ ទឹក​ភ្លើង​ បញ្ហា​ជីវភាព ដោះស្រាយ​បញ្ហា​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់​ទម្រង់ និង​ការ​កេង​ប្រេវ័ញ្ច​អំឡុង​ពេល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

ពួកគេ​ថា​បញ្ហា​ជំងឺ​កូវីដ១៩​បានប៉ះពាល់​លើ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ អ្នក​ប្រកប​របរ​ផ្លូវភេទ និង​ប្រជាកសិករ​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា៖ «អ្នក​ធ្វើ​ការនៅ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ​[សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ] បាន​និង​កំពុង​បន្ត​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន និង​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ ពិសេស​លក្ខខណ្ឌ​ការ​រស់​នៅ អំពើ​ហិង្សា ​ការ​កេង​ប្រវ័ញ្ច ការ​រើស​អើង ការ​ផាត់​ចេញ​ពី​សង្គម ព្រមទាំង​ការ​គាំទ្រ​នៅ​មាន​កម្រិត បញ្ហា​ប្រាក់​ចំណូល និង​ការងារ​ដែល​មិន​មាន​សុវត្ថិភាព​ដោយ​សារ​ប្រភេទ​ការងារ​របស់​ពួកគេ»។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ អង្គការ​ទាំង​នោះ​បាន​រំឭក​ដល់​ការ​ផ្តល់​ប្រាក់​ឈ្នួល​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ​កាត់​ដេរ និង​វិស័យ​ទេស​ចរណ៍​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៦​ម៉ឺន​រៀល​ចំពោះ​កម្មករ​ដែល​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ និង​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​តាម​រយៈបណ្ណ​សមធម៌​ ឬបណ្ណក្រីក្រ​និង​ការ​ផ្តល់​ស្បៀង​អាហារដល់​ប្រជាពលរដ្ឋ។​

រូបឯកសារ៖ អ្នកទេសចរដើរទស្សនាក្នុងបរិវេណប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការ​ស្នើ​សុំ​របស់​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ​មានដូច​ជា​សម្រួល​មិន​មាន​ការ​បង់​ថ្លៃ​បន្ទប់​ជួល ផ្ទះ​ជួល រួម​ទាំង​ថ្លៃ​ទឹក និង​ភ្លើង​ក្នុង​រយៈ​ពេល​រង​ផល​ប៉ះពាល់​វិបត្តិជំងឺកូវីដ១៩ ពន្យារ​ពេល​សង​បំណុល​ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំងអស់ រួម​ទាំង​អ្នក​ចង​ការ​ប្រាក់​ឯកជន រហូត​ដល់​មាន​ការ​ងារ​ដូច​ធម្មតា​វិញ។ ពួកគេ​ស្នើ​សុំ​ឲ្យក្រសួង​សុខា​ភិបាល​ពង្រឹង​នូវ​ការ​ផ្តល់​សេវា​សុខភាព​សាធារណៈ​ដោយ​មាន​គុណភាព​ ​និង​ឥត​គិត​ថ្លៃ។ ពួកគេ​ក៏​បាន​ស្នើ​សុំ​ក្រសួង​ការងារ​ផ្តល់​ស្ថិរភាព​ការងារ​ក្នុង​លក្ខខណ្ឌ​សេចក្តីថ្លៃថ្នូរ​និង​សមរម្យ ដោយ​ស្រប​តាម​ច្បាប់​ការងារ ដូច​ជា​ការ​ចុះ​អន្តរាគមន៍​ភ្លាមៗ​ពេល​មាន​បញ្ហា​សិទ្ធិនិង​លក្ខខណ្ឌ​ការងារ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​ជាដើម។ ពួកគេ​ក៏​ជំរុញឲ្យរដ្ឋាភិបាលធានា​នូវ​ការ​ទទួល​បាន​សេវា​សាធារណៈ​និង​សេវា​សង្គម​ដោយ​សមធម៌ និង​យុត្តិធម៌ ដល់​កម្មករ​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ពី​គ្រប់​ស្ថាប័នពាក់ព័ន្ធ។

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​មាស សុខសេនសាន​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ផៃ ​ស៊ី​ផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ថ្លែង​ថារដ្ឋាភិបាល​បាន​បន្ត​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន តាម​រយៈ​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋាភិបាល។ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ជួយប្រជាពលរដ្ឋ​បានគ្រប់​គ្នា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «រឿង​កាតព្វ​កិច្ច​មិនមែន​ចិញ្ចឹម​តែ​គាត់​មួយ​ក្រុម​ហ្នឹង​ឯណា​ចិញ្ចឹម​ទាំង​អស់ ​ព្រោះទី១ គាត់​រស់​នៅក្រៅ​ប្រព័ន្ធ​គាត់​មិន​ដែល​បង់ពន្ធ​ចូលរួម​ក្នុង​កាតព្វ​កិច្ច​ខ្លួន​គាត់​ផង​ហើយ​គាត់​ខ្វះខាត គាត់​មកទាម​ទារ​ពីអ្វី​ដែល​គាត់​ចង់​បាន។ អាហ្នឹង​យើង​ពិចារណាមើល​ក្នុង​ប្រជាពលរដ្ឋ​របស់​សង្គម​ប្រជាធិបតេយ្យ​គេ​មាន​កាតព្វ​កិច្ច​បង់ពន្ធ​ចូលរួម​ជា​មួយ​រាជ​រដ្ឋាភិ​បាល ជា​ពិសេស​ពន្ធ​ដារនេះ​។ ហើយ​គាត់​ទៅ​លាក់​មុខ​ទៅ​រក​ស៊ី​មិន​ប្រកាស​ទៀត មិន​ដឹង​ចំណូលប៉ុន្មាន​ចំណាយ​ប៉ុន្មាន ដល់​ពេលគាត់រង​ទុក្ខ​វេទនា គាត់​មក​ដាក់​បន្ទុ​ក​រដ្ឋាភិបាល​ហើយ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ថា​គាត់​ជា​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​តាម​លទ្ធ​ភាព​ដែល​យើង​មាន​»​។

​មន្រ្តី​ផ្នែក​ច្បាប់និង​តស៊ូមតិ​នៃអង្គការ​បណ្ដាញ​ការងារ​ស្រ្តី​រួបរួមគ្នា​ដែល​ចូលរួម​ក្នុងសេចក្តីថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​អ្នកស្រី​សេន ចន្ធូ បាន​ប្រាប់​ VOA ថា​រដ្ឋាភិបាល​គួរ​តែ​គិត​គូរដោយ​មិន​ត្រូវប្រកាន់​ថាការងារ​ក្នុង​ប្រព័ន្ធ​ឬ​ក៏​ក្រៅ​ប្រព័ន្ធ​នោះទេ​គឺ​ត្រូវ​តែ​ផ្តល់ជំនួយ​បន្ទាន់​ក្នុងអំឡុង​ពេល​កូវីដ១៩នេះ​។ ហើយ​មេភូមិ​ មេឃុំចៅ​សង្កាត់​នីមួយ​ៗ ត្រូវ​តែ​ចុះ​តាម​មូល​ដ្ឋាន​ស្វែង​រក​អ្នក​ដែល​មាន​ជីវ​ភាព​ក្រី​ក្រពិតប្រាកដ​ជា​ជាង​សួរ​រក​តែ​អត្ត​សញ្ញាណ​ប័ណ្ណនិង​សំបុត្រ​អត្រានុ​កូល​ដ្ឋាន​ក្នុងការ​ផ្តល់​បណ្ណ​ក្រីក្រ ដោយមិន​បាន​មើល​លើការ​លំបាក​ជាក់​ស្តែង​។

អ្នកស្រី​ថ្លែងថា៖ «ខ្ញុំ​យល់​រដ្ឋ​អត់​អាច​គ្រប​ដណ្តប់ផ្តល់​សម្រាប់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ទេ​ប៉ុន្តែ​ស្នើឲ្យ​ផ្តល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ក្រ​ពិត​ប្រាកដ​។ ដោយ​ឡែក​អ្នក​ប្រកប​ផ្លូវ​ភេទដែល​គាត់​អត់​មាន​ផ្ទះ​សោះ​ហ្មងគឺ​គាត់​អត់​ទទួល​បាន​ការ​ផ្តល់ហ្នឹង​ទេ គេ​ប្រាប់​មកថាគាត់​អត់​មាន​ទី​លំនៅ​ពិត​ប្រាកដ​អត់មាន​ទីកន្លែង​ជាក់​លាក់​អញ្ចឹង​គាត់​អត់​ទទួល​បាន​នោះ​ទេ​»។

លោក ​ឈួ សុបញ្ញា​ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និងយុវនីតិសម្បទា ថ្លែង​ថាចំពោះ​ការ​ផ្តល់​ប្រាក់ឧត្ថម​បន្ត​ដល់​ពលរដ្ឋក្រីក្រ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​តើនឹងត្រូវបញ្ចប់​ឬយ៉ាងណា។

​លោកមាន​ប្រសាសន៍​ថា៖ «កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​កូវីដ១៩ ជុំទី​៥​លើក​ទី​២​នឹង​ត្រូវ​បញ្ចប់​នៅថ្ងៃទី ២៤​ខែ​៦[មិថុនា]នេះ​ហើយ​យើង​នឹងលើកទី​៣ ជុះ​ទី៥ នៅ​ថ្ងៃ​ទី២៥ ​ខែ​មិថុនា​នេះរហូតដល់​ថ្ងៃ​ទី​២៤​ខែ​កក្កដា​ហើយការ​ផ្តល់​បន្តទៀត​ឬ​មិនបន្ត​គឺ​អាស្រ័យ​លើ​ការ​សម្រេ​ច​របស់ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មីនា ឆ្នាំ​២០២១ ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេចបន្តផ្តល់​ប្រាក់​ឧបត្ថម្ភ​រយៈពេល​៣ខែ​ទៀត​គឺចាប់​ពី​ខែមេសា ​ដល់​ខែ​មិថុនា​ ដល់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​ទេស​ចរណ៍​អាកាសចរណ៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ​១៩។​រដ្ឋាភិបាល​ក៏​បាន​បន្ត​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់ដល់អ្នក​ក្រីក្រ​និង​ងាយ​រង​គ្រោះ​តាម​រយៈ​ប្រព័ន្ធ​បណ្ណ​សមធម៌​ដែល​ប្រជាពលរដ្ឋ​មាន​សម្រាប់​ខែ​មិថុនា​នេះ៕