ក្រុមអង្គការសិទ្ធិមនុស្សប្រមាណ៧០ នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យបញ្ឈប់ការកំណត់មុខសញ្ញាទៅលើសកម្មជនការពារសិទ្ធិមនុស្ស ខណៈពួកគេលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃ១០ធ្នូនេះ ដែលជាទិវាសិទ្ធិមនុស្សជាសាកល សមាគមនិងក្រុមបណ្តាញផ្សេងទៀត ពួកគេលើកឡើងថា៖
«យើងខ្ញុំក៏សូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការកំណត់មុខសញ្ញាទៅលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សជំទាស់និងសំឡេងរិះគន់ដទៃទៀតផងដែរ ដែលប្រការនេះបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែមានភាពអាប់អួខ្លាំងនៅក្នុងឆ្នាំ២០២០ ព្រមទាំងសូមឲ្យដោះលែងសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួនទាំងអស់ដោយគ្មានលក្ខខណ្ឌ»។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មានវិវាទដីធ្លីចំនួន៦៧បានស្នើឲ្យរដ្ឋាភិបាលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈពួកគេបានបង្ហាញក្តីបារម្ភទៅលើច្បាប់និងសេចក្តីព្រាងច្បាប់ថ្មីៗមួយចំនួនដែលពួកគេថា មានលក្ខណៈរឹតត្បិតសិទ្ធិពលរដ្ឋ ដូចជាសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យា។
នៅក្នុងព្រឹត្តិការណ៍ប្រារព្ធទិវា១០ធ្នូ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសង់ត្រាល់ក្នុងខណ្ឌមានជ័យ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាមកលើតួអង្គសំខាន់ៗចំនួន៣ ដែលជា«សសរស្តម្ភ»នៃការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺការរំលាយគណបក្សសង្គ្រោះជាតិ ការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការយាយីការងាររបស់អង្គការសង្គមស៊ីវិល។ លោកស្រីបន្ថែមថាការបង្ក្រាបនេះ មិនបានថមថយទេ ពោលគឺវាបានរាលដាលដល់សកម្មជនវ័យក្មេងមួយចំនួនដែលទើបចូលប្រឡូកក្នុងវិស័យការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន។
លោកស្រីមានប្រសាសន៍ថា៖ «ហើយនៅពេលដែលមានការចេញមុខតវ៉ា ឬក៏មានការទាមទារនូវលក្ខខណ្ឌការពារមួយចំនួននោះ មានការចោទប្រកាន់ មានការយាយីដល់តំណាងសហជីពផងដែរ។ តួយ៉ាង ខ្ញុំឃើញថាក្នុងរយៈនៅពេលដែលមានការ តវ៉ារឿងសហជីព រឿងលក្ខខណ្ឌការងារ ជាពិសេសករណីស៊ីនទ្រី យើងឃើញហើយថាមានការចោទប្រកាន់លើអង្គការមួយចំនួន ហើយជាពិសេសខាងសហជីពមួយចំនួនថានៅពីក្រោយនៃការរុញឲ្យមានការតវ៉ានេះទៅទៀត»។
ព្រឹត្តិការណ៍ប្រារព្ធទិវា១០ធ្នូ ក៏ត្រូវបានឃ្លាំមើលដោយសមត្ថកិច្ចផងដែរ។ ក្រុមសង្គមស៊ីវិលលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវបានអនុញ្ញាតឲ្យចូលឃ្លាំមើលព្រឹត្តិការណ៍នេះទេ ដោយអ្នកចូលរួមដែលជាតំណាងអង្គការសង្គមស៊ីវិលបារម្ភការឆ្លងជំងឺកូវីដ១៩។
អ្នកចូលរួមមួយចំនួនបានពាក់ក្រមាពណ៌ខៀវនៅលើកនិងត្រង់ចង្កេះ តំណាងឲ្យការការពារសិទ្ធិមនុស្ស និងខ្លះទៀតពាក់អាវយឺត ដែលមានរំលេចពាក្យថា«ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ»។
ក្រុមការពារសិទ្ធិមនុស្សនិងសិទ្ធិការងារ មានលោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលអង្គការសិទ្ធិមនុស្សលីកាដូ និងលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានវាយតម្លៃស្រដៀងគ្នាថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ ដែលជាក្តីបារម្ភនៃការប្រឈមការបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោកបណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវសង្គមឯករាជ្យ ដែលជាវាគ្មិនក្នុងព្រឹត្តិការណ៍នោះ មានប្រសាសន៍ថាវិបត្តិនយោបាយនៅកម្ពុជាតាំងពីឆ្នាំ២០១៧ បានធ្វើឲ្យដំណើរការប្រជាធិបតេយ្យដើរថយក្រោយ ចំពេលដែលប្រទេសកម្ពុជាងាកទៅពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិន។
លោកកត់សម្គាល់ថា នៅពេលដែលលែងមានវត្តមានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ចរន្តនៃការត្រូវរ៉ូវគ្នារបស់រដ្ឋនិងក្រុមមូលធននិយម បានកើនឡើងខ្លាំង និងបានធ្វើឲ្យប្រជាពលរដ្ឋតូចតាចបាត់បង់ប្រយោជន៍។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលរដ្ឋមានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌។ អ៊ីចឹងការចាប់ចងខុសច្បាប់ ការរត់ភៀសខ្លួនផ្នែកខាងនយោបាយកើនឡើង។ រហូតដល់បច្ចុប្បន្ន យើងឃើញថាស្ថានភាពបែបនេះឡើងpeak [កម្រិតខ្ពស់បំផុត]ដូច peak ហ្នឹងមានន័យថាដូច high season ដែលគេមើលនៅក្នុងវិស័យទេសចរណ៍នេះ គឺភ្ញៀវឡើងច្រើន។ ប៉ុន្តែឥឡូវនេះ ការចាប់ចងនិងការរត់ភៀសខ្លួនផ្នែកខាងនយោបាយហ្នឹង ក៏កើនឡើងខ្ពស់ដែរ»។
មុនការមកដល់នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ឆ្នាំ២០២០នេះ មានការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បន្ទាប់ពីបានរិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំរបស់កម្ពុជាថាមានភាពមិនប្រក្រតី។ ការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះបានធ្វើសកម្មជនការពារសិទ្ធិមនុស្សវ័យក្មេង១២នាក់ ដែលចេញមុខតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន ក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ អះអាងថាទិវា១០ធ្នូនេះគួរតែត្រូវបានបញ្ចូលជាថ្ងៃឈប់សម្រាកឡើងវិញ ដើម្បីបង្ហាញការប្តេជ្ញារបស់កម្ពុជាចំពោះការពង្រឹងសិទ្ធិមនុស្ស ដោយសារប្រទេសនេះនៅមិនទាន់ងើបរួចវប្បធម៌និទណ្ឌភាពនិងការផ្ចាញ់ផ្ចាលខាងនយោបាយ។
លោកមានប្រសាសន៍ថា៖ «រឿងថ្ងៃ១០ធ្នូ រឿង២៣តុលានេះ វាជារឿងមួយ គេហៅថា ជាថ្ងៃនៃ[ការ] ផ្សះផ្សា ជាតិ ឲ្យមនុស្សចេះគោរពគ្នា ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាល...លុបថ្ងៃអស់ហ្នឹង ទៅជាលុប រក្សាថ្ងៃមួយចំនួនដែលមានការចម្រូងចម្រាសគ្នាដូចជា៧ មករា ថ្ងៃចងកំហឹង។ល។ និង។ល។ អាហ្នឹងខ្ញុំគិតថាបើសិនជាយើងចង់ផ្សះផ្សាជាតិយើង ព្រោះយើងមាន គេហៅវិបត្តិនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃយូរហើយ។ អ៊ីចឹងយើងចង់ឲ្យប្រទេសជាតិយើងនេះយើងឈប់ឈ្លោះគ្នា ហើយយើងចាប់ដៃកសាងប្រទេសហ្នឹង គឺការគោរពសិទ្ធិមនុស្សហ្នឹង គឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលសេចក្តីថ្លែងការណ៍ ដោយថាមានចរិតនយោបាយ។
លោកបញ្ជាក់ថា៖ «ហើយខ្លឹមសារ គឺវាផ្ទុយពីទៅនឹងរដ្ឋធម្មនុញ្ញរបស់ច្បាប់កម្ពុជាទៀត ដូចជាការដាក់សម្ពាធឲ្យតុលាការដោះលែង ឬក៏ទម្លាក់ចោលបទចោទអីនេះ សុទ្ធតែផ្ទុយទៅច្បាប់ និងរដ្ឋធម្មនុញ្ញទាំងអស់។ អ៊ីចឹងទេ សារបែបនេះ គឺហាក់ដូចជាកំពុងតែការពារ និងលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ ឲ្យកាន់តែប្រព្រឹត្តល្មើស ដោយមិនមានការខ្លាចរអាល និងញញើតទៅនឹងផ្លូវច្បាប់។ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់គួរចេញសារដើម្បីធ្វើការអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ និងសិទ្ធិ ហើយជាពិសេសប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់»។
ដោយឡែកក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍មានជម្លោះដីធ្លី មួយចំនួនបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះផងដែរ។ អ្នកខ្លះធ្វើតាមបណ្តាញហ្វេសប៊ុក និងខ្លះទៀតនៅសហគមន៍ផ្ទាល់។ នៅឯឃុំជីខលើក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កម្លាំងចម្រុះបានចុះឃ្លាំមើលការអបអរទិវាសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីផងដែរ៕