អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក បានសម្ដែងការសាទរក្នុងលក្ខណៈប្រយ័ត្នប្រយែងចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ស្ដីពីការងារក្នុងវិស័យនេសាទ។ នេះបើយោងតាមបណ្ដាញព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែមករា ឆ្នាំ២០១៩។
ការស្វាគមន៍ចំពោះវិធានការថ្មីរបស់ប្រទេសថៃនេះ កើតឡើង ក្រោយពីថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីការងារក្នុងវិស័យនេសាទ (Work in Fishing Convention) នេះ កាលពីថ្ងៃពុធ។ អនុសញ្ញាអន្តរជាតិមួយនេះ ដែលបានចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលដៅការពារលក្ខខណ្ឌការងារនិងការរស់នៅរបស់ពលករក្នុងវិស័យនេសាទ។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការ Human Rights Watch បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Thomson Reuters Foundation តាមសារអេឡិចត្រូនិកថា ខណៈដែលប្រទេសថៃ សមនឹងទទួលបានការស្ងើចសរសើរចំពោះការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ ប្រទេសថៃ ចាំបាច់ត្រូវបង្កើតនិងអនុម័តបទបញ្ញត្តិ ដើម្បីអនុវត្តតាមអនុសញ្ញានេះ។
លោកមានប្រសាសន៍ថា៖
«យើងបានឃើញម្ចាស់ទូកនេសាទថៃដ៏មានឥទ្ធិពលជាច្រើន ប្រឆាំងនឹងអនុសញ្ញានេះយ៉ាងខ្លាំងក្លាតាំងពីដំបូងទីមក ដូច្នេះ យើងរំពឹងថា នឹងមានការប្រឆាំងគ្នាខ្លាំងទម្រាំអាចចេញជាច្បាប់មួយ ដែលអាចឈានទៅដល់ការការពារសិទ្ធិប្រកបដោយអត្ថន័យនិងការធ្វើឱ្យល្អប្រសើរឡើងនូវជីវភាពរស់នៅរបស់ពលករនេសាទ»។
ប្រទេសថៃ គឺជាប្រទេសនាំចេញម្ហូបអាហារសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់ជាងគេបំផុតមួយលើពិភពលោក ដោយទំហំពាណិជ្ជកម្មនៃឧស្សាហកម្មនេសាទនិងម្ហូបសមុទ្ររបស់ថៃ រួមចំណែកប្រមាណ៦ពាន់លានដុល្លារអាមេរិក ដល់ទំនិញនាំចេញសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើផ្អែកតាមអង្គការពលកម្មអន្តរជាតិ។
វិស័យនេសាទនិងវេចខ្ចប់គ្រឿងសមុទ្ររបស់ថៃ ផ្ដល់ការងារដល់កម្មករជាង៦សែននាក់នៅឆ្នាំ២០១៧ ដែលក្នុងនោះ ប្រមាណពាក់កណ្ដាលគឺជាពលករចំណាកស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវ។ នេះបើយោងតាមអង្គការ ILO ដដែល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំងចំពោះការចោទប្រកាន់ពីអំពើទាសភាព ការជួញដូរមនុស្សនិងអំពើហិង្សាដែលត្រូវបានប្រព្រឹត្តទៅលើពលករនេសាទចំណាកស្រុកមកពីប្រទេសជិតខាងរួមទាំងពលករខ្មែរផងដែរ ដែលធ្វើការនៅលើទូកនេសាទនិងកន្លែងវេចខ្ចប់គ្រឿងសមុទ្រថៃ។
ប៉ុន្តែ ថ្មីៗនេះ សហភាពអឺរ៉ុប បានដកការគំរាមរបស់ខ្លួន ដែលចង់ហាមឃាត់ការនាំចូលគ្រឿងសមុទ្រថៃ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្រោយពីសហគមន៍អឺរ៉ុបនិយាយថាប្រទេសនេះ បានកែលម្អបញ្ហានេសាទនេះ៕