របាយការណ៍លីកាដូ៖ ៣ឆ្នាំ​ក្រោយ​ការរំលាយ​បក្សប្រឆាំង សកម្មជន​មិនមែន​ជា​អ្នកនយោបាយ រង​គ្រោះ​កាន់តែខ្លាំង

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បានលើក​ឡើង​ថា​ ក្នុង​រយៈពេល​៣​ឆ្នាំ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បង្ក្រាប​លើ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ កាន់​តែ​កើន​ឡើង ហើយ​សកម្មជន​ដែលមិន​មែន​ជា​អ្នក​នយោបាយ​ បាន​រង​គ្រោះ​កាន់​តែ​ខ្លាំង​ជាង​មុន។

នេះ​ជា​ការ​បង្ហាញ​នៅ​ក្នុងរបាយការណ៍ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ស្តីពី«ការ​តស៊ូ​ ដើម្បី​សេរីភាព» ដែល​រៀបរាប់​អំពី​ការ​រំលោភ​បំពាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២០ ពោល​គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ឆ្នាំ​២០១៨ ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​រដ្ឋ​សភា​ទាំង​១២៥។

បើ​តាម​របាយ​ការណ៍​ដែល​ចង​ក្រង​ករណី​មួយ​ចំនួន​នៃការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា​ អាជ្ញាធរកម្ពុជា​បាន​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ដែលពួក​គេ​ថា​ មាន​លក្ខណៈ​រឹតត្បិត ដើម្បី​អូស​ទាញ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ឲ្យ​អនុវត្ត​ច្បាប់ តាម​ដាន​ដោយ​ឥត​ឈប់​ឈរ​លើ​ក្រុម​យុវជន សិស្ស​និស្សិត និង​សកម្មជន​បរិស្ថាន ដែល​ព្យាយាម​រៀប​ចំ​យុទ្ធនា​ការ​សង្គម​ដោយ​អហិង្សា។

អង្គការ​បញ្ជាក់​ថា ក៏​មាន​ការលាប​ពណ៌​អង្គការ​សង្គម​ស៊ីវិល​ថា«រួម​គំនិត​នៃ​បដិវត្តន៍​ពណ៌»ដែល​រដ្ឋាភិបាល​បាន​ចោទ​បក្ស​ប្រឆាំងថា​បង្កើត​ឡើង ​ដើម្បី​ផ្តួល​រំលំ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អង្គការ​លីកាដូ​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​ថា៖ «នៅ​រយៈ​ពេល​ជាង​៣​ឆ្នាំ​កន្លង​មក​នេះ សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​សេរី ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ខ្លួន ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ ដើម្បី​រឹត​ត្បិត​រាល់​ការ​ប្រមូល​ផ្តុំ​គ្នា»។

របាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ មាន​ការធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្ម​ជន​នយោបាយ​បក្ស​ប្រឆាំង ហើយ​បន្ថែម​ពី​នេះ សកម្ម​ជន​ដែល​មិន​មែន​ជា​អ្នក​នយោ​បាយ«ងាយ​រង​គ្រោះ​កាន់​តែ​ខ្លាំងជាង​មុន​ទៅ​ទៀត​ពី​ការ​កើន​ឡើង​នៃ​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធរបស់​រាជ​រដ្ឋា​ភិបាល»។

អង្គការ​លីកាដូបាន​បង្ហាញ​អនុសាសន៍​មួយ​ចំនួន ដោយ​ស្នើ​ឲ្យ​សហគមន៍អន្តរជាតិ​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ស៊ើប​អង្កេត​បុគ្គល​ និង​ក្រុម​ហ៊ុន​ដែល​អង្គការ​ថា«រួម​គំនិត​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស» ដោយប្រើ​យន្តការ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​លើ​អ្នក​ទាំង​នោះ។

ជា​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា អង្គការ​លីកាដូ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់«ការ​បង្ក្រាប​ដោយ​មិន​ត្រឹម​ត្រូវ»​មក​លើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយ​អហិង្សា​និង​បញ្ឈប់​ការ​ប្រើប្រាស់​កង​កម្លាំង​ដែល​រួម​មាន​កង​សន្តិសុខ​ខណ្ឌ ដើម្បី​បង្ក្រាប​លើ​ការ​តវ៉ា និង​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថាការ​លើក​ឡើង​របស់​អង្គការ​លីកាដូ​នៅ​ក្នុង​របាយការណ៍​នេះ ខុស​ពី​ការ​ពិត​ជាក់​ស្តែង​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​លោក​ថា​អនុ​សាសន៍របស់​អង្គការ​សិទ្ធិ​មនុស្ស​នោះ មិន​អាច​អនុវត្ត​បាន​ទេ។

លោក ជិន ម៉ាលីន បន្ត​ថា​ចំណាត់​ការផ្លូវ​ច្បាប់ គឺ​ធ្វើ​តែទៅ​លើអ្នក​អនុវត្ត​ដែល​លោក​ថា​បានបំពាន​ច្បាប់ ប៉ះ​ពាល់​សន្តិសុខ​សង្គម និង​ប៉ះ​ពាល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ស្ថានភាព​ពិត​ជាក់​ស្តែង វា​មិន​មែន​ដូច​អ្វី​ដែល​គាត់​លើក​អញ្ចឹង​ផង។ អញ្ចឹង​អនុ​សាសន៍​ហ្នឹង វា​អនុវត្ត​អត់​កើត ហើយ​វា​មិន​ដឹង​យក​ទៅ​អនុវត្ត​យ៉ាង​ម៉េច។ វា​អត់​ឆ្លើយ​តប​ទៅ​នឹង​អា​ការ​ពិត​ជាក់​ស្តែង។ ឧទាហរណ៍​ថា​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។ ហើយ​ការ​ពិត​ជាក់​ស្តែង យើង​អត់​មានចាប់​អ្នក​ណា​ម្នាក់​ដោយ​សារ​តែ​ការ​ការពារ​សិទ្ធិ​មនុស្ស​ទេ។ យើង​ចាប់​ឬ​ក៏​ឃុំ​ខ្លួនអ្នកដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ»។

លោក​ អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​របាយ​ការណ៍​នេះ សម្រាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ពិនិត្យ​និង​ពិចារណា​ ដើម្បីលើក​កម្ពស់​សិទ្ធិ​មនុស្ស និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និងស្រប​តាម​ច្បាប់​អន្តរ​ជាតិ។ លោក​បន្ត​ថាតំណាង​រដ្ឋាភិបាល​តែង​តែ​បដិសេធ​រាល់​របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​អ្វី​ដែល​អង្គការ​លីកាដូ​ចេញ​នេះ គឺ​ចង់​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ពិនិត្យ​ពិចារណា​ហើយ​យើង​ធ្វើ​ការ​កែ​លម្អ​យ៉ាង​ណា ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង»។

ការ​បង្ក្រាប​ចុង​ក្រោយ​នេះ គឺ​ការ​ចាប់​ខ្លួនលោក ​រ៉ុង​ ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា កាល​ពី​ចុង​ខែ​កក្កដា បន្ទាប់​ពី​លោកបាន​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀត​ណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ថា​មាន​ភាព​មិន​ប្រក្រតី។ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហ​ជីព​រូប​នេះ​ បាន​ធ្វើ​ឱ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេងយ៉ាង​តិច​១២​នាក់ ​ដែល​ចេញ​មុខ​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ។

បើ​តាម​របាយការណ៍ អង្គការ​លីកាដូ​ក៏​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​នៃ​ការ​អនុម័ត​និង​រៀបចំសេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​ពួក​គេ​ថា​មាន​ការ​រឹត​ត្បិត ដូចជា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ ​អនុ​ក្រឹត្យ​ស្តីពី​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​ជា​ដើម។

អង្គការ​លីកាដូបន្ថែម​ថា​ដោយ​សារ​តំណាងរាស្ត្រ​ទាំង​អស់ សុទ្ធ​តែ​មក​ពី​គណបក្ស​កាន់​អំណាច មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​តុលា​ការ ​ក៏​សុទ្ធ​តែ​ជា​សមាជិក​គណបក្ស​កាន់​អំណាច ហើយ​ស្ថាប័ន​សារព័ត៌មាន​ច្រើន​លើស​លប់​ជា​ស្ថាប័ន​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ដូច​នេះ​សាធារណ​ជន​យល់​ថា​គណបក្ស​កាន់​អំណាច ​អាចពង្រឹង​អំណាច​យ៉ាង​រឹងមាំ​និង​គ្រប់​គ្រង​យ៉ាង​ពេញ​ដៃ​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ៕