ក្រុមសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានបានសម្តែងការព្រួយបារម្ភពីការកើនឡើងនៃការគាបសង្កត់ឆ្លងដែនលើសហគមន៍នៅក្រៅប្រទេស ដោយរដ្ឋាភិបាលមួយចំនួននៅលើពិភពលោក។ ហើយតាមរយៈសវនាការមួយរៀបចំដោយគណៈកម្មការការពារសិទ្ធិមនុស្ស Tom Lantos របស់រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្សតិ៍ ទី ១៥ ខែកុម្ភៈ ពួកគេបានស្នើឲ្យសហរដ្ឋអាមេរិកចាត់វិធានការបន្ថែមដើម្បីការពារសុវត្ថិភាព។
សកម្មភាពនៃការគាបសង្កត់ឆ្លងដែនទាំងនេះបានធ្វើឡើងដោយរដ្ឋាភិបាលចំនួន ៣៨ នៅប្រទេសចំនួន ៩១ ហើយប្រព្រឹត្តដោយរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងបច្ចាមិត្តផងដែរ។ ក្នុងចំណោមនេះប្រទេសកុម្មុយនិស្តចិនបានប្រព្រឹត្តល្មើសច្រើនជាងគេ។ ប្រទេសតួកគី អេហ្ស៊ីប រ្វាន់ដា រុស្ស៊ី អារ៉ាប៊ី សាអ៊ូឌីត និងអ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេស ១០ ដែលប្រើការគាបសង្កត់នេះច្រើនជាងគេ។ នេះបើតាមការចងក្រងដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រី Nicole Bibbins Sedaca អនុប្រធានប្រតិបត្តិនៃអង្គការ Freedom House បានថ្លែងប្រាប់សវនាការថា៖ «តាមរយៈការគាបសង្កត់នេះ បណ្តារដ្ឋទាំងនោះព្យាយាមអនុវត្តនៅក្រៅប្រទេសឲ្យដូចនឹងការរឹតត្បិតដែលពួកគេអនុវត្តនៅក្នុងប្រទេសដែរ។ នេះគឺជាការគំរាមកំហែងសិទ្ធិរបស់បុគ្គលទាំងនោះនិងសហគមន៍ពួកគេ ប៉ុន្តែវាក៏ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោកផងដែរ។ វាគឺជាបាតុភូតមួយដែលទាមទារឲ្យមានការឆ្លើយតបរួមគ្នាពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលដទៃទៀត»។
ក្នុងចំណោមសាក្សីដែលផ្តល់សក្ខីកម្មនិងបានរងគ្រោះដោយសារការគំរាមកំហែងដោយផ្ទាល់មានអ្នកសារព័ត៌មាននៃសារព័ត៌មាន The Cambodia Daily អ្នកសារព័ត៌មានតួកគី សកម្មជនប្រជាធិបតេយ្យមកពីទីក្រុងហុងកុង និងសកម្មជនវីហ្គ័រកាន់សាសនាឥស្លាមក្នុងប្រទេសចិន។
លោក តាំង សារ៉ាដា ប្រធានខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន The Cambodia Daily ជាភាសាខ្មែរ បានថ្លែងប្រាប់អង្គសវនាការថា លោកត្រូវបានអ្នកគាំទ្ររដ្ឋាភិបាលធ្វើសកម្មភាពជាបន្តបន្ទាប់គំរាមតាមបណ្តាញសង្គមចង់សម្លាប់និងធ្វើបាបសមាជិកក្រុមគ្រួសារ កាលពីពាក់កណ្តាលឆ្នាំ ២០២៣ ដោយសារតែការផ្សាយព័ត៌មានស៊ើបអង្កេតលើអំពើពុករលួយនិងការមិនគោរពនីតិរដ្ឋនៅកម្ពុជា។
លោកថ្លែងថា៖ «សកម្មភាពជាយុទ្ធនាការរបស់ពួកគេនេះបានកើនឡើងរហូតដល់គំរាមសម្លាប់ខ្ញុំនិងសុវត្ថិភាពក្រុមគ្រួសាររបស់ខ្ញុំទាំងនៅកម្ពុជានិងសហរដ្ឋអាមេរិក»។
អ្នកស្រី Elfidar Iltebir ប្រធានសមាគមវីហ្គ័រអាមេរិកាំង (Uyghur American Association) ថ្លែងថាទោះបីជាមកឆ្ងាយពីស្រុកកំណើតក្តី ក៏ពួកសកម្មជននៅមានអារម្មណ៍ថា គណបក្សកុម្មុយនីស្តចិនបាន«ដាក់គុកចិត្តគំនិតនិងព្រលឹង»របស់ពួកគេទាំងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែសកម្មភាពតាមយាយីដោយផ្ទាល់និងតាមបណ្តាញសង្គម។
រីឯកញ្ញា Frances Hui ដែលជាអ្នកសម្របសម្រួលគោលនយោបាយនិងការតស៊ូមតិរបស់មូលនិធិ
គណៈកម្មាធិការដើម្បីសេរីភាពនៅហុងកុង (The Committee for Freedom in Hong Kong Foundation) បានរៀបរាប់ពីបទពិសោធន៍ដែលនាងត្រូវបានគេគំរាមសម្លាប់និងត្រូវអាជ្ញាធរក្រុងហុងកុងតាមរកចាប់ខ្លួន ដោយសារពាក់ព័ន្ធនឹងការរៀបចំបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុង។
តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ អង្គការ Freedom House បានចងក្រងសំណុំរឿងចំនួន ៨៥៤ នៃការគាបសង្កត់ដោយផ្ទាល់និងលើរាងកាយដែលប្រព្រឹត្តដោយរដ្ឋាភិបាលទាំង ៣៨ ក្នុងនោះមានកម្ពុជាផងដែរ។ រីឯជនរងគ្រោះមានអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកការពារសិទ្ធិមនុស្សក្រុមជនជាតិភាគតិចនិងអ្នកកាន់សាសនាក៏ដូចជាអ្នកនយោបាយប្រឆាំងផងដែរ។ វិធីដែលគេប្រើមានច្រើនទម្រង់ក្នុងនោះរួមមានការតាមឃ្លាំមើលនិងយាយីរំខានដោយផ្ទាល់និងតាមបណ្តាញសង្គម ការគំរាមកំហែងនិងវាយធ្វើបាប ការរើសអើង ការបង្ខំឲ្យធ្វើមាតុភូមិនិវត្តន៍ ការដាក់សម្ពាធលើសមាជិកក្រុមគ្រួសារឬចាប់ពួកគេឃុំឃាំង ចាប់ជម្រត់ បង្ខំឲ្យបាត់ខ្លួននិងធ្វើឃាត។
លោក James McGovern សហប្រធាននៃគណៈកម្មការសិទ្ធិមនុស្ស Tom Lantos បានថ្លែងថា អ្វីដែលជា «ដំណឹងល្អ» គឺសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់លើបញ្ហានេះទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ លោកបានបន្ថែមថាមន្ត្រីនៅប្រទេសខ្លះត្រូវបានដាក់ទណ្ឌកម្មក្នុងនោះរួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងករណីសម្លាប់អ្នកកាសែត Washington Post។ ប៉ុន្តែក៏ចាំបាច់ត្រូវមានច្បាប់បន្ថែមដើម្បីឲ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។
សវនាការដែលរៀបចំឡើងដោយមានអ្នកចូលរួមផ្ទាល់និងតាមអនឡាញនេះបានទាក់ទាញអ្នកចូលរួមពេញនៅក្នុងសាលដែលមានចំណុះជិត ១០០ នាក់ និងជាផ្នែកមួយនៃការប្រមូលសក្ខីកម្មដើម្បីជំរុញការអនុម័ត «ច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែន» និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក។
លោក តាំង សារ៉ាដា បានថ្លែងប្រាប់វីអូអេនៅក្រោយពីសវនាការថា លោកចង់ឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទិដ្ឋាការលើថ្នាក់ដឹកនាំកម្ពុជា ដែលធ្វើសកម្មភាពដើម្បីពង្រឹងវត្តមានគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក និងពិនិត្យមើលលើចរាចរណ៍ប្រាក់ដែលពួកមន្ត្រីទាំងនោះបញ្ចេញមកអាមេរិក ដើម្បីធ្វើសកម្មភាពនយោបាយសម្រាប់គណបក្សកាន់អំណាច។ លោកក៏ស្នើឲ្យពិនិត្យមើលមន្ត្រីអាមេរិកាំងដើមកំណើតខ្មែរនៅថ្នាក់មូលដ្ឋាន ដែលចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកផងដែរ។
លោក តាំង សារ៉ាដា បានបន្ថែមថា៖ «ដូច្នេះយើងចង់ឲ្យរដ្ឋសភាក៏ដូចជារដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ពិនិត្យមើលមន្ត្រីទាំងអស់នោះថា តើខ្លួនកំពុងតែផ្តល់ភាពស្របច្បាប់កម្រិតណាដល់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក»។
លោក Chris Smith សហប្រធានគណៈកម្មការសិទ្ធិមនុស្ស Tom Lantos បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅក្រោយសវនាការបានបញ្ចប់ថា ក្រោយពីបានស្តាប់សក្ខីកម្មរបស់សកម្មជននិងជនរងគ្រោះដោយផ្ទាល់ លោកប្តេជ្ញាចិត្តជំរុញច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែននេះឲ្យបានចូលជាធរមានដោយសាររូបភាពនៃការគាបសង្កត់នេះមាន «គ្រោះថ្នាក់» ដល់សកម្មជនទាំងនោះ។
លោកថ្លែងថា៖ «យើងត្រូវតែអនុម័តសេចក្តីព្រាងច្បាប់នេះ។ យើងត្រូវតែបញ្ឈប់ការលូកដៃដ៏វែងចូលមកគាបសង្កត់ដែលមិនត្រឹមតែក្នុងប្រទេសរបស់យើងទេ ប៉ុន្តែនៅទីកន្លែងដទៃផងដែរ»។
សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែន “Transnational Repression Policy Act” (ឬ HR 3654) ត្រូវបានស្នើឡើងជាថ្មីក្នុងខែឧសភាឆ្នាំ ២០២៣ ដោយលោក Chris Smith នៃគណបក្សសាធារណរដ្ឋនិងលោក James McGovern នៃគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីខកខានមិនបានអនុម័តតាំងពីឆ្នាំ ២០១៤ មក។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងដោះស្រាយការគាបសង្កត់ឆ្លងដែន ដែលប្រព្រឹត្តដោយរដ្ឋាភិបាលបរទេសប្រឆាំងនឹងបុគ្គលឯកជននិងសម្រាប់គោលបំណងមួយចំនួនទៀតក្នុងការការពារសិទ្ធិសេរីភាព។
រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ខ្លួនមិនបានរៀបចំជាបណ្តាញសម្រាប់គាបសង្កត់សហគមន៍ខ្មែរនៅក្រៅប្រទេសទេគឺមានតែចង់ឲ្យពួកគេគោរពច្បាប់និងទទួលបានសេចក្តីសុខប៉ុណ្ណោះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់វីអូអេតាមសារតេឡេក្រាមកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការបញ្ចេញមតិរបស់អ្នកគាំទ្ររបស់រដ្ឋាភិបាលទាំងនៅក្នុងស្រុកនិងក្រៅស្រុកជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេក្នុងការការពារថ្នាក់ដឹកនាំនិងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
លោកថ្លែងថា៖ «នៅពេលដែលអ្នកគាំទ្រទាំងនោះគាត់មើលឃើញអ្នកណាម្នាក់ដែលប្រមាថមើលងាយអ្នកដឹកនាំគាត់ហួសហេតុពេក ដែលទទួលយកអត់បាន គាត់ក៏ឆ្លើយតបតទៅវិញតាមបណ្តាញសង្គមហ្នឹងទៅ មានទៅ ប្រើហិង្សាអ្វីឯណា? ហើយដល់ពេលគេឆ្លើយតបទៅវិញ គាត់ចាត់ទុកថានេះជាការគំរាមកំហែង ត្រង់គាត់មាក់ងាយគេ ប្រមាថគេគ្រប់បែបយ៉ាងគាត់អត់ធ្វើដឹងធ្វើឮ ដល់គេឆ្លើយទៅវិញគាត់ថាគេគំរាមកំហែង។ នេះគឺជាទម្លាប់របស់ពួកគាត់»។
លោក ប៉ែន បូណា ចាត់ទុកថាករណីរបស់លោក តាំង សារ៉ាដា នៃសារព័ត៌មាន The Cambodia Daily គ្មានការចាត់តាំងឲ្យគំរាមកំហែងទេ។
លោកថ្លែងថា៖ «Cambodia Daily របស់គាត់ផ្សាយព័ត៌មានញុះញង់បំផ្លើសបំភ្លៃវាយប្រហារលាបពណ៍រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់បែបយ៉ាង។ អ៊ីចឹងក៏មានអ្នកគាំទ្ររាជរដ្ឋាភិបាលមួយចំនួន គេមិនទទួលយកបាន គេក៏ឆ្លើយតបទៅវិញតាមបណ្តាញសង្គម ហើយគាត់ក៏ចាត់ទុកថាហ្នឹងជាការគំរាមកំហែង។ ចុះខ្លួនគាត់ដែលប៉ះពាល់ដល់កិត្តិយសគេហើយអាងតែខ្លួនគាត់នៅក្រៅប្រទេស គាត់អត់ទទួលខុសត្រូវ ហ្នឹងម៉េចវិញ... រួចខ្លួនឯងមិនទទួលខុសត្រូវមកចោទរាជរដ្ឋាភិបាលថា មានបណ្តាញធ្វើទុក្ខបុកម្នេញ ទោះជាទៅដល់ក្រៅស្រុកហើយក៏ដោយ ហ្នឹងជាពាក្យចេញពីមាត់គាត់មកប្រឌិតឡើងទាំងអស់»។
តំណាងសកម្មជនសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកដែលធ្វើសកម្មភាពដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ សម្តែងការពេញចិត្តដែលគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាអាមេរិកាំងយកចិត្តទុកដាក់ចាត់វិធានការច្បាប់លើករណីគំរាមកំហែងឆ្លងប្រទេស ហើយក៏លើកទឹកចិត្តឲ្យសកម្មជនដទៃទៀតប្រុងប្រយ័ត្ននិងត្រូវរាយការណ៍ជូនអាជ្ញាធរសហរដ្ឋអាមេរិកពីសកម្មភាពដែលបង្ខិតបង្ខំនិងបំភិតបំភ័យលើពួកគេ។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលបានចូលរួមស្តាប់សវនាការយល់ថាបច្ចេកទេសសម័យទំនើបធ្វើឲ្យការគំរាមកំហែងឆ្លងប្រទេសអាចធ្វើបានដោយងាយស្រួលដោយខុសពីពេលអតីតកាលដែលអ្នកមកដល់សហរដ្ឋអាមេរិក ហើយត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព។
លោក គឹមទឹង គាំទ្រឲ្យដាក់ទោសទណ្ឌចំពោះអ្នកដែលគំរាមកំហែងទាំងនោះ៖ «អ្នកដែលគំរាមអាចមានទោសទៅថ្ងៃក្រោយមិនថាជនជាតិខ្មែរអាមេរិកាំងនៅទីនេះ ឬមួយក៏អ្នកហ្នឹងជារដ្ឋមន្ត្រីនៅស្រុកខ្មែរ»។
លោក សម្បត្តិ រ៉េត អនុប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលបានចូលរួមស្តាប់សវនាការដែរបានប្រាប់វីអូអេថា៖ «ដូច្នេះខ្ញុំជឿថាប្រជាជនខ្មែរដែលរងទុក្ខវេទនាក្រោមការគាបសង្កត់ឆ្លងដែន គំរាមឆ្លងដែននេះនឹងមានខ្នងបង្អែក ដែលយើងគិតថា វាជាអាវុធមួយ ជាអាវក្រោះមួយដើម្បីការពារយើងក្នុងការបញ្ចេញមតិមិនសម្រាប់តែទៅលើគណបក្សនយោបាយ ឬក៏សង្គមស៊ីវិល ឬក៏សកម្មជនទេ។ ខ្ញុំជឿថា យើងទាំងអស់គ្នាអាចទទួលយកបានហើយសូមឲ្យបងប្អូនទាំងអស់គាំទ្រច្បាប់នេះនិងជំរុញច្បាប់នេះឲ្យចេញ»។
ក្នុងពេលដែលសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយលើការគាបសង្កត់ឆ្លងដែននៅមិនទាន់អនុម័តនៅឡើយ ក្រុមអ្នកការពារសិទ្ធិមនុស្សទាំងនេះយល់ថា មានច្បាប់មួយចំនួនទៀតដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់បានដូចជាច្បាប់ Global Magnetski ហើយសហរដ្ឋអាមេរិកត្រូវប្រើគ្រប់មធ្យោបាយក្នុងការដោះស្រាយទាំងជាមួយនឹងប្រទេសសម្ព័ន្ធមិត្តក៏ដូចជាប្រទេសអមិត្ត៕