ក្រុម​សិទ្ធិមនុស្ស៖​ ​រដ្ឋាភិបាល​គួរផ្តល់​​អាទិភាព​ដល់​ច្បាប់​​អនិតិជន

រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស​នៅ​ប្រទេស​កម្ពុជា។

ក្រុម​​សិទ្ធិ​មនុស្ស​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ផ្តល់​អាទិភាព​ដល់​ការ​អនុម័ត​​ច្បាប់​ដែល​នឹង​ផ្តល់​នូវ​ការ​ណែនាំ​អំពី​ការ​ដាក់ទោស​អនិតិជន​ ដោយ​ប្រព័ន្ធ​តុលាការ។​

ក្រុមសិទ្ធិ​មនុស្ស​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ផ្តល់​អាទិភាព​ដល់​ការ​អនុម័តច្បាប់​ដែល​នឹង​ផ្តល់​នូវ​ការ​ណែនាំ​អំពី​ការ​ដាក់ទោស​អនិតិជន​ ដោយ​ប្រព័ន្ធ​តុលាការ។​

សេចក្តី​ព្រាង​ច្បាប់​ ដែលពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ​ឡើង​វិញ​នៅ​ឡើយ​នោះ​ ដាក់​កុមារ​ដែលទោសកំហុស​ ឲ្យ​នៅក្រោម​ការត្រួត​ពិនិត្យ ​និងការ​គ្រប់គ្រង​របស់​មាតា​បិតា​ជាជាង​ដាក់​ជន​ជាប់​ចោទ​វ័យ​ក្មេង​ក្នុង​ពន្ធនាគារ​ដែល​ណែនចង្អៀតរួច​ទៅ​ហើយ​នោះ។ ច្បាប់នេះអាច​មាន​សុពលភាពសម្រាប់​អនិតិជន​ ៥០០​នាក់​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះកំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ។ ​អ្នក​តស៊ូ​មតិ​និយាយ​ថា ច្បាប់​នេះគួរ​តែ​ជា​អាទិភាព។​

លោក​គង់ ​ឆាន ​ទីប្រឹក្សា​ក្រសួង​សង្គមកិច្ច​ដែល​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ ​បាន​និយាយ​ថា​ កុមារអាយុ​ក្រោម​១៤​ឆ្នាំ​នឹង​មិន​ត្រូវ​បញ្ជូនទៅ​តុលាការ​ទេ​ បើ​សិន​ជា​កុមារ​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​តូច​តាច។ ​លោក​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​ ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ដាក់​ទោស​ដោយ​ឲ្យ​ធ្វើការបម្រើ​សេវាសហគមន៍ ​ឬត្រូវ​បង្ខំ​ឲ្យខំរៀន បើ​បទ​ល្មើស​របស់​កុមារ​ជា​បទ​ល្មើស​ស្រាល។ ​លោកបាន​បន្ត​ថា ​ទន្ទឹម​នឹង​នេះ​ដែរ​ចៅ​ក្រម​និង​មន្រ្តី​តុលាការត្រូវ​សិក្សា​ពី​វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់កុមារ។​

លោក​បាន​បន្ត​ថា ​ក្រសួង​សង្គម​កិច្ច​នឹង​សិក្សា​អំពីគ្រួសារ​របស់​កុមារ​ ដែល​បានប្រព្រឹត្ត​បទ​ល្មើស។ ​ច្បាប់​នេះ​ផ្តល់​មេធាវី​តំណាង​ឱ្យ​កុមារ​ ហើយ​មេ​ធាវី​គឺ​ជាអ្នកដោះស្រាយជាមួយ​មន្ត្រី​ប៉ូលិស។ ​លោក​គង់​ ឆាន​បាន​បន្ត​ថា​ ប៉ុន្តែ​គេមិន​គួរ​មើល​ឃើញ​ថា​ ច្បាប់​នេះ​គឺ​ជា​ការ​បន្ធូរបន្ថយ​សម្រាប់បទ​ឧក្រិដ្ឋ​នោះ​ទេ។​

«នេះ​មិន​មែន​មាន​ន័យ​ថា ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​កុមារ​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ។​ ប្រសិន​បើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ដែល​យើង​តម្រូវ​ឱ្យ​ធ្វើ​ យើង​នឹង​ចាប់​យក​ពួក​គេ​ត្រឡប់​មក​វិញ​ ហើយ​នឹង​រក​វិធាន​ការ​ថ្មី​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​ជាមួយ​ពួក​គេ»។​

លោក​ Bruce Grant ​ជា​ប្រធាន​ការិយាល័យ​នៃ​អង្គការ​ការ​ការពារ​សិទ្ធិ​កុមារ​នៃ​អង្គការ​ Unicef ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ អង្គការ​ Unicef ​នឹង​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​វគ្គបណ្តុះបណ្តាល​ និង​សិក្ខាសាលា​ស្តីពី​យុត្តិធម៌​អនិតិជន​និង​សិទ្ធិ​កុមារ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេសនៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​គួរ​រួតរះ​ធ្វើ​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់ដើម្បី​ការពារ​សិទ្ធិ​ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ។​

លោក​បាន​និយាយ​ថា៖ ​«ឥឡូវ​នេះ​យើង​មិន​មាន​ច្បាប់​ដែល​នឹង​ជួយ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ទេ។​ ប្រសិន​បើ​យើង​មាន​ច្បាប់​នេះ​ វា​នឹង​ជួយ​កុមារ​បាន​យ៉ាង​ច្រើន​ ទាក់ទង​នឹង​សិទ្ធិ​ និង​ស្ថានភាព​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​ ហើយតើ​ពួក​គេ​មាន​សិ​ទិ្ធ​អ្វី​ខ្លះ។​ ក្មេងខ្លះ​មិន​គួរ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ។ ​ពួក​គេ​នៅ​វ័យ​ដែល​ត្រូវ​ការ​ការ​សិក្សា ​និងការ​រីក​លូតលាស់​ខាង​ស្មារតី»។​

លោក​គុយ ប៊ុនសន ​អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ បាន​និយាយថា ​ច្បាប់​នេះ​គឺ​ជា​រឿងល្អ​«ពីព្រោះ​វា​អាច​ជួយ​អនិតិជន»៕