នៅក្នុងសាលដែលមានមនុស្សកកកុញនៅកណ្តាលទីក្រុងឡុងប៊ិចនេះ អ្នកចូលរួមក្នុងកម្មវិធីជួបជុំកាលពីថ្ងៃពុធ គឺជាអ្នកដែលរងផលប៉ះពាល់ពីការបណ្តេញសមាជិកគ្រួសារទៅប្រទេសកម្ពុជាវិញ ដោយសារតែបានធ្វើអំពើខុសច្បាប់សហរដ្ឋអាមេរិកហើយក៏មានអ្នកដែលមកគាំទ្រឱ្យបញ្ឈប់ការបញ្ជូនចេញនេះដែរ។
បើទោះបីជារឿងរ៉ាវរបស់ពួកគេត្រូវបាននិយាយជាច្រើនដង ប៉ុន្តែនៅតែមិនអាចធ្វើឱ្យអ្នកស្តាប់ និងអ្នកនិទានទប់ទឹកភ្នែកបានឡើយ។
បងប្រុសរបស់កញ្ញា ស៊ីម ស្តេហ្វានី (Stephanie Sim) គឺ ស៊ីម សារុប ត្រូវបានបណ្តេញចេញ ដោយសារតែបានលួចគ្រឿងរថយន្ត។ នាងបានរៀបរាប់ប្រាប់អ្នកស្តាប់ពីផលប៉ះពាល់មកលើគ្រួសារនាង។
«ការបណ្តេញបងប្រុសខ្ញុំចេញ គឺរឿងដែលយើងមិនបានរំពឹងទុកជាមុន។ វាមានផលប៉ះពាល់យ៉ាងធំមកលើខ្លួនខ្ញុំទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត។ វាជាការលំបាកក្នុងការមើលឃើញឱពុកម្តាយខ្ញុំខំសង្កត់ចិត្ត ដោយសារកូនប្រុសម្នាក់ត្រូវបានគេយកចេញទៅ។ ឱពុកម្តាយខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើន នៅពេលដែលពួកគាត់ចាកចេញពីប្រទេសកម្ពុជា ហើយពេលមកដល់ប្រទេសថ្មីនេះ ពួកគាត់ត្រូវចាប់ផ្តើមជីវិតជាថ្មី។ហើយឥឡូវកូនប្រុសត្រូវគេបញ្ជូនទៅប្រទេស ដែលគាត់បានរត់គេចចេញគឺជារឿងខូចចិត្តមែនទែន»។
អ្នកស្រី រស់ ចន្ថាវ៉េត មានកូនប្រុសម្នាក់ឈ្មោះ រស់ ដេវីត ក៏ស្ថិតនៅក្នុងបញ្ជី ដែលត្រូវបណ្តេញចេញដែរ៖
«ខ្ញុំជាម្តាយមានទុក្ខសោកជាខ្លាំង។ ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏មានជីវិតដូចជាខ្ញុំដែរ។ មានទុក្ខសោកណាស់ យើងធ្លាប់រស់នៅពីជំនាន់នោះ។ យើងមានទុក្ខសោកបែកកូនបែកចៅម្តង ហើយឥឡូវមកដល់នេះ យើងទទួលការក្រៀមក្រំបែកបាក់កូនចៅទៀត»។
អ្នកស្រី ចន្ថាវ៉េត និយាយថា ក្មេងដែលមកដល់សហរដ្ឋអាមេរិកមិនបានដឹងពីច្បាប់ទម្លាប់នៅក្នុងប្រទេសថ្មីនេះទេ។ ពួកគេខ្វះខាតការអប់រំ។ កូនប្រុសរបស់អ្នកស្រីបានធ្វើខុសច្បាប់ ហើយបានជាប់គុកអស់រយៈពេលជាយូរ។ ហើយនៅពេលដោះលែងមកវិញ ត្រូវប្រឈមនឹងការបណ្តេញចេញ។ កូនប្រុសរបស់គាត់គឺ ដេវីត មានអាយុតែ៨ឆ្នាំប៉ុណ្ណោះពេល ដែលមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨២។ ដេវីត បានសម្លាប់មនុស្សម្នាក់ក្នុងជម្លោះមួយកាលពីនៅអាយុ១៦ឆ្នាំ ហើយបានជាប់គុកចំនួន១៩ឆ្នាំ។
វេទិកានេះរៀបចំឡើងដោយអង្គការ Khmer Girls in Actionក្រោមប្រធានបទថា «Not Home for the Holiday»ឬ«មិនបានមកផ្ទះក្នុងពេលសម្រាកថ្ងៃបុណ្យ»។
អ្នកចូលរួមបានរិះគន់លើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងរដ្ឋាភិបាលកម្ពុជាថា មិនបានយកចិត្តទុកដាក់ដល់អ្នកដែលបានអប់រំកែប្រែរួចរាល់ហើយនិងអ្នកខ្លះបានមកដល់សហរដ្ឋអាមេរិកតាំងពីនៅក្មេង ហើយមិនទាន់ស្គាល់ប្រទេសកម្ពុជាផង។
អ្វីដែលសកម្មជនចង់បាន គឺកែប្រែកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ ដោយធ្វើការការពារដល់សមាជិកសហគមន៍ដែលមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន និងប្រើប្រាស់ភាសាដែលដូចគ្នាទៅនឹងកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយនឹងប្រទេសវៀតណាម ដែលមិនទទួលយកអ្នកដែលបានប្រព្រឹត្តខុសមុនពេលកិច្ចព្រមព្រៀងចុះហត្ថលេខា។ ហើយក៏ធានាឱ្យបានថា ជនដែលបានបញ្ជូនចេញរួចហើយនោះអាចមានសិទ្ធិត្រឡប់មកវិញបាន។
លោកស្រី Kathy Ko Chin សមាជិកនៃគណៈកម្មការប្រឹក្សារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងពិធីនោះយល់ស្រប។
«ខ្ញុំគិតថាដំណោះស្រាយទាំងនេះគឺមានសារៈសំខាន់ណាស់ ហើយពិតជាគួរឱ្យអស្ចារ្យ ហើយខ្ញុំពិតជានឹងនាំយកទៅជម្រាបជូនដល់សេតវិមានវិញ»។
លោកស្រី Kathy Ko Chin បន្ថែមទៀតថា ដោយសារតែមានកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិកចុះហត្ថលេខាជាមួយនឹងវៀតណាមគឺផ្តល់ក្តីសង្ឃឹមច្រើន។
«វាបង្កើតក្តីសង្ឃឹមដែលថា ដំណោះស្រាយអាចមានសម្រាប់អ្នកដែលបានមកដល់សហរដ្ឋអាមេរិក មុនពេលដែលធ្វើប្រក្រតីកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសនីមួយៗនោះ»។
អ្នករៀបចំបានរៀបចំជាញត្តិ និងមានការចូលរួមសរសេរជាសំបុត្រដល់អ្នកដែលបានបញ្ជូនទៅដល់ប្រទេសកម្ពុជា ដើម្បីឱ្យប្រាប់អ្នកទាំងនោះថា ពួកនៅតែចង់ចាំអ្នកទាំងនោះជានិច្ច។
លោកស្រី Sophya Chim នាយកស្តីទីនៃអង្គការ Khmer Girls in Action បានបញ្ជាក់ថា៖«ច្បាប់ហ្នឹង និងក្រដាស់ស្នាមហ្នឹងអត់គិតគូក្រុមគ្រួសារទេ ហើយធ្វើអញ្ចឹង វាបែកគ្រួសារ ហើយខ្មែរយើងអត់សប្បាយចិត្តទេ។ ព្រោះយើងអត់នៅជាមួយគ្នា ហើយអត់ដឹងថា តើកូនខ្ញុំ ប្អូនខ្ញុំ បងខ្ញុំកើតអ្វីហើយនៅស្រុកខ្មែររស់នៅក៏ពិបាកដែរ»។
លោកស្រី Kathy Ko Chin ក៏បានក្តុកក្តួល បន្ទាប់ពីស្តាប់ឮរឿងរ៉ាវទាំងនោះដែរ៖
«រឿងរ៉ាវដែលខ្ញុំបានស្តាប់នៅយប់នេះគឺគួរឱ្យរញ្ជួយចិត្តខ្លាំងណាស់។ បានស្តាប់ឮរឿងរបស់ម្តាយ និងប្អូនស្រីដែលបាត់បង់កូនប្រុស និងបងប្រុស ដោយសារតែការបណ្តេញចេញនេះគឺគួរឱ្យរញ្ជួយចិត្តខ្លាំងណាស់»។
លោកស្រីបានប្តេជ្ញាថា នឹងជួយឱ្យពួកគេបានជួបជាមួយនឹងក្រសួងការបរទេស និងក្រសួងសន្តិសុខជាតិ ព្រោះវាទាក់ទងនឹងគោលនយោបាយការបរទេស។
ការធានានេះបានធ្វើឱ្យសកម្មជនស្ម័គ្រចិត្ត និងជនដែលត្រូវបញ្ជូនចេញ ដូចជាលោកDavid Ros ទទួលបានក្តីសង្ឃឹមខ្លះ។
«ពេលដែលបានបងប្អូនយើងនិយាយគ្នាហើយ បានឮគេអ្នកមកនិយាយអីចឹងយើងមានចិត្ត មានកម្លាំងចង់ធ្វើការនេះទៅមុខទៀត»។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងឆ្នាំ២០០២ តម្រូវឱ្យកម្ពុជាទទួលយកពលរដ្ឋចំនួនជិត២០០០នាក់ ដែលបានប្រព្រឹត្តបទល្មើសក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានជាប់ពន្ធនាគាររួចហើយ។
រហូតមកដល់ពេលនេះមានពលរដ្ឋទាំងនោះចំនួនជិត៦០០នាក់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក៕