អាជ្ញាធរ​អះអាង​ថា​មនុស្ស​១៣​នាក់​ស្លាប់​ដោយ​សារ​ពុល​ស្រា​ស​និង​ស្រា​បិត​មាន​ជាតិ​មេតាណុល​ខ្ពស់

រូបឯកសារ៖ ស្រាស និងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់ ខែធ្នូ ឆ្នាំ២០១៩។ (ស៊ុន ណារិន/វីអូអេ)

អាជ្ញាធរ​ពាក់​ព័ន្ធឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​១៣​នាក់​ក្នុង​ឃុំ​សារិកា​កែវ ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ចាប់​ពី​សប្តាហ៍​មុន​មក ដោយសារពុល​ស្រា​ដែល​មាន​ជាតិ​មេតា​ណុល​ខ្ពស់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ ក្រសួង​សុខាភិបាលបាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្គរ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​ការ​យកសំណាក​ទៅ​ធ្វើ​តេស្ត​មិន​មាន​ឃើញ​វីរុស​ជំងឺ​កូវីដ​១៩​នោះ​ទេ។ ក្រុម​ការងារបាន​រក​ឃើញ​ថា​ពលរដ្ឋ​ដែល​ស្លាប់​ជា​អ្នក​ហូប​ស្រា​ជា​ប្រចាំ ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ពុល​ស្រា។ ក្រុម​ការងារ​ក៏​បាន​ចុះ​យក​សំណាក​ស្រា​ថ្នាំ​និង​ស្រា​ស​ពី​ទីតាំង​តូចៗ​ចំនួន​២៩​កន្លែង​ក្នុង​ស្រុក​លា្វឯម ដើម្បី​វិភាគ។ ហើយ​លទ្ធផល​សំណាក​បង្ហាញ​ថា​ស្រា​ទាំង​នោះ​មាន​កម្រិត​មេតាណុល​លើស​ពី​០,៥%​ដែល​លើស​ពី​កម្រិត​ពុល​ត្រឹម​0,១%។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «ហេតុ​ការណ៍​ស្លាប់​នៅ​ភូមិ​ទាំង​២​ខាង​លើ​បាន​កើត​ឡើង​ដោយសារ​ពួក​គាត់​បាន​ពិសា​ស្រា​-ស​ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់»។

ប្រជាពលរដ្ឋ​ដែល​ស្លាប់​នោះ​មាន​អាយុ​ពី​២៧​ឆ្នាំ​ដល់​៥៨​ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ មនុស្ស​ប្រមាណ​១០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្រសួង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ពិសា​ស្រា​ស​ដែល​ផលិត​ឬ​បិទ​ស្រា​មិន​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​បច្ចេកទេស។

លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម​បាន​ថ្លែង​ថាការពុល​ស្រា​នោះ ផ្តើម​ចេញពី​ពិធី​បុណ្យ​សព​មួយ​ដែល​មាន​ការ​ហូប​ស្រា ហើយ​ការ​ស្លាប់​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែលនាំ​ឲ្យអាជ្ញាធរ​ឆ្ងល់​ថា​ហេតុ​អ្វី​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់។

លោក​អធិការ​ស្រុក​ល្វាឯមប្រាប់ ​VOA ​ថានៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មូលដ្ឋាន​ពី​សុខាភិបាល​ថា​គាត់​ស្លាប់​ដោយ​សារ​បុក​សរសៃ​ឈាម​ខួរក្បាល​និង​គាំង​បេះដូង។ តែ​ដល់​រំលង​យូរទៅ វា​ចេះ​តែ​ស្លាប់​បន្តៗ អាជ្ញាធរ​ក៏​ចាប់​អារម្មណ៍ ម៉េច​ស្លាប់​ច្រើន​ម៉េស ដល់​យើង​ប្រមែ​ប្រមូល​យក​ទិន្ន​ន័យ​ទៅ អ្នក​ស្លាប់​ហ្នឹង​ភាគ​ច្រើន​ជា​អ្នក​ញៀន​ស្រា»។

លោក​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​១៣​នាក់។

បើ​តាម​អធិការ​ស្រុក​ល្វាឯម​រហូត​មក​ដល់​ថ្ងៃ​ព្រសហ្បតិ៍​នេះ ​សមត្ថកិច្ច​បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​សាក​សួរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ណា​ម្នាក់​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ករណី​ពុល​ស្រា​ស្លាប់​យ៉ាង​តិច​៨​នាក់​ក្នុង​ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។

ចាប់​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ មាន​ករណី​ពុល​ស្រា​ស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​មណ្ឌលគិរី ត្បូងឃ្មុំ ​ក្រចេះ និង​កំពង់ឆ្នាំង។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល៕