សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សុំ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​ផលិតកម្ម​ និង​ទីផ្សារ

រូបឯកសារ៖ សន្និសិទ​សារ​ព័ត៌មានស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា​/ VOA)

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​ថ្មី​មួយ បន្ថែម​ទៅ​លើ​គណៈកម្មការ​៥​ផ្សេង​ទៀត​ ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្គរ​ថ្មីៗ​ និង​បន្ទាន់​ចុង​ក្រោយ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។

ក្រោយ​ពេល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​សុំ​កម្ចី​ឥណទាន​ប្រមាណ​៤០​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ តាមរយៈ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្រូវ​អង្ករ​ មន្ត្រី​ក្រសួង​កសិកម្ម​នា​ពេល​នេះ​ក៏​កំពុង​រង់ចាំ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល​ដែរ។

លោក​ ហ៊ាន វណ្ណហ៊ន ​ប្រធាន​នាយកដ្ឋាន​ច្រក​ចេញ​តែ​មួយ​នៃ​ក្រសួង​កសិកម្ម​បាន​ប្រាប់​VOA ​ខ្មែរ​កាល​ថ្ងៃ​ព្រហស្បតិ៍​ថា​៖

«សហព័ន្ធ​តំណាង​ជា​អង្គការ​របស់​វិស័យ​ឯកជន​មួយ ​ចឹង​អ្វី​ដែល​សហព័ន្ធ​ស្នើ​ឡើង​ គឺ​ស្នើ​ទៅ​រដ្ឋាភិបាល ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា​ រដ្ឋាភិបាល​ឆ្លើយ​យ៉ាង​ណា​ដែរ។ ខាង​សហព័ន្ធ​ផ្ញើ​ទៅ​ គឺ​ទៅ​រដ្ឋាភិបាល ​មិន​មែន​ក្រសួង​កសិកម្ម​ទេ។ ដល់​ពេល​សម្រេ​ច​ដោយ​រដ្ឋាភិបាល​ ទើប​យើង​ក្រសួង​អ្នក​អនុវត្ត»។​

VOA មិន​អាច​សុំ​សេចក្តី​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទេ​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

លោក ចាន់ សុផល​ ដែល​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​យល់​ថា​ ឥណទាន​ប្រមាណ​៤០​លាន​ដុល្លារ​នេះ​ អាច​កាត់​បន្ថយ​ភាព​រង្គោះ​រង្គើរ​ នៅ​ក្នុង​ផ្នែក​ស្រូវអង្ករ​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​ចំនួន​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ។

«ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណឹង ​អាច​ជួយ​បន្ធូរ​ដល់​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​អាច​ថា ​មាន​លទ្ធភាព​សង​ទៅ​ធនាគារ​វិញ ​ឬ​ក៏​ទិញ​ស្រូវ​បន្ថែម​ ដើម្បីកិន​ជា​អង្ករ​ទៅលក់​។ ប៉ុន្តែ​ វិស័យ​អង្ករ​យើង​ទាំង​មូល​ធំ​ណាស់​ ត្រូវ​រាប់រយ​លាន​ដុល្លារ​ឯណោះ។ ហើយ​បើ​ថា​ឲ្យ​រដ្ឋ​ជួយ​ ក៏​មិន​អាច​ជួយ​បាន​ទាំង​ស្រុង​ដែរ»។

លោក ចាន់ សុផល​ ពន្យល់​ថា​ ដើម្បី​ដោះស្រាយ​ហានិភ័យ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ វា​ក៏​ទាមទារ​ផង​ដែរ​នូវ​ផែនការ​រយៈពេល​វែង ​តួ​យ៉ាង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាង​មុន ​មាន​ពូជ​ល្អ​ជាង​មុន ​មាន​ប្រព័ន្ធ​ស្រោច​ស្រប់​ទឹក​គ្រប់​គ្រាន់​ និង​ការ​ផ្តល់​កម្ចី​ការ​ប្រាក់​ទាប​ត្រឹម​៤%​ ទៅ​កសិករ​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ដើម។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​ថ្មី​មួយ បន្ថែម​ទៅ​លើ​គណៈកម្មការ​៥​ផ្សេង​ទៀត​ ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្គរ​ថ្មីៗ​ និង​បន្ទាន់​ចុង​ក្រោយ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។​ បញ្ហា​ប្រឈម​បន្ទាន់​២សំខាន់ ​គឺ​បញ្ហា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ មិន​មាន​ដំណើរ​ការ​ល្អ​ និង​បញ្ហា​នាំ​ចូល​អង្ករ​ពី​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ស្រូវ​ក្នុង​ស្រុក។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​បិទទ្វារ​ជា​បន្ត​បន្ទាប់ និង​បាន​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​វិស័យ​អង្ករ​នៅ​កម្ពុជា។

លោក​ សុខ​ ពុទ្ធីវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ពិសេស​ថ្មី​ផង​នោះ ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖​«ជំរុញ​ទៅ​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ទាក់ទង​ទៅនឹង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ ហើយ​នឹង​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​ខ្លី​ខាង​មុខនេះ​ ដល់​សមាជិក​ក្នុង​វិស័យ​ស្រូវ​អង្ករ​មាន​និរន្តភាព​មួយ​ឆ្លង​ផុត​ពី​ការ​លំបាក​ក្នុងពេល​បច្ចុប្បន្ន​នេះ»។

សហព័ន្ធ​នេះ​ក៏​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដាក់​ចេញ​ជា​អាជ្ញាបណ្ណ​ក្នុង​ការ​នាំ​ចូល​អង្ករ​មក​កម្ពុជា​ដែរ​ ចៀសវាង​ការ​នាំ​អង្ករ ​ចូល​ពី​បរទេស​មក​កម្ពុជា​យ៉ាង​អាណា​ធិបតេយ្យ។ អាជ្ញា​បណ្ណ​នេះ​ សំដៅ​ដល់​ការ​កំណត់​ចំនួន​កូតា​នាំ​អង្ករ​ចូល ការ​ត្រួត​ពិនិត្យ​គុណភាព​អង្ករ​ និង​ការ​ធានា​ការ​បង់​ពន្ធ​លើ​អង្ករ​នាំ​ចូល ស្រប​តាម​គោល​ការណ៍​ទីផ្សារ​សេដ្ឋកិច្ច​សេរី។​

យ៉ាងណា​ក៏ដោយ​ លោក​ ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​លើក​ឡើង​ថា​ ការ​រឹត​ត្បិតការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​ជិត​ខាង​ គឺជា​រឿង​លំបាក​មួយ​នៅ​ដែល​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៃ​លំហូរ​ទំនិញ​ដោយសេរី​នោះ។

ក្រុម​ប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ រំពឹង​ថា​ កម្ពុជា​នឹង​អាច​សម្រេច​គោលការណ៍​នាំ​ស្រូវ​១លាន​តោន​ ចេញ​ទៅ​ក្រៅ​ប្រទេស​បាន ក្រោយពេល​ដែល​ខ្លួន​អាច​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស់​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន៕