ការនាំអង្កររបស់កម្ពុជាចេញទៅក្រៅប្រទេសអាចនឹងកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ បើមើលទៅលើសន្ទុះនៃកំណើននាំចេញក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២០ និងស្របពេលដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការនាំអង្ករសចេញទៅលក់ទីផ្សារក្រៅប្រទេសឡើងវិញ។ នេះបើតាមមន្រ្តីនៃសហព័ន្ធស្រូវអង្ករកម្ពុជា។
កម្ពុជាបានសម្រេចអនុញ្ញាតឲ្យនាំអង្ករសរបស់ខ្លួនចេញទៅលក់ទីផ្សារក្រៅប្រទេសឡើងវិញ ចាប់ពីសប្តាហ៍ក្រោយទៅ បន្ទាប់ពីបានផ្អាកការនាំចេញអង្ករប្រភេទនេះអស់រយៈពេលជាង ១ ខែ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលចង់រក្សាអង្ករក្នុងប្រទេស។ ប៉ុន្តែរដ្ឋាភិបាលមិនបានបិទការនាំចេញអង្ករក្រអូបនោះទេ។
បើតាមទិន្ន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ នេះ កម្ពុជាបាននាំចេញអង្ករជាង ៣០ ម៉ឺនតោន ដែលមានកំណើនជាង ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ ក្នុងអង្ករនាំចេញ ៣០ ម៉ឺនតោននេះ មានអង្ករសមានចំនួន ១៥ ភាគរយ។ បច្ចុប្បន្ននេះ កម្ពុជាមានអង្ករសប្រមាណ ១៣ ម៉ឺនតោន កំពុងត្រូវបានរក្សាទុកក្នុងស្តុក ដែលភាគច្រើននាំចេញទៅប្រទេសវៀតណាម និងថៃ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំអង្ករចេញទៅក្រៅប្រទេសអាចមានទៅដល់ប្រមាណ ១ លានតោន ឬក្រោមនេះបន្តិច។
«ឆ្នាំនេះ បើសិនស្ថានភាពដូចរាល់ថ្ងៃនេះ ការនាំចេញអាចសឹងទៅដល់មួយលានតោន ឬក៏ប្រហាក់ប្រហែល ពីព្រោះល្បឿនបីខែហ្នឹង យើងបាន ៣០ ម៉ឺនតោន។ បាទបួនខែ វា ៣០ ម៉ឺនតោនហើយ។ អ៊ីចឹង យើងមើលទៅល្បឿន និងអត្រាកំណើននេះ វាអាចសមស្របហើយ សមស្របនឹងបរិមាណស្តុកដែលយើងនៅមាន ហើយនឹងដល់រដូវកាលប្រមូលផល[ច្រូតកាត់នឹងចូលមកទៀត]...ហើយទីផ្សារយើងចំណែកថ្មីៗនៅក្នុងទីផ្សារអន្តរជាតិ ទាំងនៅសហគមន៍អឺរ៉ុប និងទីផ្សារថ្មីៗហ្នឹងក៏បានកំពុងតែប្រសើរឡើងដែរ»។
លោកបន្ថែមថា កាលពីឆ្នាំ ២០១៨ និង ២០១៩ កម្ពុជាបាននាំចេញអង្ករក្រអូប និងអង្ករស ប្រមាណ ៦២ ម៉ឺនតោនក្នុងមួយឆ្នាំ។ លោកថា កំណើននៃការនាំអង្ករចេញនៅឆ្នាំ ២០២០ នេះ អាចមកពីកត្តាសំខាន់ៗ ៣ យ៉ាង ដែលទាក់ទងនឹងការរើបឡើងវិញនៃទីផ្សារសហគមន៍អឺរ៉ុប ការថយចុះតម្លៃពន្ធនាំចូលពីកម្ពុជាទៅទីផ្សារសហគមន៍អឺរ៉ុប និងកំណើនតម្រូវការអង្ករពីប្រទេសចិន។ លោកបន្តថា កំណើនតម្រូវការអង្ករនៅទីផ្សារសហគមន៍អឺរ៉ុបអាចបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រជាជនត្រូវការស្បៀងអាហារជាចាំបាច់។
«កំណើនទីផ្សារអឺរ៉ុប ក៏វាងើបឡើងវិញ ដោយសារតម្រូវការប្រហែលជាដោយសារកូវីដផង ហើយទីពីរ ដោយសារពន្ធនៅអឺរ៉ុបក៏ធ្លាក់។ ចូលឆ្នាំទីពីរនេះ វាថយពី ១៧០ អឺរ៉ូ នៅសល់ ១៥០ អឺរ៉ូវិញ។ហើយ...ចិន កំណើនទីផ្សារចិន គាត់ផ្តល់ទាំងកត្តានយោបាយ ទាំងកត្តាទីផ្សារ។ គុណភាពអីហ្នឹង វាសមប្រកបជាមួយគ្នា។ អ៊ីចឹង ធ្វើឲ្យមានកំណើនលក់នៅទីផ្សារចិនច្រើនគួរសម»។
ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក សហភាពអឺរ៉ុបបានកំណត់ពន្ធរយៈពេល ៣ ឆ្នាំ លើអង្ករនាំចូលពីកម្ពុជា និងភូមា ក្នុងគោលបំណងការពារអ្នកផលិតអង្ករក្នុងសហភាពអឺរ៉ុប ដូចជាអ៊ីតាលី បន្ទាប់ពីមានការកើនឡើងនៃការនាំអង្ករពីប្រទេសនៅអាស៊ីទាំងពីរនេះ ចូលទីផ្សារសហភាពអឺរ៉ុប។ ពន្ធនេះនឹងថយចុះបន្តិចពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមលោក លន់ យេង ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២០ នេះ ការនាំអង្ករចេញទៅប្រទេសចិនមានប្រមាណ ៤១ ភាគរយ ស្មើនឹងជាង ១២ ម៉ឺនតោនសហគមន៍អឺរ៉ុប និងចក្រភពអង់គ្លេស មានប្រមាណ ៣២ ភាគរយ ស្មើនឹង ៩ ម៉ឺន ៧ ពាន់តោន និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន គឺព្រុយណេ និងម៉ាឡេស៊ី មានប្រមាណ ១៣ ភាគរយ ស្មើនឹង ៣ ម៉ឺន ៧ ពាន់តោន និងបណ្តាប្រទសផ្សេងទៀតមានដូចជាអូស្ត្រាលី និងនូវេសេឡង់ជាដើម។
នាយកប្រតិបត្តិនៃអង្គការសេដាក (CEDAC) លោក សម វិទូ និយាយថា ការនាំអង្ករចេញពីប្រទេសកម្ពុជាអាចនឹងកើនខ្លាំងបំផុតចំនួន ៨០ ម៉ឺនតោន មិនដល់ ១ លានតោន នោះទេ ដោយសារតែសេចក្តីត្រូវការនៃស្បៀងអាហារទូទាំងសាកលលោកក្នុងពេលប្រឈមមុខការឆ្លងវីរុសកូរ៉ូណា។
«វាអាចដោយសារតែបញ្ហាកូវីដដែរ គឺប្រទេសមួយៗត្រូវការរក្សាស្បៀង និងត្រូវការទិញស្បៀងចូលដើម្បីទប់ស្កាត់នូវ គ្រោះទុរ្ភិក្ស ឬក៏បញ្ហាដែលខ្វះស្បៀង អ៊ីចឹង។ វាមានតម្រូវការខ្ពស់ ហើយដោយសារតែមួយទៀត គឺទាក់ទងទៅនឹង យើងឃើញថា ការចំណាយផ្សេងៗ ដែលប្រជាជននៅលើពិភពលោក ចំណាយគឺរាល់ថ្ងៃហ្នឹងគឺ គេអត់មានចំណាយទៅលើសម្ភារៈប្រើប្រាស់ ចំណាយទៅលើឡាន ឬចំណាយទៅលើអីទេ គឺភាគច្រើនគឺចំណាយធំដុំ សម្រាប់ទាំងប្រជាជនខ្មែរ ទាំងពិភពលោកហ្នឹង គឺទៅលើតែម្ហូបអាហារ ការហូបចុកហ្នឹង»។
កាលពីឆ្នាំ ២០១៥ កម្ពុជាមិនបានសម្រេចគោលដៅនាំអង្ករចេញឲ្យបាន ១ លានតោនទេ គឺបានត្រឹមតែជាងពាក់កណ្តាលតែប៉ុណ្ណោះ។ កាលពីឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការមិនសម្រេចគោលដៅនេះ បណ្ដាលមកពីកង្វះខាតទុនក្នុងការទិញស្រូវពីប្រជាកសិករ និងរោងចក្រសម្រាប់កែច្នៃ ក៏ដូចជាសម្ពាធនៃការប្រកួតប្រជែងពីក្រៅប្រទេស៕