ចក្រភពអង់គ្លេស និងប្រទេសចិនមានជម្លោះខ្លាំងមួយអំពីផែនការធ្វើឱ្យមានការងាយស្រួលជាងមុនសម្រាប់ឱ្យអ្នកស្រុកហុងកុងខ្លះទៅរស់នៅក្នុងអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសបានប្រកាសអំពីសំណើនេះកាលពីខែឧសភាជាការឆ្លើយតបនឹងការប៉ុនប៉ងរបស់ចិនដាក់កំហិតច្បាប់សន្តិសុខថ្មីមួយលើក្រុងហុងកុងនៅក្រោយមានបាតុកម្មហិង្សាប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។ ពួកអ្នករិះគន់និយាយថា សេចក្តីព្រាងច្បាប់នេះធ្វើឱ្យការរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល ឬបាតុកម្មក្លាយជាសកម្មភាពឧក្រិដ្ឋដែលអាចត្រូវចោទប្រកាន់ថា ជាភេរវកម្ម។ ពួកអ្នករិះគន់ទាំងនេះបារម្ភថា ច្បាប់នេះក៏អនុញ្ញាតឱ្យទីភ្នាក់ងារសន្តិសុខចិនតាំងមូលដ្ឋាននៅក្នុងក្រុងហុងកុងផងដែរ។
អ្នកស្រី Carrie Lam ប្រធានប្រតិបត្តិហុងកុងដែលរដ្ឋាភិបាលក្រុងប៉េកាំងបានតែងតាំងកាលពីឆ្នាំ២០១៧នោះ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ មិថុនាថា គេត្រូវការឱ្យមានច្បាប់សន្តិសុខនេះនៅក្នុងដែនដីហុងកុង។ អ្នកស្រី Lam បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅហុងកុងថា៖ «ប្រជារាស្ត្រក្រុងហុងកុងចង់មានស្ថិរភាពជាថ្មីវិញ។ ពួកគេចង់ឱ្យមានបរិយាកាសសុវត្ថិភាពដើម្បីធ្វើការងារនិងរស់នៅទីនេះ»។
អ្នកស្រីបានពណ៌នាពួកអ្នកប្រឆាំងនឹងច្បាប់សន្តិសុខថាជា «ពួកសត្រូវរបស់ប្រជារាស្ត្រ»។
ចក្រភពអង់គ្លេសនិយាយថាសេចក្តីព្រាងច្បាប់សន្តិសុខនេះជាការរំលោភច្បាស់លាស់លើសេចក្តីប្រកាសរួមគ្នារវាងចិន និងអង់គ្លេសនៅពេលអង់គ្លេសប្រគល់ហុងកុងទៅឱ្យចិនវិញកាលពីឆ្នាំ១៩៩៧។ កិច្ចព្រមព្រៀងនេះបានបង្កើតរដ្ឋធម្មនុញ្ញមួយហៅថាច្បាប់ជាមូលដ្ឋានដែលផ្តល់ឱ្យក្រុងហុងកុងឋានៈពាក់កណ្តាលស្វ័យភាពដោយមានគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលផ្តល់ឱ្យប្រជារាស្ត្រហុងកុងនូវសិទ្ធិខ្លះរួមបញ្ចូលសេរីភាពខាងនិយាយស្តីបញ្ចេញមតិ និងតុលាការឯករាជ្យ។
កាលពីថ្ងៃចន្ទ ទី១៥ មិថុនា លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បាននិយាយជាថ្មីអំពីការប្តេជ្ញារបស់អង់គ្លេសដល់កិច្ចព្រមព្រៀងនេះ។ លោកបាននិយាយប្រាប់ពួកអ្នកកាសែតថា៖ «យើងបានធ្វើការប្តេជ្ញាជាប្រវត្តិសាស្ត្រមួយដល់ប្រជារាស្ត្រហុងកុងដើម្បីការពារស្វ័យភាព និងសេរីភាពពួកគេ។ ហើយការដែលសំខាន់ជាងនេះគឺអាជ្ញាធរចិនត្រូវធ្វើដូច្នេះដែរ។ ដូច្នេះយើងនឹងឱ្យអាជ្ញាធរចិនទទួលខុសត្រូវអំពីបញ្ហានេះ»។
ជាផ្នែកមួយនៃការប្តេជ្ញានេះ ចក្រភពអង់គ្លេសទំនងជាអាចអនុញ្ញាតឱ្យអ្នកស្រុកហុងកុងអាច«ការចាកចេញគ្រាមានអាសន្ន»។
ចក្រភពអង់គ្លេសបានចេញអ្វីដែលហៅថា លិខិតឆ្លងដែនសម្រាប់ពលរដ្ឋអង់គ្លេសនៅក្រៅប្រទេសឱ្យដល់ពួកជនដែលជាអ្នកស្រុកហុងកុងនៅមុនការប្រគល់ហុងកុងទៅឱ្យប្រទេសចិនវិញ។ រដ្ឋាភិបាលនិយាយថា នៅពេលនេះមនុស្សប្រមាណ៣សែន៥ម៉ឺននាក់កាន់លិខិតឆ្លងដែនបែបនេះហើយមនុស្សជាង២លាន៥សែននាក់ដែលបានរស់នៅហុងកុងមុនអង់គ្លេសប្រគល់ក្រុងនេះឱ្យចិនវិញមានសិទ្ធិដាក់ពាក្យសុំលិខិតឆ្លងដែននេះបាន។
រដ្ឋាភិបាលអង់គ្លេសបានស្នើធ្វើឱ្យមានការងាយស្រួលជាងមុនដល់ពួកអ្នកកាន់លិខិតឆ្លងដែននេះ និងសមាជិកគ្រួសាររបស់ពួកគេអាចទៅរស់ក្នុងប្រទេសអង់គ្លេសជាអ្វីដែលរដ្ឋាភិបាលនេះហៅថា «ផ្លូវច្បាស់លាស់មួយទៅកាន់ការមានសញ្ជាតិអង់គ្លេស» នៅពេល៥ឆ្នាំបន្ទាប់មក។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានលាតត្រដាងផែនការទាំងនេះនៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃទី៣ ខែមិថុនានៅក្នុងកាសែត The Times។ លោក Johnson បានសរសេរថា៖ «នេះជាការផ្លាស់ប្តូរធំមួយក្នុងបណ្តាការផ្លាស់ប្តូរធំៗក្នុងប្រព័ន្ធទិដ្ឋាការរបស់យើងក្នុងប្រវត្តិសាស្ត្រ។ ប្រសិនបើការណ៍នេះបង្ហាញថា ជាការចាំបាច់ចក្រភពអង់គ្លេសនឹងចាត់វិធានការនេះ»។
លោក Steve Tsang ជាសាស្ត្រាចារ្យនៅឯមហាវិទ្យាល័យខាងការសិក្សាអំពីបូព៌ាប្រទេស និងទ្វីបអាហ្វ្រិក នៃសាកលវិទ្យាល័យក្រុងឡុងដ៍។ លោកបាននិយាយតាម Skype ជាមួយ VOA កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនាថា សំណើនេះនិយាយសំដៅពួកអ្នកស្រុកហុងកុង និងគណបក្សកុម្មុយនិស្តនៅក្នុងក្រុងប៉េកាំង។
លោក Tsang បាននិយាយថា៖ «តាមផែនការអង់គ្លេសនេះនាំឲ្យហុងកុងអាចបាត់បង់ពួកមនុស្សមានជំនាញដោយច្រើនគួរសម។ តាមទស្សនៈរបស់រដ្ឋាភិបាលក្រុងប៉េកាំង ពួកគេចង់ឱ្យហុងកុងមានដំណើរការល្អ។ តែយ៉ាងណាក៏ដោយក៏អាជ្ញាធរចិនមិនប្រុងប្រៀបលះបង់ដើម្បីរក្សាទុកពួកអ្នកមានជំនាញក្នុងក្រុងហុងកុងទេ ជាពិសេសបើពួកអ្នកមានជំនាញទាំងនេះជាពួកអ្នកបង្កើតបញ្ហានាំឱ្យមានវិបត្តិសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង»។
លោក Tsang បានថ្លែងបន្ថែមថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងមានជំនឿថា ពួកគេមានជនជាតិចិនរាប់លាននាក់មានការសិក្សាខ្ពស់ពីពួកបស្ចឹមប្រទេសដែលអាចបំពេញការងារជំនួសពួកមនុស្សដែលចាកចេញពីហុងកុងហើយអាជ្ញាធរចិនក៏អាចធ្វើឱ្យហុងកុងមានជោគជ័យតទៅទៀត ហើយមានស្វាមីភក្តិជាមួយគណបក្សកុម្មុយនិស្តចិន»។
នៅពេលដែលគោលនយោបាយនេះរបស់អង់គ្លេសបានត្រូវចាត់ចែងរួចស្រេច ពួកមន្ត្រីអង់គ្លេសបានស្នើវិធានការគ្រាមានអាសន្នដើម្បីអនុញ្ញាតឱ្យពួកជនមានលិខិតឆ្លងដែន BNO ចូលក្នុងចក្រភពអង់គ្លេសបានងាយជាងមុន។ លោក Johnny Patterson ដែលជាអ្នកធ្វើការជាមួយអង្គការ Hong Kong Watch និយាយថានេះជាការផ្លាស់ប្តូរធំបំផុតនៅក្នុងគោលនយោបាយអង់គ្លេសចាប់តាំងពីអង់គ្លេសបានប្រគល់ហុងកុងទៅឱ្យប្រទេសចិនវិញ។ នៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយ VOA លោក Patterson បាននិយាយថា៖ «ការណ៍នេះផ្តល់សញ្ញាផ្លាស់ប្តូរខាងអន្តោប្រវេសន៍ប្រកបដោយសប្បុរសធម៌ និងមានន័យជាងមុនហើយក៏អាចជាសក្តានុពលនៃការផ្លាស់ប្តូរខ្លាំងមួយក្នុងទំនាក់ទំនងរវាងចិននិងអង់គ្លេសផងដែរ»។
លោកសាស្ត្រាចារ្យ Tsang និយាយបង្ហាញហេតុផលថា គោលនយោបាយមិនមានសេចក្តីលម្អិតគ្រប់គ្រាន់ទេ។ លោកថ្លែងថា៖ «ខ្ញុំយល់ថា មានការនិយាយពាំត្រណោតដោយចេតនា។អ្វីដែលរដ្ឋាភិបាលអង់គ្លេសផ្តល់ឱ្យហុងកុងគឺជាការបញ្ជូនសារមួយថា ប្រជារាស្ត្រក្រុងហុងកុងមិនបានត្រូវបំភ្លេចចោលទេ និងសារមួយទៀតទៅប្រទេសចិនថា នឹងការឆ្លើយតបពីចក្រភពអង់គ្លេសហើយសង្ឃឹមថា រដ្ឋាភិបាលចិននឹងដកថយ»។
រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា ការស្នើផ្តល់សញ្ជាតិអង់គ្លេសនេះអាចរំលោភលើសេចក្តីប្រកាសរួមគ្នាកាលពីឆ្នាំ១៩៩៧។ រហូតមកដល់ពេលថ្មីៗនេះ ចក្រភពអង់គ្លេសបានយល់ព្រមជាមួយការសម្រេចនេះ។ ការប៉ុនប៉ងរបស់ចិនក្នុងការដាក់ច្បាប់សន្តិសុខថ្មីលើហុងកុងហាក់ដូចជាបានផ្លាស់ប្តូរគំនិតរបស់រដ្ឋាភិបាលនៅក្នុងក្រុងឡុងដ៍៕
ប្រែសម្រួលដោយលោកឈឹម សុមេធ