មន្ត្រី​អាមេរិក៖​ការវាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ប្រសិទ្ធភាព

ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម ត្រូវបាន​គេ​មើល​ឃើញ ក្រោយពី​ពួកគេ​ដាក់​ទង់ជ័យ​របស់​ពួកគេ​នៅ​លើ​កំពូលភ្នំ​មួយ​ភាគ​ខាងកើត​នៃ​ទីក្រុងKobani ក្នុង​ប្រទេស​ស៊ីរី។

មន្ត្រីយោធា​ស.រ.អា.​និយាយ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​ជាង​១៣០០​លើក​ គួបផ្សំនឹង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ដែល​ខ្លាំង​ឡើងនោះ​ កំពុងតែ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ឡើងប្រឆាំង​នឹង​ប្រសិទ្ធភាព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ ដែល​ប្រតិបត្តិការ​នៅ​ប្រទេស​អ៊ីរ៉ាក់ ​ហើយ​មន្ត្រី​ក្រសួងការពារ​ជាតិ​ជាន់ខ្ពស់​បាន​បញ្ជាក់កាលពី​ថ្ងៃព្រហស្បតិ៍​អំពី​ការ​ស្លាប់​របស់​មេដឹក​នាំ​កំពូល​ចំនួន​៣នាក់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

ការវាយ​ប្រហារតាម​អាកាស​របស់​ស.រ.អា.និង​របស់​សម្ព័ន្ធមិត្ត​ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​សីហា ​បានធ្វើ​ឲ្យថ្នាក់​ដឹកនាំ​របស់​ក្រុង​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ប្រឈម​នឹង​ការលំបាក។​ យោងតាម​មន្ត្រីក្រសួង​ការពារ​ជាតិ​ជាន់ខ្ពស់​ឲ្យ​ដឹង​ថា ​គ្រាន់តែ​ក្នុង​ខែ​កន្លង​មក​ ការ​វាយ​ប្រហារ​នោះ​ បាន​សម្លាប់​មេ​ដឹកនាំ​ពួក​សកម្ម​ប្រយុទ្ធឈ្មោះ​ Haji Mutazz ​និង​មេ​បញ្ជា​ការ​កង​កម្លាំង​ឈ្មោះ​ Abd al Basit ​នៅ​ប្រទេស​អ៊ីរ៉ាក់​ និង​មេ​បញ្ជាការ​កម្លាំង​រដ្ឋ​ឥស្លាម​ឈ្មោះ ​Radwin Talib នៅ​Mosul។ ​

ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​ការ​វាយ​តម្លៃប្រកបដោយ​សុទិដ្ឋិនិយម​របស់​មេ​បញ្ជាការ​កង​កម្លាំង​ចម្រុះរួម​នៃ​ប្រតិបត្តិការ​ដែល​គេ​ហៅ​ថា​ Inherent Resolve។​លោក​ឧត្តមសេនីយ៍​ឯក​ James Terry​ នៃ​កងទ័ព​អាមេរិក​និយាយ​ថា៖​

«ពួក​រដ្ឋឥស្លាម​ត្រូវទប់ស្កាត់​ ហើយ​គេកំពុង​ប្តូរទៅ​យុទ្ធសាស្ត្រ​ការពារ​ ហើយ​កំពុង​ព្យាយាម​ការពារ​អ្វីដែល​គេ​កាន់កាប់​បច្ចុប្បន្ន»។​

លោក​ Terry ​បានប្រើពាក្យ​កាត់របស់​អារ៉ាប់ ​Daesh ​មាន​ន័យ​ថា​ រដ្ឋឥស្លាម​ ហើយ​លោក​បន្ថែម​ថា ​ការវាយ​ប្រហារ​តាម​អាកាស​បាន​បង្ហាញ​លទ្ធផល​ហើយ។​

«ពួក​រដ្ឋឥស្លាម​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការធ្វើ​ទំនាក់ទំនង​និង​ការផ្គត់ផ្គង់​ក្នុងពេល​នេះ»។​

លោក​និយាយ​ថា​ ការវាយ​ប្រហារ​នេះ​ធ្វើ​ឲ្យប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួក​រដ្ឋឥស្លាម​ក្នុង​ការ​ឃោសនាការ​ ការ​ចុះឈ្មោះ​កម្លាំង​ប្រយុទ្ធ​ថ្មី ​នឹងការ​បំភិត​បំភ័យ​គេឯង​ផង​ដែរ។​

«លោក​អ្នក​អាចមើល​ក្នុង​បណ្តាញ​សង្គម ​មើល​ព័ត៌មាន​ចេញ​ពី​កន្លែង​នានា​ ដូចជា ​Mosul​ ដែល​និយាយ​អំពី​លទ្ធភាព​ក្នុង​ការ​ប្រកាស​ដោយ​ខ្លួនឯង​អំពី​ការ​គ្រប់គ្រង​តាម​បែប​ឥស្លាម»។​

មិនមែន​អ្នក​វិភាគ​ទាំងអស់​សុទ្ធ​តែ​យល់ស្រប​តាម​ការ​សន្និដ្ឋាន​របស់​លោក ​Terry​ ទេ។​ អ្នក​វិភាគ​ក្នុង​ទស្សនាវដ្តី​ Jane's Intelligence Review​ បាន​សន្និដ្ឋាន​នៅ​សប្តាហ៍​មុន​ថា​ ការ​វាយ​ប្រហារ​តាមអាកាស​មិន​បាន​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជាដុំ​កំភួន ក្នុង​ប្រតិបត្តិការ​របស់​ពួក​រដ្ឋឥស្លាម​ទេ ​ ហើយ​ក៏​មិន​បាន​កាត់​បន្ថយ​សមត្ថ​ភាព​វាយ​លុក​របស់​ពួករដ្ឋ​ឥស្លាម​ដែរ។​

ប៉ុន្តែ​នៅ​តំបន់​ Sinjar ​ទីដែល​ការគាំទ្រ​តាម​អាកាស ​បានជួយដល់​កងកម្លាំង​ប្រយុទ្ធ​របស់​ពួក​ Kurd ​នោះ ​មាន​សុទិដ្ឋិនិយម។​

លោក​វរសេនីយ៍​ Nawkhosh ​នៃ​កងទ័ព​ Kurd ​និយាយ​ថា​ ដោយមាន​ជំនួយ​ពី​មិត្ត​របស់​យើង ​និង​សម្ព័ន្ធមិត្ត​របស់យើង​ ​ យើង​នឹង​បណ្តេញ​គេ​ចេញ​ពី​អ៊ីរ៉ាក់។​

មន្ត្រី​សម្ព័ន្ធ​មិត្ត​នៅតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ការ​ប្រឈម​មុខ​នៅតែ​មាន​នៅ​ក្នុងការ​ទាក់ទាញ​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម​កុលសម្ព័ន្ធ​ Sunni ​នៅ​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​ត្រឡប់​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ដែលកាលពី​មុខ​បាន​ឲ្យពួក​គេ​ឯកោ​នោះ។ ​

ក្រៅពី​នេះ​ក៏មាន​ចម្ងល់​អំពី​សមត្ថភាព​របស់​ពួករដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ីរី​ផង​ដែរ​ ទី​ដែល​ស.រ.អា.មានផែនការ​ស្វែងរក​និង​បណ្តុះបណ្តាល​កម្លាំង​ប្រឆាំង​និយម​កណ្តាល ​ដែល​មិន​ទាន់​ដំណើរការ​នៅ​ឡើយ​នោះ។​

លោក ​Terry ​ឧត្តមសេនីយ៍​ឯកអាមេរិក​ និយាយ​ថា​ និយាយ​រួមការ​ប្រយុទ្ធគ្នា​នៅ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។​

«ខ្ញុំនៅ​តែ​គិតថា​ យើង​កំពុង​ធ្វើ ​ទាក់ទង​នឹង​ការ​កសាង​សមត្ថភាព​ខ្លះ ​ដែល​ត្រូវ​ធ្វើនៅ​ទីនោះ​ ​ យ៉ាងតិច​ប្រហែល​៣ឆ្នាំ​ទៅ​មុខ​ទៀត»។​

ប្រែ​សម្រួលដោយ​ ​ពិន ស៊ីសុវណ្ណ