ជន​ចំណាកស្រុក​ដែល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន

នាង Mariama Ndow ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ប្រទេស​គូវ៉ែត ស្ថិត​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​ក្នុង​ក្រុង Freetown​ ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ការ​ធ្វើ​ចំណាកស្រុក​កំពុង​តែ​កើន​ឡើង។ ឥឡូវ​នេះ​ អង្គការ​នេះ​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ប្រមាណ​ជា​២៥៨លាន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ផ្សេង​ជា​ជាង​ប្រទេស​កំណើត​របស់​ពួកគេ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា តួលេខ​នេះ​ជា​កំណើន​ជិត​ពាក់​កណ្តាល​ចាប់​តាំង​ពី​ឆ្នាំ​២០០០។ កាលពី​ដើម​ខែ​មុន ជនចំណាកស្រុក​៦០នាក់​បាន​ត្រឡប់​ពី​ប្រទេស​លីប៊ី​ទៅ​ប្រទេស​សៀរ៉ាឡែអូន​វិញ​ តាមរយៈ​ជំនួយ​ពី​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IOM។ ជនចំណាកស្រុក​ដែល​មក​ពី​ប្រទេស​គូវ៉ែត​ក៏​បាន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ដែរ​នៅ​ដើម​ឆ្នាំ​នេះ។

នាង Mariama Ndow គឺ​ជា​ជនចំណាកស្រុក​ម្នាក់​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់​រយ​នាក់​ ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​សៀរ៉ាឡែអូន​ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ប្រទេស​សៀរ៉ាឡែអូន​ស្ថិត​នៅ​ក្នុង​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។

ឥឡូវ​នេះ​ នាង​កំពុង​មាន​សេរីភាព​ បន្ទាប់​ពី​បាន​ចំណាយ​រយៈពេល​១០ខែ ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ប្រទេស​គូវ៉ែត ដែល​ជា​ប្រទេស​តូច​មួយ​និង​សម្បូរ​ប្រេង​នៅ​មជ្ឈិមបូព៌ា។

ដំបូង នាង​គិត​ថា នាង​នឹង​ទៅ​ធ្វើ​ការ​ជា​សន្តិសុខ​យាម​ល្បាត​នៅ​ក្នុង​ប្រទេស​គូវ៉ែត។ នៅ​ពេល​នាង​ទៅ​ដល់​ទីនោះ នាង​ត្រូវ​បាន​ទីភ្នាក់ងារ​មួយលក់​ទៅ​ឲ្យ​គ្រួសារ​មួយ​ចំនួន​ឲ្យ​ធ្វើ​ជា​អ្នក​ធ្វើ​ការងារ​ក្នុង​ផ្ទះ។​

«ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​នៅ​ក្នុង​ប្រទេស​គូវ៉ែត។ ខ្ញុំ​តែងតែ​យំ​ជារៀងរាល់​ថ្ងៃ។ នៅ​ពេល​ខ្ញុំ​នឹក​ផ្ទះ និង​កូន​ទាំង​ពីរ​របស់​ខ្ញុំ ខ្ញុំ​យំ​ជា​រៀងរាល់​ថ្ងៃ»។

នាង​និយាយ​ថា នាង​ទទួល​បាន​ប្រាក់​ឈ្នួល​តែ​ម្តង​គត់​ក្នុង​រយៈពេល​១០ខែ​ដែល​នាង​នៅ​ទីនោះ។ នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ស្ទើរ​តែ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នៅ​ពេល​នាង​ឈឺ ក៏​គេ​មិន​អាណិតអាសូរ​នាង​ដែរ។

«ខ្ញុំ​មិន​មាន​ជម្រើស​នោះ​ទេ។ ថៅកែ​នឹង​និយាយ​ថា ទៅ​ ទៅ​ធ្វើ​ការ អ្នក​ឯង​មក​ទីនេះ​ដើម្បី​ធ្វើការ។ អ្នក​មិន​ត្រូវ​អង្គុយ​សម្រាក​នោះ​ទេ។ យើង​ទិញ​អ្នក​មក​សម្រាប់​ធ្វើ​ការងារ​នេះ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ការ»។

នាង​អាច​រត់​ចេញ​ពី​ផ្ទះ​នោះ​បាន នៅ​ពេល​ដែល​គ្រួសារ​នោះ​មិន​នៅ​ផ្ទះ។ ដោយ​មាន​ការ​ជួយ​ពី​មនុស្ស​មិន​ដែល​ស្គាល់​ម្នាក់​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​គូវ៉ែត នាង​បាន​ទៅ​ដល់​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ។

បន្ទាប់​ពី​បាន​ស្ថិត​នៅ​ក្នុង​ទីជម្រក​ផ្តល់​ដោយ​អង្គការ​នេះ​អស់​រយៈពេល​ប៉ុន្មាន​ខែ នាង​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ប្រទេស​សៀរ៉ា​ឡែអូន​វិញ ដោយ​មាន​ជំនួយ​ពី​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ។ អង្គការ​នេះ​បាន​ជួយ​នាង​ឲ្យ​ចាប់​ផ្តើម​ជីវិត​ថ្មី​ឡើង​វិញ​នៅ​ក្នុង​សង្គម​របស់​នាង ដោយ​ផ្តល់​នូវ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដើម្បី​ឲ្យ​នាង​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​មួយ។ ឥឡូវ​នេះ នាង​លក់​សម្លៀកបំពាក់ ហើយ​នាង​និយាយ​ថា វា​គ្រប់គ្រាន់​ល្មម​សម្រាប់​ឲ្យ​នាង​បន្ត​ទៅ​មុខ​ទៀត​ហើយ។

ការ​រំលោភបំពាន​លើ​ជនចំណាកស្រុក​កំពុង​កើត​ឡើង​នៅតាម​កន្លែង​ជាច្រើន។ ថ្មីៗ​នេះ នៅ​ក្នុង​ប្រទេស​លីប៊ី មាន​ការ​ចោទប្រកាន់​ថា មាន​ការ​លក់​ជនចំណាកស្រុក​ឲ្យ​ធ្វើ​ជា​ទាសករ។

ជនចំណាកស្រុក​ប្រមាណ​៦០នាក់​ត្រូវ​បាន​គេ​នាំ​ត្រឡប់​ទៅ​ប្រទេស​វិញ តាម​រយៈ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ និង​រដ្ឋាភិបាល​សៀរវ៉ា​ឡែអូន​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ហើយ​មួយ​ក្រុមទៀត​កាល​ពី​ចុង​ខែ​វិច្ឆិកា។

លោក Umaru Barrie ជា​ជនចំណាកស្រុក​ម្នាក់​ក្នុង​ចំណោម​ជនចំណាកស្រុក​នានា​ដែល​ទើប​តែ​បាន​ត្រឡប់​ពី​ប្រទេស​លីប៊ី​វិញ។ លោក​បាន​ចាកចេញ​ពី​ប្រទេស​សៀរ៉ាឡែអូន ដោយសារ​តែ​លោក​មិន​មាន​ការងារ​ធ្វើ និង​មិន​មាន​កន្លែង​ស្នាក់នៅ។

«នៅ​ពេល​ដែល​ខ្ញុំ​អស់​ប្រាក់ ខ្ញុំ​មិន​មាន​កន្លែង​ស្នាក់​នៅ​នោះ​ទេ ដូច្នេះ​ជួនកាល​ខ្ញុំ​ដេក​នៅ​តាម​ឆ្នេរសមុទ្រ ហើយ​ជួនកាល​ដេក​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ជាមួយ​ក្មេង​ប្រុស​ផ្សេង​ទៀត»។

ជនចំណាកស្រុក​ភាគច្រើន​ប្រើប្រាស់​ប្រទេស​លីប៊ី​ជា​ច្រក​ដើម្បីចូល​ទៅ​កាន់​អឺរ៉ុប។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មាន​ថា ជនចំណាកស្រុក​ប្រមាណ​៧០០.០០០នាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​លីប៊ី។ លោក Barrie និយាយ​ថា លោក​ចង់​ស្នាក់​នៅ​ក្នុង​ប្រទេស​លីប៊ី ប៉ុន្តែ​ក្រោយ​មក​បន្តិច​ លោក​បាន​ដឹង​ថា ជីវិត​របស់​លោក​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។ លោក​ក៏​បាន​រៀបរាប់​ថា លោក​មិន​មែន​ទទួល​បាន​ប្រាក់​ឈ្នួល​រាល់​ពេល​ធ្វើ​ការ​នោះ​ទេ។ ភរិយា​របស់​លោក ដែល​បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​លីប៊ី​ ក៏​ត្រូវ​គេ​ដក​ប្រាក់​ឈ្នួល​ទុក​ជា​ញឹកញាប់​ដែរ។​

នៅ​ទីបំផុត​ ពួកគេ​អាច​ទាក់ទង​ទៅ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​លីប៊ី​បាន​ ហើយ​បាន​ចាប់​ផ្តើម​ដំណើរការ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​សៀរ៉ាឡែអូន​វិញ។ លោក Barrie ភរិយា​ និង​កូនប្រុស​ម្នាក់ បាន​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​នៅ​ព្រឹក​ថ្ងៃទី១៤ ខែធ្នូ តាម​យន្តហោះ​ដែល​គេ​ជួល​មួយ​គ្រឿង។ វា​ជា​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​មួយ។

«ខ្ញុំ​មិន​មាន​ប្រាក់​ទេ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​នឹង​រស់នៅ​ជាមួយ​នឹង​ភរិយា​និង​គ្រួសារ​របស់​ខ្ញុំ»។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ក៏​បាន​ផ្តល់​ប្រាក់​ឲ្យ​លោក Barrie ដែរ ហើយ​លោក​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​បើក​អាជីវកម្ម​មួយ។ ​ឥឡូវនេះ លោក​កំពុង​ស្នាក់នៅ​ជាមួយ​នឹង​បងប្អូន​ប្រុស​របស់​លោក។ ទោះ​ជា​វា​លំបាក​ក្នុង​ការ​ចាប់​ផ្តើម​ឡើង​វិញ​ក៏​ពិតមែន ក៏​ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​និង​អរគុណ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​បាន​ជួយ​លោក​ឲ្យ​ចាកចេញ​ពី​ប្រទេស​លីប៊ី និង​បាន​ត្រឡប់​មក​ប្រទេស​កំណើត​របស់​លោក​វិញ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ