អាជ្ញាធរ​ក្រុង​ភ្នំពេញ​ព្រមាន​បិទ​ហាង​ដែល​មិន​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩

រូបឯកសារ៖ ម៉ាស៊ីន​វាស់​កម្តៅ​មួយ ​និង​ទឹក​អាល់​កុល​លាង​ដៃ​មួយ​ដប​ នៅ​មុខ​ហាង​លក់​គ្រឿង​សម្អាង​មួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ​ បាន​ព្រមាន​បិទ​ហាង​លក់​ម្ហូប​អាហារ​ទាំង​ឡាយ​ណា ​ដែល​ខកខាន​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ ​នៅ​កម្ពុជា​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ បាន​ជា​សះ​ស្បើយ​ទាំង ​១២២ ​នាក់​ហើយ ​ហើយ​គ្មាន​ការ​រាយ​ការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ទៀត​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា​ ឆ្នាំ​២០២០។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ សាលា​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា៖​ «ក្នុង​ករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ណា មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន​នោះ​ជា​បណ្តោះ​អាសន្ន»។​

អាជ្ញាធរ​លើក​ហេតុ​ផល​ថា​ ក្រោយ​ពី​មាន​ការ​ប្រកាស​ថា​ ​អ្នក​ឆ្លង​កូវីដ១៩​ នៅ​កម្ពុជា​ បាន​ជះសះ​ស្បើយ​អស់​ហើយ​នោះ ប្រជា​ពលរដ្ឋ​លែង​ខ្លាច ហើយ​លែង​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រាតត្បាត​ជា​សកល​នេះ។​

អាហារដ្ឋានមួយ​ចំនួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​ពុំ​បាន​អនុវត្ត​ការ​រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ឬ​មិន​បាន​រៀបចំ​ឲ្យ​មាន​ទឹក​អាល់កុល​ ឬ​ជែល​សម្រាប់​លាង​ដៃ នៅ​មុខ​ច្រក​ចេញ​ចូល​ហាង​ ឬ​ក៏​មិន​តម្រូវ​ឲ្យ​បុគ្គលិក​វាស់​កម្តៅ​ភ្ញៀវ​ទាំង​អស់ មុន​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ក្នុង​ហាង​នោះ​ទេ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ៕