ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងភៀសខ្លួន និងរស់នៅដោយភិតភ័យ ក្រោយមានករណីផ្ទុះហិង្សាជាមួយសមត្ថកិច្ចចម្រុះ កាលពីថ្ងៃពុធ ទី ៦ ខែមីនា។ ពលរដ្ឋអះអាងថា កម្លាំងចម្រុះបានចុះទៅបណ្តេញពួកគេចេញពីលំនៅឋាន ដុតបំផ្លាញផ្ទះសម្បែង និងសម្ភារៈរបស់ពួកគេ។
នៅក្នុងករណីផ្ទុះហិង្សាកាលពីថ្ងៃពុធ ពលរដ្ឋជាង៣០នាក់ដែលចេញមុខតវ៉ារឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរ។
ពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នៃការប៉ះទង្គិចគ្នានោះ អះអាងថា កងកម្លាំងចម្រុះជាច្រើននាក់បានចុះមកឡោមព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋ តាំងពីព្រលឹមថ្ងៃទី ៦ ខែមីនា ដោយស្រែកប្រាប់ពលរដ្ឋឱ្យចាកចេញពីលំនៅឋាន បន្ទាប់មកអាជ្ញាធរប្រើគ្រាប់បែកផ្សែង និងបាញ់រះគ្រាប់កាំភ្លើង ដែលធ្វើឱ្យពលរដ្ឋភិតភ័ត និងមួយចំនួនរងរបួស។
អ្នកស្រី ណៃ ធួន អាយុ ៤៥ ឆ្នាំ មានកូន ៤ នាក់ ដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកស្រីនិងអ្នកភូមិមួយចំនួនកំពុងគេចខ្លួន និងសុំដីពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន ដោយសារផ្ទះសម្បែង ខោអាវ និងសម្ភារៈនានា ត្រូវបានអាជ្ញាធរចម្រុះដុតបំផ្លាញចោល។
អ្នកស្រីបានរៀបរាប់សកម្មភាពដែលអាជ្ញាធរចម្រុះបណ្តេញពលរដ្ឋចេញពីលំនៅឋានយ៉ាងដូច្នេះថា៖ «ហើយក៏ហ៊ុំប្រជាពលរដ្ឋ ហើយថា ឱ្យចេញពីដី។ ចាស! ឱ្យចេញពីដី ដល់ពេលនេះទៅក៏ប្រជាពលរដ្ឋ ខ្ញុំថាឱ្យចេញ មិនដឹងចេញទៅណា ព្រោះអីខ្ញុំចេញក៏អត់ដីរស់នៅដដែល ហើយខ្ញុំក៏ងាប់[ស្លាប់]ដដែល អ៊ីចឹងយើងសុខចិត្តនៅដីហ្នឹងតែហ្មងទៅ។ បើថា ស៊ូងាប់[ស្លាប់]នៅដីហ្នឹងហ្មងទៅ បើសិនថា ងាប់[ស្លាប់]វាមានដីកប់ បើទៅទៀត វាមិនដឹងទៅប្រឡោះណា។ ដល់ពេលនិយាយប៉ុណ្ណឹងហើយ ក៏គេចុះប្រតិបត្តិការហើយ គេគប់គ្រាប់បែកផ្សែងពេញហ្នឹងទៅ ក៏កាំភ្លើងបាញ់រះ ផូងផាំង ប្រទូសរ៉ាយគ្នាហ្នឹង ហើយអ្នកដែលចាប់បានក៏ចាប់ទៅ»។
អ្នកស្រី ណៃ ធួន ប្រាប់វីអូអេថា អ្នកស្រីបានបង្កបង្កើនផល និងដំាដំណាំ ដូចជាដំឡូង ចេកលើផ្ទៃដីទំហំ ៤ ហិកតា នៅឃុំស្រយង់នោះ។ អ្នកស្រីស្នើឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យអ្នកស្រី និងពលរដ្ឋផ្សេងទៀត។
អ្នកស្រីបញ្ជាក់ថា៖ «អាជ្ញាធរបើកផ្លូវឱ្យខ្ញុំដើរ ស្រួលបួលវិញ ឱ្យមានប្លង់កម្មសិទ្ធិ[ដីធ្លី]ថា ឱ្យខ្ញុំប៉ុន្មានៗ អាចទទួលយកបាន ខ្ញុំចិញ្ចឹម[ជីវិត]។ គ្រាន់តែអាហារបីពេលទេ ខ្ញុំមិនបាន មិនចង់មាន ចង់បានអ្វី ធ្វើវិនិយោគទុន ដូចស្រុកគេ ស្រុកឯងទេ។ ប្រជាពលរដ្ឋ គឺក្រីក្របំផុតនៅពេលអ៊ីចេះដុះ[ផ្ទះ]គ្នាឆេះ អស់អ៊ីចឹងទៅវាអស់សូម្បីខោ អាវមួយចង្កេះ រត់មក។ អ្នកដែលរត់គេច ខោអាវ សូម្បីតែស្បែកជើងក៏គ្មានផង»។
បើតាមពលរដ្ឋរូបនោះ អាជ្ញាធរភូមិឃុំក៏បានចុះធ្វើសលាកបត្រសម្គាល់ក្បាលដីដល់អ្នកភូមិផងដែរ នៅពេលអ្នកស្រីបានចូលទៅរស់នៅតំបន់នោះ។
ពលរដ្ឋម្នាក់ទៀតដែលកំពុងភៀសខ្លួនដែរនោះ លោក យឺត វ័រ អាយុ ៤២ ឆ្នាំ ប្រាប់វីអូអេថា លោកបានរស់នៅក្នុងឃុំស្រយង់នេះ អស់រយៈពេល ១២ ឆ្នាំ ហើយលោកមានដីស្រែប្រមាណ ៥ ហិកតា និងដីចម្ការប្រមាណ៥ហិកតា។ លោកបញ្ជាក់ថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដែលពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុនសីលាដាម៉ិចនេះ កើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែមិនមានដំណោះស្រាយសម្រាប់ពលរដ្ឋឡើយ រហូតដល់ពេលបច្ចុប្បន្ននេះ។
លោកស្នើឱ្យថ្នាក់ដឹកនាំធ្វើកិច្ចអន្តរាគមន៍ និងកាត់ឆ្វៀលដី ឱ្យពលរដ្ឋអាស្រ័យផលបន្តទៀត។
លោកថ្លែងថា៖ «សូមឱ្យថ្នាក់ដឹកនាំ ជួយត្រួតពិនិត្យកិច្ចការហ្នឹង ហើយជួយកាត់ឆ្វៀលដីធី និងជួយគ្រប់កន្លែងទាំងអស់ ដែលឆេះ ខូចខាតហ្នឹង ជួយសងឱ្យប្រជាពលរដ្ឋវិញទៅ ពួកគាត់អត់ណាស់ ក្រណាស់ ខ្វះណាស់ បើមិនជឿទេ ខ្ញុំហ៊ានអុជធូបស្បថ»។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យសាលាខេត្តព្រះវិហារ ថ្លែងថាប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីរដ្ឋខុសច្បាប់ដែលរដ្ឋបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនសីលាដាម៉ិច ខូ អិលធីឌី ។
ក្រុមហ៊ុនសីលាដាម៉ិច ខូអ៊ិលធីឌីទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជាង ៦.៣០០ ហិកតាសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ ដែលស្ថិតក្នុងឃុំស្រយង់ អំឡុងឆ្នាំ ២០១១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគូលែន ចុះថ្ងៃទី ១ ខែឆ្នូ ឆ្នាំ ២០២៣។
លោក ណុប វុធ្ធី បញ្ជាក់បន្ថែមថា សមត្ថកិច្ចចម្រុះបានប្រើគ្រាប់បែកផ្សែង និងគ្រាប់កាំភ្លើងចំនួន២គ្រាប់ កាលពីថ្ងៃទី ៦ ខែមីនា ដើម្បីទប់ទល់នឹងការតវ៉ារបស់ពលរដ្ឋនាពេលនោះ។
លោកប្រាប់វីអូអេថា៖ «គាត់មានតាំងពីកាំបិត ពូថៅ ខ្វែវ ប្រគាក់ ដបសាំង ជំពាម បាញ់មកលើសមត្ថកិច្ច រកកាប់សមត្ថកិច្ច អ៊ីចឹងហើយយើងបានប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីឱ្យបងប្អូនទាំងអស់ចាកចេញ។ អ៊ីចឹងហើយគាត់អត់[ចេញ]ទេ មានមួយចំនួនគាត់រត់មកកាប់សមត្ថកិច្ច អ៊ីចឹងកាប់សមត្ថកិច្ចមានន័យថា សមត្ថកិច្ចការពារខ្លួន មានន័យថា លោកបាញ់២គ្រាប់ដែរ បាញ់ផ្ចុចដី ដើម្បីកុំឱ្យគាត់មកកាប់»។
លោកបន្ថែមថា អាជ្ញាធរក៏បានឃាត់ខ្លួនមនុស្សចំនួន៣៦នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសួរនាំ។
បើតាមអភិបាលរងខេត្តព្រះវិហាររូបនេះ អាជ្ញាធរធ្លាប់ដោះស្រាយទំនាស់ដីធ្លីតំបន់នោះ និងកាត់ឆ្វៀលចំនួន២លើករួចមកហើយ។
ប្រជាពលរដ្ឋដែលចេញមុខតវ៉ា ប្រាប់វីអូអេថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ នគរបាលមិនទាន់ដោះលែងពលរដ្ឋជាង ៣០ នាក់នោះនៅឡើយទេ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាននៅឡើយទេ។
លោក អំ សំអាត នាយកទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា ការប្រើប្រាស់អាវុធ និងហិង្សាក្នុងការដោះស្រាយទំនាស់ដីធ្លី មិនគួរកើតមាននោះទេ។
លោកបន្ថែមថា ករណីទំនាស់ដីធ្លីនេះ គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងត្រូវដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា។
លោកថ្លែងថា៖ «រឿងនេះ ក៏វាបាត់យូរទៅហើយដែរ ទាក់ទងការផ្ទុះអាវុធ ដោយសារតែរឿងដីធ្លីហ្នឹង។ ហើយក៏ជាលើកទីមួយ នៅរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ផងដែរ។ អ៊ីចឹងអាជ្ញាធរមូលដ្ឋានជាអ្នកអនុវត្ត ប៉ុន្តែនៅពេលដែលគេរិះគន់ គេរិះគន់ទៅដល់រាជរដ្ឋាភិបាល។ ចំណុចហ្នឹងហើយ ដែលយើងជាអង្គការសង្គមស៊ីវិលមិនចង់ឃើញទេ រាល់អំពើហិង្សា ទោះបីជាកើតឡើងចេញពីភាគីណាក៏ដោយ ជាពិសេសទៅទៀត គឺការផ្ទុះអាវុធនេះតែម្តង ដែលវាជារឿងមួយប៉ះពាល់ធ្ងន់ធ្ងរ»។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញផ្សាយអត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី ៦ ខែមីនាថា កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនបានប្រមូលផ្តុំគ្នា កាលពីថ្ងៃទី៦ ខែមីនា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន។
បើតាមអង្គការលីកាដូ ក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ច កាលពីខែមីនា ឆ្នាំ២ ០១១ នៅក្នុងឃុំស្រយង់ និងឃុំភូមិត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ អង្គការលីកាដូបន្ថែមថា ការទទួលបានដីសម្បទាននេះធ្វើឱ្យកើតមាននូវជម្លោះដីធ្លីជាមួយពលរដ្ឋរាប់រយគ្រួសារដែលរស់នៅទីនោះ៕