ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារមួយក្នុងសង្កាត់ព្រែកព្នៅបន្តទារសំណងករណីឈូសផ្ទះពង្រីកផ្លូវ៩ឆ្នាំមុន


ផ្ទះរបស់អ្នកស្រី ស៊ូ ស្រីនាង ដែលបានឈូសឆាយក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៥កាលពី៩ឆ្នាំ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ផ្ទះរបស់អ្នកស្រី ស៊ូ ស្រីនាង ដែលបានឈូសឆាយក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៥កាលពី៩ឆ្នាំ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

គ្រួសារ​មួយ​ស្ថិត​ក្នុង​សង្កាត់​ព្រែកព្នៅ ​រាជធានី​ភ្នំពេញបន្ត​ទាមទារ​សំណង​ ក្រោយ​អាជ្ញាធរ​ចម្រុះ​យក​គ្រឿងយន្ត​មក​ឈូស​ឆាយ​ផ្ទះ​ និង​ដីក្នុង​គម្រោងអភិវឌ្ឍន៍​ពង្រីក​ផ្លូវ​ជាតិ​លេខ៥ ​កាលពី​៩​ឆ្នាំ​មុន។​

អ្នកស្រី ​ស៊ូ ស្រីនាង ​ពលរដ្ឋ​រស់​នៅក្នុង​សង្កាត់​ព្រែកព្នៅ ដែលបន្ត​ទាមទារ​សំណង ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ នេះ​ថា ​កាល​ពី​ឆ្នាំ​ ២០១៥ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ស្ថិត​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ត្រូវ​បាន​ឈូស​ឆាយ ​ប៉ុន្តែ​ពួកគេ​បាន​ចាក​ចេញ​ក្រោយ​ទទួល​បាន​សំណង។​ អ្នកស្រីបន្ថែម​ថា ​នា​ពេល​នោះ​ អាជ្ញាធរនិង​ក្រសួង​សេដ្ឋកិច្ច​បាន​ហៅ​អ្នកស្រី​ទៅ​ចរចា​ទទួល​សំណង​ក្នុង​ទឹក​ប្រាក់​ ៨.០០០​ដុល្លារ ​ ប៉ុន្តែ​អ្នកស្រី​ថា ​ចំនួន​ទឹកប្រាក់​នោះ​មិន​ស្មើ​នឹង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ ​និង​ផ្ទះ​សម្បែង​របស់​អ្នកស្រី​ដែល​អាច​ប្រកប​របរ​រកស៊ី​ដោយ​សុខ​ស្រួល​នោះ​ទេ។​

អ្នកស្រី ​ស៊ូ ស្រីនាង ​បន្ថែម​ថា ​នៅ​មុន​ពេលអាជ្ញាធរ​បាន​ឈូសឆាយ​ដី ​និង​ផ្ទះ​ អ្នកស្រីប្រកប​របរ​លក់​ដូរ​គ្រឿង​ឫស្សី ​និង​ឈើ​មួយ​ចំនួន​ដែល​អាច​រក​ចំណូល សម្រាល​ដល់​ជីវភាព ​និង​ចិញ្ចឹម​កូនៗ​របស់​អ្នកស្រី​រស់​នៅ​បាន​សុខ​ស្រួល។​ ប៉ុន្តែ​អ្នកស្រី​ថា​ ផ្ទះ​ដែល​ធ្លាប់​មាន​បណ្ដោយ​ ១៦​ម៉ែត្រ ​ទទឹង​ជាង​ ៥​ម៉ែត្រ ​និង​មាន​សម្ភារៈ​ពេញ​ផ្ទះ ​ពេល​នេះ​នៅ​សល់​តែ​ទទឹង ​៣​ម៉ែត្រ ​និង​ជម្រៅជាង​ ២​ម៉ែត្រ​ប៉ុណ្ណោះ។​

អ្នកស្រី​បន្ថែម​ដោយ​អះអាង​ថា ​អ្នកស្រី​មាន​ដី​ផ្ទះ​ចំនួន ​២​ខ្នង ​ដែល​មួយ​ខ្នង​ជា​របស់​អ្នកស្រី ​និង​មួយ​ខ្នង​ទៀត​ជា​របស់​កូន​ស្រី​អ្នកស្រី ​ហើយ​ថា ​ក្នុង​ការ​រុះរើ​នោះ​ អាជ្ញាធរ​ជាច្រើន​នាក់​បាន​ដាក់​កម្លាំង ​និង​គ្រឿង​ច្រក​ឈូស​ឆាយ​ផ្ទះ​របស់​អ្នកស្រី ​ដោយ​មិន​បាន​ទុក​សម្ភារៈ​ និង​របស់​របរ​ផ្សេងៗ​ទៀត​ឱ្យ​អ្នកស្រី​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖ ​«និយាយ​ពី​ថា​ ដឹក​ជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ហ្មង។​ សួរ​ថា​ ទ្រព្យ​សម្បត្តិ​ខ្ញុំ​ខុស​អី​ បាន​យក​ទ្រព្យ​សម្បតិ្ត​ខ្ញុំ​នេះ។​ ខ្ញុំ​ខុស​ក្បត់​ជាតិ​អី​បាន​យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ​នេះ។ ​ខ្ញុំ​ឆ្ងល់​តែ​ប៉ុណ្ណឹង​ទេ! ​ប៉ះពាល់​ផ្លូវ​ថ្នល់​យក​ផ្ទះ​ខ្ញុំ ​យក​ដី​ខ្ញុំ​ធ្វើ​ផ្លូវ​សាធារណៈ​តែ​ត្រឹម​ហ្នឹង​ទេ ​ចុះ​ហេតុ​អី​មក​រុះ​ដល់​ផ្ទះ​ខ្ញុំ​នេះ ​ដឹក​យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ ​ឈើ​ព្រៃ​ខ្ញុំ​អស់​រលីង។​ តើ​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ខុស​អី?​ ខ្ញុំ​ធ្វើ​អី​ខុស​ បាន​យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ»។​

អ្នកស្រី​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ​ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ ឱ្យ​ស្វែង​រក​ដំណោះ​ស្រាយ​ និង​ផ្តល់​សំណង​ទៅ​តាម​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី​នាពេល​នោះ។​

អ្នកស្រី​និយាយ​ថា៖​ «ឥឡូវ​សួរ​ថា​ ខ្ញុំ​ចង់​បាន​លុយ ​អត់​យក​ដី​ទេ។​ តើ​លោក​មាន​ដំណោះ​ស្រាយ​ឱ្យ​ខ្ញុំ​ប៉ុន្មាន?​ គេ​[ក្រសួង​សេដ្ឋកិច្ច] ​សួរ​ថា​ ទារ​ប៉ុន្មាន? ​បើ​សួរ​ខ្ញុំ​ថា ​ទារ​ប៉ុន្មាន​ តម្លៃ​ដែល​ខ្ញុំ​ទារ​ពី​មុន ​ខ្ញុំ​ទារ​ជាង​១០​ម៉ឺន ​[ដុល្លារ]​១៧ម៉ឺន​ប៉ុន្មាន​ហ្នឹង​ ចា៎។ ​ខ្ញុំ​ទារ​ប៉ុណ្ណឹង​ ព្រោះ​ខ្ញុំ​សរុប​តាំង​ពី​ឥវ៉ាន់​ខ្ញុំ ​តំាង​ពី​ផ្ទះ​ខ្ញុំ ​តាំង​ពី​ខ្ញុំ​ខាត​ពេល​វេលា​រក​ស៊ី។​ អ្វី​គ្រប់​យ៉ាង​ទាំង​អស់ ​ហើយ​ខ្ញុំ​ទារ​ ១៧​ម៉ឺន​ជាង​នេះ​ក៏​មិន​ទាន់​រួច​តម្លៃ​ផ្ទះ​ខ្ញុំ​ដែរ»។

ផ្ទះរបស់កូនស្រីអ្នកស្រី ស៊ូ ស្រីនាង ដែលបានឈូសឆាយក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៥កាលពី៩ឆ្នាំ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ផ្ទះរបស់កូនស្រីអ្នកស្រី ស៊ូ ស្រីនាង ដែលបានឈូសឆាយក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៥កាលពី៩ឆ្នាំ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ចៅ​សង្កាត់​ព្រែក​ព្នៅ ​លោក​ ពេជ ស៊ីនួន ​ប្រាប់​វីអូអេ​ថា ​ករណី​វិវាទ​ដីធ្លី​របស់​អ្នកស្រី ​ស៊ូ ស្រីនាង​ និង​កូន​របស់​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​ជាច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​អ្នកស្រី​មិន​ព្រម​ទទួល​សំណង​ពី​អាជ្ញាធរ។ ​លោក​បន្ថែម​ថា​ អ្នកស្រី ​ស៊ូ ស្រីនាង ​បាន​ទាមទារ​សំណង​ច្រើន​ពេក​ ដែល​អាជ្ញាធរ​មិន​អាច​ផ្តល់​ឱ្យបាន។​

បើ​តាម​លោក​ចៅ​សង្កាត់​ព្រែក​ព្នៅ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ព្រែកព្នៅ​ជិត ​៩០​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍ពង្រីក​ផ្លូវ​ជាតិ​លេខ​ ៥​នោះ។​

លោក​ថ្លែង​ថា៖ ​«និយាយ​រួម​ថា ដំណោះ​ស្រាយ​អាជ្ញាធរ​គេ​ដោះស្រាយ​ច្រើន​លើក​ចំពោះ​គាត់​ហ្នឹង គាត់​ពីរគ្រួសារ​ទាំង​កូន​គាត់ ​ពី​សង្កាត់​ទៅ​ខណ្ឌ​ ទៅ​រាជធានី​ ធ្វើការ​សម្រប​សម្រួល​ដោះស្រាយ​ជូន​គាត់ ​ប៉ុន្តែ​គាត់​អត់​ទទួល​យក។ គាត់​ទាមទារ​វា​ខុស​គេ ទាមទារ​ច្រើន»។​

លោក​ ពេជ ស៊ីនួន ​បន្ថែម​ថា ​ក្រសួង​ដែល​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​រួមមាន​ក្រសួង​សាធារណ​ការ និង​ជញ្ជូន​ក៏​ព្យាយាម​សម្រប​សម្រួល​ដំណោះ​ស្រាយ​លើ​ករណី​មួយ​នេះ​ផង​ដែរ ​ប៉ុន្តែ​អ្នកស្រី ស៊ូ ស្រីនាង ​នៅ​តែ​មិន​ព្រម​ទទួល​សំណង​នោះ។​

វីអូអេ​បាន​ទាក់​ទង​ទៅ​លោក​ ផន រឹម ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ប៉ុន្តែ​លោក​ប្រាប់ឱ្យ​សួរ​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ។ ​ចំណែក​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​លោក​ មាស សុខសានសេន ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ ដោយ​ប្រាប់​ឱ្យ​ទាក់ទង​ទៅ​សាលា​រាជធានី​ភ្នំពេញ។ លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ​ថា លោក​មិនមាន​ឯកសារ​នៅ​ក្នុង​ដៃ​ឡើយ ពីព្រោះ​រឿង​នេះ​បាន​កន្លង​ទៅ​ ៩ ឆ្នាំ​ហើយ។

លោក ​ស៊ាង មួយឡៃ ​ប្រធាន​កម្មវិធី​សិទ្ធិ​រស់​នៅ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាង​ត្នោត ​ប្រាប់​វីអូអេ​ថា ​បញ្ហា​ដី​ធ្លី​របស់​អ្នកស្រី​ ស៊ូ ស្រីនាង​ បាន​អូស​បន្លាយ​ជាង​៩​ឆ្នាំ​មក​ហើយ ​ដោយ​អាជ្ញាធរ​មិន​ព្រម​ស្វែង​រក​ដំណោះ​ស្រាយ​សមស្រប​ណា​មួយ​ជូន​អ្នកស្រី​ និង​កូន​របស់​អ្នកស្រី​ឡើយ។ ​លោក​បន្ត​ថា​ នៅ​ពេល​ដែល​អ្នកស្រី​បាន​មក​រក​ជំនួយ​ពី​អង្គការ​សមាគម​ធាងត្នោត ​អ្នកស្រី​ហាក់​មាន​បញ្ហា​ផ្លូវចិត្ត​ដោយ​សារ​តែ​បាត់បង់​ផ្ទះ​សម្បែង ​និង​ដីធ្លី។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង​វា​អត់​គួរ​ណា​អូស​បន្លាយ​ទេ ​ព្រោះ​វា​នៅ​សល់​តែ​២​គ្រួសារ​ទេ​សម្រាប់​ករណី​ហ្នឹង​ ហើយ​ខ្ញុំ​គិត​ថា ​គួរ​តែ​ផ្តល់​សំណង​ឱ្យ​បាន​សមរម្យ​ដើម្បី​ឱ្យ​គាត់​រស់នៅ​ស្ងប់​ចិត្ត​ ព្រោះ​រឿង​ហ្នឹង​ វា​អូស​បន្លាយ​រាប់​ឆ្នាំ​ជិត​១០​ឆ្នាំ​ហើយ​សម្រាប់​ករណី​គាត់ ​ហើយ​មែន​ទែន​ទៅ​ គាត់​មិន​មែន​ទើប​តែ​ជួប​ករណី​ហ្នឹង​ទេ។ ​មុន​ហ្នឹង​ក៏​ធ្លាប់​បាន​បាត់​បង់​ដី​ដោយ​សារ​តែ​ការ​ពង្រីក​ផ្លូវ​ហ្នឹង​ដែរ។​ ខ្ញុំ​គិត​ថា យើង​អត់​គួរ​បំភ្លេច​គាត់​ចោល​ បើទោះបីជា​មាន​តែ​មួយ​គ្រួសារ ​ឬ​ពីរ​គ្រួសារ​ក៏​ដោយ»។​

បើ​តាម​លោក ​ស៊ាង មួយឡៃ ​អាជ្ញាធរ​មិន​គួរ​ធ្វើ​ជា​មិន​ខ្វាយ​ខ្វល់ ​និង​មិន​អើពើ​ចំពោះ​ករណី​របស់​អ្នកស្រី ​ស៊ូ ស្រីនាង​ ឡើយ។ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ស្វែង​រក​ដំណោះស្រាយ​ឱ្យ​សមរម្យ​ជូន​អ្នកស្រី ​ស៊ូ ស្រីនាង​ ដែល​អូស​បន្លាយ​ជាង​៩​ឆ្នាំ​មក​ហើយ​នោះ។​

លោក​ថ្លែង​ថា៖​ «ហើយ​សម្រាប់​ខ្ញុំ​ ​សម្រាប់​ករណី​មីង​នាង​នេះ ​ខ្ញុំ​គិត​ថា​ ចាត់​ទុក​គាត់​ជា​ផ្នែក​មួយ​នៃ​និមិត្តរូប​នៃ​ការ​តស៊ូ ​ដោយ​សារ​នៅ​ពេល​ដែល​គាត់​មិន​ព្រម ​ពេល​គាត់​មិន​សុខ​ចិត្ត​នៅ​ក្នុង​ការ​ទទួល​យក​សំណង​ដែល​ផ្តល់​ឱ្យ​ដោយ​ក្រសួង​សេដ្ឋកិច្ច។ គាត់​សុខ​ចិត្ត​អត់​យក ​ហើយ​សុខ​ចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ទំហំ​ ២​ម៉ែត្រ ​គុណ ​២​ម៉ែត្រ​ រស់​នៅ​វេទនា​រាប់​ឆ្នាំ។​ ខ្ញុំ​គិត​ថា​ ព្រោះ​តែ​គាត់​ចង់​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG