ពលរដ្ឋ​​នៅ​រាជធានី​ភ្នំពេញ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ខ្លាំង

មហាវិថី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ជនលិច​ក្នុង​អំឡុង​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣។ (ហ្វេសប៊ុក/រដ្ឋបាល​រាជធានី​ភ្នំពេញ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ផល​វិបាក​នៃ​ជំនន់​ទឹក​ភ្លៀង ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​ធ្វើ​ឱ្យ​ទឹក​ហូរ​លិច​ចូលក្នុង​ផ្ទះ​ និង​កន្លែង​លក់​ដូរ​របស់​ពួក​គេ។​

រូបភាព ​និង​វីដេអូ​នៃ​ជំនន់​ទឹក​ភ្លៀង​លិច​រថយន្ត ​ម៉ូតូ ​និង​ផ្ទះ​សម្បែង​នានា​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

បុរស​វ័យ​៦២​ឆ្នាំ ​លោក​ ហោ គីមស៊ាន់​ អ្នក​លក់​ដូរ​ចាប់ហួយ ​នៅ​ជាប់​ផ្សារបឹងត្របែក​ផ្លា​ហ្សា ​ក្នុង​ខណ្ឌ​ចម្ការ​មន​ ប្រាប់​វីអូអេ​ថា​ ផ្លូវ​នៅ​មុខ​ផ្ទះ​របស់​លោក​តែង​តែ​ជន់​លិច​ពេល​មាន​ភ្លៀង​ម្តងៗ ​ ប៉ុន្តែ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ​ទី​៣ ​ខែ​កក្កដា ​ភ្លៀង​ខ្លាំងជាង​រាល់​ដង​ដែល​ហូរ​ចូល​ដល់​ក្នុង​ផ្ទះ​របស់​លោក ​ដែល​មាន​កម្ពស់​ទឹក​ជន់​ត្រឹម​ជង្គង់។​

លោក​បញ្ជាក់​ថា៖ ​«លិច​ដែរ ​ប៉ុន្តែ​មិន​ខ្លាំង​ដល់​ពេល​ហ្នឹង​ទេ។ ​ពេល​ហ្នឹង ​ខ្លាំង​ជាង។​ ប្រហែល​ជា​គេ​ទើប​ធ្វើ​ប្រព័ន្ធ​លូ ​ទើប​ធ្វើអី​អ៊ីចឹង ​ទើប​វា​មិន​ទាន់​ហូរ​ស្រួល​ ឬ​យ៉ាង​ម៉េច។ ​យើង​អត់​ដឹង​ដែរ»។​
កំពុង​បាច​ទឹកចេញ​ពី​ក្នុង​ផ្ទះ លោក​ ហោ គីមស៊ាន់ ​បាន​រៀប​រាប់​បន្ថែមថា ទឹកតាម​ផ្លូវ​នៅ​មុខ​ផ្ទះ​របស់​លោក​ចាប់​ផ្តើម​ស្រក​អស់នៅ​ម៉ោង​ប្រមាណ​២ ​ឬ​៣​យប់ ​ប៉ុន្តែ​ក្នុង​ផ្ទះ​ទាល់​តែ​បាច​ចេញ​ទើប​អស់។​

​លោក​បន្ថែម​ថា៖ ​«ខ្ញុំ​ក្រោក​ឡើង​ម៉ោង១​ [​យប់]​ នៅ​មាន​ទឹក​ទេ​ណា៎ ​ប្រហែល​ជា​ម៉ោង​២​ម៉ោង​៣​បាន​ហូរ​អស់។ ​ប៉ុន្តែ​បើ​ក្នុង​ផ្ទះ ​បាច​បាន​អស់។ ​បើ​ក្រៅ​នេះ ​ទើប​ហូរ​ ប្រហែល​ម៉ោង​៣ ​អី [បាន]​អស់»។​

បើ​តាម​បុរស​វ័យ​៦២​ឆ្នាំ​រូប​នេះ ​ជំនន់​ទឹក​ភ្លៀង​នេះ​គឺ​ដោយសារ​អាជ្ញាធរ​កំពុង​រៀប​ចំ​ប្រព័ន្ធ​លូ​ក្នុង​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​រួច​រាល់​ ​ឬ​អាច​មក​ពី​ការ​លុប​បឹង​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​ប៉ុន្តែ​លោក​នឹង​រង់​ចាំ​មើល​បន្ត​ទៀត​ថា ​តើ​នៅ​ពេលអាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​លូ​រួច​រាល់​នឹង​មាន​ជំនន់​ទឹក​ភ្លៀង​លិច​ផ្លូវ ​និង​ផ្ទះទៀ​ត​ ឬ​យ៉ាង​ណា។​

លោក​ថា៖ ​«យើង​ពិបាក​បន្ទោស​ដែរ​រឿង​ធម្មជាតិ ​ប៉ុន្តែ​គ្រាន់​តែថា ​គេ​លុប​អាង​ ​លុប​បឹង​បួរ​អស់​ហើយ ​មាន​ស្អី​ស្តុក​ទៀត ​មាន​តែ​លុប​តាម​ដំណើរ​ហើយ»។​

​ចំណែក​អាជីវ​ករ​ម្នាក់​ទៀត ​អ្នកស្រី ​បន ណារី ​អាយុ​៣៦​ឆ្នាំ​ ដែល​លក់​ចាប់ហួយ​ នៅម្តុំ​ផ្សារ​បឹង​ត្របែក​ផ្លាហ្សា​ ក្នុង​ខណ្ឌ​ចម្ការ​មន ​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នៅម្តុំ​ផ្ទះ​អ្នក​ស្រី ​ភ្លៀង​បាន​ជន់​លិច​ត្រឹម​ជង្គង់ ​ប៉ុន្តែ​កន្លែង​ផ្សេង​ទៀត ​គឺជន់លិចត្រឹម​ចង្កេះឯ​ណោះ។​

​អ្នកស្រី​បញ្ជា​ក់​ថា៖ ​«ពេល​ខ្លះ​ ភ្លៀង​ល្មមៗ ​អី​អ៊ីចឹង។ ​វា​អត់​ដល់​ថ្នាក់​លិច​ផ្លូវ​ទេ ​ហើយ​ក៏​អត់​ដល់​ថ្នាក់​លិច​គ្រប់​កន្លែង​ដែរ។ ​ទើប​ឥឡូវ​នេះ ​គឺភ្លៀង​ខ្លាំង​ ហើយ​លិច​គ្រប់​កន្លែង​តែ​ហ្មង ដូច​ថា​ កន្លែង​គ្នា​លក់​ដូរ ​លក់អី ​អ៊ីចឹង​ គឺ​អីវ៉ាន់​គ្នា​ទទឹក​អស់​ហើយ លិច​អស់​ហើយ»។​

​អាជីវករ​រូប​នេះ​យល់​ថា​ ការ​ជន់​លិចដោយ​ជំនន់​ទឹក​ភ្លៀង​នេះ​អាច​បណ្តាល​មក​ពី​ស្ទះ​លូ ​ដោយ​អ្នកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់ ​ដោះ​ស្រាយ​ និង​រៀប​ចំប្រព័ន្ធ​លូ​ទឹក​ស្អុយ​ឱ្យ​បាន​ល្អ ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច ​និង​ដើម្បី​កុំ​ឱ្យ​ក្លិន​ទឹក​ស្អុយ​ភាយ​ចេញ​មក​ ដែល​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ដោយ​សារ​លូ​ស្ទះ​គឺ​វា​[ទឹក]​ផុល​ចេញ​មក ​លិច​ហើយ​ ហើយ​ក្លិន​ស្អុយ​ពេញ​ហ្នឹងតែហ្មង»។​

ចំណែក​លោក​ រ៉ូឡិន ឆុង ​(Roland Chong) ​អាយុ​៥១​ឆ្នាំ ​ជនជាតិ​ម៉ាឡេស៊ី​ ដែល​ជាម្ចាស់​សាលា​តន្ដ្រី​មួយ​កន្លែងក្នុង​រាជធានី​ភ្នំពេញ​ជិត​ផ្សារ​បឹង​ត្របែក​ លើក​ឡើង​ថា​សម្ភារៈ​តន្ដ្រី​របស់​លោក​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ ​ដោយ​ការ​ជន់​លិច​ទឹក ​បន្ទាប់​ពី​ភ្លៀង​ដ៏​ធំ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​កក្កដា។ ​លោក​បន្ថែម​ថា​ ទឹក​បាន​ជន់លិច​ចូល​ក្នុង​ផ្ទះ​របស់​លោក​ដែល​ជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ក្នុងរយៈ​ពេល​១១​ឆ្នាំ​ដែល​លោក​បាន​មក​រស់​នៅ​កម្ពុជា ​ហើយ​មិន​ដែល​ជួប​ប្រទះ។​

បុរសរូប​នេះ​បន្ដ​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ខូច​ខាត​សម្ភារៈ​របស់​លោក ​គឺ​ដោយ​សារ​តែ​អ្នកបើក​បរ​រថយន្ត​លឿនៗ ​ធ្វើ​ឱ្យ​ទឹក​រលក​បុក​ចូល​ខ្លាំង​ដល់​ក្នុង​ផ្ទះ។ ​លោក​ស្នើ​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បើក​បរ​រថយន្ត​បន្ថយ​ល្បឿន​ នៅ​ពេល​មាន​ទឹក​ជន់​លិច។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា ​រដ្ឋាភិបាល​អាច​ធ្វើ ​ឬ​អភិវឌ្ឍ​អ្វី​បន្ថែម​ទៀត​ទេ ឬ​មាន​បឹង​ណា​ដើម្បី​ផ្ទុក​ទឹកជន់​នោះ​ទេ ​ដូច្នេះ​សូម​កុំ​លុប​បឹង​ទំពុន ​បឹងកក់​អីហ្នឹង​ បើចេះ​តែ​លុប​អ៊ីចឹង​ លទ្ធ​ផល​គឺ​បែប​ហ្នឹង»។​

លោក​រិះគន់​ថា​ លូ​នៅ​តាម​ផ្លូវ​នៅ​តូច​ចង្អៀត​ ដែល​ពិបាក​ហូរ​ទឹក​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​មានរយៈ​ពេល​យូរ។ ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រីកប្រព័ន្ធ​លូ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នេះ។​

មក​ដល់​រសៀល​ថ្ងៃ​អង្គារ​នេះ ​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ ​ដូច​ជា​នៅ​តំបន់​ម្តុំ​បឹង​ទំពុន​ជា​ដើម ​ទឹក​មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ទេ។​

សាលា​រាជធានី​ភ្នំ​ពេញ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ទឹក​ភ្លៀង​កាល​ពី​ថ្ងៃ​ចន្ទ​មានកម្ពស់​១៥៣​មីលីម៉ែត្រ​ ដែល​ជា​កម្ពស់​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មានក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​បណ្តាល​ឱ្យ​ជំនន់​ទឹក​ភ្លៀងលិច​លង់​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន​៥ ​នៅ​តំបន់​ក្រុង​រួមមាន ​ខណ្ឌ​សែនសុខ ​មានជ័យ ​ច្បារ​អំពៅ និង​ខណ្ឌ​ពោធិ៍សែនជ័យ។ ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​«ប្រព័ន្ធ​លូ​នានា​មិន​អាច​ទប់​ជាប់​បាន​នូវ​ស្ថានភាព​បែប​នេះ»។​

សាលា​រាជធានី​បន្ថែម​ថា៖ ​«សូម​បងប្អូន​មេត្តា​យោគ​យល់ ​និង​អធ្យា​ស្រ័យ​នូវ​ស្ថាន​ភាព​បែប​នេះ ​ដែល​ជា​កត្តា​ធម្មជាតិ»។​

អភិបាល​រង​រាជ​ធានី​ភ្នំពេញ ​លោក​ កើត ឆែ ​ប្រាប់​វីអូអេ​ថា​ មូលហេតុ​នៃ​ជំនន់ទឹក​ភ្លៀង​នេះគឺ​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ ​ដែល​កើត​ឡើង​ទូទាំង​ពិភព​លោក​ មិន​មែន​តែ​ក្នុងកម្ពុជា​ឡើយ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ចង់​គូស​បញ្ជាក់​ថា ​ពី​ម្សិល​មិញ ​គឺ​ភ្លៀង​ធំ​មួយ ​ដែល​យើង​នឹង​កម្រ​ជួប​ប្រទះ​ នៅរាជ​ធានី​ភ្នំពេញ ​ដែល​តំបន់​ខ្លះ ​រហូត​ដល់​១៦០​ជាងមីលី​ម៉ែត្រ។​ ហើយ​ភ្លៀង​ធំ​ជន់​លិច​នេះ ​មាន​ផល​រំខាន​ដល់​ប្រជា​ពល​រដ្ឋ​យើង។ ​ប៉ុន្តែ​នេះ​មិន​មែន​ជា​ករណី​តែ​រាជ​ធានី​ភ្នំពេញ​ទេ។ ​ខ្ញុំ​គិត​ថា​ បង​ប្អូន​អ្នកសារ​ព័ត៌មាន​ក៏​បាន​មើល​ព័ត៌មាន​ដែរ​ គឺ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ ​គឺ​នៅ​ប្រទេស​ជប៉ុន​ និង​នៅ​ប្រទេស​ចិន​ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ។ ​អ៊ីចឹង​កត្តា​ទាំង​អស់​នេះ​កើត​ឡើងមកពី​កត្តា​ប្រែប្រួល​អាកាស​ធាតុ​ ហើយ​មិន​មែន​តែ​កម្ពុជា​ទេ ​ពិភពលោក​កំពុង​តែ​ប្រឹង​ប្រែង​ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ»។​

អភិបាល​រង​សាលារាជធានី​ភ្នំពេញ​រូប​នេះ​បន្ថែម​ថា​មិន​មាន​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នេះ​ឡើយ។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​លោក​ ប៉ាល់ ចន្ទតារា ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ជន់​លិច​ទីក្រុង​ភ្នំពេញ ​ដោយសារ​ភ្លៀង​ធំ​ ដែល​លោក​ថា​ ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ​លោក​យល់​ថា​ ការ​បោះ​ចោល​សំរាម​ជា​បញ្ហា​ចម្បង​ដែល​បង្ក​ជា​ការ​ស្ទះ​លូ​នៅ​ពេល​មាន​ភ្លៀងធំ​ម្ដងៗ។​ លោក​ក៏​សំណូម​ពរ​ដល់​ប្រជា​ពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​សណ្ដាប់​ធ្នាប់។​

​លោក​ថ្លែង​ថា៖​ «នៅ​ពេល​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្ដើម​កាយ​សំរាម​ចេញ​ពី​ប្រព័ន្ធ​លូ​ម្ដងៗ ​គ្រាន់តែ​យើង​ឃើញ​សំរាម​វា​ច្រើន​ជាង​ទឹក​ទៅ​ទៀត​ ដែល​ប្រជា​ពលរដ្ឋ​យើង​បោះ​ចោល​នៅ​តាម​លូ​ តាមប្រឡាយ​ទឹក។​ ដូច្នេះ​សំខាន់​ភ្លៀង​របៀប​ហ្នឹង ​ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​រាជធានី​ភ្នំពេញ​យើង ​យើង​បាន​រៀបចំ​ប្រព័ន្ធ​លូល្អ​ហើយ​ ប៉ុន្ដែ​គ្រាន់​តែ​ថា​ ភ្លៀង​របៀប​ហ្នឹង​ កន្លែង​ណា​ក៏​លិច​ដែរ»។​

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ លោក​ ហេង គីមហុង ​ប្រាប់​វីអូអេ​ថា​ វិបត្តិ​ជំនន់​ទឹក​ភ្លៀង​ក្នុង​មួយ​ឆ្នាំៗ ​នា​វដូវ​វស្សា​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​តែ​ជា​បញ្ហា ​ពេល​មាន​ភ្លៀង​ខ្លាំង។​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួរតែ​ឆ្លើយ​តប​បែប​វិជ្ជមាន​ក្នុង​ការ​ដោះ​ស្រាយ​ជុំវិញ​ជំនន់​ទឹក​ភ្លៀង ​ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​ដដែលៗ​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​បន្ត​លុប​បឹង​ដែល​នៅ​សេស​សល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ គួរ​តែ​កំណត់​ពី​ប្លង់​មេ​ឡើង​វិញ​ក្នុង​ការ​កសាង​ប្រព័ន្ធ​លូ​ដែល​ឆ្លើយ​តប​នឹង​ការ​រំដោះ​ទឹក​ភ្លៀង​នៅ​ក្នុង​ករណី​មាន​ភ្លៀង​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ម្តងៗ»។​

លោក​បន្ថែម​ថា​ ​កត្តា​ដែល​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នេះ​មាន​ដូចជា​កំណើន​ប្រជាជន ​លូ​មាន​ទំហំ​តូច ​និង​ជា​ពិសេស​ការ​លុប​បឹង​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

អតីត​ស្ថាបត្យករ​ និង​អ្នក​ជំនាញ​ខាង​រៀបចំ​ទីក្រុង​ដ៏ល្បី​ម្នាក់ ​គឺ​លោក ​វណ្ណ មូលីវណ្ណ​ ដែល​បាន​ទទួល​មរណ​ភាព ​កាល​ពី​ឆ្នាំ​ ២០១៧ ​បាន​ចាត់​ទុក​បឹង​នៅ​រាជធានី​ភ្នំពេញ​ ជា​កន្លែង​រំដោះ​ទឹក​ជំនន់​ដ៏​សំខាន់។​ នេះ​បើ​យោង​តាម​សៀវភៅ​ «បុរី​ខ្មែរ​សម័យ​ទំនើប»​ ​ដែល​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ ​កាល​ពី​ឆ្នាំ​ ២០០៤។ ​លោក​ វណ្ណ មូលីវណ្ណ​ បាន​សរសេរ​ថា ​ភ្នំពេញ​នៅ​តែ​ងាយ​លិច​ទឹក​ណាស់​ ហើយ​ទំនប់​ និង​ព្រែក​នានា​នៅ​ភ្នំពេញ​ជា​កន្លែង​រំដោះ​ទឹក​ដ៏​សំខាន់។

លោក ​វណ្ណ មូលីវណ្ណ​ បាន​រៀបរាប់​បន្ត​ថា​ បើ​រៀប​ចំ​ប្រព័ន្ធ​ធារា​សាស្រ្ត​បាន​ល្អ ​នោះ​ រាជធានី​ភ្នំពេញ​អាច​ចៀស​ផុត​ពី​ទឹក​លិច​បាន។​

​កាលពី​កន្លង​ទៅ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម ​គឺ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បណ្តាញ​យុវជន​កម្ពុជា​ អង្គការ​សមធម៌​កម្ពុជា ​អង្គការ​សមាគម​ធាង​ត្នោត ​ធ្លាប់​បាន​ចេញ​របាយ​ការណ៍​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ជន់​លិច​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយសារ​ការ​ចាក់ដី​បំពេញ​ផ្ទៃ​បឹងធំៗ​ ដូច​ជា​បឹង​ទំពន់ ​ឬ​បឹង​ជើងឯក​ ហើយ​ «ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទំនង​ជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឱ្យប៉ះពាល់​ធ្ងន់​ធ្ងរ​ នៅ​តំបន់​បឹង​ទំពុន»។ ​របាយ​ការណ៍​ឱ្យដឹង​ថា​ ​បឹង​ទំពុន​រង​ការ​បំផ្លិច​បំផ្លាញ ​ដោយ​សារ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​និង​លំនៅដ្ឋាន​ថ្មីៗ។​ កាលពី​ចុង​ឆ្នាំ​ ២០១៩ ​សមាគម​ធាង​តោ្នត​ក៏​បាន​ចេញ​របាយ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ ដោយ​បាន​លើក​ឡើង​អំពី​ការ​ចាក់​ដី​លុប​ផ្ទៃបឹង​ធំ​មួយ​ទៀត ​គឺ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣២៣៩​ហិកតា៕​