ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានត្អូញត្អែរអំពីបញ្ហាសាំងឡើងថ្លៃទៅដល់ ៤.៣០០ រៀលក្នុងមួយលីត្រ ដោយពួកគេស្នើឲ្យទម្លាក់តម្លៃបន្តិច ដើម្បីសម្រួលជីវភាពដែលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា តម្លៃប្រេងឡើងថ្លៃ ដោយសារតម្លៃទីផ្សារអន្តរជាតិ។
កាលពីថ្ងៃទី១៨ ខែតុលា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងក្នុងការកំណត់«ថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ» ដែលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ៣១ ខែតុលា ចំពោះសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤.៣០០ រៀលក្នុងមួយលីត្រ និងចំពោះប្រេងម៉ាស៊ូត នឹងត្រូវលក់តម្លៃ ៤ ពាន់រៀលក្នុងមួយលីត្រ។
ទាក់ទងនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃនេះ ប្រជាពលរដ្ឋ អ្នកប្រកបរបររត់រថយន្តឈ្នួល និងអ្នករត់កង់បី បានលើកអំពីបញ្ហាប្រឈម និងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ។ ហើយពួកគេចង់បានតម្លៃប្រេងឥន្ទនៈ ឬប្រេងសាំង ចុះថ្លៃជាងនេះ។
អ្នកស្រី ឃួន ចំប៉ី អាយុ៤៧ឆ្នាំ ដែលមានស្វាមីជាអ្នកបើកតាក់ស៊ីកំពង់ធំ-ភ្នំពេញ បានត្អូញត្អែរអំពីចំណូលបើករថយន្តឈ្នួលធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែស្របពេលនេះ បែរជាសាំងឡើងថ្លៃ ដែលវាធ្វើឲ្យប៉ះពាល់ចំណូលគ្រួសារយ៉ាងខ្លាំង។ អ្នកស្រីបន្តថា អ្នកស្រីត្រូវចំណាយជាង ១២ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ថ្លៃម៉ាស៊ូតដែលមានតម្លៃ ៤ ពាន់រៀលក្នុងមួយលីត្រ ធ្វើដំណើរទៅមកភ្នំពេញ។
អ្នកស្រីថ្លែងថា៖ «ថ្ងៃណាមួយ[នោះ] សឹងរកលុយចាក់ប្រេងអត់បាន ប៉ុន្តែអ៊ីអត់ដឹងរករបរអី អ៊ីចេះតែទៅមក[ភ្នំពេញ-កំពង់ធំ] ក្រែងលោបន្តិចទៀត កូវីដចប់អីទៅ ប្រទេសយើងបើកវិញ ក្រែងលោមានមនុស្សជិះវិញអ៊ីចឹងហ្ហា។ ប្រសិនបើយើងអត់រត់ពីឥឡូវហ្នឹងទេ វាដាច់ម៉ូយហ្ហា ម៉ូយឥវ៉ាន់ ក៏ដាច់ ម៉ូយមនុស្សជិះ ក៏ដាច់ដែរ»។
អ្នកស្រីបន្ថែមថា៖ «បើ[ប្រេងសាំង]ចុះថោក [ក្នុងតម្លៃ]អាចសមរម្យ [ដើម្បី]បានលុយ[សល់ខ្លះ] ដូចថា យើងអាចផ្គត់ផ្គង់គ្រួសារ ឬមួយធ្វើឡាន ធ្វើអីហ្ហា [ហើយ]បើចុះបាន ២៥ [២.៥០០រៀល] ល្អ»។
ពលរដ្ឋម្នាក់ទៀត លោក ឌុល ជីង អាយុ៧១ឆ្នាំ បានមើលឃើញថា នៅពេលដែលតម្លៃសាំងឡើងថ្លៃ វាបានជិះឥទ្ធិពលដល់តម្លៃទំនិញលើទីផ្សារដូចគ្នា ដែលការណ៍នេះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់លោកមួយផ្នែកផងដែរ។ លោកក៏ចង់ឲ្យតម្លៃសាំង ចុះថ្លៃថោកជាងនេះផងដែរ។
លោកថ្លែងថា៖ «ចង់ឲ្យសាំងចុះថ្លៃទៅ វាមិនសូវចុះសាហ៊ុយធ្វើដំណើរ។ បើសាំងចុះទៅ ឥវ៉ាន់ចុះទៅ យើងវាសល់លុយដែរ»។
ចំណែកអ្នករត់កង់បីឥណ្ឌាដែលចាក់ហ្គាស លោក អេង ណែត អាយុ៣៨ឆ្នាំ មានការត្អូញត្អែរអំពីការឡើងថ្លៃហ្គាសនេះដូចគ្នា ស្របពេលដែលសេដ្ឋកិច្ចរបស់លោក មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលកូវីដ១៩នេះ។
លោកថ្លែងថា៖ «ជួនណាបាន[លុយ] ២ម៉ឺន ទៅ៣ម៉ឺនទៅ ជួនណាបានលុយ ៤ម៉ឺនទៅវាអត់ទៀងទេ។ ហើយមិនទាន់បានមួយជើងទេ តាំងពីព្រឹកមកដល់ថ្មើហ្នឹង[ម៉ោង១០ព្រឹក] នៅដេកននៀលនៅហ្នឹង [ដោយ] ស្ងាត់អត់មានឡានចុះ[ឡានចូលមកភ្នំពេញ]។ និយាយឲ្យចំទៅគេមិនសូវដើរ តាំងពីភ្ជុំហើយ អត់សូវមានមនុស្សដើរ ស្ងាត់ណាស់»។
លោកបន្តថា៖ «ចង់ឲ្យធ្លាក់អ៊ីចឹងទៅណា ធ្លាក់សល់ត្រឹម២ពាន់[រៀល]អ៊ីចឹងទៅណា។ កាលមុនខ្ញុំបញ្ជូលតែ១៧ [១.៧០០រៀល] ឬ ១៥ [១.៥០០រៀល] ១៨ [១.៨០០រៀល] អ៊ីចឹងទៅណា [ហើយ]ត្រឹម២ពាន់យើងអាចទទួលយកបាន យើងចាក់១០លីត្រអីអស់តែ២ម៉ឺន ហើយសព្វថ្ងៃ១០លីត្រ [តម្លៃ]២ម៉ឺន៥ពាន់ លើស៥ពាន់[រៀល]អ៊ីចឹង»។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បញ្ហាតម្លៃប្រេងកើនឡើងបែបនេះ គឺដោយសារតែតម្លៃប្រេងអន្តរជាតិមានការប្រែប្រួល ដោយសារផលិតកម្មប្រេង មិនអាចផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែងបាន ក្នុងអំឡុងពេលដែលប្រទេសលើពិភពលោកត្រៀមបើកប្រទេសរៀងៗខ្លួនឡើងវិញ។
លោកថ្លែងថា៖ «ដូច្នេះកត្តាដែលប្រែប្រួលដល់ការកំណត់ថ្លៃប្រេងនេះ គឺថ្លៃប្រេងអន្តរជាតិដែលយើងទិញចូលពីគេ ដែលធ្វើឲ្យការគណនារបស់យើង វាធ្វើឲ្យកើនឡើងថ្លៃលក់ប្រេងក្នុងស្រុករបស់យើង។ ហើយមូលហេតុធំដែលធ្វើឲ្យតម្លៃប្រេងអន្តរជាតិកើនឡើងនេះ ក៏ដោយសារផលិតកម្ម វាឆ្លើយតបមិនទាន់ទៅនឹងតម្រូវការជាក់ស្តែង ក្រោយពេលដែលប្រទេសនានាបានចាក់វ៉ាក់សាំងហើយ ហើយត្រៀមបើកសេដ្ឋកិច្ច ហើយប្រទេសខ្លះ ក៏បើកសេដ្ឋកិច្ចរបស់ខ្លួនជាបណ្តើរៗ»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ចាត់ទុកថា ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក នៅរយៈពេលចុងក្រោយនៃវិបត្តិកូវីដ១៩ គឺតាំងពីចុងខែកញ្ញា រហូតមកដល់ខែតុលា ឆ្នាំ២០២១នេះ ដែលតម្លៃចាប់ពី៤.០០០រៀលរហូតដល់ ៤.៣០០រៀលក្នុងមួយលីត្រ។ លោកបន្ថែមថា ការឡើងថ្លៃនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ ក្នុងវិបត្តិកូវីដ១៩នេះ ប៉ុន្តែវាមិនទាន់ជះឥទ្ធិពលធ្ងន់ធ្ងរដល់តម្លៃទំនិញនៅឡើយទេ។
លោកបញ្ជាក់ថា៖ «ទីមួយ គឺយើងឃើញបរិមាណ កាត់បន្ថយនៃការផលិតរបស់ OPEC ហ្នឹង ជាមូលហេតុមួយ...ហើយមូលហេតុមួយទៀតនោះ គឺមូលហេតុការប្រែប្រួលនៅក្នុង stock market [ទីផ្សារភាគហ៊ុន] ដែលជាមូលហេតុដែលធ្វើឲ្យប្រេងហ្នឹងឡើងថ្លៃ ហើយប្រទេសអ្នកលក់ប្រេងទាំងអស់លើពិភពលោកគាត់ដំឡើងថ្លៃប្រេងទៅតាមការប្រែប្រួលច្បាប់ market [ទីផ្សារ]នេះ»។
លោក គី សេរីវឌ្ឍន៍ បន្ថែមថា ក្រុមហ៊ុនប្រេងនៅកម្ពុជា ជាក្រុមហ៊ុនសហការជាមួយរដ្ឋ ដែលបណ្តាលឲ្យតម្លៃប្រេងនេះ មានតម្លៃខ្ពស់ជាងប្រទេសជិតខាង ហើយប្រសិនបើចង់ឲ្យតម្លៃប្រេងមានការធ្លាក់ចុះ លុះត្រាតែរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូល។
លោកបន្ថែមថា៖ «រដ្ឋាភិបាលមានតែបន្ធូរពន្ធនាំចូលប្រេង ដើម្បីឲ្យថ្លៃប្រេងហ្នឹងបានធ្លាក់ចុះ។ ក៏ប៉ុន្តែយើងឃើញក្រុមហ៊ុនប្រេងនៅក្នុងប្រទេសកម្ពុជា គឺជាក្រុមហ៊ុនដែលលក់ក្នុងការសហការ...អញ្ចឹងហើយថ្លៃប្រេងនេះនៅតែខ្ពស់ប្រសិនយើងបើធៀបជាមួយប្រទេសដទៃៗទៀត...បើទោះជាមានក្រុមហ៊ុនផ្សេងជាច្រើន បានចូលមកប្រកួតប្រជែងក្នុងទីផ្សារក៏ដោយ ក៏ការប្រកួតប្រជែងនេះ មិនមែនការប្រកួតប្រជែងពេញលេញទេ គឺការប្រកួតប្រជែងបែបសហការ»។
លោក Songpon Thepnumsommanus អគ្គនាយកនៃស្ថានីយប្រេងឥន្ធនៈភីធីធីខេមបូឌា (PTT Cambodia) ដែលជាជនជាតិថៃ បានប្រាប់វីអូអេថា ការលក់ប្រេងសាំងធម្មតាក្នុងមួយលីត្រ ៤.៣០០រៀលនេះ ជាការកំណត់របស់រដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតដោយសារតម្លៃប្រេងនៅទីផ្សារអន្តរជាតិកើនឡើងផងដែរ។ នៅពេលសួរអំពីពន្ធលើប្រេងឥន្ធនៈដែលរដ្ឋាភិបាលកម្ពុជាយកពីក្រុមហ៊ុន លោកស្នើឲ្យសួរទៅរដ្ឋាភិបាលវិញ។
គួរបញ្ជាក់ថានៅថ្ងៃទី១៩ ខែតុលានេះ តាមស្ថានីយចាក់សាំងមួយចំនួនក្នុងរាជធានីភ្នំពេញ សាំងស៊ុបពែរមានតម្លៃរហូតដល់ ៤.៨៥០រៀលក្នុងមួយលីត្រ សាំងធម្មតាមានតម្លៃ ៤.៣០០រៀល ប្រេងម៉ាស៊ូតមានតម្លៃ ៤ពាន់រៀល និងហ្គាសមានតម្លៃ២.៥០០រៀល ៕