ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញនាថ្ងៃពុធនេះ បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា មានការធ្វេសប្រហែស និងយឺតយ៉ាវក្នុងការប្រមូល និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
រហូតមកដល់ល្ងាចថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសលទ្ធផលបណ្តោះអាសន្នសរុបទូទាំងប្រទេស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យនៅឡើយទេ។
ពលរដ្ឋម្នាក់វ័យ ៦៣ឆ្នាំ លោក ព្រំ សុធី ប្រាប់VOAថា គ.ជ.ប មានចេតនាធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការប្រកាសលទ្ធផលឆ្នោត។ លោកបន្ថែមថា មូលហេតុដែល គ.ជ.ប បានលើកឡើង មិនសមហេតុផល និងមិនអាចទទួលយកបាន។
អ្នករត់ម៉ូតូកង់បីរូបនេះបញ្ជាក់ថា៖
«បើគេចង់ប្រកាសរឿងហ្នឹងបើនិយាយទៅគេដឹងទាំងអស់។ ឧទាហរណ៍ដូចការប្រកាសអញ្ចឹង ជួនកាលយកពីខេត្តកំពង់ចាម កំពង់ចាមហើយភ្នំពេញ ភ្នំពេញហើយទៅកំពង់ឆ្នាំង កំពង់ឆ្នាំងហើយទៅស្ទឹងត្រែង។ ប្រកាសវាដូចជាអត់សម ហើយប្រកាសហើយឈប់រយៈពេលប្រហែលជាប៉ុន្មាននាទីដូចអង្កាល់មុនអញ្ចឹង។ ហេតុអីបានឈប់? បើយើងយកឲ្យអស់សឹមប្រកាស ខេត្តណាឲ្យដឹងខេត្តណាតែម្តងហ្មងអាហ្នឹងវាល្អ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតឈ្មោះ ម៉ែន សាម៉ន ជាកម្មករសំណង់និយាយថា បើតាមការសង្កេតរបស់លោក មូលហេតុបញ្ហាអ៊ីនធឺណិតដែល គ.ជ.ប បានលើកឡើង គឺជាការដោះសារដែលតែងកើតមានរៀងរាល់ការបោះឆ្នោត។
បុរសវ័យ៤៧ឆ្នាំរូបនេះបន្ថែមថា៖
«ឲ្យតែបោះឆ្នោតហើយរាប់លទ្ធផល គឺអ៊ីនធឺណិតដាច់ បញ្ហាបច្ចេកទេស។ អ៊ីនធឺណិតហ្នឹងវាមានទូរស័ព្ទច្រើនវាមិនត្រូវដាច់ ជាចម្លើយដោះសាររបស់មនុស្ស។ ហើយខ្ញុំកំពុងឆ្ងល់ គ.ជ.ប ខ្ញុំតាមដានប៉ុន្មានអាណត្តិ ឲ្យតែពេលរាប់សន្លឹកឆ្នោត ឲ្យតែតំបន់ដាច់ស្រយាលគឺប្រកាសមុន ហើយប្រកាសហ្នឹងចោះៗ។ ហេតុអីបានធ្វើអីចឹង?»។
ចំណែកនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កញ្ញា ឱ សុវណ្ណគង្គា លើកឡើងថា គ.ជ.ប ជាស្ថាប័នតែមួយគត់ ដែលកញ្ញាអាចជឿទុកចិត្តចំពោះលទ្ធផលបោះឆ្នោតពិតប្រាកដ។ យុវតីវ័យ២៦ឆ្នាំរូបនេះបន្ថែមថា គ.ជ.ប គួរតែត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនគួរធ្វើឲ្យមានភាពយឺតយ៉ាវដូច្នេះនោះទេ។
និស្សិត ឱ សុវណ្ណគង្គា វ័យ២៦ឆ្នាំ បានបញ្ជាក់ថា៖
«ការបោះឆ្នោតមួយអាណត្តិវាមានប្រាំឆ្នាំ អញ្ចឹងយើងដឹងហើយថា ប្រាំឆ្នាំហ្នឹងគាត់អាចកំណត់បានថា ថ្ងៃណានឹងចេញលទ្ធផល ថ្ងៃណានឹងបោះឆ្នោត។ អញ្ចឹងគាត់មិនអាច ថាមិនបានត្រៀម ធ្វេសប្រហែសអី មិនអាចប្រើពាក្យហ្នឹងបានទេ»។
គ.ជ.ប កាលពីថ្ងៃចន្ទ បានចេញសេចក្តីជូនដំណឹងមួយស្តីពីមូលហេតុដែលនាំឲ្យមានភាពរអាក់រអួល និងយឺតយ៉ាវក្នុងការផ្សាយលទ្ធផលបឋមគឺ ដោយសារការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់មក គ.ជ.ប តាមអ៊ីនធឺណិតមានភាពរអាក់រអួល និងយឺតយ៉ាវ រូបថតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពី គណៈកម្មការជាតិឃុំ-សង្កាត់បណ្តោះអាសន្ន (គឃ.សប) មានភាពមិនច្បាស់លាស់ និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោតមិនបានបំពេញពេញលេញ។
ទោះជាពលរដ្ឋមួយចំនួនបានរិះគន់លើភាពយឺតយ៉ាវនៃការប្រកាសលទ្ធផលឆ្នោតរបស់ គ.ជ.ប ប៉ុន្តែពលរដ្ឋមួយចំនួនក៏បានលើកឡើងថា ភាពយឺតយ៉ាវនេះអាចបណ្តាលមកពីការផ្ចិតផ្ចង់ប្រមូលទិន្នន័យដើម្បីផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ចៀសវាងកំហុសជាយថាហេតុណាមួយ។
លោក អ៊ុំ រ៉ាម៉ន និវត្តជនវ័យ៧៧ឆ្នាំ ប្រាប់ VOAនាថ្ងៃពុធថា ការប្រើពេលវេលាយូរសម្រាប់ប្រមូល និងរាប់សន្លឹកឆ្នោត នឹងធ្វើឲ្យការផ្សព្វផ្សាយលទ្ធផលមានភាពល្អិតល្អន់។
លោកបញ្ជាក់ថា៖
«កាលជាន់មុន កំពុងប្រកាសៗតាមវិទ្យុស្រាប់តែប្រកាសប៉ុណ្ណេះប៉ុណ្ណោះ ដូច្នេះជាការមិនប្រសើរទេ។ ស្រាប់តែ ខៀវ កាញារីទ្ធ ឡើងប្រកាសមកថាប៉ុណ្ណេះប៉ុណ្ណោះ ចប់។ ដូច្នេះមិនល្អទេ។ ដូច្នេះ គជ.ប នេះគេយកឯកសារទាំងអស់មកវិភាគ ការតវ៉ាប៉ុន្មានដោះស្រាយចប់ហើយ បានគេប្រកាសទៅ សុក្រិតតែម្តង»។
គ.ជ.ប បានផ្សព្វផ្សាយពីគម្រោងនៃការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៅល្ងាចថ្ងៃទី៤ នៃថ្ងៃបោះឆ្នោត លទ្ធផលឆ្នោតសរុបទូទាំងប្រទេសបណ្តោះអាសន្ន នៅថ្ងៃទី៧ និងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទេ។
យ៉ាងណាក៏ដោយ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃអង្គារ និងបន្តផ្ទាល់តាម Facebook លោក ហង្ស ពុទ្ធា បានប្រកាសសុំទោសប្រជាពលរដ្ឋកម្ពុជាចំពោះការយឺតយ៉ាវនេះ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះ ក៏បានព្រមានប្រើវិធានការផ្លូវច្បាប់ចំពោះជនណាដែលហ៊ានចេញ លទ្ធផលបឋមមិនផ្លូវការជាសាធារណៈ។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ប្រាប់ VOA ថា ភាពយឺតយ៉ាវក្នុងការប្រកាសលទ្ធផលការបោះឆ្នោត អាចបណ្តាលមកពី គ.ជ.ប ប្រើប្រាស់នូវវិធីសាស្រ្តថ្មីក្នុងការបញ្ជូនលទ្ធផលនៃការរាប់សន្លឹកឆ្នោតពីតាមបណ្តាខេត្ត។ លោកបន្ថែមថា បើទោះបីជាការប្រកាសលទ្ធផលមានភាពយឺតយ៉ាវ តែលោកមិនបារម្ភពីភាពមិនប្រក្រតីដែលអាចបាត់បង់លទ្ធផលណាមួយនោះទេ។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបញ្ជាក់ថា៖
«ដោយសារតែបញ្ហា Technology (បច្ចេកវិទ្យា) ជំនាញទៅលើ Technology របស់មន្រ្តីថ្នាក់ក្រោមរបស់គាត់ (មន្រ្តីរបស់ គ.ជ.ប) ហ្នឹង មិនសូវបានបណ្តុះបណ្តាលឲ្យបានគត់ហ្មត់ ឬក៏រយៈពេលនៃការបណ្តុះបណ្តាលហ្នឹងវាតក់ក្រហល់ពេក វាខ្លីពេក ដូច្នេះហើយធ្វើឲ្យសមត្ថភាពនៃការប្រព័ន្ធបច្ចេកវិទ្យាហ្នឹងវាស្ទើរ ផ្គួបគ្នាជាមួយរយៈពេលខ្លីនៃការបណ្តុះបណ្តាលពួកគាត់»។
បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់បានប្រកាសលទ្ធផលបណ្ដោះអាសន្នសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់សរុប ប៉ុន្តែលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបង្ហាញកាលពីថ្ងៃច័ន្ទ មានភាពស្រដៀងគ្នា។ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១.៦៤៦ ទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនទទួលបានឃុំ-សង្កាត់ចំនួន១.១៥៨ ដែលថយចុះពី ១.៥៩០ឃុំ-សង្កាត់កាលពីការបោះឆ្នោតឆ្នាំ២០១២។ រីឯគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនទទួលបានឃុំសង្កាត់ជិត៥០០ បើធៀបនឹងការបោះឆ្នោតក្នុងឆ្នាំ២០១២ គណបក្សជំទាស់ បានត្រឹមតែចំនួន៤០ឃុំ-សង្កាត់ប៉ុណ្ណោះ៕