នៅថ្ងៃទី២១ និង២២ ខែមេសានេះ សាស្ត្រាចារ្យ មេដឹកនាំសហគមន៍ និងអ្នកវិភាគនឹងជួបជុំគ្នានៅសាកលវិទ្យាល័យ Georgetown នៃរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីទស្សនៈវិស័យនៃការផ្លាស់ប្តូរសាសនា និងទំនាក់ទំនងយេនឌ័រនៅតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រជាពលរដ្ឋភាគច្រើនកាន់សាសនាអ៊ីស្លាម ព្រះពុទ្ធសាសនា និងគ្រិស្តសាសនា។ ខណៈដែលប្រទេសនីមួយៗនៃតំបន់នេះ កំពុងអភិវឌ្ឍជឿនលឿនទៅមុខ តំបន់អាស៊ីអាគ្នេយ៍នេះកំពុងតែផ្លាស់ប្តួរយ៉ាងឆាប់រហ័សទាំងខាងសេដ្ឋកិច្ច សង្គម និងសាសនា។
ជាផ្នែកដ៏ធំមួយនៃគម្រោងស្តីអំពីសាសនា គោលនយោបាយសាធារណៈ និងការប្រែប្រួលខាងសង្គមនៅតំបន់អាស៊ីអាគ្នេយ៍ (Religion, Public Policy, and Social Transformation in Southeast Asia) នៅដើមសប្តាហ៍ក្រោយនេះ អ្នកជំនាញនៅសហរដ្ឋអាមេរិក និងនៅតំបន់អាស៊ីអាគ្នេយ៍នឹងមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីការសិក្សាស្រាវជ្រាវខាងគោលនយោបាយ នៅក្នុងសិក្ខាសាលាស្តីអំពីការស្រាវជ្រាវជាអន្តរជាតិលើកទី២ (2nd International Research Conference)។
ក្រៅពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក គេឃើញមានអ្នកជំនាញមួយចំនួនធំតំណាងឲ្យប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ ភីលីពីន កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា នឹងពិភាក្សាគ្នាជាតុមូល ឆ្លើយតបនឹងសំណួរជុំវិញបញ្ហាការផ្លាស់ប្តូរខាងសាសនា។
ការពិភាក្សានេះគឺដើម្បីស្វែងយល់ ថាតើប្រទេសនីមួយៗអាចយកទ្រឹស្តីសាសនាមកកែប្រែឲ្យក្លាយជាចលករដ៏រួមខ្លាំងមួយ ដើម្បីការប្រែប្រួលខាងសង្គម ឬក៏ការផ្លាស់ប្តូរដ៏ប្រសើរបំផុតមួយបានយ៉ាងដូចម្តេច។ ជាពិសេស គឺដើម្បីប្រើប្រាស់ដំណើរការនៃការវិភាគទស្សនៈនេះក្នុងការបង្កើត និងកែប្រែគោលនយោបាយសាធារណៈ។
កញ្ញា សូ ហ្វារីណា អ្នកជំនាញខាងសាសនាអ៊ីស្លាម ប្រវត្តិសាស្ត្រនិយាយផ្ទាល់មាត់ និងយេនឌ័រ នៃវិទ្យាស្ថានស្លឹករឹត នឹងចូលរួមជាអ្នកវិភាគម្នាក់ដែរ។ ការវិភាគរបស់កញ្ញា ហ្វារីណា គឺផ្តោតយ៉ាងសំខាន់លើសាសនា និងយេនឌ័រនៅកម្ពុជា។
នាង សូ ហ្វារីណា ថា៖ «សាសនាគឺជាកត្តាសំខាន់ ហើយវាមិនអាចកាត់ផ្តាច់បានពីសង្គមសាធារណៈ។ ហើយសាសនាក៏អាចនាំទៅរកសន្តិភាព។ ក៏ប៉ុន្តែ សាសនាអាចត្រូវបានយកទៅប្រើប្រាស់ដោយបុគ្គល និងអ្នកនយោបាយ ដែលអាចបង្កើតឲ្យមានជម្លោះ និងសង្គ្រាមសាសនា»។
នាង ហ្វារីណា នឹងពិភាក្សាលម្អិតអំពីតួនាទីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេរីភាពសាសនា ដែលនៅកម្ពុជា យើងឃើញថា ប្រជាជនប្រមាណជិត៥០ម៉ឺននាក់គឺជាអ្នកបដិបត្តិសាសាអ៊ីស្លាម។
នាង ហ្វារីណា ថា៖ «ខ្ញុំនឹងនិយាយអំពីតួនាទីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឲ្យមានសេរីភាពសាសនានៅប្រទេសកម្ពុជា ហើយនឹងចលនាសាសនាថ្មី ជាពិសេសគឺសាសនាអ៊ីស្លាម ហើយនឹងផលប៉ះពាល់ទៅលើទំនាក់ទំនងយេនឌ័រ»។
ប្រធានបទនៃសិក្ខាសាលានេះ ដែលនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅសាកលវិទ្យាល័យ Georgetown នៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺផ្តោតសំខាន់លើការផ្លាស់ប្តូរខាងសាសនា អត្តសញ្ញាណ និងយេនឌ័រនៅតំបន់អាស៊ីអាគ្នេយ៍៕