ការសិក្សាស្រាវជ្រាវមួយរបស់ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Newcastle នៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានរកឃើញនូវទំព័រដ៏ខ្មៅងងឹតបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្រប្រទេសអូស្ត្រាលី។ ក្នុងចំណោមកន្លែងសម្លាប់រង្គាលទាំង ២៥០ កន្លែង លើកលែងតែ ១០ កន្លែងតែប៉ុណ្ណោះ គឺធ្វើឡើងដោយអ្នកតាំងពីលំនៅស្បែកសដែលធ្វើទៅលើជនជាតិដើមនៃប្រទេសអូស្ត្រាលី។
កន្លែងសម្លាប់រង្គាលនីមួយៗមានបង្ហាញលម្អិតអំពីចំនួនជនរងគ្រោះ និងមានគោលបំណងស្វែងរកអត្តសញ្ញាណអ្នកទទួលខុសត្រូវ គោលបំណងរបស់ពួកគេ និងអាវុធដែលពួកគេបានប្រើ។ ព័ត៌មានត្រូវបានបញ្ជាក់តាមរយៈប្រភពផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះមានដូចជារបាយការណ៍តាមកាសែត កំណត់ហេតុតុលាការ និងលិខិតនានាជាដើម។
ប្រវត្តិវិទូនៅសាកលវិទ្យាល័យ Newcastle ជឿថា អ្នកកាប់សម្លាប់ភាគច្រើនត្រូវបានជំរុញចិត្តឲ្យធ្វើរឿងនេះដោយសារគំនិតបែបប្រល័យពូជសាសន៍។
លោកស្រីសាស្ត្រាចារ្យ Lyndall Ryan អ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះ បាននិយាយថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការចងក្រងផែនទីនេះឡើង ពីព្រោះថា យើងពិតជាមិនដឹងថាមានអ្វីបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលីសម័យអាណានិគមនោះទេ។ នេះគឺជាព័ត៌មានថ្មីៗទាំងអស់ ហើយនៅពេលដែលអ្នកដាក់ចំណុចទីតាំងនៃការសម្លាប់រង្គាលទាំងអស់នៅលើផែនទី នោះយើងនឹងឃើញមានទីតាំងសម្លាប់រង្គាលជាច្រើន។ ខ្ញុំមកពីជំនាន់មួយដែលមានការយល់ដឹងតិចតួចអំពីព្រំដែននៃប្រទេសអូស្ត្រាលី។ ខ្ញុំធ្លាប់គិតថា ជនជាតិអឺរ៉ុបបានមកតាំងទីលំនៅនៅប្រទេសអូស្ត្រាលីដោយសន្តិវិធី ដោយមានការសម្លាប់រង្គាលតិចតួចតែប៉ុណ្ណោះទៅលើជនជាតិដើមភាគតិច។ ខ្ញុំគិតថា គម្រោងស្រាវជ្រាវរបស់ខ្ញុំនេះបង្ហាញឲ្យឃើញថា អ្វីដែលខ្ញុំធ្លាប់គិតនោះគឺមិនពិតនោះទេ»។
លោកស្រីសាស្ត្រាចារ្យ Lyndall Ryan កំណត់និយមន័យការសម្លាប់រង្គាលនេះថាជា «ការសម្លាប់ដោយមិនរើសមុខទៅលើមនុស្សដែលគ្មានអ្វីការពារខ្លួនចំនួន ៦ នាក់ ឬច្រើនជាងនេះក្នុងពេលតែមួយ»។
ក្រុមរបស់លោកស្រីសាស្ត្រាចារ្យបានបង្ហាញអំពីដំណាក់កាលមួយនៃផែនទីទីតាំងសម្លាប់រង្គាលនេះ កាលពីមួយឆ្នាំកន្លងមក ដោយបង្ហាញឲ្យឃើញពីអំពើឃោរឃៅដែលបានប្រព្រឹត្តិឡើងនៅភាគខាងកើតប្រទេសអូស្ត្រាលី ហើយឥឡូវនេះ បានបញ្ចូលកន្លែងសម្លាប់រង្គាលចំនួន ៨១ កន្លែងបន្ថែមទៀតបន្ទាប់ពីមានការស៊ើបអង្កេតហ្មត់ចត់ និងបន្ទាប់ពីទទួលបានមតិយោបល់ពីសាធារណជនមក។ ចំនួននៃទីតាំងសម្លាប់រង្គាលនេះ ត្រូវគេរំពឹងថានឹងកើនឡើងដល់ប្រហែល ៥០០ កន្លែង មុនពេលគម្រោងនេះត្រូវបានបញ្ចប់រួចរាល់ ដែលក្នុងនោះរួមទាំងការសម្លាប់ដែលបានប្រព្រឹត្តឡើងមកទល់នឹងឆ្នាំ ១៩៦០ ផងដែរ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវនេះនឹងជួយដល់វិស័យអប់រំ និងជួយបង្កើតឲ្យមាននូវបូជនីយដ្ឋានរំឭកដល់អ្នកដែលត្រូវបានគេសម្លាប់នៅក្នុង «សង្គ្រាមការពារព្រំដែន» នៃប្រវត្តិសាស្ត្រប្រទេសអូស្ត្រាលី។
នាពេលបច្ចុប្បន្ននេះ ជនជាតិដើមអូស្ត្រាលីមានចំនួនប្រមាណ ៣ ភាគរយ នៃប្រជាជនអូស្ត្រាលីសរុប ហើយពួកគេរងគ្រោះដោយសារបញ្ហាជាច្រើនដូចជា ភាពក្រីក្រ ការជាប់ពន្ធនាគារ និងជំងឺរ៉ាំរ៉ៃជាដើម៕
ប្រែសម្រួលដោយ ហេង រស្មី