ដោយមានករណីឆ្លងមេរោគកូរ៉ូណាជាង១០លាននាក់ និងអ្នកស្លាប់បានកើនលើសកន្លះលាននាក់នោះ ប្រទេសនានានៅជុំវិញពិភពលោក កំពុងត្រូវការជាចាំបាច់នូវវ៉ាក់សាំងការពារមួយដើម្បីបញ្ចប់នូវជំងឺឆ្លងនេះ។ អង្គការសុខភាពពិភពលោក បានឲ្យដឹងពីការវិវឌ្ឍទៅមុខដ៏ឆាប់រហ័សឆ្ពោះទៅរកការបញ្ចប់នៃការឆ្លងនេះ ប៉ុន្តែបាននិយាយថា វាមានឧបសគ្គជាច្រើនដែលត្រូវជម្នះ មុនពេលដែលវ៉ាក់សាំងមួយប្រភេទដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពត្រូវបានគេដាក់ឲ្យប្រើប្រាស់នោះ។
ប្រធានអ្នកវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan ប្រាប់ VOA ថា យ៉ាងហោចណាស់ មានវ៉ាក់សាំងចំនួន២០០ប្រភេទ កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ លោកស្រីបន្តថា មានវ៉ាក់សាំងចំនួនប្រហែល១០ប្រភេទ កំពុងត្រូវបានគេសាកល្បងលើមនុស្ស ហើយវ៉ាក់សាំងការពារចំនួន៣ប្រភេទនឹងត្រៀមខ្លួនរួចរាល់ចូលក្នុងដំណាក់កាលទី៣ នៃការសាកល្បង ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។
អ្នកស្រីបន្តក្នុងសម្តីដើមថា៖ «ដូច្នេះយើងកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយ គឺការសាកល្បងទៅលើវ៉ាក់សាំងទាំងនោះ។ ការសាកល្បងក្នុងដំណាក់កាលទី៣នេះ គឺជាជំហានមួយដែលនឹងបង្ហាញឲ្យដឹងច្បាស់ថា តើវ៉ាក់សាំងនោះមានប្រសិទ្ធភាពនិងសុវត្ថិភាពយ៉ាងណានោះ។ ខ្ញុំមានសង្ឃឹម និងមានសុទិដ្ឋិនិយមក្នុងរឿងនេះ។ ប៉ុន្តែអ្នកដឹងទេ ការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគឺជាការងារមួយដ៏ស្មុគស្មាញ និងមានភាពមិនប្រាកដប្រជាជាច្រើន»។
លោកស្រី Swaminathanលើកឡើងថា គេមិនគួអស់សង្ឃឹមទេ ប្រសិនបើការសាកល្បងទៅលើវ៉ាក់សាំងនោះទទួលបរាជ័យ។ លោកស្រីកត់សម្គាល់ថា មានប្រភេទនិងទម្រង់វ៉ាក់សាំងដទៃផ្សេងៗទៀត កំពុងឆ្លងកាត់នូវដំណាក់កាលសាកល្បងនេះដែរ។
លោកស្រីបានបន្តក្នុងសម្តីដើមយ៉ាងដូចនេះទៀតថា៖ «ប្រសិនជាយើងមានសំណាងល្អខ្លាំងនោះ យើងនឹងមានវ៉ាក់សាំងការពារមួយឬពីរប្រភេទ ដែលទទួលជោគជ័យនៅមុនដំណាច់ឆ្នាំនេះ។ ប៉ុន្តែយើងត្រូវរង់ចាំមើលលទ្ធផលនៃការសាកល្បងទាំងនោះ ។ យើងដឹងហើយថាវាមានការលំបាក ពីព្រោះការសាកល្បងត្រូវធ្វើនៅកន្លែងដែលកំពុងតែមានជំងឺឆ្លង។ ឧទាហរណ៍ ប្រសិនបើមានប្រទេសមួយដែលបានអភិវឌ្ឍរកវ៉ាក់សាំងការពារជំងឺនេះ ប៉ុន្តែប្រទេសនេះមិនមានលទ្ធភាពក្នុងការគ្រប់គ្រងនូវអត្រាឆ្លងរបស់ខ្លួនទេ អ៊ីចឹងគេត្រូវរកកន្លែងផ្សេងទៀតក្នុងការធ្វើតេស្តសាកល្បងនេះ»។
ក្នុងគ្រាដែលការស្រាវជ្រាវរកវ៉ាក់សាំងការពារជំងឺកំពុងតែដំណើរការទៅមុខ គេក៏មានលទ្ធផលជាទីសង្ឃឹមផងដែរ ចំពោះថ្នាំព្យាបាលជំងឺកូវីដ១៩នេះ។ ការសាកល្បងក្នុងការព្យាបាលបានបង្ហាញថា ថ្នាំព្យាបាលជំងឺ Ebola ឈ្មោះ Remdesivir អាចជួយកាត់បន្ថយពេលវេលានៃការជាសះស្បើយរបស់អ្នកជំងឺកូវីដ១៩មួយចំនួន។
ទន្ទឹមនឹងនេះដែរ ថ្នាំមួយប្រភេទទៀតឈ្មោះ dexamethasone ដែលជាថ្នាំប្រឆាំងបញ្ហាការរលាកផ្សេងៗក្នុងរាងកាយមនុស្សហាក់បីដូចជាអាចជួយកាត់បន្ថយចំនួនស្លាប់នៃអ្នកជំងឺកូវីដ១៩ដែលមានអាការរោគធ្ងន់ធ្ងរបានយ៉ាងច្រើន។ ថ្នាំប្រភេទនេះ ដែលមានក្នុងទីផ្សារជាយូរមកហើយ មានតម្លៃថោកដែលអាចជួយឲ្យអ្នកក្រអាចមានលទ្ធភាពទិញយកមកប្រើប្រាស់បាន។
ការសាកល្បងការប្រើប្រាស់ទៅលើថ្នាំគ្រុនចាញ់ hydroxycholoroquine បានបង្ហាញថា មិនមានផលប្រយោជន៍នោះទេ ហើយក្នុងករណីខ្លះទៀត អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនដែលឆ្លងមេរោគកូរ៉ូណាស្លាប់ទៀតផង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តជឿជាក់ថា ថ្នាំប្រភេទនេះអាចមានប្រសិទ្ធភាពក្នុងការជួយការពារជំងឺនេះផងដែរ។ ការសាកល្បងក្នុងកំរិតធំមួយកំពុងដំណើរការទៅលើថ្នាំប្រភេទនេះ ដើម្បីរកមើលថាតើវាពិតជាអាចជួយការពារជំងឺកូវីដ១៩ មែនឬទេនោះ៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ