ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ខ្យល់​អុកស៊ីសែន​ក្នុង​រូង​ភ្នំ​ប្រទេស​ថៃ​ពេល​ដែល​អ្នក​មុជ​ទឹក​ម្នាក់​ស្លាប់

ទាហាន​ថៃ​បន្លាយ​ខ្សែ​ចូល​ទៅ​ក្នុង​រូង​ Tham Nang Non ក្នុង​ខេត្ត​ឈាងរ៉ៃ ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស​ទាំង​១៣​នាក់ ដែល​​ជាប់​ក្នុង​រូង​នេះ កាល​ពី​ថ្ងៃទី​២៦ មិថុនា ២០១៨។

ពេល​វេលាមាន​កំណត់​សម្រាប់ការ​យកក្មេង​ប្រុស​១២​នាក់​ហើយ​និង​គ្រូបង្ហាត់​ម្នាក់​របស់​ពួកគេ​ចេញ​ពី​រូង​ដែល​លិច​ទឹក​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ថៃ។ តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ដែល​ត្រួត​ពិនិត្យ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ ​បាន​លើក​ឡើង​ពី​អាកាស​ធាតុ ​កាន់​តែ​អាក្រក់​ហើយ​ ហើយ​ការ​ផ្គត់​ផ្គង់​ខ្យល់​នៅ​ក្រោម​ដី​កាន់​តែ​រលោះ​បន្តិច​ម្តងៗ»។

​កិច្ច​ប្រតិបត្តិ​ដ៏​សំខាន់​នៅ​ខាង​ក្នុង​និង​ជុំវិញរូង​ Tham Nang Non ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​លើក​ទី១​នៅ​ពេល​ដែល​អតីត​ទាហាន​នាវា​ SEAL ​របស់​ថៃ​បាន​បាត់​បង់​ស្មារតី​ហើយ​មិន​អាច​ត្រូវ​គេ​ធ្វើ​ឲ្យ​ដឹង​ខ្លួន​វិញ​បាន។

​ពួក​អាជ្ញាធរ​និយាយថា ​លោក ​Samarn Poonan ​បាន​ស្ម័គ្រ​ចិត្ត​បំពេញ​បេសកកម្ម​នេះ​ហើយ​បាន​ស្លាប់​បន្ទាប់​ពី​អស់​ខ្យល់​ខណៈ​ដែល​ដាក់​បំពង់​ខ្យល់​នៅ​តាម​បណ្តោយ​ច្រក​ចេញ​សម្រាប់​សមាជិក​ក្រុម​កូន​ក្មេង​និង​គ្រូបង្ហាត់​របស់​ពួកគេ។

លោក​ Arpakorn Yookongkaew ​ជា​មេបញ្ជាការ​កងនាវា​ពិសេស ​SEAL​ ថៃ​បាន​និយាយ​ថា «បរិយាកាស​នៅ​ខាង​ក្នុងរូង​កំពុង​មាន​ការ​លំបាក​ខ្លាំង​ឡើងៗ។​នៅ​ពេល​ដែល​វរសេនីយត្រី​ Samarn ​បាន​ដាក់​បំពង់​ខ្យល់​នៅ​ខាង​ក្នុង​រូង​រួច​ហើយ​ៗ​លោក​បាន​វិល​ត្រឡប់​មក​វិញ»។

មរណៈភាព​របស់​លោក​ជា​គ្រោះ​ថ្នាក់​លើក​ទី១​ចាប់​តាំង​ពី​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ចាប់​ផ្តើម​ជិត​២​សប្តាហ៍​មុន ​ដែល​បញ្ជាក់​ពី​កិច្ចប្រតិបត្តិការ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដើម្បី​យក​ក្រុម​កូន​ក្មេង​ទាំង​នោះ​ចេញ​ពី​រូង​លិច​ទឹក​នោះ។

ឧត្តមសេនីយ​ទោ ​Chalongchai Chaiyakam មេ​បញ្ជាការ​ជាន់​ខ្ពស់​កងទ័ព​ម្នាក់​ទៀត​និយាយ​ថា ​បេសកកម្ម​ជា​បន្ទាន់​នៅ​ពេល​ឥឡូវ​នេះ​គឺ​ផ្តល់​បំពង់​ខ្យល់​ឲ្យ​ទៅដល់​ក្រុម​ក្មេង​ប្រុសៗ​ទាំង​នោះ។ កម្រិត​ខ្យល់​អុកស៊ីសែន​កំពុង​ថយ​ចុះ​ពីព្រោះ​តែ​ចំនួន​កម្មករ​នៅ​ខាង​ក្នុង​រូង​នោះ៕