បក្ស​សាធារណរដ្ឋ​នៅ​អាមេរិក​នឹង​គ្រប់គ្រង​សេតវិមាន​និង​សភា​ទាំងពីរ​ថ្នាក់​នៅ​ដើម​ឆ្នាំ២០២៥

The US Capitol is seen in Washington DC, on November 10, 2024. វិមាន​សភា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោននៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ២០២៤។

គណបក្ស​សាធារណរដ្ឋ​នឹង​គ្រប់គ្រង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទាំងស្រុង​នៅ​ត្រឹម​សប្តាហ៍​ទី ៣ នៃ​ខែ​មករា ឆ្នាំ ២០២៥ ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump កាន់​តំណែង​នៅ​សេតវិមាន ហើយ​គណបក្ស​របស់​លោក​មាន​សំឡេង​ភាគច្រើន​ទាំង​នៅ​ព្រឹទ្ធសភា​និង​រដ្ឋសភា។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​រាប់​សន្លឹកឆ្នោត​ចុងក្រោយ​កាលពី​ថ្ងៃ​ពុធ។

លោក Trump នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៧ របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា គឺ ២ សប្តាហ៍​ក្រោយមក​បន្ទាប់ពី​សភា​ថ្មី​ចូល​កាន់​អាសនៈ​របស់​ខ្លួន។

គណបក្ស​សាធារណរដ្ឋ​នឹង​មាន​សំឡេង ៥៣ ទល់​នឹង ៤៧ ក្នុង​ព្រឹទ្ធសភា។ បើ​ការ​បោះឆ្នោត​លើ​សេចក្តី​ស្នើច្បាប់​ណាមួយ​មាន​សំឡេង​ស្មើ​គ្នា នោះ​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក JD Vance នឹង​ជា​អ្នក​សម្រេច​ចុងក្រោយ។

ទោះជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ចំនួន ៧ សម្រាប់​អាណត្តិ ២ ឆ្នាំ​នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​ក៏ដោយ ក៏​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​អាសនៈ​យ៉ាងតិច ២១៨ រួចហើយ ដែល​ជា​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ដែល​មាន​សមាជិក​សរុប​ចំនួន ៤៣៥ រូប ក្រោយពី​គណបក្ស​នេះ​ឈ្នះ​អាសនៈ​មួយ​នៅ​រដ្ឋ Arizona កាលពី​ថ្ងៃ​ពុធ។

ក្នុង​អំឡុង​ពេល​ប្រកួត​ប្រជែង​ដណ្តើម​ជ័យជម្នះ​លើក​ទី​ពីរ​នេះ លោក Trump បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្តេញចេញ​នូវ​ជន​ចំណាកស្រុក​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ លោក Trump ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ពង្រីក​និង​បន្ត​ទៅមុខ​នូវ​ច្បាប់​ឆ្នាំ ២០១៧ ស្ដីពី​ការ​កាត់ពន្ធ​និង​ការងារ​ដែល​គ្រោង​នឹង​ផុតកំណត់​នៅ​ចុង​ឆ្នាំ ២០២៥ ដក​ចេញ​បន្ថែម​នូវ​បទប្បញ្ញត្តិ​លើ​អាជីវកម្ម ដាក់​កំហិត​លើ​ការ​គ្រប់គ្រង​អាកាសធាតុ និង​កាត់ទោស​អ្នក​ប្រឆាំង​នយោបាយ​របស់​លោក​និង​មនុស្ស​ដែល​លោក​ហៅ​ថា «សត្រូវ​ផ្ទៃក្នុង»៕