សមរភូមិរយៈពេលវែងដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានដល់ទីបញ្ចប់ហើយ ដោយលោក Donald Trump បានក្លាយជាមេដឹកនាំថ្មីនៃគណបក្សសាធារណរដ្ឋ។ សមាជិកគណបក្សសាធារណរដ្ឋនៅទូទាំងប្រទេសបានប្រតិកម្មដោយមិនមានការជឿជាក់ ខឹងសម្បារ និងទទួលយកទាំងទើសទាល់កាលពីថ្ងៃពុធ ដែលនេះបង្ហាញពីគណបក្សមួយដែលនឹងមានមេដឹកនាំថ្មីមួយ ប៉ុន្តែអនាគតរបស់គណបក្សនេះនឹងមិនមានភាពច្បាស់លាស់នោះទេ រហូតទាល់តែការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះបញ្ចប់។
សញ្ញាដំបូងបង្អស់ដែលគណបក្សនឹងមិនឯកភាពគ្នាគាំទ្រលោក Trump ជាបេក្ខជនតែងតាំងដោយគណបក្ស បានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលលោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋ Texas បានចាកចេញពីការប្រកួតប្រជែងគ្នានេះ បន្ទាប់ពីចាញ់លោក Trump យ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Indiana នោះ។ ហើយលោក John Kasich អភិបាលរដ្ឋ Ohio ក៏បានចាកចេញពីការប្រជែងគ្នានេះដើម្បីទទួលបានការតែងតាំងពីគណបក្សដែរ។ អ្នកអភិរក្សនិយមដែលសរសេរគេហទំព័រប្លុក (blog) និងថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋជាច្រើន ដោយរួមមានទាំងលោក Mark Salter អតីតជំនួយការរបស់លោក John McCain បានប្រកាសជាសាធារណៈថា ពួកគេនឹងមិនគាំទ្រលោក Trump នោះទេ ហើយអ្នកមួយចំនួនទៀតបានសន្យាដ៏មិនគួរឲ្យស្មានដល់ ថានឹងបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ដោយប្រើប្រាស់ hashtag សរសេរថា ខ្ញុំនឹងបោះឆ្នោតឲ្យលោកស្រី Clinton។
ឥឡូវនេះជម្រើសរបស់ថ្នាក់ដឹកនាំនិងសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋប្រហែលជាអាស្រ័យលើស្ថានភាពនៃបញ្ហានេះនិងភាពវៃឆ្លាតនៃនយោបាយ៕