ក្រុមអភិរក្សបែបជ្រុលនិយមក្នុងសភាសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Freedom Caucus បានប្រកាសកាលពីថ្ងៃពុធថា សមាជិកភាគច្រើនរបស់ពួកគេគាំទ្រលោក Paul Ryan សមាជិកសភានៃគណបក្សសាធារណរដ្ឋ ឲ្យធ្វើជាប្រធានសភាតំណាងរាស្រ្ត។ ចំនួននៃការគាំទ្រនេះមិនគ្រប់ចំនួន៨០ភាគរយ ដែលគេត្រូវការដើម្បីឲ្យមានការទទួលស្គាល់ជាផ្លូវការ ហើយលោក Ryan ថាលោកត្រូវការចំនួននេះដើម្បីអាចធ្វើយុទ្ធនាការយកតំណែងនេះ។
មានភាពវឹកវររយៈពេលមួយថ្ងៃ ខណៈដែលក្រុមសាធារណរដ្ឋមានការលំបាកក្នុងការស្វែងរកមេដឹកនាំថ្មី។
លោក Peter King អ្នករស់នៅទីក្រុង New York ថ្លែងថា៖ «ពួកយើងនឹងពិតជាច្របូកច្របល់ហើយ ប្រសិនបើមិនមែនជាលោក Paul Ryan ទេ ខ្ញុំមិនដឹងថាគួរជាអ្នកណានោះទេ»។
លោក Ryan បានថ្លែងថា នេះជាការងារដែលលោកមិនចង់បាន។
លោក Paul Ryan ថ្លែងថា៖ «នេះមិនមែនជាការងារដែលខ្ញុំចង់បាន ឬជាការងារដែលខ្ញុំស្វែងរកនោះទេ។ ខ្ញុំកំពុងធ្វើការងារដែលខ្ញុំចង់ធ្វើនៅក្នុងសភា។ ខ្ញុំអាចនិយាយបានថា នេះពិតជាស្ថានការណ៍ដ៏យ៉ាប់យឺន មិនមែនតែសម្រាប់សភា មិនមែនតែសម្រាប់គណបក្សសាធារណរដ្ឋនោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិទាំងមូល។ ហើយខ្ញុំគិតថា ប្រទេសរបស់យើងកំពុងត្រូវការយ៉ាងខ្លាំង (នូវ) អ្នកដែលមានភាពជាអ្នកដឹកនាំ»។
លោក Paul Ryan ដែលជាសមាជិកសភាអស់៩អាណត្តិមកហើយ បានថ្លែងកាលពីយប់ថ្ងៃពុធទៅកាន់ក្រុម Freedom Caucus ដែលជាក្រុមអភិរក្សជ្រុលនិយមនៃគណបក្សសាធារណរដ្ឋ ដើម្បីធ្វើការពិភាក្សាពីលក្ខខណ្ឌរបស់លោកក្នុងការទទួលយកមុខតំណែងដឹកនាំនេះ។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបោះឆ្នោតនោះរួចមក លោក Ryan បានថ្លែងថា វាជាជំហានវិជ្ជមានឆ្ពោះទៅកាន់ការធ្វើឲ្យមានឯកភាពនៅក្នុងក្រុមសាធារណរដ្ឋ។
លោក Raul Labrador ពលរដ្ឋរស់មកពីរដ្ឋ Idaho ថ្លែងថា៖ «ពួកយើងត្រូវដឹងថា តើលោកនឹងកែប្រែសភា របៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើការនោះដែរឬទេ នោះហើយជាអ្វីដែលពួកយើងចង់បាន»។
ការជ្រើសរើសនេះអាចមានផលប៉ះពាល់ដល់បញ្ហាជាប់គាំងផ្នែកដំណើរការរបស់ប្រទេសជាតិ។
លោក Norm Ornstein មកពីវិទ្យាស្ថានសហគ្រាសអាមេរិកថ្លែងថា៖
«ពួកគេទាមទារសកម្មភាព (រើសអ្នកដឹកនាំ) ដែលអាចផ្ចាញ់លោកអូបាម៉ា។ មេដឹកនាំសាធារណរដ្ឋដែលត្រូវជ្រើសរើសនឹងមិនអាចធ្វើរឿងទាំងអស់នោះដើម្បីតម្រូវចិត្តអ្នកទាំងនោះបានទេ។ ប្រសិនបើពួកគេពិតជាអាចធ្វើនូវទង្វើទាំងអស់ (ផ្ចាញ់លោកអូបាម៉ា) នោះពិតមែន ប្រទេសនេះនឹងឃើញថា គណបក្សសាធារណរដ្ឋមួយដែលបង្ករឿងឲ្យប្រទេសនេះបែកបាក់»។
ប៉ុន្តែពេលវេលាកាន់តែខើចហើយ ហើយជម្រើសក៏មានកំណត់ទៀត។
«ក្រុម Freedom Caucus ត្រូវតែធ្វើការសម្រេចចិត្តថា តើពួកគេចង់ឲ្យអ្នកស្រី Nancy Pelosi (ពីគណបក្សប្រជាធិបតេយ្យ) ជួយដល់គណបក្សសាធារណរដ្ឋក្នុងការជ្រើសរើសប្រធាន ឬពួកគេចង់ជ្រើសរើសប្រធានតំណាងជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋដទៃទៀត។ ខ្ញុំគិតថា នៅទីបំផុតក្រុម Freedom Caucus នឹងធ្វើការសម្រេចចិត្តថានឹងគាំទ្រលោក Paul Ryan»។
ការបោះឆ្នោតជ្រើសប្រធានសភាគ្រាន់តែជារឿងមួយក្នុងចំណោមរឿងបន្ទាន់ៗដែលសភាតំណាងរាស្រ្តស.រ.អាត្រូវសម្រេចចិត្ត។ រឿងបន្ទាន់ផ្សេងទៀតរួមមានការកំណត់កម្រិតប្រាក់បំណុលរបស់អាមេរិក ហើយនិងការជៀសវាងការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល (Government shutdown)៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា