ជាផ្នែកមួយនៃយុទ្ធនាការរបស់លោកដើម្បីឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀត អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោកបានបង្ហាញយ៉ាងច្បាស់អំពីចក្ខុវិស័យនៃការដឹកនាំជាប្រធានាធិបតីជាលើកទីពីររបស់លោក ដែលកំណត់ដោយការប្រើប្រាស់ការពង្រឹងការអនុវត្តច្បាប់សហព័ន្ធដើម្បីដាក់ពិន័យលើសត្រូវនយោបាយរបស់លោក និងការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញតាមវិធីដែលអាចធ្វើឱ្យការអនុវត្តការសម្រេចចិត្តគោលនយោបាយរបស់លោកមានប្រសិទ្ធភាពកាន់តែខ្លាំងឡើង សូម្បីតែគោលនយោបាយដែលគេមើលឃើញថាជាការងាកចេញទាំងស្រុងពីបទដ្ឋានបច្ចុប្បន្នក៏ដោយ។
ខណៈដែលសមាជិកគណបក្សប្រជាធិបតេយ្យស្ទើរតែទាំងអស់មានក្ដីបារម្ភអំពីការដឹកនាំលើកទីពីររបស់លោក Trump ដោយបានព្រមានថា ការដឹកនាំនេះនឹងដូចទៅនឹង «ការដឹកនាំបែបផ្ដាច់ការ» ប្រតិកម្មក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋចំពោះការដឹកនាំលើកទីពីររបស់លោក Trump នេះមានភាពខុសៗគ្នាយ៉ាងខ្លាំង។ សមាជិកគណបក្សសាធារណរដ្ឋខ្លះបានលើកឡើងអំពីក្ដីបារម្ភ ចំណែកឯសមាជិកគណបក្សសាធារណរដ្ឋខ្លះទៀតចាត់ទុកវោហារសាស្ត្ររបស់លោក Trump ថាមិនសូវសំខាន់ដោយនិយាយថាក្ដីបារម្ភអំពីរឿងនេះដូចជាជ្រុលហួសហេតុពេក។
ទោះជាយ៉ាងណាក៏ដោយ ភាពខុសប្លែកគ្នាចម្បងគឺថាសមាជិកគណបក្សសាធារណរដ្ឋភាគច្រើនដែលបានបង្ហាញក្ដីបារម្ភអំពីទំនោរផ្ដាច់ការរបស់លោក Trump គឺលែងជាសមាជិកសភាតទៅទៀតឬក៏បានប្រកាសអំពីការចូលនិវត្តន៍របស់ពួកគេ ដែលនេះបង្ហាញថា ការប្រឆាំងចំពោះគោលបំណងដែលបង្ហាញឡើងរបស់លោក Trump ប្រហែលជាមិនមែនជាគោលជំហរដែលអាចការពារបាននៅក្នុងគណបក្សសាធារណរដ្ឋសម័យបច្ចុប្បន្ននេះទេ។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងទៅកាន់សមាជិកសភាអាមេរិកពីសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ការសងសឹកនិងការតាមផ្ដន្ទាទោស
កាលពីពេលថ្មីៗនេះ លោក Trumpបានសន្យាចំពោះអ្នកគាំទ្ររបស់លោកថាលោកនឹងធ្វើ «ការផ្ដន្ទោទោស» ជំនួសពួកគេ ប្រសិនបើលោកអាចធ្វើជាប្រធានាធិបតីម្ដងទៀត ហើយលោកបានប្រើភាសាស្រដៀងទៅនឹងភាសាអាក្រក់បំផុតនៃរបបហ្វាស៊ីសនៅអឺរ៉ុបនៅទសវត្សរ៍ ១៩៣០ និងទសវត្សរ៍ ១៩៤០ ដោយលោកបានហៅគូប្រជែងនយោបាយរបស់លោកថា «មនុស្សចង្រៃ» និងបានព្រមានថាជនអន្តោប្រវេសន៍ «កំពុងបំពុលឈាម» របស់សហរដ្ឋអាមេរិក។
លោក Trump ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ផងដែរនៅក្នុងការចាត់ថ្នាក់ឡើងវិញនូវមន្ត្រីរដ្ឋការស៊ីវិលជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមន្ត្រីដែលមានឋានៈ «Schedule F» ដែលលោកអាចបញ្ឈប់តំណែងមន្ត្រីទាំងនេះពេលណាក៏បានប្រសិនបើលោកចង់។
សម្ព័ន្ធភាពអង្គការស្រាវជ្រាវគោលនយោបាយអភិរក្សនិយមដែលដឹកនាំដោយអង្គការ Heritage Foundation នាពេលបច្ចុប្បន្ននេះ «កំពុងពិនិត្យ» លើអ្នកគាំទ្រលោក Trump រាប់ពាន់នាក់ដែលចាប់អារម្មណ៍នៅក្នុងការបម្រើការនៅក្នុងរដ្ឋបាលលើកទីពីររបស់លោក និងដែលគេអាចរំពឹងថានឹងអនុវត្តតាមគោលបំណងរបស់លោកដោយស្មោះស្ម័គ្រ។
លោក Trump ក៏បានសន្យាផងដែរថានឹងចាត់វិធានការជាក់លាក់មួយចំនួន ដែលក្នុងនោះរួមមានទាំង «ការតាមផ្ដន្ទាទោស» លោកប្រធានាធិបតី Joe Biden និងក្រុមគ្រួសាររបស់លោក Biden ដោយប្រើ «រដ្ឋអាជ្ញាពិសេស» ផងដែរ។ ជាងនេះទៀត លោកបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាដែលរិះគន់លើលោកគួរតែបំបិទមាត់។
អ្នកគាំទ្រស្មោះស្ម័គ្របំផុតរបស់លោក Trump បានគាំទ្រការគំរាមទាំងនេះរបស់លោក។
នៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយនឹងលោក Steve Bannon ទីប្រឹក្សាសេតវិមានសម័យលោក Trump លោក Kash Patel ដែលធ្លាប់ធ្វើជាមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋបាលលោក Trump បាននិយាយថា នៅក្នុងអាណត្តិទីពីររបស់លោក Trump «យើងនឹងស្វែងរកអ្នកចូលរួមក្នុងផែនការឃុបឃិតសម្ងាត់មិនត្រឹមតែនៅក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយទៀតផង។...ជាការពិត យើងនឹងតាមផ្ដន្ទាទោសអ្នកដែលធ្វើការនៅផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលកុហកអំពីពលរដ្ឋអាមេរិកាំង ដែលជួយលោក Joe Biden ឱ្យលួចបន្លំនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ យើងនឹងតាមផ្ដន្ទាទោសអ្នក មិនថាផ្នែកព្រហ្មទណ្ឌឬផ្នែករដ្ឋប្បវេណីនោះទេ យើងនឹងគិតគូរឱ្យឃើញអំពីរឿងនេះ»។
លោក Bannon បានបន្ថែមទៅនឹងការលើកឡើងរបស់លោក Patel ថា៖ «នេះមិនមែនគ្រាន់តែជាការនិយាយបែបវោហារសាស្ត្រនោះទេ។ យើងពិតជាមិនលេងសើចនោះឡើយ»។
មេដឹកនាំផ្ដាច់ការមួយថ្ងៃ?
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក Sean Hannity នៃទូរទស្សន៍ Fox News កាលពីថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ លោក Trump មានឱកាសស្រាយក្ដីកង្វល់ដែលថាលោកនឹងមានឥរិយាបថដូចជនផ្ដាច់ការប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត។
លោក Hannity បានសួរថា៖ «ចូរបញ្ជាក់ឱ្យបានច្បាស់ ប្រសិនបើលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីម្ដងទៀត តើលោកមានផែនការរំលោភអំណាច រំលោភច្បាប់ ប្រើរដ្ឋាភិបាលដើម្បីតាមផ្ដន្ទាទោសគេឯងឬទេ?»។
លោក Trump បានឆ្លើយតបដោយមិនផ្ដល់ចម្លើយចំពោះសំណួរនេះថា៖ «អ្នកចង់មានន័យថាដូចអ្វីដែលពួកគេកំពុងធ្វើនៅពេលឥឡូវនេះ?»។
ប៉ុន្មាននាទីក្រោយមក លោក Hannity បានព្យាយាមសួរម្ដងទៀតថា៖ «មិនថាក្រោមកាលៈទេសៈណានោះទេ តើលោកហ៊ានសន្យាជាមួយនឹងពលរដ្ឋអាមេរិកាំងនៅយប់នេះថាលោកនឹងមិនរំលោភអំណាចជាដាច់ខាតដើម្បីតាមផ្តន្ទាទោសនរណាម្នាក់ឬទេ?»។
លោក Trump បានឆ្លើយថា៖ «ខ្ញុំចូលចិត្ត [ការសួររបស់] លោក។ លោកសួរខ្ញុំថា «ខ្ញុំនឹងមិនធ្វើជាមេដឹកនាំផ្ដាច់ការទេ មែនទេ?» ខ្ញុំនិយាយថា «ទេ» ក្រៅពីថ្ងៃទីមួយដែលយើងនឹងបិទព្រំដែននិងខួងយកប្រេង។ បន្ទាប់មក ខ្ញុំនឹងលែងជាមេដឹកនាំផ្ដាច់ការទៀតហើយ យល់ឬក៏អត់?»។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មិនបានឆ្លើយតបចំពោះសំណើតាមអ៊ីមែលដែលសុំឱ្យមានការបញ្ជាក់ឱ្យបានច្បាស់អំពីការលើកឡើងរបស់លោក Trump នេះទេ។
រូបឯកសារ៖ អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie អតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley អភិបាលរដ្ឋ Floriday លោក Ron DeSantis និងសហគ្រិនលោក Vivek Ramaswamy ជជែកដេញដោលគ្នានៅក្រុង Tuscaloosa រដ្ឋ Alabama កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
គណបក្សសាធារណរដ្ឋចេញការព្រមាន
នៅក្នុងការជជែកដេញដោលបឋមរបស់បេក្ខជនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី ៦ ខែធ្នូកន្លងទៅនេះ អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie បានបង្ហាញនូវរូបភាពដ៏អាក្រក់នៃអ្វីដែលលោកគិតថាជាការដឹកនាំមួយអាណត្តិទៀតរបស់លោក Trump។
លោក Christie បាននិយាយថា៖ «នេះជាបុរសកំណាចពោរពេញដោយកំហឹងដែលឥឡូវនេះចង់ធ្វើជាប្រធានាធិបតីម្ដងទៀតដោយសារតែលោកចង់តាមផ្ដន្ទាទោសលើនរណាដែលប្រឆាំងនឹងលោក នរណាដែលបានព្យាយាមធ្វើឱ្យលោកទទួលខុសត្រូវចំពោះទង្វើរបស់លោក ហើយរាល់គោលនយោបាយទាំងនេះដែលលោកបានលើកឡើងគឺអំពីការបន្តផែនការតាមផ្ដន្ទាទោស»។
លោក Christie បានបន្តថា៖ «តើខ្ញុំគិតថាលោក [Trump] និយាយលេងនៅពេលដែលលោកថាលោកជាមេដឹកនាំផ្ដាច់ការឬ? អ្វីដែលអ្នកត្រូវធ្វើគឺមើលលើប្រវត្តិសាស្ត្រ ហើយហេតុដូច្នេះហើយការមិនបាននិយាយប្រឆាំងនឹងលោក [Trump] ការរកលេសឱ្យលោក ការធ្វើពុតថាការណ៍ដែលលោកជាជនរងគ្រោះបានធ្វើឱ្យលោកកាន់តែហ៊ានឡើង...គឺថាខ្ញុំសូមនិយាយឱ្យបានច្បាស់ ទង្វើរបស់លោកគឺមិនអាចទទួលយកបាននោះទេ។ លោកមិនសក្ដិសមនឹងធ្វើជាប្រធានាធិបតីនោះឡើយ។ ចូរប្រុងប្រយ័ត្នឱ្យហើយទៅថាអ្នកនឹងទទួលបានអ្វីនៅពេលដែលលោក Trump កាន់អំណាចម្ដងទៀត។ លោកនឹងឱ្យអ្នកដឹងថាលោកនឹងដើរតួជាអ្នកផ្ដន្ទាទោសជំនួសអ្នក»។
លោក Trump មិនបានស្ថិតនៅលើឆាកជជែកដេញដោលនោះទេ ដោយលោកបានបដិសេធមិនចូលរួមនៅក្នុងការជជែកដេញដោលបឋមណាមួយ។
បេក្ខជន ៣ រូបទៀតខាងគណបក្សសាធារណរដ្ឋដែលមានវត្តមាននៅលើឆាកជជែកដេញដោលនៅពេលនោះគឺអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley អភិបាលរដ្ឋ Florida លោក Ron DeSantis និងពាណិជ្ជករលោក Vivek Ramaswamy។ បេក្ខជនទាំង ៣ រូបបានជៀសវាងធ្វើយ៉ាងណាមិនរិះគន់ខ្លាំងក្លាលើលោក Trump។ លោក Trump នៅតែនាំមុខនៅក្នុងការស្ទង់មតិលើអ្នកដែលទំនងជាអ្នកបោះឆ្នោតនៃការបោះឆ្នោបបឋម។
«ការមមើដើរចូលទៅក្នុងភាពផ្ដាច់ការ»
ក្ដីបារម្ភរបស់លោក Christie ត្រូវបានសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតគាំទ្រដូចជាលោក Mitt Romney ដែលជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Utahនិងជាបេក្ខជនប្រធានាធិបតីឆ្នាំ ២០១២ ជាដើម ដែលលោកបានប្រាប់កាសែត Washington Post កាលពីពេលថ្មីៗនេះថា មូលដ្ឋានគាំទ្រលោក Trump ហាក់ដូចជាចង់ឱ្យលោកមានឥរិយាបថដូចជាជនអាជ្ញាធិបតេយ្យ។
លោក Rommey បាននិយាយថា៖ «មូលដ្ឋានគាំទ្រលោកចូលចិត្ដទំនោរដឹកនាំបែបអាជ្ញាធិបតេយ្យ។ ខ្ញុំគិតថាពួកគេចូលចិត្តគំនិតដែលថាលោកអាចប្រើយោធានៅក្នុងកិច្ចការក្នុងប្រទេស និងថាលោកនឹងសងសឹកនិងតាមផ្តន្ទាទោស។ ហេតុដូចនេះហើយបានជាលោកលើកឡើងអំពីរឿងនេះនិងនាំមុខដាច់គេក្នុងការក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ»។
កាលពីខែកញ្ញា លោក Romney បានប្រកាសថាលោកនឹងមិនឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយនោះទេ។
អតីតសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Wyoming អ្នកស្រី Liz Cheney ដែលបានរិះគន់មិនសំចៃមាត់លើលោក Trump និងធ្លាប់បម្រើការនៅក្នុងគណៈកម្មាធិការរដ្ឋសភាដែលស៊ើបអង្កេតលើការវាយប្រហារថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភាសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ CBS News កាលពីពេលថ្មីៗនេះថា អ្នកស្រីមើលឃើញយ៉ាងច្បាស់ថាការដឹកនាំលើកទីពីររបស់លោក Trump នឹងទៅជាយ៉ាងណា។
អ្នកស្រីបាននិយាយថា៖ «រឿងមួយដែលយើងឃើញកំពុងកើតឡើងនៅពេលបច្ចុប្បន្នគឺការមមើដើរចូលទៅក្នុងភាពផ្ដាច់ការនៅក្នុងសហរដ្ឋអាមេរិក»។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នាក្នុងកិច្ចប្រជុំមូួយនៃអំឡុងកិច្ចប្រជុំកំពូល G-20 នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
មិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរទេ
អ្នកកាន់តំណែងបច្ចុប្បន្នខាងគណបក្សសាធារណរដ្ឋដែលគាំទ្រលោក Trump ជារឿយៗចាត់ទុកថាមិនសូវសំខាន់ចំពោះការលើកឡើងរបស់លោកដែលថាលោកនឹងប្រើឃ្នាស់អំណាចរដ្ឋាភិបាលដើម្បីដាក់ទោសអ្នករិះគន់លោក។
នៅក្នុងអំឡុងការជជែកដេញដោលកាលពីថ្ងៃទី ៦ ខែធ្នូ លោក DeSantis បានច្រានចោលក្ដីកង្វល់ដែលថាលោក Trump នឹងមានឥរិយាបថដូចជនផ្ដាច់ការនៅក្នុងការដឹកនាំលើកទីពីរប្រសិនបើលោក Trump ជាប់ឆ្នោត។
លោក DeSantis បាននិយាយថា៖ «ចូរមើលទៅ! ប្រព័ន្ធផ្សព្វផ្សាយកំពុងចាត់ទុកថាធំដុំខ្លាំងចំពោះអ្វីដែលលោក Trump បាននិយាយអំពីការលើកឡើងទាំងនេះមួយចំនួន។ ខ្ញុំចង់រំឭកប្រជាពលរដ្ឋថានោះមិនមែនជារបៀបដែលលោក Trump បានដឹកនាំនោះទេ»។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ South Carolina លោក Lindsey Graham បាននិយាយជាសាធារណៈថា លោកជឿថាការលើកឡើងរបស់លោក Trump ទៅកាន់លោក Hannity ចង់មានន័យបែប «កំប្លែងលេងសើច» ប៉ុណ្ណោះ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN កាលពីថ្ងៃទី ៣ ខែធ្នូ លោក Graham បានជំទាស់ទៅនឹងការអះអាងរបស់អ្នកស្រី Cheney អំពីរបៀបដែលលោក Trump នឹងដឹកនាំប្រសិនបើលោក Trump នឹងជាប់ឆ្នោតជាលើកទីពីរ ដោយបាននិយាយថា ការអះអាងទាំងនេះគឺកើតចេញពីគំនុំផ្ទាល់ខ្លួនរបស់អ្នកស្រីជាមួយនឹងលោក Trump។
លោក Graham បាននិយាយថា៖ «ព្រំដែនរបស់យើងគឺបាក់បែកខូចខាត។ មនុស្សតែម្នាក់គត់ដែលពិតជានឹងជួសជុលព្រំដែនបាក់បែកខូចខាតនោះគឺលោក Donald Trump។ នៅពេលលោកធ្វើជាប្រធានាធិបតី គ្មានបញ្ហាសង្គ្រាមកើតឡើងនៅអ៊ុយក្រែនទេ។ ក្រុមហាម៉ាស់ (Hamas) និងក្រុមភេរវកម្មផ្សេងទៀតខ្លាចលោក Trump»។
នៅពេលសួរឱ្យបញ្ចេញមតិអំពីការលើកឡើងរបស់លោក Trump ដែលថាលោកនឹងធ្វើជាមេដឹកនាំផ្ដាច់ការមួយថ្ងៃ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ North Carolina លោក Thom Tillis បាននិយាយថា៖ «លោក [Trump] បាននិយាយថាលោកនឹងធ្វើរឿងពីរ គឺលោកនឹងបិទព្រំដែននិងខួងប្រេង។ នរណាក៏អាចនិយាយបានដែរថានេះជាការរំលោភអំណាច។ ខ្ញុំគិតថានោះគឺជាការប្រើប្រាស់អំណាចយ៉ាងត្រឹមត្រូវ ហើយលោកប្រធានាធិបតី Biden បានបរាជ័យនៅក្នុងរឿងនេះ»។
«ជនអត្តាធិបតេយ្យតែងប្រាប់អ្នកថាពួកគេជានរណា»
អ្នកស្រី Ruth Ben-Ghiat ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ New York University និងជាអ្នកនិពន្ធសៀវភៅ «បុរសខ្លាំង៖ ពីសម័យលោក Mussolini ដល់បច្ចុប្បន្ន (Strongmen: From Mussolini to the Present)» បានរំឭកអំពីគ្រោះថ្នាក់នៃការមិនចាត់ទុកវោហារសាស្ត្ររបស់លោក Trump ថាម៉ឺងម៉ាត់នោះ។
អ្នកស្រីបានសរសេរនៅក្នុងអ៊ីមែលឆ្លើយឆ្លងជាមួយនឹង VOA ថា៖ «អ្វីៗទាំងអស់ដែលលោក Donald Trump និយាយគួរតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់។ ជនអត្តាធិបតេយ្យតែងប្រាប់អ្នកថាពួកគេជានរណានិងអ្វីដែលពួកគេនឹងធ្វើ។ នៅក្នុងករណីនេះ លោក Trump កំពុងនិយាយយ៉ាងច្បាស់ថាលោកមានបំណងធ្វើជាមេដឹកនាំផ្ដាច់ការ។ នេះគឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដោយសារតែលោកធ្លាប់បានញុះញង់ឱ្យមានការធ្វើរដ្ឋប្រហារដើម្បីបានកាន់អំណាចដោយខុសច្បាប់និងដោយសារតែការអួតសរសើរដោយបើកចំហរបស់លោកចំពោះក្រុមមេដឹកនាំដែលដូចលោកដូចជា [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin និង [ប្រធានាធិបតីចិន] លោក Xi [Jinping] ជាដើម»។
លោក Kurt Braddock សាស្ត្រាចារ្យជំនួយផ្នែកសារគមនាគមន៍នៃសាកលវិទ្យាល័យ American University ដែលសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងភាសានយោបាយនិងអំពើហិង្សា បាននិយាយថា ការចាត់ទុកវោហារសាស្ត្ររបស់លោក Trump ថាមិនសូវសំខាន់ធ្វើឱ្យអ្វីៗភាគច្រើនដែលលោក Trump បាននិយាយក្លាយទៅជារឿង «ធម្មតា» នៅក្នុងចំណោមសាធារណជនទូទៅ។
លោក Braddock បានប្រាប់ VOA ថា៖ «ពួកគេបាននិយាយថាលោក [Trump] «គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ» អស់រយៈពេល ៧ ឆ្នាំមកហើយ។ ហើយមិនថាលោក [Trump] និយាយលេងឬក៏មែននោះទេ គឺវាមិនសំខាន់នោះឡើយ។ [អ្វីដែលសំខាន់គឺថា] មនុស្សមួយចំនួនយល់ឃើញថាអ្វីដែលលោក Trump និយាយគឺជាការពិត»។
លោក Braddock បាននិយាយថា៖ «នៅពេលដែលមានអ្នកខ្លះដែលគោរពនរណាម្នាក់ខ្លាំងដូចទៅនឹងអ្នកខ្លះដែលគោរពលោក Trump នោះ យើងឃើញថាការធ្វើឱ្យភាសាបែបនេះក្លាយទៅជាធម្មតាគឺជំរុញឱ្យមានឥរិយាបថវិជ្ជមានអំពីអ្វីដែលភាសានេះចង់សំដៅលើ»។
លោកបានបន្ថែមថា៖ «ដូច្នេះ នៅពេលដែលលោក [Trump] និយាយលេងសើចអំពីការធ្វើជាមេដឹកនាំផ្ដាច់ការ ឬក៏និយាយលេងសើចអំពីអំពើហិង្សាលើសត្រូវនយោបាយ បើលោកកាន់តែនិយាយ នោះវានឹងកាន់តែក្លាយទៅជាផ្នែកមួយនៃពាក្យពេចន៍ធម្មតារបស់យើង»៕
ប្រែសម្រួលដោយលោក ភី សុភាដា