សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ ដែលជាអ្នករិះគន់លោកប្រធានាធិបតី Donald Trump ខ្លាំងជាងគេបង្អស់មួយរូបនោះ នឹងថ្លែងសុន្ទរកថាក្នុងសប្តាហ៍នេះ ប្រៀបធៀបពីទង្វើរបស់លោកTrumpទៅលើប្រព័ន្ធផ្សព្វផ្សាយ ទៅនឹងអត្តចរិតរបស់អតីតមេដឹកសូវៀត លោក Jeseph Stalin។
យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឲ្យដឹងថា លោក Jeff Flake សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋអារីហ្សូណា នឹងថ្លែងសុន្ទរកថានៅថ្ងៃពុធនេះថាការវាយប្រហាររបស់លោក Trump ទៅលើប្រព័ន្ធផ្សព្វផ្សាយគឺជាទង្វើមិនអាចទទួលយកបាន និងមិនដែលមានពីមុនមក។
លោក Flake ត្រូវបានគេរាយការណ៍មកថា «នេះគឺជាសញ្ញាប្រាប់ពីស្ថានភាពប្រជាធិបតេយ្យរបស់យើង ដែលលោកប្រធានាធិបតីរបស់យើងប្រើពាក្យសម្តីមិនសមរម្យដែលធ្លាប់បានប្រើប្រាស់ដោយមេដឹកនាំ Josef Stalin ដើម្បីពិពណ៌នាពីសត្រូវរបស់លោក»។
លោក Flake សម្តៅទៅលើសារដែលលោក Trump បានបង្ហោះនៅក្នុងបណ្តាញ Twitter របស់លោក កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដែលលោកបានប្រកាសថា ប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងសហរដ្ឋអាមេរិក «គឺជាសត្រូវរបស់ពលរដ្ឋអាមេរិកាំង»។
លោក Flake ក៏នឹងថ្លែងសុន្ទរកថានៅថ្ងៃពុធនេះ មុននឹងលោក Trump ដែលជាអតីតអ្នកដឹកនាំកម្មវិធីកម្សាន្តតាមទូរទស្សន៍ប្រកាសពីអ្វីដែលលោកហៅថា «កម្មវិធីពានរង្វាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលបោកប្រាស់ និងពុករលួយជាងគេប្រចាំឆ្នាំ»៕