បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ត្រៀម​ខ្លួន​សម្រាប់​ការជជែក​ដេញ​ដោល​លើក​ទី​៥

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​​ការជជែក​ដេញ​ដោល​ប្រធានាធិបតី​ GOP នៅ​ក្នុង​ទីក្រុង​ Las Vegas កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៥។​

បេក្ខជន​ឈរឈ្មោះប្រធានា​ធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ​ត្រៀម​ខ្លួនស​ម្រាប់​ការ​ជជែក​ដេញ​ដោល​លើក​ទី​៥។

បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​នឹង​ធ្វើ​ការ​ជជែក​ដេញ​ដោល​លើក​ទី៥​និង​ជាលើក​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​នេះ​នៅយប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ទីក្រុង Las Vegas។

ការ​ប្រកួត​ប្រជែង​បាន​ផ្លាស់​ប្តូរចាប់​តាំង​ពី​ការ​ជជែក​ដេញ​ដោល​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​វិច្ឆិកា​មក។​

លោក Donald Trumpមហា​សេដ្ឋី​អចលនៈ​ទ្រ​ព្យ ​បាន​នៅ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​ ​ក៏​ប៉ុន្តែ ​លោក Ted Cruz សមាជិក​ព្រឹទ្ធ​សភា​រដ្ឋតិចសាស់ ​បាន​ទទួល​ការគាំទ្រ​កើន​ឡើងលើស​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​រដ្ឋ Iowa។​

លោក Ben Carsonអតីត​វេជ្ជបណ្ឌិត​វះកាត់​សសៃ​ប្រសាទ​ដែល​ធ្លាប់​ស្ថិត​នៅបន្ទាប់​ពី​លោក Trump ឥឡូវនេះ កំពុង​ធ្លាក់​ចុះ​ការ​គាំទ្រ។​

លទ្ធផល​នៃការ​ស្ទង់​មតិ​នៅ​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​ក្នុង​ទីក្រុង​ប៉ារីស​និង​ការវាយ​ប្រហារ​ថ្ងៃ​ទី​២ ​ខែ​ធ្នូ​នេះ​ក្នុង​ទីក្រុង San Bernardino រដ្ឋ California បាន​ធ្វើ​ឲ្យ​មានឥទ្ធិពល​លើ​អារម្មណ៍របស់ពួក​អ្នក​បោះ​ឆ្នោត។

ថ្វី​បើ​មាន​ការ​ខឹង​សម្បារ​ទៅ​លើ​លោក​ Trump ​ដែល​បណ្តាល​មក​ពី​ការ​អំពាវ​នាវ​ហាម​ឃាត់​ក្រុម​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ ​ការគាំទ្រ​លោក​ ​នៅតែ​ខ្លាំងក្លា។

លោក Donald Trump បាន​និយាយ​ថា​ «​យើង​កំពុងរស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច។ ខ្ញុំ​មិន​មែន​កំពុង​បង្កើត​ការ​ភ័យ​ខ្លាច​ទេ ​មនុស្ស​កំពុងរស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច‍»។

សមាជិក​ព្រឹទ្ធសភា លោក Cruz ដែល​ជា​បេក្ខជន​ប្រធានា​ធិបតី​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋមួយ​ចំនួន ​បាន​បដិសេធ​ពុំ​ព្រម​ថ្កោល​ទោស​លោក Trump ​ដែល​កំពុង​បាន​ទទួល​ការ​គាំទ្រកើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់មតិ​នោះទេ។​

យោ​ង​តាមការ​ស្ទង់​មតិខាង​នយោបាយ​របស់​សារព័ត៌មាន​ Des Moines Register- Bloomberg ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក Cruz ​បាន​ទទួល​ការគាំទ្រ​កើន​ឡើង​៣១​ភាគរយ ​ដែល​មាន​ចំនួន១០ភាគរយ​លើស​លោក Trump ។ មហាសេដ្ឋី​មកពីទីក្រុង​ញូវយ៉ក​នេះ ​បាន​ច្រាន​ចោល​ការ​ស្ទង់​មតិ​នោះ។

ការ​វិនិច្ឆ័យ​ដោយ​បណ្តាញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ការ​ប្រកួត​ប្រជែង​ដោយ​មិត្តភាព​រវាង​លោក Trump និង​លោក Cruzទំនង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុង​អំឡុងពេល​៧​សប្តាហ៍​ទៀត​ដល់​ការប្រជុំ​ខាង​នយោបាយ​នៅ​រដ្ឋ Iowa ​ដែល​ជា​ជំហាន​ដំបូង​នៅ​ក្នុង​ដំ​ណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ដែល​លោក Cruz ទទួល​បាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ ​លោក Carson ​បាន​ដាំ​ក្បាល​ចុះ។​ លោក Carson ឥឡូវ​នេះ​ស្ថិត​នៅ​លំដាប់​ទី​៣ ​បន្ទាប់​ពី​ការ​ធ្លាក់ចុះ​អស់​១៥​ពិន្ទុ​ពី​ទី​កន្លែង​កំពូល​របស់​លោក​កាល​ពីខែតុលា។

នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​មួយ​ទៀត​ពី​ការ​ជជែក​ដេញ​ដោលកាល​លើក​ពី​មុន ​លោក Chris Christieអភិបាល​រដ្ឋ New Jersey ​បាន​វិល​ត្រឡប់​ទៅ​កាន់​ការជជែក​ដេញ​ដោល​នៅ​ម៉ោង​ដែល​មានអ្នក​មើល​ទូរទស្សន៍​ច្រើន​ ទោះ​បី​ជា​មិនមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​កាល​ពី​ខែ​វិច្ឆិកា។

បេក្ខជន​៥​នាក់​ទៀត​របស់​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​លក្ខណៈ​សម្បតិ្ត​សម្រាប់​កម្មវិធី​ដែល​មានអ្នក​មើល​ទូរទស្សន៍​ច្រើន​ដែល​រៀប​ចំ​ដោយ​ទូរទស្សន៍​ខ្សែកាប CNN ហើយ​នឹង​បេក្ខជន​៤​នាក់​ផ្សេងទៀត ​នឹង​ជជែក​ដេញ​ដោល​នៅ​វេទិកា​លំដាប់​ទី២៕