ក្រុម​អ្នកជំនាញ៖​គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​លើ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ

  • Jim Malone

លោក​ប្រធានាធិបតី​ស.រ.អា.ថ្លែង​ទៅកាន់​​សភា​នៅ​ពេលថ្មីៗ។​

ដោយ​សម្លឹង​មើល​ទៅ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ស.រ.អា.នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ គណបក្ស​សាធារណរដ្ឋ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ថា​ ពួក​គេ​នឹង​បាន​ឈ្នះ​អាសនៈ​ច្រើន​ថែម​ទៀត​ ជា​ពិសេស​នៅ​ក្នុង​ព្រឹទ្ធ​សភា​ដែល​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន។​

ក្រុម​អ្នក​ជំនាញមាន​ការ​មូលមតិ​គ្នា​កាន់​តែច្រើន​ឡើង​ថា​ ឆ្នាំ​ ២០១៤​ នេះ​កំពុង​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​ថា​ជា​ឆ្នាំ​ល្អ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ និង​ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។​

សមាជិក​រដ្ឋសភា​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ និង​សេតវិមាន​កំពុង​ផ្តោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ នៅ​ពេល​ដែល​សមាជិក​ទាំង​៤៣៥​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ និង​អាសនៈ៣៦​ក្នុង​ព្រឹទ្ធសភា​ ដែល​មាន​អាសនៈ១០០​ត្រូវ​ឈរ​ឈ្មោះ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ជា​ថ្មី។​

នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ អ្នក​វិភាគ​នយោបាយ​ភាគ​ច្រើន​និយាយ​ថា​ គណបក្ស​សាធារណរដ្ឋ​ទំនង​ជា​នឹង​រក្សា​ចំនួន​ដដែល​ឬ​ក៏​អាច​បន្ថែម​ចំនួន​អាសនៈទៅ​លើ​សម្លេង​ភាគ​ច្រើន​របស់​ខ្លួន​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ ហើយ​មាន​ឱកាស​ល្អ​អាច​ឈ្នះ​អាសនៈបាន​៦​ទៀត​ដែល​ចាំបាច់​ ដើម្បី​ឲ្យ​មាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធ​សភា​ ដែល​សព្វ​ថ្ងៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​អ្នក​គ្រប់​គ្រង​សម្លេង​ភាគ​ច្រើន។​

លោក​ ចន​ ហ្វ៊រជេរ​ (John​ Fortier) ​នៃ​មជ្ឈមណ្ឌល​គោល​នយោបាយ​មិន​ប្រកាន់​គណបក្ស​ ហៅ​ Bipartisan​ Policy​ Center​ បាន​ថ្លែង​ថា​ អ្វី​ដែល​ជួយ​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​ គឺ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​នឹង​ចូល​និវត្តិ​ ឬ​បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​ការ​ប្រកួត​ប្រជែង​យ៉ាង​តឹង​តែង​នៅ​ក្នុង​រដ្ឋ​ដែល​មាន​និន្នាការ​ទោរទន់​ទៅ​ខាង​គណបក្ស​សាធារណរដ្ឋ។​

«សមាជិក​គណបក្ស​សាធារណរដ្ឋ​មាន​ឱកាស​ល្អ​ណាស់​ក្នុង​ការ​ទទួល​បាន​អាសនៈបន្ថែម​ក្នុង​ព្រឹទ្ធ​សភា​ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​៦​អាសនៈ ដែល​ជា​ចំនួន​ច្រើន។​ ដំណឹង​ល្អសម្រាប់​ពួក​គេ​គឺ​ថា​ ការ​បោះឆ្នោត​ទាំង​នេះ​នឹង​មាន​ធ្វើ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​រស់​នៅ​យ៉ាង​ច្រើន»។​

​លោក​ Fortier​ បាន​ថ្លែង​ទៀត​ថា​ ពិន្ទុ​គាំទ្រ​ទាប​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណៈ​ ក៏​អាច​ជួយ​ដល់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែរ។​

«កត្តា​ធំ​បំផុត​ពីរ​ដែល​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ គឺ​ស្ថានភាព​សេដ្ឋកិច្ច​ ហើយ​និង​កិច្ច​ការ​របស់​ប្រធានាធិបតី​នៅ​ក្នុង​សេតវិមាន។​ ហើយ​ជា​ទូទៅ​ ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ​មិន​សូវ​ជួយ​គណបក្ស​របស់​ប្រធានាធិបតី​កាន់​តំណែង​ទេ​ ច្រើន​តែ​ប្រឆាំង​ជា​មួយ​ទៅ​វិញ។​ ហើយ​បើ​សិន​ជា​សេដ្ឋកិច្ច​មិន​មាន​ការ​លូត​លាស់​ទេ​ គណបក្ស​ប្រធានាធិបតី​នឹង​ទទួល​ផល​វិបាក​រិត​តែ​ធ្ងន់​ឡើង​ទៀត។​ រួច​បើ​ប្រធានាធិបតី​លែង​មាន​ប្រជាប្រិយភាព​ គណបក្ស​របស់​លោក​ក៏​លែង​មាន​ប្រជាប្រីយ៍​ភាព​កាន់​តែ​ធ្ងន់​ឡើង​ទៀត»។​

កត្តា​ដ៏​ធំ​មួយ​ទៀត​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោតនៅ​ខែ​វិច្ឆិកា​គឺ​ទស្សនៈ​របស់​សាធារណជន​ចំពោះ​ច្បាប់​ថែទាំ​សុខភាព​របស់​លោក​ប្រធានាធិបតី​ ដែល​គេ​ស្គាល់​ថា​ជា​ច្បាប់​ថែទាំ​សុខភាព​មាន​តម្លៃ​សមរម្យ​ ឬ​ Affordable​ Care​ Act​ ហៅ​ក្រៅ​ថា​ អូបាម៉ាឃែរ​ (Obamacare)។

ប្រធាន​សភា​តំណាងរាស្រ្ត​ លោក​ចន​ បេនណឺរ​ (John​ Boehner)​ បាន​ថ្លែង​ថា​ សមាជិក​គណបក្ស​សាធារណរដ្ឋ​មាន​ផែន​ការ​ថា​ នឹង​គូស​បញ្ជាក់​ការ​ប្រឆាំង​របស់​ខ្លួន​ទល់​នឹង​ច្បាប់​នេះ​ ទុក​ជា​ផ្ទៃ​រឿង​ដ៏​សំខាន់​មួយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។​

«សេចក្តី​ពិត​គឺ​លោក​អ្នក​មិន​អាច​កែប្រែ​ច្បាប់​នេះ​ឲ្យ​បាន​ល្អ​ឡើង​បាន​ទេ។​ ច្បាប់​នេះ​ត្រូវ​តែ​គាស់​ឫស​ចោលទាំង​ស្រុង។​ លោក​អ្នក​អាច​លែង​ចង់​ ឮ​អំពី​រឿង​នេះ​ត​ទៅ​ទៀត​ តែ​ដរាប​ណា​នៅ​មាន​ច្បាប់​នេះ​ ហើយ​ធ្វើ​ឲ្យ​ការ​ថែទាំ​សុខភាព​ចុះ​ទន់​ខ្សោយ​ យើង​នឹង​មិន​ឈប់​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ច្បាប់​នេះ​ទេ»។​

​លោក​ប្រធានាធិបតី​ អូបាម៉ា​បាន​និយាយ​ការពារ​ច្បាប់​នេះ​យ៉ាង​រួសរាន់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​ ហើយ​ចោទ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ថា ​មិន​មាន​បំណងចង់​កែ​ប្រែ​ច្បាប់​ថែទាំ​សុខភាព​នេះ​ឲ្យ​បាន​ល្អ​ទេ។​

«គឺ​មិនមែន​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឲ្យ​ច្បាប់​នេះ​បាន​ល្អ​ឡើង​ទេ​ ឬ​ក៏​ថា​ នេះ​ជា​បញ្ហា​ជាក់​លាក់​មួយ​នៅ​ក្នុង​ច្បាប់​នេះ។​ ទេ​គឺ​ពួក​គេ​ចង់​បំបាត់​ច្បាប់​នេះ​ចោល​តែ​ម្តង​ ដើម្បី​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ ដែល​មាន​ការ​ធានា​សុខភាព​សព្វ​ថ្ងៃ​នេះ​ ​លែង​មាន​ការ​ធានា​សុខភាព​ត​ទៅ​ទៀត។​ ខ្ញុំ​សូម​ជំរាប​ថា​ រឿង​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ»។

លោក​ប្រធានាធិបតី​ក៏​បាន​ព្រមាន​ដល់​ពួក​ប្រជាធិបតេយ្យ​ផង​ដែរ​ថា​ ពួក​គេ​ត្រូវ​តែ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ ដោយ​លោក​បាន​រំឭក​ថា ​គណបក្ស​សាធារណរដ្ឋ​ជា​ញឹក​ញយ​បាន​ទទួល​ជ័យ​ជំនះ​ច្រើន​(ជាង​គណបក្ស​ប្រជាធិបតេយ្យ)​ នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ដោយ​មក​ពី​អ្នក​ចេញទៅ​បោះ​ឆ្នោត​ពិត​ប្រាកដ​មាន​ចំនួន​តិច​ជាង​នៅ​ដំណាច់​អាណត្តិ​របស់​ប្រធានាធិបតី។​

អ្នក​វិភាគ​ Carroll Doherty​ នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Pew Research Center​ និយាយ​ថា​ ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​មិន​បង្ហាញ​ឲ្យ​ឃើញ​ការ​ឡើង​ចំនួន​ច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​ មនុស្ស​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភា​នៅ​ពាក់​កណ្តាល​អាណត្តិ​ ​ខុស​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​គឺ​ច្រើន​តែ​ជា​មនុស្ស​មាន​វ័យ​ចាស់​ ហើយ​ជា​ជន​ស្បែក​ស​ ដែល​ជា​ផល​ចំណេញ​សម្រាប់​គណបក្ស​សាធារណរដ្ឋ។​

«អ្វី​ដែល​បាន​បង្ហាញ​គឺ​មិន​ទាន់​មាន​ជំរឿន​នៃ​អ្នក​បោះឆ្នោត​សម្រាប់​គណបក្ស​សាធារណរដ្ឋឬ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ​ទេ។​ គឺ​ឃើញ​ហាក់​ដូច​ជា​នៅ​ស្មើ​គ្នា​ ដូច្នេះ​ចំនួន​មនុស្ស​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​នឹង​ជា​កត្តា​ដ៏​ធំ​ ហើយ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ពួក​សាធារណរដ្ឋ​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ដោយ​ចំនួន​ច្រើន​លើស​លប់»។

លោក​ Tom DeFrank​ អ្នក​វិភាគ​នយោបាយ​នៃ​ទស្សនាវដ្តី​ National​ Journal​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Issues​ in​ the​ News’​ Program​ របស់​វីអូអេ​សម្លេង​ស.រ.អា.ថា​ ការ​ទទួល​បាន​សម្លេង​ភាគ​ច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​ នឹង​បណ្តាល​ឲ្យ​មាន​ភាព​រាំង​ស្ទះ​នៅ​ក្នុង​ស្ថាប័ន​និតិបញ្ញត្តិ​ រិត​តែ​ច្រើន​ឡើង​ទៀត​ នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អូបាម៉ា។​

«បើ​លោក​ប្រធានាធិបតី​បាត់​បង់​សម្លេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​នៅ​ខែ​វិច្ឆិកា​ លោក​នឹង​ត្រូវ​កាត់​បន្ថយ​ការ​គ្រប់​គ្រង​មក​នៅ​ត្រឹម​ការ​ធ្វើ​វេតូ​ដើម្បី​បដិសេធ​មិន​ឲ្យ​ពួក​សាធារណរដ្ឋ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ។​ ខ្ញុំ​គិត​ថា​ នឹង​មាន​ការ​រាំង​ស្ទះ​ និង​ការ​គ្រប់​គ្រង​លើ​វិបត្តិ​ផ្សេងៗ​ រហូត​ដល់​ដាច់​អាណត្តិ»។​

គណបក្ស​សាធារណរដ្ឋ​មាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ទាំង​២​នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ George​ W.​ Bush​ ហើយ​បាន​បាត់​បង់​ការ​ត្រួត​ត្រា​លើ​សភា​ទាំង​២​ ទៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​ពាក់​កណ្តាល​អាណត្តិ​ក្នុង​ឆ្នាំ​២០០៦​ តែ​បាន​ឈ្នះ​សម្លេង​ភាគ​ច្រើន​មក​វិញ​ នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ ក្នុង​ឆ្នាំ​២០១០៕​

ប្រែ​សម្រួល​ដោយ​ លោក កែរ​ យ៉ាន​