កន្លងមក អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរំពឹងថាគណបក្សសាធារណរដ្ឋនឹងឈ្នះបានអាសនៈច្រើននៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីកាលពីថ្ងៃអង្គារ មុនលោកឈានទៅប្រកាសអំពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខ។
ប៉ុន្តែ ដោយសារតែគណបក្សសាធារណរដ្ឋឈ្នះបានបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ និងការឈ្នះការបោះឆ្នោតសម្រាប់អាណត្តិថ្មីរបស់អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលជាគូប្រជែងចម្បងរបស់លោក Trump នៅក្នុងជួរគណបក្សសាធារណរដ្ឋ ក្ដីរំពឹងរបស់លោក Trump ហាក់ដូចជាធ្លាក់ចុះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើទោះបីជាគណបក្សសាធារណរដ្ឋទំនងជានឹងដណ្ដើមបានការគ្រប់គ្រងពីគណបក្សប្រជាធិបតេយ្យនៅក្នុងយ៉ាងហោចណាស់ក៏សភាមួយថ្នាក់ដែរ ការព្យាករបានបង្ហាញថា គណបក្សនេះនឹងមិនឈ្នះបានអាសនៈច្រើននោះទេ។
សម្រាប់រដ្ឋសភា លទ្ធផលដំបូងៗនៃការបោះឆ្នោតបានបង្ហាញថា គណបក្សសាធារណរដ្ឋកំពុងឈានឆ្ពោះទៅការក្លាយជាគណបក្សដែលមានសំឡេងភាគច្រើន ប៉ុន្តែនឹងមានអាសនៈលើសគណបក្សប្រជាធិបតេយ្យតិចតួចប៉ុណ្ណោះ។ រីឯសម្រាប់ការគ្រប់គ្រងព្រឹទ្ធសភាវិញ ការប្រជែងរបស់គណបក្សទាំងពីរមានលក្ខណៈប្រកៀកប្រកិតនឹងគ្នា ហើយប្រហែលជានឹងសម្រេចដោយការបោះឆ្នោតផ្ដាច់ព្រ័ត្រនៅក្នុងរដ្ឋ Georgia នៅដើមខែធ្នូខាងមុខ។
កន្លងមក លោក Trump បានផ្ដល់សញ្ញាថា លោកនឹងប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខអំពីការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីឆ្នាំ ២០២៤។ ប៉ុន្តែ ដោយសារតែបេក្ខជនមួយចំនួនដែលលោកបានជ្រើសរើសឱ្យចូលរួមប្រកួតនៅក្នុងការបោះ ឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីកាលពីថ្ងៃអង្គារទទួលបានលទ្ធផលមិនល្អ អ្នកវិភាគនានានិងសមាជិកខ្លះនៃគណបក្សសាធារណរដ្ឋបានរិះគន់លោកថា ជាអ្នកធ្វើឱ្យលទ្ធផលដែលគណបក្សសាធារណរដ្ឋទទួលបានមិនសូវបានល្អ។
ស្របពេលនេះដែរ លោក DeSantis ដែលបានបង្ហាញបំណងចង់ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខ បានឈ្នះការបោះឆ្នោតឱ្យធ្វើជាអភិបាលរដ្ឋ Florida នៅអាណត្តិថ្មីបន្តទៀត ដោយធ្វើឱ្យលោកកាន់តែមានជំហររឹងមាំក្នុងនាមជាបេក្ខជនដែលអាចប្រជែងជាមួយនឹងលោក Trump បាននៅក្នុងជួរគណបក្សសាធារណរដ្ឋ៕