តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាការពារការចាប់ខ្លួនលោក កើត សារ៉ាយ ថាជាការវិធានការស្របទៅតាមច្បាប់ និងបទល្មើសដែលមាន ពោលគឺមិនមែនដោយសារសម្ពន្ធភាពជាមួយអង្គការសិទ្ធិមនុស្សណាមួយឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។
ការលើកឡើងនេះកើតឡើងក្រោយអ្នកជំនាញអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ អំពាវនាវឱ្យកម្ពុជាបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្ស។
លោក យីម លាងហ៊ី អាយុ ៣៧ ឆ្នាំ អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានលោក កើត សារ៉ាយ ជាប្រធាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចាប់ខ្លួនលោក កើត សារ៉ាយ កាលពីពេលថ្មីៗនេះគឺមិនមែនជាការអនុវត្តស្របទៅតាមច្បាប់នោះទេ។ លោកថា ការឃាត់ខ្លួននេះគឺជាការរឹតត្បឹតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងគំរាមកំហែងមិនឱ្យពលរដ្ឋលូកដៃចូលទៅក្នុងបញ្ហាសង្គម។
លោកលើកឡើងថា៖ «យើងយល់ថា ការឃុំខ្លួនលោកកើត សារ៉ាយនេះរឹតត្បិតសេរីភាពបញ្ចញមតិ គឺជាការគំរាមកំហែងមិនឱ្យសាធារណជន មិនឱ្យប្រជាពលរដ្ឋខ្វាយខ្វល់ពីរឿងយុត្តិធម៌សង្គម អំពីបញ្ញានៅក្នុងសង្គមហ្នឹងឯង»។
ផ្ទុយពីការបកស្រាយរបស់តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាលោក អ៊ិន តារា លោក យីម លាងហ៊ី បានសម្តែងការគាំទ្រទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិដែលថា កម្ពុជាមានការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស។ លោកបន្ថែមដោយជំរុញឱ្យរដ្ឋាភិបាលគិតគូរ និងពិចារណាឡើងវិញ លើការបើកលម្ហសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោះលែងអ្នកទោសនយោបាយ និងសកម្មជនឱ្យមានសេរីភាពឡើងវិញដើម្បីទាក់ទាញអ្នកវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្នុងនាមលោកជាអ្នកឃ្លាំងមើលសិទ្ធិមនុស្សនៅកម្ពុជា លោកមានការសោកស្ដាយចំពោះស្ថានបេសកម្មអចិន្រ្ដៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលបានធ្វើការបដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកក៏បានលើកឡើងអំពីករណីលោក កើត សារ៉ាយ ថា មេដឹកនាំសមាគមរូបនោះ គ្រាន់តែចុះទៅជួប និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលជាភារកិច្ចស្របទៅតាមកិច្ចការរបស់អង្គការសង្គមស៊ីវិល មិនមែនជាការញុះញង់ ឬបង្កឱ្យខូចសណ្តាប់ធ្នាប់សង្គមនោះទេ។
លោកថា៖ «ក្នុងនាមអង្គការសង្គមស៊ីវិលបេសកកម្មយើងគឺដើម្បីទៅរកការពិតថា តើរឿងពិតវាមានបញ្ហាអ្វីដែលរហូតមានការបណ្តេញចេញ មានការឈូសឆាយផ្ទះសម្បែង រហូតដល់មានប្រជាពលរដ្ឋភៀសខ្លួនទៅរស់នៅក្នុងព្រៃ ថាតើវាពិតមែនឬយ៉ាងដូចម្តេច? នេះជាតួនាទី និងបេសកកម្មរបស់អង្គការសង្គមស៊ីវិល ផ្ទុយទៅវិញបែរជាអាជ្ញាធរទៅចោទប្រកាន់ថាលោក កើត សារ៉ាយ ទៅជាញុះញង់ ទៅជាបង្កភាពវឹកវរអ្វីដល់សង្គមទៅវិញ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះក៏ស្នើឱ្យរដ្ឋាភិបាលទទួលយកការពិតដើម្បីចូលរួមដោះស្រាយ និងស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត យល់ឃើញថានេះមិនមែនជាលើកទី ១ ទេ ដែលកម្ពុជាច្រានចោលការលើកឡើងរបស់អន្តរជាតិអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស។
ទាក់ទិននឹងសំណុំរឿងលោកកើត សារ៉ាយ អ្នកការពារសិទ្ធិមនុស្សរូបនេះកត់សម្គាល់ថា លោក កើត សារ៉ាយ គ្រាន់តែជាសកម្មជនសកម្មក្នុងការការពារបរិស្ថានធនធានធម្មជាតិ ក៏ដូចជាការចូលរួមក្នុងកិច្ចការពារសិទ្ធិមនុស្ស។ ហើយសកម្មភាពរបស់លោកដែលធ្វើកន្លងមកនោះត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាគ្រាន់តែជាការបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស បរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា កម្ពុជាមានច្បាប់ដែលបានចែងស្របទៅតាមរដ្ឋធម្មនុញ្ញអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងក្របខណ្ឌច្បាប់ គឺអនុញ្ញាតតែក្នុងក្របខណ្ឌច្បាប់ ហើយជនណាដែលប្រព្រឹត្តហួសកំណត់ពីព្រំដែនច្បាប់គឺត្រូវទទួលរងការចាប់ខ្លួនមកផ្តន្ទាទោសនៅចំពោះមុខតុលាការ។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលតែងតែអនុវត្ត និងចាត់វិធានការទៅតាមផ្លូវច្បាប់ដែលមានជាធរមាន ដោយមិនបានធ្វើទុក្ខបុកម្នេញ ឬបំបិទសិទ្ធិសេរីភាពទៅលើអ្នកការពារសិទ្ធិមនុស្សនោះទេ។
គួរបញ្ជាក់ថា អ្នកជំនាញនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ នេះបានចេញសេចក្តីថ្លែងការណ៍ដោយអំពាវនាវឱ្យកម្ពុជាបញ្ចប់រាល់ទង្វើនៃការយាយី និងការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិល ហើយអនុញ្ញាតឱ្យពួកគេអនុវត្តសិទ្ធិ និងនយោបាយរបស់ពួកគេដោយសេរី។
ក្នុងនោះអ្នកជំនាញអង្គការសហប្រជាជាតិក៏យល់ថាការចាប់ខ្លួនរបស់លោក កើត សារ៉ាយ គឺជាផ្នែកមួយនៃការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផងដែរ។ អ្នកជំនាញ បានអំពាវនាវឱ្យរដ្ឋាកិបាលកម្ពុជាលុបចោលនូវច្បាប់ជាតិខ្លះដែលមានលក្ខណៈរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ព្រមទាំងបញ្ឈប់ការអនុវត្តនានាដូចកាលពីអតីតកាលទាក់ទងទៅនឹងសិទ្ធិមនុស្សនៅកម្ពុជា។
ប៉ុន្តែតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវបង្ហាញការមិនពេញចិត្ត និងច្រានចោលចំពោះការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចុះនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍ដដែលក៏បានលើកឡើងពីការចាប់ខ្លួនលោក កើត សារ៉ាយ ថាជាការអនុវត្តទៅតាមច្បាប់ ទៅតាមបទលើ្មសមិនមែនដោយសារសម្ពន្ធភាពរបស់លោក កើត សារ៉ាយ ជាមួយអង្គការសិទិ្ធមនុស្សនោះទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ គឺមិនមែនដោយសម្ព័ន្ធរបស់គាត់ជាមួយអង្គការពួនជ្រកក្រោម ស្លាកសិទ្ធិមនុស្សណាមួយនោះឡើយ»៕