តំណាង​កូដករ​នៅ​ណាហ្គាវើលដ៍៖ រដ្ឋ​គួរ​បិទទ្វារ​ក្រសួង​ការងារ​ចោល​ បើ​មិន​អាច​ជំរុញឱ្យ​ថៅ​កែ​គោរព​ច្បាប់​ការងារ

រូប​ឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)

កញ្ញា​ឈឹម សីថរ មេដឹកនាំ​សហជីព បាន​ទាត់​ចោល​ការ​បក​ស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​មួយ​រូប​ ដែល​ថា​ ក្រសួង​មិន​អាច​បង្ខំ​ភាគី​នៅ​ក្នុង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ភ្នាល់ល្បែង​ស៊ីសង​មួយនេះ​ ឱ្យ​ទទួ​ល​យក​ការ​ទាម​ទារ​ជាក់​លាក់​ណាមួយ​បាន​ទេ ដោយ​ថា​ មាន​តែតុលាការ​ប៉ុណ្ណោះ​ដែល​អាច​អារ​កាត់​រឿង​នេះ​បាន​ បន្ទាប់​ពី​ក្រសួង​ធ្វើ​ការ​ផ្សះផ្សា​ច្រើន​ដង​ហើយ ​តែមិន​ជោគជ័យ។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ «សមិទ្ធផល​សម្រេច​បាន​រយៈពេល ​៥ ឆ្នាំ​កន្លង​មក​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ»​ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ១២​ខែ​តុលា លោក ហេង សួរ​ ដែល​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ លើក​ឡើង​ថា​ ក្រសួង​មិនអាច​ដោះ​ស្រាយ​វិវាទ​ដែល​មាន​អាយុ​កាល​ជាង​មួយ​ឆ្នាំ​នេះ​បានទេ ក្រោម​ហេតុផល​ថា​ ភាគី​វិវាទ​មិន​ព្រម​ទទួល​យក​ការ​ផ្សះ​ផ្សា​ ដែល​ក្រសួង​បាន​ធ្វើកន្លងមក។ ​មន្ត្រី​ក្រសួងការងារ​រូបនេះ​ អះអាង​ទៀតថា ក្រសួង​មិន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ភាគី​ណា​មួយ​ឱ្យទទួល​យក​នូវ​អ្វី​ដែល​ជា​គំនិត​របស់​ផង​ខ្លួន​នោះ​ដែរ។

ប្រតិកម្ម​ទៅនឹង​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​ក្រសួងការ​ងារ​យ៉ាង​ដូច្នេះ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ ឈឹម សីថរ​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពាក្យ​ពេចន៍​បកស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​ខាង​លើ​ បញ្ជាក់​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ ហើយ​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​រាល់​ការងារ​របស់​ក្រសួង​នេះ។

កញ្ញា​ថ្លែង​ថា៖ «មែន​ទែនទៅ​គឺ​យើង​ឃើញ​ថា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការ​ងារនេះ​ គឺ​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវតែ​ម្តង។​ ហើយ​ខ្ញុំគិតថា​ បើសិន​ជា​ក្រសួង​ការ​ងារ​មួយ​ទាំង​មូល​ គាត់​ទៅជា​និយាយ​ថា ​គាត់​អត់​មាន​អំណាច​ ឬក៏​មាន​សមត្ថភាព​ ជាពិសេស​ក្នុង​កា​រជំរុញ​ឱ្យ​និយោជក​គោព​ច្បាប់​ប្រទេស​កម្ពុជា​យើង​ ពីព្រោះ​ករណី​នេះ​ គឺ​ជា​ករណី​នៅក្នុង​ការ​រំលោភ​ច្បាប់​ការងារ​ និង​រំលោភ​សេរីភាព​សហជីព​ ដែល​យើង​មាន​ចែង​នៅ​ក្នុង​ហ្នឹង​ច្បាស់​ថា​ និយោជក​មិន​អនុញ្ញាត​ឱ្យ​បញ្ឈប់​តំណាង​សហជីព​ ហើយ​និង​កម្មករ​និយោជិត​ដែល​ជា​សមាជិក​សហជីព​ទេ»។

កញ្ញា​បន្ថែម​ថា៖ «​អ៊ីចឹង​ បើគាត់​និយាយថា​ គាត់​អត់​មាន​សមត្ថភាព​អ៊ីចឹង យើង​គួរ​តែ​រំលាយ​ក្រសួង​ការ​ងារ​ចោល​តែ​ម្តង​ទៅ​ ពីព្រោះ​យើង​ចាយ​លុយ​រដ្ឋ​ច្រើន​លាន​ទៅ​លើ​ក្រសួង​មួយ​ហ្នឹង។ ហើយ​បើ​ក្រសួង​ហ្នឹង​ អត់​អាច​មាន​សមត្ថភាព​ ឬក៏​គ្មាន​ដែន​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​ការ​ងារ​ហ្នឹង​ផង​ហ្នឹង​ គាត់​អត់​អាច​ជំរុញ​ឱ្យ​និយោជក​គោរព​ច្បាប់​ប្រទេសកម្ពុជា​យើងផងហ្នឹង»។

កាល​ពី​ថ្ងៃពុធ​ រដ្ឋលេខា​ក្រសួង​ការ​ងារ និង​ជា​អ្នកនាំពាក្យ​លោក ហេង សួរ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌​មាន​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា វិវាទ​ការងារ​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍ មិន​មែន​ជា​រឿង​តូច​តាច​នោះ​ទេ ព្រោះ​វិវាទនោះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋាភិបាល បន្ទាប់​ពី​ការ​សម្រប​សម្រួល​រវាង​ភាគី​ពាក់​ព័ន្ធ​បាន​ចំនួន​ ១៩​ លើក​ហើយ​ តែ​នៅ​មិនអាច​រក​ច្រក​ចេញ​បាន។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​នៅតែ​ប្រកាន់​ជំហរ​ដាច់​ខាត​រៀងៗ​ខ្លួន ដោយ​ភាគី​និយោជក​មិន​ព្រម​ទទួល​យក​សំណូម​ពរ​កូដករ​ដែល​ទាម​ទារ​ចូល​ធ្វើការ​វិញ ខណៈក្រុម​កូដករ​មិន​សុខ​ចិត្ត​យក​សំណង​ដើម្បី​បញ្ចប់​ជម្លោះ។

ទាក់​ទិន​ការ​អត្ថាធិប្បាយ​របស់​តំណាង​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ លោក​ ហេង​ សួរ​ លើក​ឡើង​ថា​ ភាគី​តំណាង​កូដករ​មានសិទ្ធិបញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា​ ការ​បក​ស្រាយ​ និង​ការ​អនុវត្តនីតិ​វិធី​របស់​ក្រសួង​ គឺ​ក្រសួង​បាន​ធ្វើ​ជាបន្តបន្ទាប់​ស្រប​តាម​ច្បាប់ ហើយ​ឈាននាំ​យក​វិវាទ​នេះ​ទៅ​ដោះ​ស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ថែម​ទៀត​ផង។

លោក​ផ្តល់​ការ​អត្ថាធិប្បាយ​តាមប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃសុក្រ​នេះ ​តាម​ន័យ​ដើម​ថា៖ «ពេល​ចប់​ដំណាក់​កាល​ក្រសួង​ គឺ​ត្រូវ​រុញ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ក្រោយ​ដំណាក់​កាល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​គឺ​ទៅ​តុលាការ»។

លោក​បន្ថែម​ថា៖ «គ្មាន​ការ​បក​ស្រាយ​តាម​សារព័ត៌មាន​ទេ។ មាន​តែ​នៅ​តុលាការ​ដែល​ជា​នីតិ​វិធី​ចុង​ក្រោយ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​រួម​នៅ​កម្ពុជា។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​លើក​ទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​បន្ត​នីតិវិធី​ការដោះ​ស្រាយ​វិវាទ​ការងារ​រួមនេះ​ទៅដំណាក់​កាល​បន្ទាប់​គឺ​តុលាការ»។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​តាម​ទូរសព្ទពីភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាននៅឡើយ​ទេ​ នៅ​ថ្ងៃ​សុក្រនេះ។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ស៊ីណា ​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា ក្រសួង​ការងារ​ គួរ​ធ្វើ​ការ​បកស្រាយ​ឱ្យបាន​ច្បាស់ ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃការ​បញ្ឈប់​អ្នក​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​កន្លង​មក​ មុន​ធ្វើ​ការ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ។

លោក​ថ្លែងថា៖ «ប្រសិន​បើ​អត់​មាន​សេចក្តី​សម្រេច​ណាមួយ​ពីក្រសួង​ទេ​ ហើយ​រឿង​ហ្នឹង​ទៅកាន់​តុលាការ​ វាន័យ​ថា ក្រសួង​ក៏​កំពុង​តែ​ព្យាយាម​គេចវេសដែរ​ ពីព្រោះ​ថា​ អាហ្នឹង​វា​ជា​កាតព្វកិច្ច​ដែល​ក្រសួង​មានសិទ្ធិ​នៅក្នុង​ការ​សម្រេច​ថា​តើ​ ការ​បញ្ឈប់របស់​និយោជក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទៅ​លើ​តំណាង​សហជីព​ សកម្មជន​ហ្នឹង​ថា​ តើ​វា​ខុសច្បាប់​ ឬមួយ​ក៏វាត្រូវ​ច្បាប់? អ៊ីចឹង​ ក្រសួង​ត្រូវ​ចេញ​សេចក្តី​បញ្ជាក់​របស់​ខ្លួន​ទៅកាន់​ភាគី​តំណាង​សហជីព​ ក៏ដូច​ជា​ភាគី​និយោជក​ ដើម្បី​ឱ្យ​ភាគី​ហ្នឹង​គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្តឹង​បន្ត​ទៀត»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​បើសិន​បើ​អត់​មាន​ការ​សម្រេច​ពីក្រសួង​ ហើយ​យើង​រុញ​រឿង​នេះ​ ទៅកាន់​តុលាការ។​ អ៊ីចឹង​វា​ន័យ​ថា​ នីតិវិធី​ វា​ត្រូវ​រំលង​ ហើយ​រំលង​សេចក្តី​សម្រេច​ របស់​ក្រសួង។ អ៊ីចឹង​ តុលាការ​កាត់សេចក្តីរបៀបម៉េច​ បើ​អត់​មាន​សេចក្តី​សម្រេច​ពី​ក្រសួង​ថា​ តើ​ភាគី​ណាមួយ​ តើក្រសួង​សម្រេច​យ៉ាង​ម៉េច? ថាតើ​អនុញ្ញាត​ឱ្យក្រុមហ៊ុន​យក​ចូល​ ឬមួយ​ក៏​អនុញ្ញាត​ស្រប​ទៅ​តាម​ភាគី​និយោជក​ដែល​បញ្ឈប់​ហ្នឹង។ អ៊ីចឹង​ អាហ្នឹង​ ជារឿង​មួយ​ដែល​ត្រូវ​ពិនិត្យ​មើល​នីតិវិធី»។

កូដកម្ម​របស់​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ផ្ទុះឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ ដោយ​សារ​តាម​អ្វី​ដែល​មេដឹកនាំ​សហីព​នៅក្រុមហ៊ុន​កាស៊ីណូនេះ​អះអាងថា​ ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ហើយ​ភាគ​ច្រើន​នៃ​អ្នកដែលត្រូវ​បញ្ឈប់​នោះ​គឺ​ជា​ សមាជិក​សហជីព​។

ក្នុង​ចំណោម​កម្មករនិយោជិត​ជាង​ ១.៣០០ នាក់​ ដែលត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​កាលពី​ខែ​មេសា ​ឆ្នាំ​ ២០២១ ​នោះ​ នៅ​មាន​កម្មករ​និយោជិត​ជាង​ ១០០ នាក់​ទៀត​កំពុង​បន្ត​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ ពាក់​ព័ន្ធ​នឹង​សំណើ​ឱ្យ​ក្រុមហ៊ុន​ទទួល​ចូល​ធ្វើការ​វិញ​ និង​ការ​រើស​អើង​សហជីព៕

រាយការណ៍​បន្ថែម​ដោយ​ លាស់ លីបលីប នៃ​វីអូអេ