លោក​ប្រធានាធិបតី Trump នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​រារាំង​ការ​ធ្វើ​ដំណើរ​ថ្មី​មួយ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​យន្តហោះ Air Force One នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Palm Beach កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ថ្មី​មួយ​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍ និង​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ បន្ទាប់ពី​តុលាការ​សហព័ន្ធ​មិន​គាំទ្រ​ចំពោះ​បទ​បញ្ជា​របស់​លោក Donald Trump ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​នេះ​កាល​ពី​លើក​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ខ្លឹមសារ​លម្អិត​របស់​បទ​បញ្ជា​ថ្មី​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នោះ​ទេ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ប៉ុន្តែ កាលពី​ដើម​សប្ដាហ៍​នេះ ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា បទបញ្ជា​រារាំង​ការ​ធ្វើ​ដំណើរ​ថ្មី​នេះ បាន​ដក​ប្រទេស​អ៊ីរ៉ាក់​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​ឥស្លាម​ច្រើន​បំផុត​ទាំង ៧ ប្រទេស ដែល​បទបញ្ជា​នេះ​ផ្ដោត​លើ​នោះ។

តុលាការ​សហព័ន្ធ​បាន​រារាំង​បទបញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump កាល​ពី​លើក​មុន ដែល​បទ​បញ្ជា​នេះ​មាន​គោល​បំណង​រារាំង​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ជនជាតិ​មក​ពី​ប្រទេស​ចំនួន ៧ ដូចជា​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និង​យេម៉ែន មិន​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ បទ​បញ្ជា​នេះ​ក៏​បង្អាក់​ដល់​កម្មវិធី​ជន​ភៀស​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Trump បាន​លើក​យក​បញ្ហា​ព្រួយ​បារម្ភ​ផ្នែក​ភេរវកម្ម​មក​ធ្វើ​ជា​មូលហេតុ​ចម្បង​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​បណ្ដោះ​អាសន្ន​នេះ។

ទោះបីជា​បទ​បញ្ជា​ប្រធានាធិបតី​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​នៅ​ឯ​បរទេស​ក៏​ដោយ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រហែល​ពាក់​កណ្ដាល​ផង​ដែរ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​នានា ដែល​បាន​ចេញ​ផ្សាយ​ភ្លាមៗ បន្ទាប់​ពី​បទបញ្ជា​នេះ​ត្រូវ​បាន​ណែនាំ​មក៕