សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិកថា អនុប្រធានាធិបតីអ្នកស្រី Kamala Harris បានជ្រើសរើសអភិបាលរដ្ឋ Minnesota លោក Tim Walz ជាបេក្ខជនអនុប្រធានាធិបតីរបស់អ្នកស្រី ក្នុងយុទ្ធនាការបោះឆ្នោត តទល់នឹងអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។
ការប្រកាសផ្លូវការត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារនេះ នៅមុនព្រឹត្តិការណ៍យុទ្ធនាការឃោសនានៅក្រុង Philadelphia ដែលនឹងបង្ហាញបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។
បន្ទាប់មក នឹងមានការធ្វើដំណើរឃោសនានៅតាមរដ្ឋនានាដែលដើរតួនាទីសំខាន់ក្នុងការសម្រេចថាតើនរណានឹងឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ដោយយុទ្ធនាការរបស់អ្នកស្រី Harris នឹងឈប់សំចតនៅរដ្ឋ Wisconsin, Michigan, Arizona និងរដ្ឋ Nevada។
លោកTrump បានតែងតាំងសមាជិកព្រឹទ្ធសភាលោក JD Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ក្នុងពេលសមាជបក្សសាធារណរដ្ឋកាលពីខែមុន។
លោក Vance គ្រោងនឹងធ្វើដំណើរក្នុងយុទ្ធនាការឃោសនាផ្ទាល់របស់លោកនៅរដ្ឋដែលមានអ្នកបោះឆ្នោតគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នាគឺរដ្ឋ Pennsylvania, Wisconsin, Michigan និងរដ្ឋ North Carolina នៅសប្តាហ៍នេះ។
អ្នកស្រី Harris បានលេចធ្លោយ៉ាងលឿនក្លាយជាបេក្ខជនខាងបក្សប្រជាធិបតេយ្យកាលពីចុងខែមុន ក្រោយពីប្រធានាធិបតីលោក Joe Biden ប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថាលោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិទី២ទៀតទេ។
យុទ្ធនាការរបស់លោកBiden បានដាំក្បាលចុះក្រោយពីការជជែកដេញដោលមិនបានល្អជាមួយលោក Trump ដែលបានជំរុញឱ្យមានការអំពាវនាវឱ្យលោក Biden ចាកចេញពីការប្រកួត៕