ការកសាងទំនប់វារីអគ្គិសនីក្នុងទន្លេមេគង្គ ការកែប្រែដីសើមឱ្យមកធ្វើជាដីកសិកម្ម និងការប្រែប្រួលអាកាសធាតុបានដាក់សម្ពាធលើការរស់រានរបស់ត្រី ដែលតម្រូវឱ្យមានវិធានការជាបន្ទាន់ពីអ្នកសម្រេចគោលនយោបាយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF ចេញផ្សាយកាលពីថ្ងៃចន្ទ។
កម្ពុជាជាប្រទេសមួយដែលទន្លេមេគង្គហូរកាត់ ហើយប្រភពទឹកដើមហូរចេញពីតំបន់ទីបេតិ៍ប្រទេសចិន កាត់តាមប្រទេសភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម។
របាយការណ៍ថ្មីនោះមានចំណងជើងថា «ត្រីដែល គេបានបំភ្លេច នៅ ក្នុងទន្លេមេគង្គ...ផែនការបន្ទាន់នៃការសា្តរឡើងវិញ ដើម្បីសង្គ្រោះត្រី»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF ឱ្យដឹងថា នៅក្នុងទន្លេមេគង្គមានពូជត្រីយ៉ាងហោចណាស់១.១៤៨ ហើយប្រហែលជា២៥ភាគរយមិនត្រូវបានគេរកឃើញនៅកន្លែងផ្សេងទេ នៅលើពិភពលោក។ ផលត្រីដែលបានមកពីទន្លេដ៏ធំរបស់ពិភពលោកនេះបានជួយទំនុកបម្រុងជីវិតមនុស្សយ៉ាងហោចណាស់៤០លាននាក់ និងមានតម្លៃដល់ទៅ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ១៩ភាគរយនៃត្រីដែលត្រូវបានយកមកធ្វើការវាយតម្លៃត្រូវបានគំរាមកំហែងជាមួយការជិតផុតពូជ ក្នុងនោះមានពូជត្រីធំៗ និងត្រីដែលបម្លាស់ទី។
របាយការណ៍របស់ WWF បានឱ្យដឹងទៀតថា ផលត្រីចម្រុះដ៏អស្ចារ្យមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព សន្តិសុខស្បៀងអាហារ និងជីវភាពរបស់ពលរដ្ឋរាប់សិបពាន់លាននាក់នៅទូទាំងតំបន់ក៏ដូចជាសុខភាពទូទៅនៃប្រព័ន្ធទន្លេ។ ប៉ុន្តែពពួកត្រីទាំងនោះកំពុងស្ថិតក្រោមសម្ពាធដែលពូជត្រីមួយក្នុងចំណោមប្រាំរងការគំរាមកំហែងស្ទើរតែជិតផុតពូជ។
អ្នកស្រី Lan Mercado នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ការធ្លាក់ចុះចំនួនត្រីដ៏គួរឱ្យព្រួយបារម្ភនៅក្នុងទន្លេមេគង្គនេះគឺជាការដាស់តឿនយ៉ាងបន្ទាន់មួយដើម្បីឱ្យមានវិធានការ ដើម្បីសង្គ្រោះប្រភេទសត្វដែលមិនងាយរកបាន ហើយដែលមានសារៈសំខាន់មិនសម្រាប់តែជ្រោមជ្រែងសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់ប៉ុណ្ណោះទេ តែថែមទាំងជួយដល់សុខភាពនៃរបៀបរបបរស់នៅរបស់ត្រីទឹកសាបតាមធម្មជាតិនៅក្នុងទន្លេមេគង្គ»។
អ្នកស្រីបន្ថែមថា៖ «ត្រីទំាងអស់នេះបានហែលកាត់អរិយធម៌ និងវប្បធម៌របស់យើងជាច្រើនសតវត្សរ៍នៃជីវិតប្រជាជនរាប់លាននាក់ដែលនៅពឹងផ្អែកលើត្រីទាំងនោះនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការមើលរម្លងដោយអ្នកសម្រេចចិត្ត ត្រីទាំងអស់នោះកំពុងបាត់ខ្លួនទៅ។ យើងត្រូវតែចាត់វិធានការឥឡូវនេះ ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏មហន្តរាយនេះ ព្រោះសហគមន៍និងប្រទេសទន្លេមេគង្គមិនអាចទ្រាំទ្របានចំពោះការបាត់បង់ផលត្រីយ៉ាងដូច្នេះឡើយ»។
របាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានឱ្យដឹងអំពីការគំរាមកំហែងនានាដែលនាំឱ្យមានការធ្លាក់ចុះត្រីនៅក្នុងទន្លេមេគង្គ ក្នុងនោះគឺមានការបាត់បង់កន្លែងរស់នៅ ការសាងសង់ទំនប់វារីអគ្គិសនីដែលធ្វើឱ្យមានការប្រែប្រួលលំហូរទឹកទន្លេ ការប្រែ ក្លាយដីសើមមកធ្វើជាដីកសិកម្ម ការទាញយកធនធានខ្សាច់ដែលគ្មានចីរភាព និងប្រភេទសត្វដែលបង្កការរំខាន ក៏ដូចជាការប្រែប្រួលអាកាសធាតុដែលមានសភាពកាន់តែអាក្រក់ទៅៗ។
របាយការណ៍បានបង្ហាញទៀតថា ការគំរាមកំហែងជាច្រើនបានកំពុងបំផ្លាញផលត្រីនៅក្នុងបឹងទន្លេសាប ដែលបានថយចុះប្រមាណ៨៨ភាគរយនៅចន្លោះឆ្នាំ២០០៣ដល់២០០៩ ហើយត្រូវបានប៉ាន់ស្មានថា ធ្វើឱ្យខូចតម្លៃសេដ្ឋកិច្ច១ភាគ៣នៃផលនេសាទមេគង្គនៅចនោ្លះឆ្នាំ២០១៥ និង២០២០។
គួររំឭកថា កាលពីឆ្នាំ២០២០ គណៈកម្មការទន្លេមេគង្គ (MRC) ដែលមានកម្ពុជា ថៃ ឡាវ និងវៀតណាម ជាសមាជិក បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
គណៈកម្មការបញ្ជាក់ថា៖ «លំហូរទាបបែបនេះបានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំងដែលបង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧មក»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា មើលឃើញថា ការធ្លាក់ចុះផលត្រីនៅក្នុងទន្លេមេគង្គ ក៏បណ្តាលមកពីការនេសាទខុសច្បាប់ដែលនៅតែបន្តកើតមាននៅតាមដងទន្លេមេគង្គនិងកំណើនប្រជាជន។
កញ្ញាថ្លែងថា៖ «ការធ្លាក់ចុះនៃទិន្នផលត្រីនៅលើដងទន្លេមេគង្គ វាជាការពិតដែលយើងទទួលស្គាល់។ រឿងនេះ វាកើតឡើងដោយសារតែបទល្មើសនេសាទខុសច្បាប់នៅតែបន្តកើតមាននៅលើដងទន្លេមេគង្គ។ ហើយមួយវិញទៀត ចំនួនប្រជានេសាទដែលកើនឡើងក៏ជាមូលហេតុបណ្ដាលឱ្យទិន្នផលត្រីដែលប្រជានេសាទលោកប្រមូលផលបាននៅក្នុងមួយគ្រួសារៗមានចំនួនតិចជាងមុនផងដែរ»។
កញ្ញាបន្ថែមថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តាមរយៈការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាទៀងទាត់ និងការដាក់ចេញយុទ្ធសាស្ត្រដើម្បីអភិរក្សធនធានជលផល ដោយមានការសហការជាមួយដៃគូពាក់ព័ន្ធនានា ក្រសួងកសិកម្ម អ្នកស្រាវជ្រាវនិងប្រជានេសាទផ្តើមមើលឃើញវត្តមានត្រីដែលពួកគេគិតថា ផុតពូជទៅហើយ ដោយសារតែមិនបានឃើញត្រីនោះជាយូរឆ្នាំ។ ការណ៍នេះបញ្ជាក់ថា ការបង្រ្កាបបទល្មើសនេសាទ និងការអភិរក្សធនធានមច្ឆជាតិក្នុងទឹកបានបង្ហាញលទ្ធផលវិជ្ជមាន ហើយកិច្ចការនេះនឹងត្រូវធ្វើបន្តទៀត ជាមួយនឹងការអប់រំប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃដងទន្លេមេគង្គ និងធនធានត្រីដ៏កម្រនៅក្នុងទន្លេអច្ឆរិយមួយនេះ៕